Thursday, September 10, 2015

រាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងខ្លាំងចំពោះវិស័យកីឡាជាតិ ដែលកំពុងរីកចំរើនជាបន្តបន្ទាប់

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុង​ពិធី​​ផ្តល់​ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ​ជូនដល់​ជ័យលាភីក្នុង​ការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី២៨ និងការប្រកួតកីឡាអន្តរជាតិ​នានា នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះថា  «ពិធីផ្ដល់ប្រាក់រង្វាន់ថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និង​ការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា​​​​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ​ចំពោះ​វិស័យ​កីឡា។ ការយកចិត្តទុកដាក់និងការគាំទ្រទាំងនេះ ស្តែងចេញតាមរយៈការគាំទ្រ​ថវិការដ្ឋ ក៏ដូចជា​អនុសាសន៍​​ណែនាំ​​និងការផ្តល់ថវិកាផ្ទាល់របស់ប្រមុខ​​​រាជរដ្ឋាភិបាល ជូនដល់គ្រប់កីឡាករ កីឡាការិនី និង​គ្រូបង្វឹក មុនពេល​អញ្ជើញចេញទៅប្រកួត និងផ្តល់​​ប្រាក់រង្វាន់​ដល់ជ័យលាភី។ តាមរយៈសកម្មភាពនេះ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ​​សម្តេចតេជោ បានផ្តល់ប្រាក់​រង្វាន់ចំនួន ១៤០.៥០០ ដុល្លារ ដែលជា​ថវិកាផ្ទាល់របស់​សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​​ ដល់​ជ័យលាភីក្នុង​ការ​ប្រកួត​​​​​កីឡាស៊ីហ្គេមលើកទី២៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានលើកឡើងថា វិស័យអប់រំកាយនិងកីឡា គឺជាអាទិភាពមួយ​​ដ៏​សំខាន់ ​​ដែល​​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​អប់រំ យុវជន និងកីឡា បាននិងកំពុង​បន្ត​យក​ចិត្តទុកដាក់ធ្វើ​កំណែទម្រង់​ ដើម្បី​​​អភិវឌ្ឍ​​ធនធានមនុស្សប្រកប​ដោយ​គុណភាព​ខ្ពស់ទាំង​​​កាយសម្បទា​ ស្មារតី និង​ចំណេះដឹង សំដៅ​រួម​​ចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ប្រកប​ដោយចីរភាព​និងសមធម៌ ឯកឧត្តមបន្តថា «កីឡាមិនត្រឹមតែ​នាំមក​នូវសុខភាពល្អ ​ភាព​សប្បាយ​​​រីករាយ​ និង​ស្មារតី​​សន្តិភាព សាមគ្គីភាព មិត្តភាព ភាតរ​ភាព​និង​សហប្រតិបត្តិការរវាង​គ្នានិងគ្នា ក្នុង​ក្របខ័ណ្ឌជាតិ និងអន្តរជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​​​រួមចំណែក​​យ៉ាង​សំខាន់​ដល់​ការលើកកម្ពស់កិត្យានុភាពជាតិ​​នៅ​លើ​​​​ឆាក​អន្តរជាតិ និង​ជាមធ្យោបាយ​​ដ៏មាន​ប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ​​អំ​ពី​សក្ដានុពលនានារបស់ជាតិ​ផងដែរ។ ដូច្នេះ កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នក​ការទូត ដែលមាន​​តួនាទី​​យ៉ាងសំខាន់នៅ​ក្នុង​​ផ្នែកទំនាក់ទំនងអន្តរជាតិ»។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្ថែមថា ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ​នានាកន្លងមក បាននាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត និង​បទពិសោធន៍​​កាន់តែ​ល្អប្រសើរ​។ ឯកឧត្តមលើកឡើងថា «​កម្ពុជា​យើង​សម្រេច​​បាន​លទ្ធផល​គួរឱ្យ​កត់​សម្គាល់​ ដោយបានទទួល​ចំណាត់ថ្នាក់លេខ៨ នៅក្នុង​​ការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី២៨ នៅ​ប្រទេស​សិង្ហបូរី បើប្រៀបធៀប​នឹងចំណាត់ថ្នាក់លេខ៩ ឬលេខ១០ ដែលយើងធ្លាប់បានទទួលនៅក្នុងការ​ប្រកួតកីឡាស៊ីហ្គេមកន្លងមក។ បទពិសោធន៍​​​​​ទាំង​នេះ​​​​ក៏នឹង​កីឡាករ ​កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត ​សម្រាប់​ការ​ប្រកួត​​នា​ពេល​​​​​​​​អនាគត​ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាមាន​កិត្តិយសយ៉ាងធំធេងធ្វើជាម្ចាស់ផ្ទះ»

តាមប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជាក៏អាច​នឹង​ធ្វើជាម្ចាស់ផ្ទះ ​​នៃការប្រកួតពានរង្វាន់ជើងឯកប៉េតង់អាស៊ីឆ្នាំ២០១៥ ផងដែរ។ ដូច្នេះឯកឧត្តមស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ​​​ទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បី​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភ​គាំទ្រគ្រប់​​បែបយ៉ាង សំដៅ​អភិវឌ្ឍ​វិស័យ​កីឡា​នៅកម្ពុជា ឱ្យទទួលបាន​​ជោគ​ជ័យថ្មីៗបន្ថែមទៀត។ជាមួយគ្នានេះដែរ ដើម្បី​​​ពន្លឿន​ការ​លូតលាស់របស់​វិស័យកីឡា ឱ្យ​​ទទួល​បាន​​ជោគ​ជ័យ​​​កាន់​តែធំ​ធេង​​​បន្ថែម​ទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ​សូមគាំទ្រចំពោះ​​​វិធានការគន្លឹះទាំង ៧ចំណុច ដែលឯកឧត្តម​រដ្ឋមន្ដ្រី​​ក្រសួង​អប់រំ យុវជន និងកីឡា ​នឹងដាក់ចេញសម្រាប់​ការធ្វើ​កំណែទម្រង់វិស័យអប់រំកាយនិងកីឡា ជាពិសេស ការ​អភិវឌ្ឍធនធានមនុស្ស​ ការ​កែ​លម្អ​សម្ភារៈ​បរិក្ខា​រនិង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ ការ​ពង្រឹង​រចនាសម្ព័ន្ធ​​គ្រប់​គ្រង​ និង​ការ​រៀបចំ​​គោល​​នយោបាយកីឡាជាតិ​ ព្រមទាំង​​កិច្ចសហ​ប្រតិ​បត្តិ​ការ​​ល្អរវាង​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​​ទាំងអស់​។ គួរបញ្ជាក់ថា ប្រាក់​រង្វាន់ដែល រាជ​រដ្ឋាភិបាលកម្ពុជា ប្រគល់ជូនជ័យលាភី​​នៃការប្រកួតកីឡាស៊ីហ្គេម​លើក​ទី២៨ និងការប្រកួតកីឡា​អន្តរជាតិនានា នៅថ្ងៃនេះមានចំនួន .៤៧៨.៨០០.០០០​​​រៀល





No comments:

Post a Comment