យោងតាមកំណត់ទូត របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា
ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ ផ្ញើជូនស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា
និងអាជ្ញាធរកម្ពុជានៅខេត្តរតនគិរី បានរកឃើញស្រះទឹកចំនួន ៣ បន្ថែមទៀត ដែលកំបាំងក្នុងព្រៃ
ដែលជីកដោយវៀតណាម នៅចន្លោះបង្គោលព្រំដែន លេខ ៣០ និងលេខ ៤០ ស្ថិតនៅក្នុងភូមិឡំ
ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលទីតាំងនោះខ្សែព្រំដែនមិនទាន់បានធ្វើការខណ្ឌសីមានៅឡើយ។
កំណត់ទូតខាងលើ បានបញ្ជាក់បន្ថែមទៀតថា
យោងតាមផែនទី បោនខ្នាត ១/១០០.០០០ ស្រះទឹកទាំង៣បានជីកនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ
ដោយក្នុងនោះ ស្រះទឹកទី ១ (ទំហំ ១២ម. X
១៨ម.) និយាមការ E ៧៧៥៥៨៧, N ១៥១៦៣៩៤ មានចំងាយប្រមាណ
៣១៥ ម. ពីខ្សែព្រំដែន, ស្រះទឹកទី២ (ទំហំ ១៤,៥ម. X ១៧ម.) និយាមការ E៧៧៥៦៤៨, N ១៥១៥៨៥៧ មានចំងាយប្រមាណ
៤២៥ម. ពីខ្សែព្រំដែន និង ស្រះទឹកទី ៣ (ទំហំ ១០ម. X ២៤,៥ម.) និយាមការ E៧៧៥៧៤៤, N ១៥១៥៦៦១ ចំងាយប្រមាណ
៣៩០ម. ពីខ្សែព្រំដែន។
ដោយហេតុថា តំបន់នេះពុំទាន់បានខណ្ឌសីមានៅឡើយ
រាជរដ្ឋាភិបាលកម្ពុជាស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត
១/១០០.០០០ ដែលជាមូលដ្ឋាន នៃសន្ធិសញ្ញាថ្ងៃទី ២៧ ខែធ្នូ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥
ដែលបានចុះហត្ថលេខា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០០៥ ដើម្បីខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា
និងវៀតណាម។
រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើផងដែរ ឲ្យរដ្ឋាភិបាលនៃសារណរដ្ឋសង្គមនិយមវៀតណាមគោរពចំនុចទី
៨ នៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ៖ ច័ន្ទ ទេវី
No comments:
Post a Comment