Wednesday, June 24, 2015

ប្រធានក្រុមការងារថ្នាក់​ជាតិចុះមូល​ដ្ឋានខេត្តតាកែវ​ ដឹកនាំប្រជុំត្រួត​ពិនិត្យការងារដែល​បាន ​និងកំពុងធ្វើ​ និងលើក​ទិសដៅ​បន្តសំរាប់​ដោះស្រាយ​បញ្ហាជូន​ប្រជាពលរដ្ឋ​

នៅព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា​ ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​ បាន​ដឹក​នាំ​ចុះ​ត្រួត​ពិនិត្យ​ការងារ ដែល​បាន​អនុវត្តកន្លងមក​ និងការងារ​ជាអាទិភាព​ដែល​កំពុង​ធ្វើ​ ផ្តោត​លើ​ដំណើរ​ការ​​ការងារ​សហគមន៍​កសិកម្ម​ ការ​ពង្រឹង​អនុវត្ត​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ និងសកម្មភាព​ចុះ​ជួយ​​សម្រួល​ដោះស្រាយ​តម្រូវការ​ជាក់​ស្តែង​ជូន​ប្រជាពលរដ្ឋ​ទៅដល់​ខ្នង​ផ្ទះ​។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សុខ អាន បាន​ជម្រុញ​ឲ្យ​ក្រុម​ការងារ​ទាំង​អស់​ តាំ​ងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​ ដោយ​បង្កើន​សកម្មភាព​ចុះ​ជួប​សួរ​សុខទុក្ខ និងដោះ​ស្រាយ​បញ្ហា​ដែល​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ឲ្យដល់​ខ្នង​ផ្ទះ​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ។ ជាមួយ​នឹង​ការប្រកាស​អំពី​ការ​រៀបចំ​ឲ្យ​ដំណើរ​ការ​នូវ​សហគមន៍​កសិកម្ម​ចំនួន​ ១៤សហគមន៍ នៅក្នុង​ស្រុក​គិរីវង់ ដែលបាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​បង្កើត​បាន​ជា​ក្រុម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ពួក​គាត់​អាច​ខ្ចី​ប្រាក់​ពី​សហគមន៍​ក្នុងអាត្រា​ការប្រាក់​ទាប​ជាង​មីក្រូ​ហិរញ្ញវត្ថុ​នានា​នៅ​​មូលដ្ឋាន​​​​​​ និង​ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដូចជា​ មានលទ្ធភាព​ទិញ​ជី​ ពូជ​ស្រូវ​និង​ធានា​នូវ​ប្រាក់​ចំណូល​ខ្ពស់​មក​វិញ​តាម​រយៈ​កិច្ច​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​ ដែល​បាន​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់​តែ​ល្អ​ប្រសើរ​ និង​បាន​ជម្រុញ​ឲ្យ​គ្រប់​ស្រុកទាំង​អស់​ក្នុង​ខេត្ត​តាកែវ​ត្រូវ​សិក្សា​ដើម្បី​បង្កើត​សហគមន៍​កសិកម្ម​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ ក៏​ប៉ុន្តែ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​ដល់ប្រ​ជាពលរដ្ឋ​ សូម​ឈប់​បន្ត​ចាញ់ឧបាយកល​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ ដែល​ដើរ​ឃោសនា​បោកប្រាស់​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅខ្ចី​លុយ​ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដោយ​យក​ការ​ប្រាក់​ខ្ពស់ ហើយសន្យា​​ថានៅពេល​បក្ស​គេ​ជាប់​ឆ្នោត​នឹង​សង​ជំនួស គឺជាការ​បោក​ប្រាស់​ ភូតកុហកទាំងស្រុង​ ពីព្រោះ​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​នោះ​ គឺ​ជា​របស់ក្រុមហ៊ុន​ឯកជន​ មិន​មែន​ជា​របស់​រដ្ឋ​ទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​អំពី​ការផ្សារ​ភ្ជាប់​ចលនា​ជាមួយ​ប្រជាពលរដ្ឋ​ជាពិសេស​ ជាមួយ​ស្ត្រី​ទើបសម្រាល​កូន​រួច​ តាមរយៈ​ការ​ចុះ​ចែក​ឃីតជាសំភារៈ​សម្រាប់​ស្ត្រី​ជាមាតា​ និង​ទារក​ប្រើប្រាស់​ ដោយ​ក្រុមការងារ​ថា្នក់​ជាតិ​ចុះ​មូលដ្ឋាន​សហការ​ជាមួយ​​ យុវជន​សាខា​កាកបាទក្រហម​ខេត្ត​ស្រុក​ ឃុំ​​ និង​ចូលរួម​ពីក្រុម​យុវជន​កាយរិទ្ធ សមាគមនារី​ យុវជនបក្ស​ ចុះទៅជួបសួរសុខទុក្ខ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដោយត្រូវ​រៀបចំ​កម្មវិធី​ចុះ​ឲ្យ​បាន​ទៀង​ទាត់​មួយខែម្តងៗ ធ្វើឲ្យបានទាំងជាង ១០០ឃុំ ក្នុងខេត្តតាកែវ និង​ស្វែ​ង​យល់​ពីបញ្ហា​ជាក់​ស្តែង​ជាច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ​ដើម្បីយកមកពិនិត្យ និងរកលទ្ធភាព​ដោះ​ស្រាយ​បន្ត៕
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ ប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​ ក៏បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផងដែរ​អំពី​ការបង្កើត​បាន​ និង​កំពុង​ដំណើរ​ការ​នូវ​មូលនិធិ​គ្រូបង្រៀននៅកំរិត​ថ្នាក់​ខេត្ត​ ស្រុក​ ឃុំ​ ដោយ​មិន​ចាំ​បាច់​ដាក់​បញ្ចាំ​ផ្ទះ ឬ​ដីធ្លី​នោះ​ទេ​ ដើម្បី​សម្រួល​ទុក្ខធុរៈ​ដល់​គ្រូ​បង្រៀន​ គឺពួក​គាត់​អាច​មាន​លទ្ធភាព​ខ្ចីប្រាក់​ពី​មូលនិធិគ្រូ​បង្រៀន​នេះ​យក​ទៅ​ប្រើប្រាស់​ដោះ​ស្រាយ​ការលំបាក​ចំពោះមុខ​ ដោយ​គ្រាន់​តែ​សម្រេច​ពី​គណៈគ្រប់​គ្រង​មូលនិធិ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពីនាយក​សាលា​ និង​គ្រូបង្រៀន​ ចំនួន​ប្រមាណ ៩រូប ដែល​ពួក​គាត់​ដឹង​ច្បាស់​ពី​សុខទុក្ខ​ពិត​ប្រាកដ​របស់​គ្រូ​បង្រៀន​ និង​តម្រូវការ​ប្រឈម​ជាក់​ស្តែង​។
ក្រៅពីនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ ក៏បានជម្រុញ​ឲ្យ​ក្រុម​ការងារ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ចូលរួម​ពង្រឹង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាព​​ ដែល​ត្រូវ​ទប់​ស្កាត់​​ និង​លប់​បំបាត់​ឲ្យ​អស់​ពី​មូលដ្ឋាន​នូវ ​ការ​ចរាចរណ៍លក់​ ចែកចាយ​គ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បង​តូច​​បង​ធំ​ ក្មេង​ទំនើង​ ដើម្បីធានាបាន​នូវភាព​សុខ​សាន្ត​ជូន​ដល់​ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏​បាន​ក្រើនរំលឹកឲ្យ​ក្រុម​ការងារ​ និងអាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​ ដូចជា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន​ ការធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​ អាត្រានុកូលដ្ឋាន សំបុត្រកំណើត​ សំបុត្រមរណៈភាព ។ល។ និងមន្ត្រីអនុវត្ត​ការងារ​ទាំងអស់​មិន​ត្រូវ​ទាលុយ​បន្ថែម​ពីប្រជាពលរដ្ឋ​នោះទេ​ តែជំនួស​វិញ​គឺ​ត្រូវ​ខិត​ខំ​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ស្មោះត្រង់​ និង​ឲ្យ​បាន​លឿនរហ័ស​ ទើបអាច​ឆ្លើយ​តប​ ទៅនឹងការអនុវត្តការផ្តល់​សេវា​សាធារណៈ​មាន​ប្រសិទ្ធ​ភាព។
នៅក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខា​ធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា ក៏បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ការងារ​ វិធានការ​នៃ​ការ​ពង្រឹង​កា​រ​អនុវត្ត​សេវាសាធារណៈ​ ការធានានូវភាព​កក់ក្តៅ​ជូន​ប្រជា​ពលរដ្ឋ​​ដោយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ល្បែង​ស៊ី​សង​ គ្រឿងញៀន​ ដូចអ្វី​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ចក្នុងឃុំ នៃស្រុកបាទី បានសន្យាអនុវត្តឲ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​ប្រសិទ្ធ​ភាព​ និង​លើក​សំណូម​ពរ​មួយ​ចំនួន​ដោយ​ស្នើរ​ឲ្យ​ក្រុម​ការងារ​ទាំងអស់​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការងារ​ពីពេល​នេះ​តទៅ​ជាប្រចាំ​ និង​ខិតខំ​រក​វិធី​ដោះ​ស្រាយ​ជាក់​ស្តែង​ជូន​ប្រជា​ពលរដ្ឋ​​​​ដូចជា​តម្រូវ​ការ​ទឹក​ប្រើប្រាស់​ ការ​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ដល់​គ្រូ​បង្រៀន និងកម្មករ និង​គិត​គូរ​ដល់​សុខ​ទុក្ខដល់​មនុស្ស​ចាស់​ជរា​ ដោយ​ត្រូវ​ខិតខំ​ធ្វើ​អំពើល្អ​​ និងដោយស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​បំផុត​ដើម្បីធានាថា​ ប្រជាពលរដ្ឋ​មានភាពជឿជាក់​ និងមានទំនុកចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ការ​លើក​ឡើង​ របស់ឯកឧត្តម ស្វាយ​ ស៊ីថា​ និង​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំង​អស់​ដកបទពិសោធន៍​នេះ ​ដើម្បីពង្រឹង​សមត្ថភាព​ខ្លួនក្នុងការ​អនុវត្ត​ការងារ​ឲ្យ​បាន​ជោគ​ជ័យ៕

អត្ថបទៈ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​​


















No comments:

Post a Comment