Thursday, June 25, 2015

សហព័​ន្ធ​សិទ្ធិមនុស្ស​​ និងអភិវឌ្ឍន៍កម្ពុជា​​ ស្នើឲ្យសម្តេច​​ប្រធានរដ្ឋសភា​ អនុម័ត​ច្បាប់​សមាគម​-អង្គការមិនមែន​​រដ្ឋាភិបាល​​ឲ្យបាន​​ឆាប់ ​

តាមលិខិត​ចំហរបស់ លោក ថៅ វាសនា ប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​កម្ពុជា ផ្ញើជូនសម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋស​ភាជាតិ នៃព្រះរាជាណាច​ក្រកម្ពុជា ចុះថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ២០១៥នេះ បានស្នើសុំ​ជំរុញការពិនិត្យ និងអមុន័ត​ច្បាប់ស្តីពី​សមាគម អង្គការមិនមែន​រដ្ឋាភិបាល​ឲ្យបានឆាប់រហ័ស​តាមដែល​អាចធ្វើ​ទៅបាន។ នៅក្នុងលិខិត​ចំហ​នោះបានលើក​ឡើងថា កម្ពុជាត្រូវ​មានច្បាប់ស្តី​ពីសមាគម-អង្គការមិនមែន​រដ្ឋាភិបាល​មួយ អនុលោមតាម​មាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា​ចក្រកម្ពុជា ដែលជា​ច្បាប់កំ​ពូល ដែលបាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរមាន​សិទ្ធិបង្កើត សមាគម និងគណបក្ស​នយោ​បាយ សិទ្ធនេះត្រូវកំណត់​ក្នុងច្បាប់។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ NGOs នៃបណ្តា​ប្រទេសជឿន​លឿន និងប្រកាន់លទ្ធិប្រជាធិប​តេយ្យ លើពិភពលោក​កំពុងគ្រប់គ្រង​ដោយ​ច្បាប់។ នៅក្នុង​លិខិត​ដដែលនេះ លោក ថៅ វាសនា បានគូស​បញ្ជាក់​ថា សេក្តីព្រាងច្បាប់​ស្តីពី​សមាគម-អង្គការមិន​មែនរដ្ឋាភិបាលនេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ បើកទូលាយ​ឲ្យមាន​ការចូលរួម​ពិនិត្យ និងផ្តល់យោបល់​ច្រើន​លើក​ច្រើនសារ ជាមួយសហគម​អឺរ៉ុប ឧត្តមស្នង​ការសិទ្ធិ​មនុស្សអង្គ​ការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្ថាន​ទូតនានា NGOs និងសមាគម និងបានធ្វើសិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ប្រមូលផ្តុំគំនិត​យោបល់ ពីគ្រប់មជ្ឍដ្ឋានរួច​ហើយ ដែលសមល្មម​ឲ្យអង្គនីតិបញ្ញត្តិ​ជំរុញការពិនិត្យ និងអនុម័ត។ លោក ថៅ វាសនា បញ្ជាប់ប​ន្ថែមទៀតថា បើពិនិត្យ​លើខ្លឹមសាររួម​នៃសេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម-អង្គការមិនមែនរដ្ឋាភិ​បាលមាន ៩ ជំពូក និង៣៩មាត្រា ដែលគណ:រដ្ឋមន្រ្តីបានពិនិត្យ និងបញ្ជូនមករដ្ឋសភាជាតិ គឺគ្មានមាត្រាណាមួយ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់ ឬប៉ះពាល់ដល់សិទ្ធិសេរីភាពសម្តែងមតិ និងរាំងស្ទះដំណើរការប្រព្រឹត្តទៅរបស់សមាគម-អង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។ សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជាយល់ឃើញថា ការមិនមានច្បាប់ជាបទពិសោធន៍របស់ប្រទេសមួយចំនួនលើពិភពលោក គឺជាមេរៀនដ៍សំខាន់បំផុតសម្រាប់កម្ពុជា ព្រោះ NGOs មួយចំនួន បានក្លាយ​ជាយន្តការនៃ​ការអនុវត្តបដិវត្ត​លាបពណ៌ និងជាឧបករណ៍របស់​ពួកភេរវករ ធ្វើសកម្មភាព​វាយ​ប្រហារដោយជ្រក​ក្រោមស្លាក NGOs និងសមាគម។ គួរបញ្ជាក់​ថា សហព័ន្ធ​សិទ្ធមនុស្ស និង​អភិវឌ្ឍកម្ពុជា ជាអង្គការ​មិនមែន​រដ្ឋា-ភិបាលដែល​មានអង្គការ សមាគមជា​សមាជិក​ចំនួន ៣០ បាននិងកំពុង​ធ្វើសកម្មភាព​ស្របច្បាប់​បំរើប្រយោជន៍​សាធារណៈជន នៅតាមរាជ​ធានី-ខេត្ត​ក្រុងនានា ក្នុងព្រះរាជាណាច​ក្រកម្ពុ​ជា៕
 អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment