Friday, May 29, 2015

ក្រសួងការបរទេស លើកឡើងថា ពលករខ្មែរ ជាច្រើននាក់នឹង ត្រូវជួយសង្គ្រោះ ហើយបញ្ចូនមកកាន់កម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ

ដោយមានការយកចិត្តទុកដាក់ ​ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាក្រសួងការ​បរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ​ដែលដឹកដោយនាំ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួងការបរទេស​ ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឥណ្ឌូនេស៊ី​ និងស្ថានអគ្គកុងស៊ុល​ប្រចាំទីក្រុងសៀងហៃ ​បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ​ជាបន្តបន្ទាប់ ​ហើយនៅពេលថ្មីនេះ​ កាលពីថ្ងៃទី២៧ ខែឧសភា ​ឆ្នាំ២០១៥ ​នារីម្នាក់ឈ្មោះ​ អ៊ូ សារ៉េត មាន​ស្រុកកំណើតនៅ ​ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ​បានបញ្ជូនមកដល់​កម្ពុជាហើយ​ បន្ទាប់ពី​ស្ថានអគ្គកុងស៊ុល​កម្ពុជាប្រចាំទីក្រុងសៀងហៃ ​បានសហការជាមួយ​អាជ្ញាធរចិន​ ជួយសង្រ្គោះរូបនាង ​ដែលរងគ្រោះដោយមេខ្យល់​នាំយកទៅរៀបការ ​ជាមួយបុរសជនជាតិចិន ​នៅខេត្តអានហ៊ុយ​ ប្រទេសចិន។
ជាមួយគ្នានេះដែរ​ ស្ថានទូតកម្ពុជា​ បានសហការជា​មួយអាជ្ញាធរឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ពលករខ្មែរ​ ចំនួន២១នាក់ពី​ទូកនេសាទថៃ ​ក្នុងតំបន់កោះអំបុន (Ambon) ​ប្រទេសឥណ្ឌូនេស៊ី។ ​ដោយពលករ​ខ្មែរទាំង២១នាក់ ​មិនមានលិខិតឆ្លងដែន​ ស្ថាតទូតបានចេញ​លិខិតបើកផ្លូវឲ្យ ​និងបានអន្តរាគមន៍​ឲ្យទូកនេសាទថៃ ​បើកប្រាក់បៀវត្ស​ និងចេញសោហ៊ុយ​ធ្វើដំណើរមក​កម្ពុជាវិញ ​នៅចុងខែឧសភា ​ឆ្នាំ២០១៥ នេះ​។
ចំពោះករណី​ពលករខ្មែរចំនួន២១នាក់​ ដែលគ្រោងមក​ដល់កម្ពុជា​ នៅចុងខែឧសភានេះ​ គឺ​៧នាក់បាន​មកដល់ហើយ ​នៅថ្ងៃនេះ ​ទី២៩​ ខែឧសភា​ ឆ្នាំ២០១៥ ​នៅវេលាម៉ោង ៣:៥៥​នាទីល្ងាច ​នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​, ៦នាក់​ នឹងមកដល់នៅថ្ងៃទី៣០ ​ខែឧសភា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ៧:៣៥នាទីព្រឹក​ និង៨នាក់ទៀត ​នឹងមកដល់នៅថ្ងៃទី២​ ខែមិថុនា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ៣:៥៥នាទីព្រឹក​។
ជាមួយគ្នានេះ​ស្ថានទូតកម្ពុជា​ ប្រចាំប្រទេសម៉ាឡេស៊ី ​បានអន្តរាគមន៍​ជួយពលការិនីខ្មែរ​ចំនួន ២នាក់​ ឲ្យទទួលបានប្រាក់ខែ​គ្រប់ចំនួន​ និងត្រឡប់មកកម្ពុជា​វិញដូចគ្នា ​ដែលក្នុង​នោះមានឈ្មោះ ​អាន​ សេត ​មានស្រុកកំណើត​នៅស្រុកប្រាសាទ​បាល័ង្គ ​ខេត្តកំពង់ធំ ​បានវិលត្រឡប់​មកដល់កម្ពុជាវិញ​ នៅថ្ងៃទី២៨ ​ខែឧសភា​ ឆ្នាំ២០១៥។​ ចំណែកម្នាក់ទៀត ​ឈ្មោះ​ ឈឹម ​សាលី​ មានស្រុកកំណើត​នៅស្រុកកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ​នឹងមកដល់កម្ពុជា​វិញ នៅថ្ងៃទី២​ ខែមិថុនា ​ឆ្នាំ២០១៥។
ក្រៅពីនេះ ​ស្ថានទូតកម្ពុជា ​បានសហការជា​មួយអាជ្ញាធរឥណ្ឌូនេស៊ី ​ជួយសង្គ្រោះពលករ​ខ្មែរចំនួន ​៣៨នាក់ទៀត ​ពីទូកនេសាទថៃ​ ក្នុងតំបន់កោះ​បេនជីណា​ (Benjina) ប្រទេស​ឥណ្ឌូនេស៊ី។​ ដោយពលករ​ខ្មែរទាំង៣៨នាក់​ មិនមានលិខិតឆ្លងដែន​ ស្ថាតទូតបានចេញ​លិខិតបើកផ្លូវឲ្យ​ និងបានសហការ​យ៉ាងជិតស្និត​ជាមួយអង្គការទេស​ន្តរប្រវេសន៍អន្តរជាតិ ​(IOM) ​ដើម្បីធ្វើមាតុភូមិនិវត្តន៍​មកកម្ពុជាវិញ​នៅសប្តាហ៍ទី១ ​ខែមិថុនា ​ឆ្នាំ២០១៥ ខាងមុខ​នេះ។
តាមប្រភពពី​ ឯកឧត្តម កុយ គួង​ អ្នកនាំពាក្យក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ ​នៅថ្ងៃទី២៩ ​ខែឧសភា ​ឆ្នាំ២០១៥នេះ ​ បានឲ្យដឹងថា ​ពលករខ្មែររងគ្រោះ​ចំនួន១៩៩នាក់ ​នឹងមកពីឥណ្ឌូនេស៊ី ​នៅចុង​ ខែមិថុនា​ ឆ្នាំ២០១៥នេះ។
​ឯកឧត្តម ​កុយ គួង​ បញ្ជាក់ថា ​ស្ថានទូតកម្ពុជា​បានសហការ ​ជាមួយអាជ្ញាធរ​ឥណ្ឌូនេស៊ី ​ជួយសង្គ្រោះ​ពលករខ្មែរ ​ចំនួន១៩៩នាក់ ​ពីទូកនេសាទថៃ​ក្នុងតំបន់កោះអំបុន​ (Ambon) ​ប្រទេសឥណ្ឌូនេស៊ី។​ ដោយពលករខ្មែរ​ទាំង១៩៩នាក់ ​មិនមានលិខិតឆ្លងដែន ​ស្ថាតទូតនឹង​ចេញលិខិតបើកផ្លូវឲ្យ ​និងបានអន្តរាគមន៍​ឲ្យទូកនេសាទថៃ ​បើកប្រាក់បៀវត្ស ​និងចេញ​សោហ៊ុយធ្វើដំណើរ​មកកម្ពុជាវិញនៅចុង ​ខែមិថុនា​ ឆ្នាំ២០១៥ នេះ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment