Friday, March 27, 2015

សម្តេច​​តេជោ ហ៊ុន សែន មាន​​សុទិដ្ឋិ​និយម​​ចំ​ពោះ​​សុខុដុម​នីយ​កម្ម​ជាតិ​សាសន៍ និង​សាសនា ​នៅ​​កម្ពុជា


ចេញផ្សាយថ្ងៃ: ( ២៧ - មិនា - ២០១៥ )

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញ​​នូវមោទនភាព ចំពោះសុខុដុមនីយកម្មខាងជាតិសាសន៍ និងសាសនានៅកម្ពុជា ដែល​គ្រប់សាសនា ជាតិសាសន៍រស់នៅកម្ពុជាមិនដែលមានអំពើហឹង្សា រឺក៍​រើស​អើង​គ្នានោះទេ។ សម្តេចបាន​ហៅភាពសុខុដុមនីយកម្មនេះ ថាបានផ្តល់សារៈ សំខាន់​មិន​តិចទេ ដល់ដំណើរអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

សម្តេច​តេជោថ្លែងដូច្នេះ​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​វិហារធំ អាល់​សារ​កា​ល​ភ្នំពេញ ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៥នេះ ដោយសម្តេច​បញ្ជាក់​ថា « កម្ពុជាមានប្រវត្តិល្អនៅត្រង់ថា សាស​នា និងជាតិសាសន៍ដទៃជាច្រើន ដែលរស់នៅកម្ពុជា គ្មានការរើសអើងគ្នា គ្មានអំពើ​ហឹង្សាដាក់គ្នានោះឡើយ»។ សម្តេច​បានបន្ថែមថា ភាពខុសគ្នាផ្នែកសាសនា និង​ជាតិ​សាសន៍ មិនបានក្លាយជាឧបសគ្គនៃការរារាំងដល់ការ​អភិវឌ្ឍប្រទេស​នោះ​ទេ បញ្ហា​​សំខាន់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺធ្វើយ៉ាងណាឲ្យសាសនានៅកម្ពុជា អាច​រស់​នៅ ជាមួយគ្នា ប្រកបដោយភាពរមនា និងគ្មានការរើសអើង។  នេះជាការ​បញ្ជាក់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅចំពោះមុខជន​ជាតិឥស្លាម​ជាច្រើន​ពាន់​​នាក់​ មក​ពីទូទាំងប្រទេស។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​បែ​បនេះ នៅគ្រាដែលសាសនាចំនួន​៣​ធំៗ ដែល​កំពុងមានវត្តមាននៅកម្ពុជា ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម និង​គ្រឹស្ត​​​សាស​នា​ បានប្រកាន់ខ្ជាប់នូវជំនឿដោយឡែកពីគ្នា ដោយមិនដែលជួប​នូវ​បញ្ហា​​អ្វី​ទាំងអស់។

សម្តេចតេជោបានអះអាងថា​ ក្នុងអណត្តិរបស់សម្តេច រាជរដ្ឋាភិបាលដែលដឹក​នាំ​ដោយ​​​គណបក្សប្រជាជន  នូវ​តែរក្សាគាំទ្រ និងរៀបចំឲ្យមាន​នូវគណៈចាងហ្វាង​ហាគឹម​ទួន អ៊ីមាំទួន និងវិហារសាសនាឥស្លាមនៅទូទាំងប្រទេស ដោយគ្មានការ​រារែក និងគ្មានការរំខានណាមួយដល់ពួកគេនោះឡើយ។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ជាថ្មីថាតាំងពី ឆ្នាំ២០១៤  រឺ២០១៥ និងឆ្នាំបន្ត​បន្ទាប់ទៀត និង​ការចាត់តាំងរៀបចំពិធីបុណ្យស្រាយបួសថ្នាក់ជាតិ ដោយមានការ​ចូលរួម​ពីនាយករដ្ឋមន្ត្រីដោយផ្ទាល់ទៀតផង។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​បានសំរេចឲ្យស្រ្តីឥស្លាម ប្រើប្រាស់សំលៀកបំពាក់ឥស្លាមចូលសិក្សានៅក្នុងសាលារដ្ឋ និងឯកជន ដោយគ្មានការរើសអើង ដើម្បីផ្តល់ឱកាសដល់​ស្រ្តីឥស្លាម មានឱកា​ស​​ចូល​រៀនក្លាយជាបញ្ញាវន្ត័ ដោយពុំមានឧបសគ្គរារាំង ។ សម្តេចក៍បានសំរេចឧបត្ថម្ភ ផ្តល់​ថវិកាចំនួន៥០០០ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សំរាប់​ការប្រលងសូត្រគម្ពីរ​កូរ៉ាន់ ក្នុងសាសនាឥស្លាមផងដែរ។

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម មិន ឃិន បានអះអាងថា រដ្ឋបាន ធានានូវការផ្តល់ឱកាសសេរីភាពនៃការគោរព និងការប្រតិបត្តិជំនឿ សាសនា និង​រាល់​សកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនាផ្សេងៗ។

គួរបញ្ជាក់ថា វិហារអាល់​សារកាល កំពស់ពីរជាន់ស្មើនឹង១២ម៉ែត្រនេះ ត្រូវបាន​សាងសង់ឡើងនៅថ្ងៃទី ២៩ កក្កដា ២០១១ ដោយចំណាយថវិកាប្រមាណ២ លាន ៩សែន ដុល្លារអាមេរិក៕

No comments:

Post a Comment