នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវថ្នល់ខេត្ដបន្ទាយមានជ័យ នាថ្ងៃទី១៨ខែមិនា
ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្កោលទោសធ្ងន់ៗទៅលើ លោក
កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថា
តំណាងរាស្រ្ដរូបនេះបានសារភាពខ្លួនឯង ថា «ខ្លួនបានប្រឹងប្រែងផ្តួលរាជរដ្ឋាភិបាល
ផ្តួលគណបក្សប្រជាជនតែមិនបានសម្រេច» ហើយបានសុំទោសប្រជាពលរដ្ឋខ្មែរនៅអាមេរិក។
ការលើកទ្បើងរបស់ លោកនាយករដ្ឋមន្រ្ដី
ហ៊ុន សែន ជាករណីដ៏កម្រមួយ គេអាចចាត់ទុកបានថាមិនមែនជារឿងចៃដន្យ
ឬជារឿងប្រឌិតមួយ ដោយគ្មានហេតុផលនោះទេ។ ព្រោះអី បន្ទាប់ពីនិយាយយ៉ាងក្រអឺតក្រទមមិនទាន់ត្រជាក់ផង
ស្រាប់តែពីរបីថ្ងៃក្រោយមក លោក កឹម សុខា ងើបស្ទុះបែរក្បាល១៨០អង្សា និយាយកែបដិសេធយ៉ាងឆ្កុយ (តាមប្រភពព័ត៌មានរបស់វិទ្យុអាស៊ីសេរី) គាត់មិនបានពោលបែបនេះទៅកាន់អាណិកជនខ្មែរនៅអាមេរិកទេ។
ក្នុងករណីនេះអ្នកវិភាគនយោបាយគេនំាគ្នានិយាយថា តើលោក កឹម សុខា ជាអ្នកនយោបាយធុនណា ដែលនិយាយបែបមិនទទួលខុសត្រូវយ៉ាងនេះ។ គេសួរគ្នាទៀតថា តើការបដិសេដនេះ លោក
កឹម សុខា គិតថារួចខ្លួនទេ?
លោក កឹម សុខា កំពុងតែបន្ទាបបន្ថោកខ្លួនឯងហើយ។
ក្នុងតួនាទីជាអ្នកតំណាងរាស្រ្ដ ពិសេសជាអនុប្រធានទី១រដ្ឋសភា លោក កឹម
សុខា មានភារកិច្ច និងការទទួលខុសត្រូវធំធេងណាស់ មានភារកិច្ចដឹកនំាសភាទំាងមូល ក្នុងករណីអវត្ដមានប្រធាន
នោះយើងមិនទាន់និយាយអំពីលក្ខណៈសម្បត្ដិ សមត្ថភាព និងចំណេះដឹងផ្នែកច្បាប់នោះផងទេ។
ពាក្យថាច្បាប់នោះគឺជាវិន័យ ក្រមសីសធម៌ ក្រឹត្យក្រមនៃការរស់នៅក្នុងសង្គមជាតិមួយ ប្រកបដោយតក្កភាពយ៉ាងប្រត្យក្ស
ឃើញសថាស ឃើញខ្មៅថាខ្មៅ។
រាជរដ្ឋាភិបាលបានកត់ត្រាទុកយ៉ាងត្រឹមត្រូវណាស់
តាមបែបវិទ្យាសាស្រ្ដជាដើម នូវពាក្យសំដី របស់លោក កឹម សុខា ទាំងអម្បាលម៉ាន នៅពេលដឹកនំាធ្វើបាតុកម្ម
ស្រែកទ្បូទ្បាតាមផ្លូវថ្នល់សាធារណៈ អស់រយៈពេលប្រមាណជិតមួយឆ្នាំពេញ។
តើ លោក កឹម សុខា មាននៅចាំពាក្យស្រែកយ៉ាងអាគ្រោសថា «ហ៊ុន
សែន អើយចុះចេញទៅ» ឫក៏ «ដូរ ដូរ ដូរ» ឫក៏ «មេដឹកនំាផ្ដាច់ការអើយចុះចេញទៅ បើមិនចុះទេយើងនឹងអង្រួនឲ្យទាល់តែធ្លាក់»
។ល។ និង ។ល។
តើភាសាទាំងនេះបានន័យយ៉ាងដូចម្ដេចសម្រាប់អ្នកច្បាប់?
ទីមួយ គឺបានន័យថា ជាការប្រមែប្រមូល ការញុះញង់ប្រជាពលរដ្ឋ (កែនមនុស្សម្នា) ធ្វើបាតុកម្ម ទោះជាបែបហិង្សាក្ដី
ឬក៏បែបអហិង្សាក្ដី គឺជាចលនាចំពោះមុខមួយ មានគោលដៅច្បាស់លាស់ គឺដើម្បី «ផ្ដួលរំលំរាជ
រដ្ឋាភិបាល» ។ ពាក្យថា ដេញ ហ៊ុន សែន ឲ្យចុះចេញពីដំណែងនេះហើយ
គឺជាការធ្វើ «រដ្ឋ ប្រហារ» ទោះបីជាគ្មានការប្រើអាវុធក៏ដោយ។
ទី២ ការបំបះបំបោរ ជុំរុញឲ្យមានចលនា
រហូតឈានដល់កុបកម្មប្រើហិង្សា នៅផ្លូវវេងស្រេង នាដើមឆ្នាំ២០១៤ ដោយពួកបាតុករប្រើគ្រាប់បែកឆ្នៃ Molotov Cocktail គប់បោកទៅលើសមត្ថកិច្ច កងរក្សាសន្ដិសុខរបស់រដ្ឋ ឲ្យមានរបួស ឬរហូតដល់ស្លាប់
តើនេះជាអ្វី? តើនេះមិនមែនជាចលនាបំបះបំបោរឲ្យកើតមានជាចលាចល បង្កឲ្យមានភាពវឹកវរ ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលទេឬអី?
តើនេះជាចេតនាហិង្សា ឬអហិង្សា?
ទី៣
ចលនាបាតុកម្មរាប់ពាន់នាក់ ដើម្បីរំដោះទីលានប្រជាធិបតេយ្យ ដែលផ្ទុះទ្បើងនៅថ្ងៃទី១៥
ខែកក្ដដា ឆ្នាំ២០១៤ ដែលក្រុមពួកខ្លួនប្រើអំពើហិង្សា វាយប្រហារមកលើកងកម្លាំងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ដោយប្រើដំបងដែកជាអាវុធ ឲ្យមានរបួសធ្ងន់ ដែលអាចនឹងឈានដល់ការបាត់បង់ជីវិត នោះគឺជាអ្វីទៅវិញ។
តើការដែលអាជ្ញាធរចាប់ឃាត់ខ្លួនតំណាងរាស្រ្ដ និងសកម្មជនទំាង៧រូប បញ្ជួនទៅគុតព្រៃស
ដើម្បីរង់ចាំតុលាការកាត់ទោស ហើយបន្ទាប់មក អនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ករណីនេះយ៉ាងហោចណាស់គេអាចញែកថា ខណៈដែលជនជាប់ពិរុទ្ធទំាង៧រូប ដែលត្រូវដោះលែងពីការជាប់ឃុំនោះ គឺនៅតែស្ថិតក្នុងរង្វង់ច្បាប់ ថាជាអ្នកនៅជាប់ពិរុទ្ធនៅទ្បើយ។
រីឯ បុគ្គល មាជ សុវណ្ណារ៉ា ដែលបានរត់គេចខ្លួនអស់រយៈពេលបួនខែ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការកាត់ទោស តាមផ្លូវច្បាប់ ដែលជាយុត្តាធិការរបស់តុលាការ។រឿងនេះពុំមែនជារឿងនយោបាយទេ!
ក្នុងព្រឹត្ដការណ៍ដែលយើងបានរៀបរាប់ត្រួសៗខាងលើ
ចំពោះផ្លូវច្បាប់ លោកកឹម សុខា ដែលជាអ្នកធ្វើច្បាប់នោះ មិនអាចនិយាយយ៉ាងរំភើយ បាតដៃជាខ្នងដៃបានទេ។
កាន់តែធ្ងន់ទៅទៀតនោះ គឺ លោក កឹម
សុខា មាក់ងាយរបបប្រជាធិបតេយ្យនៃប្រទេសរបស់ខ្លួន ដែលរដ្ឋាភិបាលមួយកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានសម្ដែងចេញក្នុងការជ្រើសរើសមេដឹកនំារបស់ខ្លួន គឺតាមរយៈការបោះឆ្នោតសកល ដែលពិភពលោកគេទទួលស្គាល់។
តើលោក កឹម សុខា បានដឹងថា កម្ពុជា អស់រយៈពេលពីរទសវត្សមក បានប្រកាន់ខ្ជាប់នូវរបបប្រជាធិបតេយ្យ សេរីនិយមពហុបក្ស
ដែលគណបក្សនយោបាយនីមួយៗ ទំាងគណបក្សកាន់អំណាច ទំាងគណបក្សប្រឆំាង
មានសិទ្ធិស្មើគ្នាក្នុងការប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោត ដណ្ដើមជ័យជម្នះ
ហើយរៀបចំរដ្ឋាភិបាលមួយដែលសភាផ្ដល់សេចក្ដីទឹកចិត្ដ ព្រះមហាក្សត្រទ្បាយព្រះហត្ថលេខា ទេឬ?។
ដូច្នេះ យើងយល់ថា
រឿងរ៉ាវរបស់លោក កឹម សុខា ដែលបានរៀបរាប់មកខាងលើ សម្រាប់ប្រទេសដែលមានច្បាប់
គឺគួរទុកភារកិច្ចនេះជូនរដ្ឋសភា និងប្រព័ន្ធតុលាការ ជាអ្នកវិនិច្ឆ័យ។
No comments:
Post a Comment