Saturday, February 14, 2015

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​​ ថ្លែង​ក្នុង​​ពិធី​​​បញ្ចុះ​​បឋម​​សិលា​​សាង​សង់​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​អាកាសចរ​ស៊ីវិល

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥


-ឯកឧត្តម Kim Woen Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជ
-លោកស្រី Baek Sook Hee តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅ​កម្ពុជា
-ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ និងអន្តរជាតិ
-បងប្អូនប្រជាពលរដ្ឋ​ ក្មួយៗយុវជនស្ម័គ្រចិត្តកាកបាទក្រហម​ កាយរិទ្ធកម្ពុជាជាទីស្រលាញ់!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបញ្ចុះបឋមសិលាដើម្បី​សាង​សង់​អគារមជ្ឈមណ្ឌល​ហ្វឹកហ្វឺនជំនាញអាកាសចរស៊ីវិល ដែល​ជាជំនួយរបស់សាធារណៈរដ្ឋកូរ៉េ ក្រោម​កិច្ចសម្របសម្រួលរបស់​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េ(KOICA)។ ក្នុងនាម​រាជរដ្ឋា​ភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​​ចំពោះរដ្ឋាភិបាល​ និង​ប្រជាជនកូរ៉េ ដែល​បាន​ផ្តល់ការ​ឧបត្ថម្ភគាំទ្រ​ជាបន្តបន្ទាប់ ចូលរួម​ចំណែក​ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស​ដល់គម្រោងដ៏មានសារសំខាន់នេះ ដើម្បី​ឆ្លើយ​តប​ទៅនឹងតម្រូវការនៃការអភិវឌ្ឍ​វិស័យ​អាកាសចរ​ស៊ីវិល​​នៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំក៏សូមសម្តែង​នូវ​ការកោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់​លំដាប់​​​ថ្នាក់នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ដែលបានខិត​ខំ​ បំពេញភារកិច្ចរបស់ខ្លួន ជាពិសេសដែលបានធ្វើកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួល​​យ៉ាង​មានប្រសិទ្ធភាពជាមួយភាគីកូរ៉េ​ ធ្វើឱ្យ​គម្រោងនេះ​លេចចេញជារូបរាងឡើង។ នេះគឺជាហេដ្ឋា​រចនា​សម្ព័ន្ធថ្មី​​មួយទៀត ​​ក្នុងចំណោម​ហេដ្ឋា​រ​ចនាសម្ព័ន្ធនានាដែលចាំបាច់សម្រាប់​ការអភិវឌ្ឍ​វិស័យ​​អាកាសចរ​​ស៊ីវិល​កម្ពុជាឱ្យ​កាន់តែ​ប្រសើរ​ឡើង និងប្រកបដោយចីរភាព ខណៈ​ដែល​​អាកាស​ចរណ៍ស៊ីវិល​ពិភពលោកមានតួនាទី​យ៉ាង​សំខាន់ ក្នុងសកម្មភាពអភិវឌ្ឍ​សេដ្ឋកិច្ច​នៅលើ​សកល​លោកយើងនេះ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ និងអន្តរជាតិ
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរូបវន្តនានា ព្រម​ទាំង​ធនធាន​មនុស្ស​ ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ ដោយ​របបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏​ឃោ​ឃៅ។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ដែលបាន​ប្រសូតចេញពីកម្លាំងសាមគ្គី ពលីកម្ម​យ៉ាង​ធំធេង និងការតស៊ូយ៉ាងស្វិតស្វាញរបស់ឥស្សរជនស្នេហាជាតិ ជាពិសេស សម្តេចអគ្គមហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាយើង​បាន​​​ខិត​ខំស្តារ និងកសាងប្រទេសលើគ្រប់វិស័យពីបាតដៃទទេ ដោយដៃម្ខាងខិតខំទប់ស្កាត់​ការវិល​ត្រឡប់​​មកវិញ​នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងដៃម្ខាងទៀតខិតខំកសាងនិងជួសជុល​ជាបណ្តើរ​ៗ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តនានា ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម និងវិហារសាសនា ជាដើម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ នៅក្នុងនោះ​​រួមមានវិស័យអាកាស​ចរស៊ីវិលផងដែរ។
ស្របពេលដែលវិស័យអាកាសចរស៊ីវិលពិភពលោក កំពុងមានការរីកលូតលាស់យ៉ាងខ្លាំង ដែល​តាមការព្យាករណ៍របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ក្នុងរយៈពេល​២០ឆ្នាំ​ខាង​មុខ​ អត្រាកំណើនប្រចាំឆ្នាំរបស់វិស័យនេះមានប្រមាណ ៤,៧% ឬកើនឡើងចំនួនទ្វេដង​នៅ​រយៈ​ពេល​​​​១៥ឆ្នាំខាងមុខ វិស័យអាកាសចរស៊ីវិលកម្ពុជាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៃវិស័យជាច្រើន​ ជាពិសេសការដឹកជញ្ជូន និង​​ទេសចរណ៍។ ជាក់ស្តែង នៅឆ្នាំ២០១៤ អ្នកធ្វើដំណើរតាមផ្លូវអាកាសមានចំនួនប្រមាណ​៥លាន​នាក់ គឺកើនឡើងចំនួន ៩% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ដែលមានអ្នកដំណើរត្រឹមតែ​៤,៦​លាន​នាក់។ ជាមួយគ្នា​នោះ ក្នុងឆ្នាំ២០១៤ មានជើងហោះហើរចំនួន ៥០.១៨៨ជើង គឺកើនឡើង​ចំនួន ​៦,៤% បើប្រៀប​​ធៀបទៅនឹង​ឆ្នាំ២០១៣ ដែលមានចំនួន ៤៧.១៧០ជើង។ តាមស្ថិតិរបស់ក្រសួង​ទេសចរណ៍ ៥០%​ នៃ​ភ្ញៀវទេសចរមកទស្សនាកម្ពុជាធ្វើដំណើរតាមយន្តហោះ ដែលនេះបញ្ជាក់ឱ្យ​ឃើញ​យ៉ាងច្បាស់​នូវតួនាទីស្នូលរបស់វិស័យអាកាសចរស៊ីវិល សម្រាប់ទ្រទ្រង់ការអភិវឌ្ឍនៃវិស័យ​​ទេសចរណ៍ ដែលបានក្លាយ​ជា​ក្បាលម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ទេសចរណ៍កម្ពុជា បាន​រួមចំណែករហូតដល់​ប្រមាណ​ជា ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបាន​​បង្កើត​​ការងារ​​ជូនប្រជាជន​​ដោយ​ផ្ទាល់​ជាង ៥០០ពាន់ និង​ដោយប្រយោល​រាប់សិបពាន់​​ផ្សេង​ទៀត កាល​ពី​​ឆ្នាំ២០១៣កន្លងទៅ ខណៈដែល​មាន​ភ្ញៀវ​ទេសចរបរទេសប្រមាណ ៤,២លាននាក់ បានចូល​មក​ទស្សនាកម្ពុជា។ នៅឆ្នាំ២០១៤ ចំនួន​ភ្ញៀវទេសចរបរទេសមាន ៤,៥លាននាក់ ហើយចំនួន​នេះ​ត្រូវបានព្យាករណ៍​ថា​​នឹងកើនឡើង​ដល់​ចំនួនប្រមាណ ៧-៨លាននាក់ នៅឆ្នាំ២០២០។
ជាការពិត ការរីកចម្រើននៃវិស័យទាំងនេះនឹងមិនអាចកើតមានបានឡើយ ប្រសិនបើគ្មាន​​គោល​នយោបាយ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ជាពិសេស​គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ដែលបាននាំមកនូវសន្តិភាព សុវត្ថិភាព និង​សន្តិសុខ​ពេញ​លេញលើផ្ទៃប្រទេសដូចសព្វថ្ងៃនេះ ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៥០០ឆ្នាំ​ចុង​ក្រោយ ​​នៃប្រវត្តិសាស្ត្រកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិ និងអន្តរជាតិ
ដើម្បីរក្សា និងជំរុញបន្ថែមនូវការរីកចម្រើននៃវិស័យអាកាសចរស៊ីវិល ក្រៅពីការបន្តធានា​ឱ្យ​បាន​នូវ​សុខសន្តិភាព និងស្ថេរភាពនយោបាយ ព្រមទាំង​សុវត្ថិភាព សន្តិសុខ និងប្រសិទ្ធភាព​នៃប្រព័ន្ធ​នាំផ្លូវអាកាស ធនធានមនុស្ស​នៅក្នុង​វិស័យនេះ​ចាំបាច់​​ត្រូវ​មានការបណ្តុះ​បណ្តាល​ជំនាញ​ជាមូលដ្ឋានច្បាស់លាស់ ហើយត្រូវមានកម្មវិធីអភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ ស្របទៅតាម​ការវិវត្តន៍​ជាក់ស្តែង​របស់វិស័យនេះ។
ក្នុងន័យនេះ គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បីចូលរួម​ចំណែក​​ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​​​ចតុ​កោណ​​ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ដែលក្នុងនោះ​រួមមាន​​ការបន្តយកចិត្តទុកដាក់ជាពិសេសលើការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ប្រកប​​​​ដោយ​ចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ផងដែរ។ ខ្ញុំសូមចាត់ទុកមជ្ឈមណ្ឌលនេះ មិនត្រឹមតែ​ជា​ថ្នាលសម្រាប់​ការបណ្តុះ​បណ្តាល អភិវឌ្ឍនិងការផ្ទេរ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​លើជំនាញអាកាសចរស៊ីវិល​ជូនមន្ត្រីជំនាញកម្ពុជា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូប​ដ៏ថ្លៃថ្លា​នៃ​​ទំនាក់​ទំនង​ជាមិត្តភាព និងភាព​ជាដៃ​គូ​​សហប្រតិបត្តិការល្អ រវាង​​សាធារណរដ្ឋកូរ៉េ និង​ព្រះរាជាណា​ចក្រ​​កម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថា ភាគីមិត្តកូរ៉េនឹង​បន្តជួយ​ដល់មជ្ឈមណ្ឌលនេះ​បន្ថែម​ទៀត នាពេល​អនាគត ​ដើម្បី​​ប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាល​នូវ​គ្រប់​ជំនាញពាក់ព័ន្ធ​នឹង​អាកាសចរ​ស៊ីវិល។
ជាថ្មីម្តងទៀត តាមរយៈ​ឯកឧត្តម Kim Woen Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំ​កម្ពុជា និងលោកស្រី Baek Sook Hee តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំ​កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលតែងតែងបាន​ជួយ​ដល់​កម្ពុជាក្នុងសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចជាច្រើន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល​ក្នុង​ក្រុមគ្រួសារ។
ខ្ញុំសូមប្រកាសបើកការដ្ឋានសាងសង់មជ្ឈមណ្ឌល​ហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា ចាប់ពី​​ពេល​នេះ​តទៅ។
សូមអរគុណ!

No comments:

Post a Comment