គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ សាស្ត្រាចារ្យ Surya Subedi នឹងលើកពីគុណសម្បត្តិរបស់គាត់ ចំពោះការរីកចម្រើនទៅមុខក្នុងការធ្វើឲ្យស្ថាប័នរដ្ឋមានភាពឯករាជ ដោយសំដៅជាពិសេសទៅលើកំណែទម្រង់ច្បាប់និងតុលាការ។ គាត់នឹងពិតជាចង់សំដែងថា បើគ្មានសម្លេងរបស់គាត់ទេ កម្ពុជានឹងមិនបានស្វះស្វែងធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់និងតុលាការនោះទេ។ តើគាត់នឹងបញ្ឈប់តែត្រឹមនោះ មែនទេ? គាត់នឹងមិនបញ្ឈប់នៅត្រឹមនោះទេ។ គាត់នឹងនិយាយថា គេត្រូវធ្វើការងារច្រើនថែមទៀត។ ជាការពិតកំណែទម្រង់នឹងមិនមានការបញ្ឈប់ទេ លើកលែងតែទស្សនៈនៃការផ្លាស់ប្តូរត្រូវបានក្លាយទៅជា របត់ថ្មីសំរាប់អនុវត្តការងាររបស់ជាតិ។
គាត់នឹងផ្តល់គុណសម្បត្តិដល់ “បាតុករផ្នែកសិទ្ធិមនុស្ស” របស់កម្ពុជា ពោលគឺបើគ្មានពួកគេនោះទេ គាត់ក៍មិនអាចច្បាមយកគុណសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ដែរ។ គាត់នឹងផ្តល់ការសសើរដល់រាជ រដ្ឋាភិបាលកម្ពុជាចំពោះអ្វីដែលគាត់ហៅថាការទទួលយកដំបូន្មានរបស់គាត់ និងការទទួលស្គាល់ភាព មិនសប្បាយចិត្តរបស់ប្រជាជនកម្ពុជា ដែលទាំងនេះគឺជាការលើកបង្ហាញពីស្នាដៃរបស់គាត់។ អ្នកការទូត ចំណានមិនត្រូវបន្សល់ទុកភាពល្អក់កករ ហើយក៏មិនធ្វើឲ្យចំរៀងច្រៀងលាចុងក្រោយប្រឡាក់ប្រឡូស ដោយការមិនសមរម្យនោះដែរ។
វាជាការផុយស្រួយយ៉ាងខ្លាំងក្នុងការធ្វើដំណើរតាមផ្លូវដ៏ចំរូងចំរះ តាមការស្មូតរឿងសិទ្ធិមនុស្ស និងតាមការប្រកាន់យកនូវតម្លៃមនុស្ស ដែលនៅក្នុងការធ្វើដំណើរនោះ ដោយខាងម្ខាងគឺ យើងមានរដ្ឋាភិបាលមួយដែលមានមោទនភាពចំពោះស្នាដៃរបស់ខ្លួន ជាពិសេសចំពោះការរំដោះប្រជាជនកម្ពុជាចេញពីក្រញ៉ាំរបស់របបប្រល័យពូជសាសន៍ខ្មែរក្រហមដែលប្រជាជនកម្ពុជាប្រមាណ ២,២ លាននាក់ត្រូវបានសម្លាប់ ស្លាប់ដោយអត់អាហារដោយការបង្ខំធ្វើការងារ ហើយដោយខាងម្ខាងទៀតគឺប្រជាជនកម្ពុជាជំនាន់ថ្មីដែលទាមទារចង់បានយុត្តិធម៌សង្គម យុត្តិធម៍ចំពោះមុខច្បាប់ និងសមភាព។ នេះមិនមែនជាការអាឡោះអាល័យសោះឡើយ នៅពេលដែលប្រជាជនកម្ពុជាខ្លះហ៊ាននិយាយថា ស្ថិតក្រោមរបបខ្មែរក្រហម មនុស្សគ្រប់រូបគ្មានលើកលែងអ្នកណាម្នាក់សុទ្ធតែក្រីក្រដូចគ្នាហើយភិតភ័យនឹងការស្លាប់នៅគ្រប់វិនាទី គ្រប់នាទី គ្រប់ម៉ោង និងរាល់ថ្ងៃ ប៉ុន្តែ ឥឡូវនេះ មានមនុស្សមានទ្រព្យសម្បត្តិសំបូរ ហូរហៀរខ្លាំង អ្នកមានទ្រព្យសម្បត្តិច្រើនគួរសម អ្នកមានត្រឹមតែមួយគ្រប់ អ្នកក្រ និងអ្នកក្រតោកយ៉ាក អ្នកមានអំណាចខ្លាំង អ្នកមានអំណាចមធ្យម អ្នកងាយរងគ្រោះល្មម និងអ្នកងាយរងគ្រោះបំផុត។ តើហេតុអ្វី? ពួកអ្នកគិតនៅសម័យថ្មីលើកឡើងអំពីការគ្រប់គ្រងមិនត្រឹមត្រូវរបស់មេដឹកនាំ។ មនុស្សជឿ លើសាសនាគិតថាវាជាវាសនានិងការរៀបចំទុកពីជាតិមុន។ អ្នកគាំទ្រនយោបាយលើកឡើងអំពី ឱកាសនិងការបាត់បង់ឱកាស។ មន្ត្រីជាន់ខ្ពស់ម្នាក់ដែលខ្ញុំស្គាល់បាននិយាយថា “ប្រសិនបើខ្ញុំមិនស្រលាញ់និងការពារទឹកដីទំហំ ១៨១.០៣៥ គីឡូម៉ែត្រការ៉េរបស់យើងទេ ប៉ុន្តែស្រលាញ់ត្រឹមតែដី ៥ ឬ ២០ ពាន់ហិចតានោះ ខ្ញុំនឹងបានក្លាយទៅជាសេដ្ឋីនិងរស់នៅដូចស្តេចទៅហើយ។ ” គាត់បានបន្ថែមថា កំហុសរបស់ខ្ញុំនោះគឺថា ខ្ញុំស្រលាញ់ពេកហើយខ្ញុំចង់ការពារផ្ទៃដី ១៨១.០៣៥ គឺឡូម៉ែត្រការ៉េនោះ។ គាត់បានបាត់បង់ឱកាសធ្វើជាអ្នកមាន។ តាមពិត នៅពេលសព្វថ្ងៃនេះ គាត់ស្ទើតែមិនអាចចិញ្ចឹមជីវិតបានផង។
សាស្ត្រាចារ្យ Subedi បានដឹងរួចទៅហើយអំពីការលំបាកក្នុងការធ្វើជាអ្នករាយការណ៍ពិសេសអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដូចត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ស្បែករបស់គាត់ក្រាស់ឃ្មឹកគ្រាន់បើក្នុងការទ្រាំទ្រនឹងការវាយប្រហារពីគ្រប់ភាគី។ ការប្រឈមមុខនឹងស្ថានភាពដ៏ធ្ងន់ធ្ងរបែបនេះ មន្ត្រីអង្គការសហប្រជាជាតិជាច្រើន (នៅសាលាក្តីខ្មែរក្រហម ជាឧទាហរណ៍) បានបោសដៃរបស់ពួកគេដើរចេញពីការងារ ទោះបីជាខុសឬត្រូវក៏ដោយ គ្មាននរណាខ្វល់នោះទេ។ ប៉ុន្តែមិនមែនដូចជាសាស្ត្រាចារ្យ Subedi នោះទេ។
សាស្ត្រាចារ្យ Surya Subedi បាននៅកាន់ដំណែងនោះរហូតដល់ចប់អាណត្តិ ៦ ឆ្នាំរបស់គាត់។ យើងនឹងបានស្តាប់ឮនូវចំរៀងច្រៀងលាចុងក្រោយរបស់គាត់នៅថ្ងៃសុក្រទី ២៣ ខែ មករា ឆ្នាំ២០១៥ នៅម៉ោង ៣ ល្ងាចក្នុងឧកាសធ្វើសន្និសិទ្ធសាពត៍មានរបស់គាត់។ យើងនឹងដឹងច្រើនថែមទៀតថាតើគាត់ជាមនុស្សប្រភេទបែបណា៕
ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៥
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធសាស្ត្រ ភ្នំពេញ កម្ពុជា
Pngoeun@puthisastra.edu.kh
No comments:
Post a Comment