យើងដឹងហើយថា តំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភា ហើយអភ័យឯកសិទ្ធិនេះ ត្រូវបានកំណត់ជាក់លាក់ក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាកម្ពុជា ជាពិសេសក៏បានកំណត់នូវភារកិច្ច និងតួនាទីយ៉ាងច្បាស់លាស់របស់សមាជិកសភាម្នាក់ៗ ផងដែរ។
ច្បាប់បានកំណត់ថា សិទ្ធិអំណាច និងតួនាទីសភា មានសិទ្ធិក្នុងការរៀបចំ តាក់តែង អនុម័ត វិសោធនកម្ម (ការកែប្រែ) ទៅលើសេចក្ដីស្នើច្បាប់ និងច្បាប់ទាំងឡាយដែលចូលជាធរមាន ដោយសារតែរដ្ឋសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។
មិនត្រឹមតែប៉ុណ្ណោះ សភាមានសិទ្ធិត្រួតពិនិត្យ និងតាមដាននូវរាល់សកម្មភាពអនុវត្តច្បាប់ទាំងឡាយរបស់រាជរដ្ឋាភិបាល តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីចង់ដឹងអំពីការអនុវត្ត តើធ្វើបានត្រឹមត្រូវតាមច្បាប់ និងស្របទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋដែរឬទេ? ហើយបើសិនពិនិត្យមើលទៅឃើញថា សកម្មភាពអាជ្ញាធរអនុវត្តច្បាប់ ធ្វើដោយមិនប្រក្រតី សភាអាចធ្វើការកោះអញ្ជើញប្រធាននៃក្រសួង ឬស្ថាប័នសាមីនោះ ឲ្យចូលមកបំភ្លឺ ដែលអាចធ្វើទៅបានដោយសម្លេងសមាជិកសភាមួយភាគដប់ ហើយក៏អាចធ្វើញត្តិបន្ទោសបាន បើសិនជាមានភស្ដុតាងបញ្ជាក់ថា មានភាពមិនប្រក្រតីមែននោះ។
សូមបញ្ជាក់ផងដែរថា ទោះបីជាតំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភាតាមច្បាប់យ៉ាងណាក៏ដោយ មិនថាទាំងតំណាងរាស្ដ្រគណបក្សសង្រ្គោះជាតិ ឬគណបក្សប្រជាជនទេ ក៏មិនអាចយកសិទ្ធិអំណាចមកធ្វើការគាបសង្កត់ ចាប់បង្ខំ ឬរំលោភបំពានទៅលើស្ថាប័ន អង្គភាព រដ្ឋ ឬឯកជនណាមួយបានដែរ ជាពិសេសក៏មិនអាចជ្រៀតជ្រែកចូលទៅក្នុងកិច្ចការ និងការងារផ្ទៃក្នុងរបស់គេបានទៀតផង។
តែបើកើតមាននូវទង្វើបែបនេះ មានន័យថា តំណាងរាស្ដ្រនោះ បានប្រើប្រាស់នូវសិទ្ធិអំណាចរបស់ខ្លួន ដោយពឹងផ្អែកទៅលើកត្តាផ្ទាល់ខ្លួន និងផលប្រយោជន៍ផ្សេងទៀត ក្នុងការចាប់បង្ខំឲ្យនីតិបុគ្គលរដ្ឋ ឬឯកជន បញ្ចេញ ឬក៏ផ្ដល់នូវឯកសារ ឬព័ត៌មានណាមួយ ដែលនេះជាអំពើរំលោភទៅលើសា្ថប័ន ដោយការប្រើសិទ្ធិអំណាចក្នុងនាមជាអ្នកតំណាងរាស្ដ្រ។ ក្នុងន័យនេះ ចង់បញ្ជាក់ថា មិនមែនឲ្យតែខ្លួនជាអ្នកតំណាងរាស្ដ្រ ហើយមានអភ័យសិទ្ធិសភាអាចធ្វើបានគ្រប់យ៉ាងនោះទេ។ សិទ្ធិ និងអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ដ្រ បានកំណត់យ៉ាងច្បាស់ក្នុងច្បាប់។
ជាក់ស្ដែងលោក សុន ឆ័យ តំណាងរាស្ដ្រមណ្ឌលភ្នំពេញគណបក្សសង្រ្គោះជាតិកាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៤ លោកបានប្រើតួនាទីជាតំណាងរាស្ដ្រគំរាមប្លន់យកឯកសារពីអាជ្ញាធរអប្សរា ខណៈក្រុមការងារនៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីកិច្ចការពារ ថែរក្សា និងអភិរក្សរមណីយដ្ឋានអង្គរ។ ដោយនៅទីស្នាក់ការអាជ្ញាធរអប្សរា លោក សុន ឆ័យ បានប្រើពាក្យសម្ដីសម្លុតគំរាមទៅលើ លោក ប៊ុន ណារិទ្ធ អគ្គនាយកអប្សរា ក្នុងគោលបំណងបង្ខំ និងជំរិតឲ្យអគ្គនាយករូបនេះ ប្រគល់ឯកសារផ្សេងៗទាំងអស់អំពីចំណូលចំណាយវិក័យបត្រលំអិតប្រចាំខែ និងលោក សុន ឆ័យ បាននិយាយបំប៉ោងតួរលេខនៃចំណូលមកពីកិច្ចសន្យាជួលដីទំហំប្រមាណ២៣ហិកតា ឲ្យក្រុមហ៊ុនសុខាអូតែល ក្នុងទឹកប្រាក់ ៩លានដុល្លារចូលថវិកាជាតិ ដែលត្រូវបានលោក សុន ឆ័យ និយាយបំប៉ោងថា ថវិកាបាត់បង់រហូតដល់ជាង ៤០០លានដុល្លារអាមេរិក ដើម្បីឲ្យសាធារណមតិមានការសង្ស័យ និងយល់ច្រឡំមកលើអាជ្ញាធរអប្សរា។
លោក សុន ឆ័យ ត្រូវដឹងថា អាជ្ញាធរអប្សរាជាអាជ្ញាធររដ្ឋបាល ដែលមានស្វ័យតភិបាលរដ្ឋបាល និងស្វ័យតភិបាលហិរញ្ញវត្ថុ ហើយស្ថិតនៅក្រោមអាណាព្យាបាលនៃក្រសួងបច្ចេកទេស គឺទីស្ដីការគណៈរដ្ឋមន្ដ្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើក្នុងករណីដែលសភាចង់ធ្វើការសាកសួរក្នុងរឿងហិរញ្ញវត្ថុទៅលើអាជ្ញាធរអប្សរា ដែលពាក់ព័ន្ធនឹងថវិកា គឺរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបើទាក់ទងនឹងរឿងបច្ចេកទេស គឺទីស្ដីការគណៈរដ្ឋមន្ដ្រី។ ដូច្នេះ អាជ្ញាធរអប្សរាជាអ្នកទទួលខុសត្រូវជាមួយក្រសួងទាំងពីរនេះ ហើយបើសភាអញ្ជើញ គឺក្រសួងទាំងពីរនឹងហៅអាជ្ញាធរអប្សរាមកឆ្លើយបំភ្លឺនៅមុខគណៈកម្មការជំនាញនៃរដ្ឋសភា។ តាមគោលការណ៍ច្បាប់ ទោះបីជាគណៈកម្មការជំនាញនៃរដ្ឋសភា ឬសភាតំណាងរាស្ដ្រក៏ដោយ គឺគ្មានសិទ្ធិកោះហៅអាជ្ញាធរអប្សរាទេ តែបើចុះសិក្សាស្វែងយល់ គឺអាចធ្វើទៅបាន។
ទង្វើនេះត្រូវបានក្រុមអ្នកច្បាប់មួយចំនួនលើកឡើងយ៉ាងច្បាស់ថា ជាការប្រើសិទ្ធិអំណាច និងតួនាទីរបស់ខ្លួន រំលោភទៅលើដែនសមត្ថកិច្ច និងស្ថាប័នរបស់អាជ្ញាធរអប្សរា លើសពីនេះទៀត គឺលោក សុន ឆ័យ មិនបានធ្វើទៅតាមតួនាទី និងនីតិវិធីក្នុងការសហការស្នើសុំនូវរាល់ឯកសារមួយចំនួនឡើយ។
ពាក់ព័ន្ធនឹងការជំរិតយកឯកសារពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធណាមួយ សូមលោក សុន ឆ័យ ត្រូវពិចារណាថា ក្រុមហ៊ុន ឬអ្នកវិនិយោគ ដែលធ្វើកិច្ចសន្យាវិនិយោគណាមួយជាមួយរដ្ឋ គឺគេក៏ត្រូវរក្សាការសម្ងាត់លើកិច្ចសន្យា ជំនួញឯកជនរបស់គេដែរ ដោយមិនអាចបើកចំហរជាសាធារណៈបានទេ លើកលែងតែតម្រូវការចាំបាច់ពីអង្គភាពប្រឆាំងអំពើពុករលួយ និងតម្រូវការបង្ហាញចំពោះមុខច្បាប់ផ្សេងៗ។
ដូច្នេះ លោក សុន ឆ័យ មិនអាចប្រើអភ័យឯកសិទ្ធិសភារបស់ខ្លួនទៅរំលោភបំពានលើស្ថាប័ន អង្គភាព រដ្ឋ ឬឯកជនណាមួយ ទៅតាមទំនើងចិត្ត និងការខឹងសម្បាររបស់ខ្លួនកន្លងមកទៅលើអាជ្ញាធរអប្សរា ដែលដកយកដីរបស់លោក ដែលលោកបានលួចទៅចាប់យកដីទំហំ ៣ហិកតា ក្នុងតំបន់អភិរក្សអង្គររបស់ UNESCO ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាឡើយ។
និពន្ធដោយ៖ សុខ អភិវឌ្ឍន៍
No comments:
Post a Comment