ខេត្តកោះកុង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤
- ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ
- ឯកឧត្តម Chung Eui-yong សហប្រធាន និងជាអគ្គលេខាធិការ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP)
- ឯកឧត្តម ប៊ុន លើត អភិបាលនៃគណៈអភិបាលខេត្តកោះកុង
- ឯកឧត្តម Narong Thira Narongkoun អភិបាលខេត្តត្រាត
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី!
នារាត្រីដ៏ត្រកាលនេះ
ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ
អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់
ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៣
នៅលើទឹកដីនៃខេត្តកោះកុងដ៏ស្រស់បំព្រងនេះ។
ក្នុងឱកាសដ៏សែនរីករាយ
នេះ ខ្ញុំសូមស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ
និងអន្តរជាតិទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍នេះផ្ទាល់
ក៏ដូចជាមកទស្សនាខេត្តកោះកុង ផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល
ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកោះកុង
និងគណៈកម្មការអន្តរក្រសួង
ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនេះឡើង
ដែលរួមមានកម្មវិធីចម្រុះដ៏សម្បូរបែប។
ខ្ញុំក៏សូមអបអរសាទរផងដែរចំពោះការចូលរួម
និងការគាំទ្រយ៉ាងសកម្មរបស់វិស័យឯកជន
ដែលញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពអធិកអធមថែមទៀត។
ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ
និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តត្រាតនៃរាជាណាចក្រថៃ
ចំពោះការចូលរួមសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះ
ដែលជាការសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចសហប្រតិបត្តិការល្អ
និងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ
កម្ពុជា-ថៃ។
ប្រធានបទសម្រាប់បុណ្យសមុទ្រឆ្នាំនេះ «អេកូទេសចរណ៍តំបន់ឆ្នេរ ៖ ការអភិវឌ្ឍបៃតង» គឺពិតជាសក្ដិសមបំផុត
ពីព្រោះថាខេត្តកោះកុងគឺជាខេត្តមួយក្នុងចំណោមបណ្តាខេត្ត
ដ៏ស្រស់ត្រកាលនៅតាមឆ្នេរសមុទ្រកម្ពុជា ដែលជាសមាជិកនៃក្លឹប «ឆ្នេរសមុទ្រស្អាតបំផុតរបស់ពិភពលោក» និងសម្បូរទៅដោយធនធានធម្មជាតិ
និងបរិស្ថានដ៏ស្រស់ស្អាត។ ដូច្នេះ
ខេត្តកោះកុងពោរពេញទៅដោយសក្ដានុពលទេសចរណ៍ ជាពិសេសអេកូទេសចរណ៍
ដែលអាចទាញយកប្រយោជន៍សមស្រប
សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់នេះ
ក៏ដូចជាក្នុងប្រទេសទាំងមូលផងដែរ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
វិស័យទេសចរណ៍
គឺជាឧស្សាហកម្មមួយថ្មីថ្មោងនៅឡើយសម្រាប់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៣
ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជា មានត្រឹមតែ ប្រមាណ
១១៨ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែចំនួននេះបានកើនឡើងរហូតដល់ ៤,២លាននាក់
ក្នុងរយៈពេល២ទសវត្សរ៍ក្រោយមក (២០១៣)
ហើយត្រូវបានប៉ាន់ស្មានថានឹងកើនឡើងរហូតដល់ប្រមាណ៧,៥លាននាក់
ត្រឹមឆ្នាំ២០២០។
កំណើនយ៉ាងឆាប់រហ័សបែបនេះអាចសម្រេចឡើងបានដោយសារកត្តាអំណោយផលជាច្រើន
ក្នុងនោះរួមមានសន្តិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខនៅពេញផ្ទៃប្រទេស
ដែលពុំធ្លាប់មាននៅក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា
អាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមឡើងនូវគោលនយោបាយ«ឈ្នះ-ឈ្នះ» និង គោលនយោបាយ«បើកចំហរជើងមេឃ» ព្រមទាំងគោលនយោបាយផ្សេងៗទៀតជាច្រើន
ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្ម
ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។ សុខសន្ដិភាព និងស្ថិរភាពនយោបាយ
គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ
ជាពិសេសសម្រាប់វិស័យទេសចរណ៍
ព្រោះថាភ្ញៀវទេសចរនឹងមិនហានធ្វើដំណើរកំសាន្តឡើយ
ប្រសិនបើគ្មានការធានាសន្តិសុខនិងសុវត្ថិភាពឱ្យបានល្អសម្រាប់ពួកគេនោះទេ។
ដោយសារកត្តាអំណោយផលទាំងនេះនិងធនធានទេសចរណ៍ដ៏សម្បូរបែបនៅកម្ពុជា
នៅក្នុងរយៈពេលដ៏ខ្លីមួយ
ឧស្សាហកម្មក្មេងខ្ចីនេះបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយនៅក្នុង
កំណើនសេដ្ឋកិច្ចកម្ពុជា រហូតត្រូវបានប្រសិទ្ធនាមថាជា «មាសបៃតង» ថែមទៀតផង។
ជាក់ស្ដែង
ជាមួយនឹងភ្ញៀវទេសចរបរទេសចំនួន៤,២លាននាក់ដែលបានចូលមកទស្សនា
កម្ពុជានៅឆ្នាំ២០១៣
ប្រាក់ចំណូលជាង២ពាន់លានដុល្លារបានហូរចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ
ដោយបានរួមចំណែកប្រមាណជា១៦% នៃផលិតផលក្នុងស្រុកសរុប(GDP)
ហើយបានបង្កើតការងារជូនប្រជាជនដោយផ្ទាល់ជាង ៥០០ពាន់ និងដោយប្រយោល
រាប់សិបពាន់ផ្សេងទៀត។
ជាការពិត
យើងត្រូវទទួលស្គាល់ថា កំណើនភ្ញៀវទេសចរនៅកម្ពុជា
ភាគច្រើនគឺប្រមូលផ្ដុំនៅតំបន់សៀមរាប-អង្គរ
ដែលជាគោលដៅចម្បងសម្រាប់ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌ
ដោយសារតែតំបន់នោះមានរមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ
និងជាមជ្ឈមណ្ឌលនៃវប្បធម៌និងអរិយធម៌ដ៏រុងរឿងនៃចក្រភពខ្មែរ។ លើសពីនេះ
យើងនៅមានរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ
ដែលជារមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រប្រកបដោយតម្លៃលេចធ្លោជាសកលមួយទៀតរបស់កម្ពុជា
និងជាសម្បត្តិបេតិកភណ្ឌពិភពលោកផង ហើយថ្មីៗនេះ
សម័យប្រជុំលើកដំបូងរបស់គណៈកម្មាធិការសម្របសម្រួល
អន្តរជាតិសម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ
ទើបត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប
ដោយមានប្រទេសជាមហាមិត្តរបស់យើង គឺ ចិន និងឥណ្ឌា ជាសហប្រធាន។
នេះគឺជាសមិទ្ធិផលធំធេងបន្ថែមមួយទៀតសម្រាប់វិស័យបេតិកភណ្ឌរបស់កម្ពុជា
ដែលនឹងជួយដល់ការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋាននេះ
ដោយឈរលើស្មារតីសន្តិភាព សហប្រតិបត្តិការ និងសាមគ្គីជាអន្តរជាតិ។
យើងមានជំនឿថា រមណីយដ្ឋានប្រាសាទព្រះវិហារ
នឹងមិនគ្រាន់តែជាគោលដៅថ្មីសម្រាប់ទេសចរបេតិកភណ្ឌវប្បធម៌ ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជាគោលដៅទេសចរណ៍ចម្រុះដ៏វិសេសវិសាលរបស់កម្ពុជាផងដែរ
គឺបេតិកភណ្ឌវប្បធម៌ផង និងអេកូទេសចរណ៍ផង
ដោយសារតែតំបន់នេះសម្បូរធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាច្រើនប្រភេទ
ជាពិសេស សត្វត្មាតនិងត្រយ៉ងយក្ស
ដែលជាសត្វដ៏កម្រនិងមានសម្រស់ដ៏គួរឱ្យគយគន់។
ដូច្នេះ
វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ
នៅពេលដែលនិយាយអំពីវិស័យទេសចរណ៍នៅកម្ពុជា
គេតែងតែសំដៅដល់ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌ
ក៏ប៉ុន្តែកម្ពុជានៅមានគោលដៅប្រកបដោយភាពទាក់ទាញយ៉ាងវិសេសវិសាលជាច្រើនទៀត
សម្រាប់សកម្មភាពទេសចរណ៍ក្នុងទម្រង់ផ្សេងៗ ជាពិសេសអេកូទេសចរណ៍។
កម្ពុជាសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានស្រស់បំព្រងជាច្រើន
ដូចជាឆ្នេរសមុទ្រលំដាប់ពិភពលោក កោះ ទន្លេ បឹងបួរ ព្រៃឈើ និងសត្វព្រៃ
ជាពិសេសសត្វផ្សោតទន្លេមេគង្គដ៏កម្រ។ ធនធានទេសចរណ៍ទាំងនេះ
អាចទាញយកផលដោយសមស្រប ដើម្បីធ្វើពិពិធកម្មផលិតផលទេសចររបស់យើង
ដូចជាតាមរយៈការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ជាដើម។
បន្ថែមលើព្រឹត្តិការណ៍ប្រពៃណី
ដូចជាពិធីបុណ្យអុំទូកនិងពិធីបុណ្យតាមរដូវកាលផ្សេងៗទៀត
យើងបានរៀបចំនូវព្រឹត្តិការណ៍ធំៗដទៃទៀតជាច្រើនដែលបាន
រួមចំណែកដល់ការបង្កើនការទាក់ទាញ និងជំរុញសកម្មភាពទេសចរណ៍
ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន
ដែលត្រូវបានរៀបចំឡើងចំនួនពីរលើករួចមកហើយនៅលើទឹកដីខេត្តសៀមរាប
ក្រោមគំនិតផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ព្រឹត្តិការណ៍អង្គរសង្ក្រានត្រូវបានពិចារណាសម្រាប់យកទៅរៀបចំនៅខេត្ត
ដទៃទៀត នាពេលខាងមុខ។ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងទេសចរណ៍
និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួន
ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍បន្ថែមទៀត
តាមរយៈការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរផ្សេងៗឱ្យបានកាន់តែ
ច្រើនថែមទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
រាជរដ្ឋាភិបាល
កម្ពុជា
បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ
នៅខេត្តតំបន់ឆ្នេរដោយឆ្លាស់វេនគ្នា
ក្នុងគោលបំណងចម្បងដើម្បីជំរុញសកម្មភាពទេសចរណ៍
និងការអភិវឌ្ឍតំបន់ឆ្នេររបស់កម្ពុជា ដែលជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់។
តំបន់ឆ្នេរសមុទ្រកម្ពុជា បានក្លាយទៅជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់
និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីពិភពលោក
ដូចដែលបានស្ដែងចេញតាមរយៈការជាប់ជាសមាជិកនៃក្លឹប«ឆ្នេរសមុទ្រស្អាតបំផុតរបស់ពិភពលោក» នាពេល
កន្លងមក។ ទេសចរណ៍មិនមែនជាឧស្សាហកម្មដាច់ដោយឡែកពីគេនោះទេ
ប៉ុន្តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវិស័យផ្សេងៗទៀត
ហេតុនេះការអភិវឌ្ឍទេសចរណ៍អាចជំរុញការលូតលាស់នៃសកម្មភាពសេដ្ឋ
កិច្ចដទៃទៀតជាច្រើន ដែលប្រការនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច
សង្គមជាតិទាំងមូល។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា
ការរៀចំព្រឹត្តិការណ៍បុណ្យសមុទ្រនៅតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ
ពិតជាអាចជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា
និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តទាំងនោះផងដែរ។
ព្រឹត្តិការណ៍នេះ ក៏អាចទាក់ទាញចំណាប់អារម្មណ៍ពីក្រសួង
ស្ថាប័នពាក់ព័ន្ធផ្សេងៗ វិស័យឯកជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ឱ្យយកចិត្តទុកដាក់កាន់តែខ្ពស់ថែមទៀតដើម្បីថែរក្សាអភិរក្សធនធានធម្មជាតិ
និងវប្បធម៌នៅតាមតំបន់ឆ្នេរកម្ពុជាផងដែរ។
ព្រឹត្តិការណ៍បុណ្យសមុទ្រក៏អាចរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាព
ការកែលម្អគុណភាពសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍
និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដើម្បីថែរក្សាតំបន់ឆ្នេរ
និងទីក្រុងតាមតំបន់ឆ្នេរឱ្យបានស្អាតជានិច្ច ស្របតាមចលនាប្រឡងប្រណាំង
«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
ក្នុងគោលបំណងស្រដៀងគ្នានេះដែរ
ព្រឹត្តិការណ៍បុណ្យទន្លេក៏នឹងត្រូវរៀបចំឡើងនៅតាមបណ្តាខេត្តជាប់ដងទន្លេ
ហើយពិធីបុណ្យទន្លេដំបូងនឹងត្រូវប្រារព្ធធ្វើឡើងនៅលើទឹកដីខេត្តក្រចេះ
សម្បូរទៅដោយធនធានធម្មជាតិ ទេសភាពស្រស់ត្រកាល និងជាពិសេស
សត្វផ្សោតទន្លេមេគង្គដ៏កម្រ។
មុន
នឹងបញ្ចប់ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះក្រសួងទេសចរណ៍
ក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន
ដែលបានសហការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រនេះឡើង
ព្រមទាំងកំពុងខិតខំធ្វើការផ្សព្វផ្សាយនិងបង្កើត
ព្រឹត្តិការណ៍ផ្សេងៗយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនល្អៗ។
ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមអបអរសាទរចំពោះសហគ្រាសនិងបុគ្គលគំរូ
ដែលមានស្នាដៃឆ្នើមផ្នែកបរិស្ថាន សង្គម និងការថែរក្សាធនធានធម្មជាតិ
តាមរយៈការធ្វើធុរកិច្ចរបស់ខ្លួននៅតំបន់ឆ្នេរ។
ខ្ញុំសូម
អំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ព្រមទាំងម្ចាស់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរទាំងអស់
ជាពិសេសគម្រោងផ្នែកសេវាកម្មទេសចរណ៍
ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតាមគោលការណ៍និរន្តរភាព
និងការអភិវឌ្ឍបៃតង ស្របតាមទស្សនទាន «បៃតង និងស្អាត (Clean and Green)»។
ជាទីបញ្ចប់
ខ្ញុំសូមជូនពរឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០១៤នេះ
ប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ខ្ញុំក៏សូមជូនពរឯកឧត្តម
លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច
និងមានសុភមង្គលក្នុងក្រុមគ្រួសារ និងសូមឱ្យការស្នាក់នៅរបស់ឯកឧត្តម
លោកជំទាវ អស់លោក លោកស្រី នៅលើទឹកដីខេត្តកោះកុង ប្រកបដោយភាពសប្បាយរីករាយ។
ខ្ញុំសូមប្រកាសបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៣ ឆ្នាំ២០១៤ នៅខេត្តកោះកុង ចាប់ពីពេលនេះតទៅ។
សូមអរគុណ!
No comments:
Post a Comment