Tuesday, December 02, 2014

ឯកអគ្គរដ្ឋទូតកូរ៉េកោតសរសើរការរីកចំរើនរបស់កម្ពុជា



ឯកឧត្តម គីម ហានស៊ូ (KIM HAN SOO) ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបញ្ចប់​អណត្តិការ​ទូត​ បាន​ថ្លែងការ​កោត​សរសើ​ចំពោះ​ការ​រីក​ចម្រើន​របស់​កម្ពុជា​។
ការថ្លែង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាប​លា​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​រសៀល​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីឲ្យ​ដឹងថា​ ឯកឧត្តម គីម ហានស៊ូ បាន​មាន​ប្រសាសន៍​​ថា រយៈ​ពេល ២ឆ្នាំ ៩ខែ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម​បានចាត់​ទុក​ថា ជា​ពេល​វេលា​ដ៏មាន​តម្លៃ​ជា​ទី​បំផុត​សម្រាប់រូប​លោក ក្នុង​ការ​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជាសម្រាប់​រូប​ឯកឧត្តម ហើយ​ក្នុង​រយៈ​ពេល​នេះ លោក​ជាសាក្សី ដែល​បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​ទាំង​វិស័យ​សេដ្ឋកិច្ច ទាំង​កិច្ច​សហប្រតិបត្តិការ ទំនាក់​ទំនង​រវាង​កម្ពុជា និង​កូរ៉េ។
ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​បញ្ចប់​អណត្តិការ​ទូត បានមាន​ប្រ​សាសន៍​​ថា ឯកឧត្តម​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ដែល​ប្រទេស​កូរ៉េ​ បានក្លាយ​ទៅ​ជា​ប្រទេស​លេខ​៥ ក្នុង​ការ​ផ្តល់​កិច្ច​សហការ និង​ជំនួយ​ដល់​ប្រទេស​កម្ពុជា និងក៏​មាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏ដូច​ជា​អ្នក​វិនិយោគ​ទុន​កូរ៉េ បាន​មក​ធ្វើ​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​ជា​កត្តា​ចូលរួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា​។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានសម្តែង​នូវ​​​មោទនភាព​ចំពោះ​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-កូរ៉េ​) និង​ខិតខំ​ជំរុញ​បន្ថែម​ទៀត។ ពាក់ព័ន្ធ​ជាមួយចលនា​ភូមិ​ថ្មី​ សម្តេច​តេជោ បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​ហើយ​អំពី​ចលនា​ភូមិ​ថ្មី ដែល​អាច​យក​មក​អនុវត្តន៍​ទទួល​បាន​ជោគជ័យ​នៅកម្ពុជា ព្រោះ​ចលនា​នេះ គឺ​គ្រប​ដណ្តប់លើ​គ្រប់​វិស័យ រួមទាំង​ប្តូរ​ចរិត​របស់​មនុស្ស​ផងដែរ។
សម្តេចតេជោ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម គីម ហានស៊ូ (KIM HAN SOO) ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ដែល​ត្រូវបញ្ចប់​អណត្តិការ​ទូត​ ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ពេញ​ទំហឹង​ ក្នុង​ការ​ជួយ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ និង​បាន​ជូនពរ​ដល់​ឯកឧត្តម​ឱ្យ​ទទួល​បាន​ជោគជ័យ​ជាបន្ត​បន្ទាប់​ទៀត ក្នុង​បេសក​កម្មការ​ទូត​៕
 
 
 




No comments:

Post a Comment