Friday, November 14, 2014

ជំទាវមុខលុយ ជម្រិតទារលុយពីអ្នករត់តាក់ស៊ី ដោយគ្មានធម៍មេត្តា (ទង្វើដ៏អាក្រក់នោះ ស្មើនឹងការអារកខ្យងយកឈាម)

នៅទីបំផុតប្រាក់៤ពាន់ដុល្លារត្រូវបានបដិសេធពីកាកបាទក្រហមកម្ពុជា មិនទទួលយកលុយ ដែលកើតចេញ​ពីការ​ជម្រិត​​យកលុយលើទុក្ខ​លំបាកអ្នក​ក្រពីសំណាក់​លោកជំទាវម្នាក់​ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និង​ដែល​ជាភរិយា​របស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមជម្រាបជូនពីសាវតារេឿងដែលពាក់ព័ន្ធនឹងទឹកប្រាក់សំណង៤ពាន់ដុល្លារ ដែលកើត​ចេញពី​សប្បុ​រសជន​អ្នកប្រើ​ប្រាស់​បណ្តាញផ្សព្វផ្សាយសង្គមថ្មី ដើម្បីជួយ​សង្រ្គោះទុក្ខ​លំបាក​របស់​អ្នករត់​តាក់ស៊ីម្នាក់ដែល​ត្រូវបានក្រុម​លោកជំទាវ​អ្នកមាន​អំណាចជិះជាន់ កេងប្រវ័ញ្ច ច្របាច់ក ជំរិតយកលុយ យ៉ាងព្រៃផ្សៃបំផុត!

-សំណងថវិកាចំនួន ៤០០០ពាន់ដុល្លារ ត្រូវបានយកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ និងមិត្តភក្តិរបស់ខ្លួន ៣នាក់ផ្សេងទៀត ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មាន​ការយោគ​យល់​បន្តិច​ណា​ឡើយ ទោះបីបុរសជាអ្នករត់តាក់ស៊ី ធ្លាប់បានសរសេរលិខិតសុំទោស និងសុំក្តីមេត្តា​សណ្តោស​ពីលោកជំទាវទាំង ៤នាក់យ៉ាងណាក្តី។

ទឹកប្រាក់ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរសរត់តាក់ស៊ីនោះទេ ពោលលុយទាំងនេះបានមកពីការរ៉ៃអង្គាស របស់សប្បុរសជន ដែលជាមន្រ្តីធំៗក្នុង​ជួររដ្ឋាភិបាល ​មាន​ទឹកចិត្ត ពោរពេញក្តីសប្បុរស ក្នុងនោះមាន រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញ៉ារីទ្ធ ៥០០ដុល្លារ, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន និង លោក នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ, លោកស្រី LaLa Dalin ១លានរៀល, លោកស្រី នឹម វណ្ណ: ១០០ដុល្លារ, កញ្ញា Sou Chhi ២០០ដុល្លារ, លោក ជុំ កុសល ១០០ដុល្លារ, លោក គឹម សន្តិភាព ១០០ដុល្លារ, លោក ផែង វណ្ណៈ ២០​ម៉ឺន​រៀល..​.​រួមនិងសប្បុរសជនជាច្រើននាក់ផ្សេងទៀត ក្នុងនោះ ក៏មានការជួយ​ឧបត្ថម្ភពី​ក្រុម​ចលនា​យុវជន​១៥៧ផងដែរ។

លោក ផែង វណ្ណៈ អ្នកផ្តើមគំនិតរៃអង្គាសប្រាក់ពីសប្បុរសជន ជាមួយលោក ព្រំ សាន មន្រ្តីក្រសួងព័ត៌មាន បានថ្លែងប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ទឹកប្រាក់ទាំង ៤ពាន់ដុល្លារ ត្រូវបានរូបលោក និងភរិយារបស់បុរសរត់រថយន្តឈ្នួល ព្រមទាំងលោក ព្រំ សាន យកទៅប្រគល់ជូនលោកជំទាវ សម មុន្នីកា រួចរាល់ហើយ ។ រីឯរថយន្តត្រូវបានសមត្ថកិច្ច ប្រគល់ជូនម្ចាស់វិញហើយ ក្រោយបានផ្តល់សំណងរួចរាល់។

លោក ខឹម មករា អ្នករត់តាក់ស៊ីបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា វេលាម៉ោងជិត ៨ព្រឹក រថយន្តតាក់ស៊ី​ប្រភេទ​ទេសចរ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AA-8934 បើកបរដោយបុរស ឈ្មោះ ខឹម មករា ចេញដំណើរពីចំណតរថយន្តមុខស្ថានីយរថភ្លើង ភ្នំពេញឆ្ពោះទៅខេត្តរតនគីរី ដោយដឹកអ្នកដំណើរ ១៥នាក់។ លុះដល់វេលាម៉ោងប្រហែល ៤៖៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ខណ:ពេលកំពុងបើកបររថយន្តបានខូចដាច់រ៉ូទីល ធ្លាក់​ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការ​ខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរមានរងរបួសគ្រោះថ្នាក់អ្វីទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។

ក្រោយកើតហេតុខូចរថយន្ត អ្នកដំណើរចំនួន ១០នាក់ បាននាំគ្នាជិះរថយន្តផ្សេងបន្តដំណើរទៅមុខទៀត លើក​លែង​តែលោកជំទាវ សម មុន្នីកា និងមិត្តិភក្តិ ៣នាក់ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត និងប្ដឹង​ឲ្យនគរ​បាល​ឃាត់​រថយន្ត​តាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាចរបស់ពួកគាត់ម្នាក់ៗ ១.០០០ដុល្លារ ៤នាក់ស្មើនឹង ៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្តគ្មានលុយឲ្យ រថយន្តត្រូវបាននគរបាលឃាត់ទុក រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនដោះស្រាយ។

ក្រោយពីមានការប្ដឹងពីអ្នកដំណើរ ម្ចាស់រថយន្តតាក់ស៊ី លោក ខឹម មករា បានសរសេរលិខិតសុំទោសចំនួន ២លើក​រួចហើយ ផ្ញើជូនទៅលោកជំទាវដើមបណ្ដឹង។ នៅក្នុងលិខិតសុំទោស ម្ចាស់រថយន្តបានសារភាពថា គាត់ពិត​ជាមាន​ការខ្វះខាតត្រួតពិនិត្យ លក្ខណៈបច្ចេកទេសរថយន្តមែន។ ប៉ុន្តែលោកជំទាវដើមបណ្ដឹងមិនព្រមអនុគ្រោះនោះឡើយ ដោយនៅតែទទូចចង់ទាមទារសំណង ៤.០០០ដុល្លារដដែល។

ទន្ទឹមនឹងការដោះស្រាយមិនទាន់ចប់ ម្ចាស់រថយន្តបានស្នើសុំរថយន្តទៅជួសជុសប្រើប្រាស់ ដើម្បីប្រកបរបរចិញ្ចឹមជីវិត តែគ្មានសមត្ថកិច្ចណាហ៊ានអនុញ្ញាតទេ ដោយសមត្ថកិច្ចលួចបង្ហើបប្រាប់ថា មានអ្នកមានអំណាចបញ្ជាមក មិនឲ្យ​ដោះលែងរថយន្តនោះទេ ។

ដោយក្តីអាណិតអាសូរ និងមើលឃើញថា បុរសរត់រថយន្តទួរីសមានជីវភាពខ្វះខាត មិនមានលទ្ធភាពសង លោក ផែង វណ្ណៈ​ រួមអ្នកលេងបណ្តាញសង្គម Facebook បានអំពាវនាវស្វែង រកការជួយ ឧត្ថម្ភពីអ្នកមានទឹកចិត្តសប្បុរស រ៉ៃអង្គាសលុយ​គ្នាតាមទឹកចិត្តសទ្ធា រកលុយបានរហូតគ្រប់ ៤០០០ដុល្លារ ប្រគល់ជូនលោកជំទាវទាំង ៤នាក់ ដើម្បីបញ្ចប់​សំណុំរឿងយករថយន្ត ប្រគល់ជូនទៅម្ចាស់ប្រកបរបរ ចិញ្ចឹមជីវិតបន្ត។

សំណុំរឿងប្តឹងផ្តល់ទារសំណង ព្រោះតែការភិតភ័យកើតចេញពីការ ជិះរថយន្តឈ្នួលនេះ បានធ្វើឲ្យក្រុមលោកជំទាវ នៅក្នុងក្រសួងទេសចរណ៍ ដែលគេដឹងថា មានស្វាមីជាមន្រ្តីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃនោះ រងនូវការរិះ​គន់​យ៉ាង​ចាស់​ដៃពីក្រុមអ្នកនិយមលេង Facebook និងមជ្ឈដ្ឋានទូទៅ។ ពួកគេបានហៅការលើកដៃយកលុយ ៤ពាន់​ដុល្លារ​កើតចេញពីការរ៉ៃអង្គាសគ្នា ដែលមានទាំងមន្រ្តីតូចតាចក្នុងក្រសួងទេសចរណ៍ផងនោះថា គឺជាការ​ស្រឡាញ់​ទឹកប្រាក់​លើសលប់គ្មានទឹកចិត្ត សណ្តោសប្រណីជាសណ្តានថ្លៃថ្នូរជាមនុស្សនោះឡើយ។

ក្រុមអ្នកលេងបណ្តាញសង្គម Facebook បានលើកឡើងបន្តថា ប្រសិនបើបុរសអ្នករត់រថយន្តឈ្នួល ពិតជាបាន​បើកបរ​ដោយមិនមានការប្រុងប្រយ័ត្ន ជាហេតុបង្កការតក់ស្លុត ដល់លោកជំទាវនោះ យ៉ាងហោច​ណាស់​ពិន័យត្រឹម​ការ​សុំទោស ឬការអប់រំដល់ពួកគាត់ ព្រោះអ្នករត់រថយន្តឈ្នួលទឹកប្រាក់ ៤.០០០ដុល្លារ ជាចំនួន មួយដ៏លើសលប់ ជិត​ស្មើនឹងតម្លៃរថយន្តទៅហើយ ពួកគាត់ប្រាកដជាគ្មានលទ្ធភាពរកសងនោះឡើយ។ តែសោកស្តាយលោក ជំទាវទាំង ៤រូប គ្មានការយោគយល់ នៅតែចិញ្ចឹមចិត្តទារសំណង ៤ពាន់ដុល្លាររហូតបានសម្រេច។

ការទទួលយកលុយដ៏ច្រើន ដែលប្រៀបបាននឹងការអារកខ្យងយកឈាមនេះ គឺត្រូវបានមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុក រិះគន់យ៉ាង​ខ្លាំងពីការ​ខ្វះចិត្តមនុស្សធម៍​របស់លោកជំទាវ​មុខលុយ ហើយកាន់​ដំណែងធំក្នុង​ជួររាជរដ្ឋាភិបាល​ទៀត​នោះ គួរតែត្រូវបានប្រមុខរាជរដ្ឋាភិបាលពិចារណា ថា តើត្រូវទុកមន្ត្រីជាន់ខ្ពស់របៀបហ្នឹងឲ្យស្អុយដល់អ្នកដៃទៃ ឬក៏ត្រូវតែផ្លាស់ប្តូរ ដកហូតដំណែង។

បន្ទាប់ពីមុខក្រាស់ទទួលយកលុយ៤ពាន់ដុល្លារហើយនោះ ជំទាវមុខលុយ សម មុន្នីកា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV បានប៉ុនប៉ង​យកលុយនោះ​ទៅផ្តល់ជូនកាក​បាទក្រហម​កម្ពុជា ។ ប៉ុន្តែ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាក​បាទ​ក្រហមកម្ពុជា បានចេញសេចក្តីជូនព័ត៍មាន ដោយបដិសេធមិនទទួលយកប្រាក់៤ពាន់ដុល្លារនោះជាដាច់ខាត។
សូមអានសេចក្តីជូនព័ត៍មានរបស់កាកបាទក្រហមកម្ពុជា!





No comments:

Post a Comment