Saturday, October 25, 2014

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ភូមិគំរូ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤៨គ្រួសារ នៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤
- ឯកឧត្តម DHERAR AL.TUWAIJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
- លោកឧកញ៉ា  សុះ  កំរ៉ី  ចាងហ្វាង​គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា
- ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក​ លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
- អឺសាឡាមូឡៃគុម អួងៗ ម៉ាយៗ
- អ៊ីមុំា តួន​ បងប្អូនខ្មែរឥស្លាម ជាទីស្រឡាញ់រាប់អាន!
       
ថ្ងៃនេះ ខ្ញុំមានកិត្តិយសដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមកចូលរួមក្នុងពិធីបើកការ​ដ្ឋាន​សាងសង់ភូមិគំរូនៅភូមិកំពង់អំពិល ឃុំបុរីជលសា ស្រុកបុរីជលសា ខេត្តតាកែវ ជូនប្រជាពលរដ្ឋក្រីក្របំផុតចំនួន៤៨គ្រួសារ ដែលអ្នកខ្លះកំពុងរស់នៅលើទូក និងអ្នកខ្លះទៀត​​កំពុង​​រស់​នៅលើខ្ទមចាស់ទ្រុឌទ្រោម​​សាងសង់លើដីកម្មសិទ្ធិរបស់អ្នកដទៃ។ នេះជាភូមិគំរូទីបីហើយ ដែលត្រូវបានសាងសង់​​ឡើងដោយសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គម​នៃ​រដ្ឋកូវ៉ែត។

ក្នុងនាមរាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះ សមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម សមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា និងសមាគមពិភពលោក​នៃក្ដីមេត្តានិងសម្របសម្រួលសង្គម​នៃ​រដ្ឋកូវ៉ែត ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយ​រាជ​​  រដ្ឋាភិបាល​កម្ពុជា តាំងពីឆ្នាំ២០០៧​ មក ក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យសុខាភិបាល អប់រំសិក្សាធិការ សង្គមកិច្ច​ មនុស្សធម៌ កម្មវិធីស្រាយបួស គួរបាន សាងសង់វិហារ សាលារៀន សាងសង់ផ្ទះ បង្គន់អនាម័យ និងជីកអណ្តូងទឹក ជាដើម។ ទាំងនេះគឺជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ក្នុងការចែករំលែក និងរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ​ដែលរាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់ សំដៅកសាងសង្គមមួយ ប្រកបដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍដោយនិរន្តរភាព និងសមធម៌។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក​ លោកស្រី
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅ អ្វីៗទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ ទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងរូបវន្តនានា ព្រមទាំងសិទ្ធិជាមូលដ្ឋានផ្សេងៗ ដូចជាសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការចងក្រងជាសមាគម និងសិទ្ធិខាងជំនឿសាសនា ជាដើម។ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ ដែលបាន​ប្រសូតចេញពីកម្លាំងសាមគ្គី ពលីកម្មយ៉ាងធំធេង និងការតស៊ូយ៉ាងស្វិតស្វាញរបស់ឥស្សរជនស្នេហាជាតិ ជាពិសេស សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងបានខិតខំស្តារ និងកសាងប្រទេសពីបាតដៃទទេ ដោយដៃម្ខាងខិតខំទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និងដៃម្ខាងទៀតកសាងនិងជួសជុលជាបណ្តើរៗ នូវហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តនានា ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម និងវិហារសាសនា ជាដើម ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់អំពីស្មារតីសាមគ្គីភាព ទឹកចិត្តស្រលាញ់រាប់អាន និងការគោរពឱ្យតម្លៃនិងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់រើសអើងជំនឿសាសនាឡើយ។ ព្រឹត្តិការណ៍នេះ ក៏ឆ្លុះបញ្ចាំងអំពីសេរីភាពក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាក់ស្តែង បងប្អូនខ្មែរឥស្លាមទាំងអស់សុទ្ធតែមានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ដូចជាសិទ្ធិក្នុង​ការពាក់ហ៊ីចាប់ (Hijab) ​តាមប្រពៃណីសាសនាឥស្លាមនៅតាមទីសាធារណៈ សិទ្ធិថ្វាយបង្គំគ្រប់ទីកន្លែង សិទ្ធិប្រារព្ធពិធីសូត្រ​គម្ពីរគូរអានជាលក្ខណៈជាតិនិងអន្តរជាតិ និងសិទ្ធិប្រារព្ធពិធីបុណ្យទាន​ផ្សេងៗតាមប្រពៃណី​សាសនាឥស្លាម។

ជាការពិត រាជរដ្ឋាភិបាលកម្ពុជាត្រូវការកិច្ចសហការ និងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈពីអង្គការ សមាគម សប្បុរសជនជាតិ-អន្តរជាតិ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានបើកទូលាយ​ឱ្យមាន​ការចូលរួមពីសមាគម​​​សម្រប​សម្រួលនិងអភិវឌ្ឍសង្គម និងសមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គម​នៃ​រដ្ឋកូវ៉ែត ព្រមទាំងសហគមន៍ខ្មែរឥស្លាម កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដើម្បីទ្រទ្រង់ជីវភាពសង្គម និងផ្តល់នូវភាពងាយស្រួលក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនា ក៏ដូចជាការសិក្សារៀនសូត្រ។ កន្លងមក បងប្អូនខ្មែរឥស្លាមបានកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់បំពេញតម្រូវការរបស់បងប្អូន ហើយថ្ងៃនេះ យើងមានមោទនភាពក្រៃលែងដោយបងប្អូនខ្មែរឥស្លាមខេត្តតាកែវយើង ទទួលបានជំនួយឧបត្ថម្ភ​កសាងជាភូមិគំរូលើផ្ទៃដីប្រហែលមួយ​ហិចតា ដែលរួមមានសាលារៀន វិហារ និងផ្ទះចំនួន ៤៨ខ្នង សរុបថវិកាចំណាយអស់ ប្រមាណ​៥៣ម៉ឺនដុល្លារ។ ខ្ញុំសង្ឃឹមថា សមិទ្ធផល​ទាំងនេះ មិនត្រឹមតែ​ចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់បងប្អូនខ្មែរឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការលើកកម្ពស់ចំណេះដឹងទូទៅនិងការអប់រំ​ផ្នែកសាសនា​ឥស្លាម​ប្រកប​ដោយភាពត្រឹមត្រូវ ដែល​ជាកត្តាចាំបាច់សម្រាប់កសាង​សង្គម​មួយ ប្រកប​ដោយភាព​សុខដុមរមនា និងការអភិវឌ្ឍដោយចីរភាព និងសមធម៌។

ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក​ លោកស្រី
- អ៊ីមុំា តួន បងប្អូនខ្មែរឥស្លាម
តាងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់អង្គការ សមាគម សប្បុរសជនជាតិ-អន្តរជាតិ សូមបន្តជួយឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន​​សាលារៀន ប្រឡាយទឹក ផ្លូវលំក្នុងភូមិ ជីកអណ្តូង ស្រះទឹក ជូនប្រជាជននៅតាមមូលដ្ឋាន ជាពិសេសប្រជាជនដែលក្រីក្របំផុត​  ជនពិការ និងអតីតយុទ្ធជន។

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគម​​សម្រប​សម្រួលនិងអភិវឌ្ឍសង្គម សមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា និងសមាគមពិភពលោកនៃក្ដីមេត្តានិងសម្របសម្រួលសង្គម​នៃ​រដ្ឋកូវ៉ែត ឯកឧត្តម DHERAR AL.TUWAIJRI ឯកអគ្គរដ្ឋទូតកូវ៉ែតប្រចាំកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ ឯកឧត្តម ឧត្តមសេនីយ៍ ឡា ឡៃ ក្នុងការធ្វើឱ្យជំនួយ និងគម្រោងទាំងនេះលេចចេញជារូបរាងឡើង។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់សប្បុរសជនទាំងអស់នាពេលនេះ មិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន​ខ្មែរឥស្លាមនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណង​​​មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជននិងប្រទេសកម្ពុជា ជាមួយនឹង​​​បណ្តាប្រទេស​អារ៉ាប់ជាមិត្តទាំងអស់ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិរន្តរ៍។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបាន​ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ និងសូមជូនពរបងប្អូនខ្មែរឥស្លាមទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំសូមប្រកាសបើកការដ្ឋានសាងសង់ភូមិគំរូ ជូនប្រជាពលរដ្ឋក្រីក្រឥស្លាមនៅភូមិកំពង់អំពិល ឃុំបុរីជលសា  ស្រុកបុរីជលសា  ខេត្តតាកែវ នាពេលនេះ។
សូមអរគុណ !

No comments:

Post a Comment