Wednesday, September 03, 2014

សម្តេច​​តេជោ​​អះអាង​​ថា ​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​​ប្តេជ្ញា​​បន្ត​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ

សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រះ​រាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ប្រចាំ​តំបន់​លើក​ទី៨ ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​គំនិត​ផ្តួច​ផ្តើម​ប្រឆាំង​អំពើ​ពុក​រលួយ ADB/OECD សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ដែល​មាន​ប្រតិភូ​មក​ពី ៣៨ ​ប្រទេស​ នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៤ ​ថា​ ចំពោះ ​មុខ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៥ ​នៃ​រដ្ឋសភានៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​ រលួយ​ដូច​ដែល​បាន​ លើក​ ឡើង​យ៉ាង​ច្បាស់​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន​នោះ។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ក្នុង​ការអនុវត្ត​យុទ្ធ​សាស្ត្រចតុ​កោណ​ដំណាក់​កាល​ទី៣​នេះ រាជរដ្ឋាភិបាល​បាន​បន្ត​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃវិធាន​ការ ស្នូល​ទាំង​៣ នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​នោះ​រួមមាន ការពង្រឹង​ការអប់រំ​មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​ពុករលួយ ការ​បង្ការ​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការបង្ក្រាប​បទ​ល្មើស បញ្ជូន​ទៅ​តុលាការ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​ដែល​បាន​ដាក់​ចេញ​នេះ យើង​បាន​កែ​ទម្រង់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ផ្លែផ្កា​ដែល​មាន​តាំង​ពី​អាណត្តិ​មុនៗ ហើយ​ត្រូវ​បន្ត​កែ​លម្អ​ទៅ​មុខ​ទៀត ដើម្បី​អាច​សម្រេច​បាន​នូវ​លទ្ធ​ផល​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

សម្តេច​តេជោ​ថ្លែង​ថា គោលដៅ​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​នៃការ​កែ​ទម្រង់​នេះ គឺ​ធានា​ថា ក្រសួង ស្ថាប័ន​នីមួយៗ​ធ្វើ​ការងារ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ទៅ​តាម​គោល​នយោបាយ និង​កម្មវិធី​អភិវឌ្ឍន៍​ដែល​បាន​ដាក់​ចេញ ដើម្បី​នាំ​មក​វិញ​នូវ​កំណើន​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​ល្អ​ប្រសើរ ឱកាស​ស្មើៗ​គ្នា និង​យុត្តិធម៌​សង្គម​សម្រាប់​មនុស្ស​គ្រប់រូប ដែល​យើង​ជឿជាក់​ថា ការ​ធ្វើ​បែប​នេះ នឹង​បង្កើត​ឡើង​នូវ​បរិយាកាស​កាន់​តែ​អំណោយ​ផល​សម្រាប់​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ក្រសួង ស្ថាប័ន​នីមួយៗ រួម​ទាំង​ការងារ​បង្ការ​ទប់​ស្កាត់​ជាមុន ការ​ពង្រឹង​គណនេយ្យ​ភាព និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន ការ​គាំទ្រ និង​ការ​ចូលរួម​ពី សាធារណ​ជន ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ការពង្រឹង​ការ​អនុវ​ត្ត​ច្បាប់។ ”ក្រសួង​ស្ថាប័ន​នីមួយៗ​ត្រូវ​តែ​ធ្វើការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​របស់​ខ្លួន​ដោយ «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល» ​ហើយ​ធ្វើការ​ងារ​នេះ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ ភាព​ចំពោះ​រាជរដ្ឋាភិបាល ជា​ពិសេស​ចំពោះ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន”។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​សង្កត់ធ្ងន់​ផងដែរ អំពី​ភាព​ចាំបាច់​ដែល​វិស័យ​សាធារ​ណៈ និង​វិស័យ​ឯកជន​ត្រូវ​តែ​រួមដៃ​គ្នា​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ។ សម្តេច​តេជោ​មាន​ប្រ​សាសន៍​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ចាំ​បាច់ ត្រូវ​តែ​ធ្វើ​ការ​រួម​ដៃ​គ្នា​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ពីព្រោះ​កម្មវិធី​គោល​នយោបាយ ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​នឹង​មិន​ដំណើរការ បាន​អស់​សក្ដានុពល​នោះ​ទេ ប្រសិន​បើ​វិស័យឯកជន​មិន​ចូល​រួម។ ហើយ​រឹត​តែ​សំខាន់​ជាង​នេះទៀត​ប្រសិន​បើ​វិស័យ​ឯកជន​មិន​ចូលរួម ក៏នឹង​បង្ហាញ​ថា វិស័យ​ឯកជន​មិនមាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង និង​ចំពោះ​សង្គម​ជាតិ​ក្នុង​ការ​អនុវត្ត​អាជីវកម្ម​របស់​ខ្លួន។ ចំណុច​នេះ​សម្ដេចតេជោ​ពន្យល់​ហេតុផល ដែល​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ត្រូវ​តែ​សហការ​គ្នា។ សម្ដេចតេជោ​លើក​ឡើង​ថា ក្នុង​ពេល​ធ្វើ​ធុរកិច្ច​ក៏​កុំ​ភ្លេច​ថា វិស័យឯកជន​ជា​អ្នក​សូក, បើ​វិស័យ​ឯកជន​មិនសូក​ទេ តើអ្នក​មន្ត្រីរាជការ​នោះ​បាន​លុយ​ពីណា។ ដោយ​មាន​ការ​ពាក់ព័​ន្ធ​គ្នា​ដូច្នេះ ទើប​ទាមទារ​ឱ្យ​វិស័យឯកជន​ចូលរួម​ធ្វើសហ​ប្រតិបត្តិការ​ក្នុង​នោះ គឺ​យក​គោលការណ៍​មិន​សូក, ការ​សុំ​ធ្វើ​ការវិនិយោគ​ដោយ​ត្រឹមត្រូវ...។ ទោះ​ជា​យ៉ាង​ណា​ សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍ថា ក្នុងវិស័យឯ​ក​ជន​ខ្លួន​ឯង​ក៏ត្រូវ​តែមាន​ភាព​ច្បាស់​លាស់... គឺ​ត្រូវ​តែមាន​សុចរិតភាព ហើយ​មាន​តម្លាភាព។ មាន​ពេល​ខ្លះ​មន្ត្រី​រាជរដ្ឋាភិបាល​គ្រាន់​តែ​ទទួល​ការស្ដីបន្ទោស​តែប៉ុណ្ណោះ ក៏​ប៉ុន្តែ​ពួក​គេមិន​បាន​ទទួល​នូវ​សំណូក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បុគ្គលិក​ក្រុមហ៊ុន តែងតែ​ទៅ​ប្រាប់​ថៅកែ​ក្រុមហ៊ុន​ថា គេ​ត្រូវ​ការ​លុយ​ប៉ុណ្ណោះ​ដើម្បី​យក​ទៅសូក​នៅ​កន្លែង​នេះ, សូក​នៅ​កន្លែង​នោះ ដូច្នេះ​មន្ត្រី​រាជ​រដ្ឋាភិ​បា​លបាន​ត្រឹម​តែ​ខូច​ឈ្មោះ ប៉ុន្តែ​អ្នក​ដែល​ទទួល​សំណូក​ពិតប្រាកដ គឺ​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ដែល​ទៅយក​លុយ​មក​សូក​នោះ យក​លុយ​ដាក់​ហោប៉ៅ​របស់​គាត់។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថ្លែងដែរ​ថា​ ដើម្បីប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ហា​ធំ​ជាង​គេ គឺ​សុំ​តែ​ការពិត​មិន​ឱ្យ​លើស​មិន​ឱ្យ​ខ្វះ, ហើយ​ក្នុង​នេះ សម្ដេច​បាន​សុំអ្នក​សារព័ត៌​មាន, អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សុំ​ពី​បណ្ដា​បក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល ឱ្យ​និយាយ​អ្វី​ដែល​ជាការពិត, និយាយ​ត្រង់​កុំឱ្យ​លើស​កុំ​ឱ្យ​ខ្វះ ដើម្បី​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ផ្នែក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ចាត់​វិធានការ​បាន​ត្រឹមត្រូវ។ សម្ដេច​តេជោមាន​ប្រសាសន៍​បញ្ជាក់​ថា​ វិស័យ ព័ត៌មាន មាន​តួនាទី​សំខាន់ ប៉ុន្តែ​វិស័យ​ព័ត៌មាន ក៏​អាច​ធ្វើ​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​កើត​ឡើង​ដែរ នៅ​ត្រង់​ថា នៅ​ពេល​ដែល​រឿង​ពិត​វា​បាន​កើត បើ​សិន​ជា​គេផ្សាយ​រឿង​នេះ​ពិតប្រាកដ វាជា​រឿង​ល្អ​ណាស់ ដែល​ធ្វើ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ឬក៏​ផ្នែក​ពាក់ព័ន្ធ​ចាត់វិធានការ​បាន​ត្រឹមត្រូវ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​មាន​ចេតនា​មួល​បង្កាច់​នូវព័ត៌មាន​នោះ មិន​អាច​ធ្វើ​ឱ្យ​មានការ​ស៊ើប​អង្កេត​មួយ​បាន​ត្រឹម​ត្រូវ​ទេ។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏បាន​មាន​ប្រសាសន៍​ស្នើ​ផង​ដែរ ទៅ​ដល់​ស្ថាប័ន​បរទេស​ដែល​តែង​តែ​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​នានា​នោះ កុំ​ឱ្យ​វាយ​តម្លៃ​ប្រទេស​នីមួយៗ​ដោយ​យក​នយោ​បាយ​ធ្វើ​ជា​គោល។ សម្ដេចតេជោ​មាន​ប្រសាសន៍​ថា ការ​ដាក់​ពិន្ទុ​ចំណាត់​ថ្នាក់​ប្រទេស​នោះ​ដាក់​ខ្លះ​ត្រឹម​ត្រូវ តែ​ដាក់​ខ្លះ​វាមានចំណុច​នយោបាយ​របស់​វា​ទៅ​ជាមួយ គឺ​មិន​ចូល​ចិត្ត​រដ្ឋាភិ​បាល​ប្រទេស​ហ្នឹង គឺ​ដាក់​ឱ្យ​ធ្ងន់​សម្លាប់​គេ​ជា​នយោ​បាយ​តែម្ដង!។ សម្ដេច​បន្ថែម​ថា ប្រទេស​ខ្លះ ប៉ះ​ពាល់​អត់​បានទេ​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​គាត់​តែបន្តិច​គាត់​ប្រតិកម្ម​ឆាវតែ​ម្ដង ប៉ុន្តែ​បើ​ប្រទេស​ទាំង​នោះ គាត់​ដើរ​ទៅ​ដាក់ពិន្ទុ​ឱ្យ​គេ​គាត់​ដាក់​ស្រេច​នឹងចិត្ត, ឥឡូវ​នេះ​បើ​សូម្បី​តែ​ការ​ដាក់​ពិន្ទុ​វាពាំ​ត្រណោត ដោយសារ​រឿង​នយោ​បាយ​ តើ​យើង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បែប​ណា​ទៅ?!»។ ​សម្ដេចតេជោ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា អ្វីៗ​ទាំង​អស់​ត្រូវ​ចាប់​ផ្ដើម​ពីកា​រពិត​មួយ​ទើប​រក​ឃើញបញ្ហា ហើយ​សម្ដេច​ចង់​ឱ្យ​រក​វិធីនៃ​ការ​ដាក់​ពិន្ទុ​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​នេះ​ឱ្យ​មាន​ស្តង់ដារ​អន្តរជាតិ​មួយ។

ទាក់​ទង​នឹង​ការ​រៀប​ចំសន្និសីទ​ប្រចាំ​តំបន់​លើក​ទី៨ ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​គំនិត​ផ្តួច​ផ្តើម​ប្រឆាំង​អំពើ​ពុក​រលួយ ADB/OECD សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៅ​កម្ពុជា ដែល​មាន​ប្រតិភូ​មក​ពី ៣៨​ប្រទេស​ចូល​រួម​ សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ចាត់​ទុក​វត្ត​មាន​របស់​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរ​ជាតិ​ទាំង​អស់​នៅ​ទីនេះ នឹង​ជួយ​បន្ត​ពង្រឹង​បន្ថែម​ទៀត ដល់​កិច្ច​សហ​ប្រតិបត្តិការ និងការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​បំពេញ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ទាំង​ក្នុង​កម្រិត​ជាតិ​នីមួយៗ និង​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​រួម​មួយ ដែល​ជាតួនាទី​របស់​រដ្ឋ ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ លើក​កម្ពស់​សុចរិតភាព ធុរកិច្ច យុត្តិធម៌​សង្គម និង​ប្រសិទ្ធភាព​នៃ​ការងារ​អភិវឌ្ឍ​សង្គម​សេដ្ឋ​កិច្ច​ជាតិ។

សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ពិត​ណាស់​ការ​ជួប​ជុំ​គ្នា​នា​ពេល​នេះ នឹង​នាំ​មក​នូវ​កិច្ច​ពិភាក្សា​គ្នា​យ៉ាង​ផុល​ផុស ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ផ្លាស់​ប្តូរ​ទស្សនៈ ចែក​រំលែក​ចំណេះ​ដឹង​ថ្មីៗ និង​ឧត្តមានុវត្តន៍ ដែល​អាច​កែ​ច្នៃ​ និង​យក​ទៅ​អនុវត្ត​ក្នុង​ប្រទេស​របស់​យើង​រៀង​ៗខ្លួន ទៅ​តាម​មូល​ដ្ឋាននៃ​ប្រធាន​បទ​ដ៏​មាន​សារៈសំខាន់​នីមួយៗ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា យើង​ក៏​បាន​ដឹង​ហើយ​ថា នៅ​ក្នុង​ចរន្ត​នៃ​សក​ល​ភាវូប​នីយកម្ម បទ​ឧក្រិដ្ឋ​ជា​ច្រើន​ រាប់​ទាំង​អំពើ​ពុក​រលួយផង​ មាន​វិសាល​ភាព​ឆ្លង​ដែន​ ពី​កំរិត​ជាតិ​ ទៅ​កំរិត​តំបន់ និង​សកល​។ ដូច្នេះ ជំរើស​ជាក់​ស្តែង​ដែល​យើង​មាន​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​បទល្មើស​ទាំង​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​រួម​គ្នា​ក្នុង​រូប​ភាព​ជា​ពហុ​ភាគី​តំបន់ និង​ជា​សកល​នោះ​ទេ។

“ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់ ដែល​រួមមាន​អ្នកធ្វើ​សេចក្តី​សម្រេច​ចិត្ត អ្នក​ជំនាញ និង​អ្នក​អនុវត្តន៍​ផ្ទាល់​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំងអំ​ពើ​ពុក​រលួយ ដែល​អញ្ជើញ​មក​ពី​ទូទាំង​តំបន់ និង​ពី​បណ្តា​ប្រទេស​នានា មេត្តា​រួម​ចំណែក​ជាមតិយោបល់ តាមរយៈ​បទ​ពិសោធន៍ និង​មេរៀន ដែល​បាន​ជួប​ប្រទះ​នាពេល​កន្លង​មក ដើម្បី​ផ្តល់ជា​គោល​គំនិត ឆ្លើយតប​ឱ្យបាន​សក្តិសម​បំផុត​ទៅ​នឹង​បញ្ហា​ប្រឈម នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​នេះ ហើយ​បង្កើត​ឡើង​នូវ​កាលា​នុវត្ត​ភាព​ថ្មីៗ បន្ថែម​ទៀត​សម្រាប់​ប្រជាជាតិ​របស់​យើង​នីមួយៗ”។

លោក​ស្រី Clare Wee ប្រធាន​ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ និង​សុចរិតភាព នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី(ADB) ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​សហការ​រៀប​ចំ​សន្និសីទ​ប្រចាំ​តំបន់​លើក​ទី៨ ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​គំនិត​ផ្តួច​ផ្តើម​ប្រឆាំង​អំពើពុក​រលួយ ADB/OECD សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក។

លោក​ស្រី Clare Wee បាន​អះអាង​ថា ក្នុង​នាមជា​ដៃគូ​អភិវឌ្ឍន៍​របស់​តំបន់ ADB នឹង​បន្ត​ធ្វើ​ការ​យ៉ាងជិត​ស្និទ្ធ​ជាមួយ​នឹងដៃ​គូ​របស់​យើង​ទាំង​អស់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​អភិ​បាល​កិច្ច និង​អំពើ​ពុក​រលួយ ដែល​តំបន់​របស់​យើង​ប្រឈម​សព្វ​ថ្ងៃ​នេះ។ លោក​ស្រី Clare Wee មាន​ប្រសា​សន៍​ថា យើង​ទាំង​អស់​គ្នា​ដឹង​ថា យើង​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក រលួយ ដោយ​គិត​តែ​ពី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដោយ​ផ្ទាល់​តែមួយ​មុខ ហើយ​ភ្លេច​គិត​ដល់​ការបង្កើត​នូវ​ថ្នាល​មួយ ដែល​អំពើ​ពុក​រលួយ​មិន​អាច​កើត មិន​អាច​រីក​ឡើង​បាន និង​មិន​ត្រូវ​បាន​ទទួល​ការ​អត់​ឱន​បាន តាមរយៈ​សកម្មភាព​អប់រំ បណ្តុះ​សីលធម៌​ស្អាតស្អំ វិធានការ​បង្ការ​ទប់​ស្កាត់ និង​ការ​ដាក់​ទោស​ទណ្ឌ។

លោក​ស្រី Clare Wee បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ពិភពលោក​មានប្រជា​ជន​ ១.៦ពាន់​លាន​នាក់ រស់​នៅ​ដោយ​ទឹក​ប្រាក់​តិ​ច​ជាង ២ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ក្នុង​នោះ​ប្រជា​ជន​ចំនួន ៧៣៨លាននាក់ កំពុង​រស់​តស៊ូ​ដោយ​ទឹក​ប្រាក់​តិច​ជាង ១.២៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ធនា​គារ​អភិវឌ្ឍន៍​អាស៊ី​ជឿ​ជាក់​ថា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​ឲ្យការ​អភិវឌ្ឍន៍​កាន់​តែ​មាន​ប្រសិទ្ធ​ភាព វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ដោះ​ស្រាយ អំពោះ​ពុក​រលួយ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អភិបាល​កិច្ច​។

លោក​ស្រី Clare Wee បាន​មាន​ប្រសាសន៍​ថា ដើម្បី​អនុវត្តន៍​កិច្ចការ​នេះ​បាន យើង​ត្រូវ​តែ​បង្កើត​ឱ្យ​មានរួច​ជាស្រេច​នូវ​ក្រប​ខណ្ឌ​ច្បាប់​ដែល​ល្អ និង​អនុវត្តន៍​បាន​ជាក់​ស្តែង។ យើង​ត្រូវ​មាន​យុទ្ធ​សាស្ត្រ ដែល​អាច​អនុវត្តន៍​បាន ដោយ​បើក​ទូលាយ​ចំពោះ​ការចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នានា រួមទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រកប​ដោយ​និរន្តរភាព និង​បន្ត​អនុវត្តន៍​កំណែ​ទម្រង់​ដែ​ល​ផ្តោត​លើ​ភាព​រឹង​មាំ គត់មត់​ជា​បន្ត​បន្ទាប់ ដើម្បី​បង្កើត​បាន​នូវ​បរិយាកាស​អំណោយ​ផល​ដល់​ប្រសិទ្ធ​ភាព ប្រសិទ្ធ​ផល​ការងា​រប្រកប​ដោយ​តម្លាភាព និង​គណនេយ្យ​ភាព។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ១១​ឆ្នាំ​ហើយ​ដែល​កម្ពុជា​ក្លាយ ជា​សមាជិក​នៃគំនិត ផ្ដួចផ្ដើម​ប្រឆាំង​អំពើពុ​ក​រលួយ​នៃ ADB/OECD ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក កម្ពុជា​បាន​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា បន្ត​បន្ទាប់​នៅ​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​នេះ​ជាមួយ​នឹង​កាតព្វកិច្ច​នានា ដែល​តម្រូវ​ឱ្យបំពេញ ដោយ​គំនិច​ផ្ដួច​ផ្ដើម​នេះ។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា​បានអ​នុម័ត​នៅ​ឆ្នាំ​២០១០ ហើយ​តាមរយៈ​ច្បាប់​នេះ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​នឹង​រចនា​សម្ព័ន្ធ​ជា​ស្ថាប័ន​ឯករាជ្យ ដែល​មាន​ពីរ​កម្រិត​រួម​មាន​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

ផ្អែក​លើយុទ្ធ​សាស្ត្រ​ព្រួញ​មុខ​បី រួមមាន ការ​អប់រំ ការ​បង្ការ និង​ទប់​ស្កាត់ និង​ការ​អនុវត្ត​ច្បាប់ ដោយ​មាន​ភាព​ជា​ដៃ​គូជា​លក្ខណៈ​ជាតិ អន្តរជាតិ​ដើរ​តួជា​គន្លឹះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រេច​បាន​ជោគ​ជ័យ​ផ្សេង​ៗ​កន្លង​មក​ដូចជា ការ​ចូលរួម​លើក​ស្ទួយ ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់ សេវា​សាធារណៈ តាម​រយៈ​ការ​បង្កើន​នូវ​សេវា​សាធារណៈ សម្រាប់​ក្រសួង​ស្ថាប័ន​ចំនួន​២១ ដែល​មាន​សេវា​ផ្ដល់​ជូន​សាធារណ​ជន​ទូទៅ, ការ​អប់​រំ អំពើ​ពុក​រលួយ ជាពិសេស​ក្នុង​ចំណោម យុវជន​ត្រូវ​បាន​ជំរុញ​ឱ្យ​មានការ​ដាក់​បញ្ចូល អំពី​អំពើ​ពុក​រលួយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ ទូទៅ​សម្រាប់​សិស្ស​ថ្នាក់​ទី១០, ទី១១ និង ទី១២ ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​សិក្សា ២០១៤-២០១៥ តទៅ, ការ​ចូលរួម​ជាមួយ​វិស័យឯកជន​ក្នុង​ការកសាង​ទំនុក​ចិត្ត និង​បង្កើន​ការ​ចូលរួ​ម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ពី​សំណាក់​វិស័យ​ឯកជន ដើម្បី​ទទួល​បាន​បរិយាកាស​អាជីវកម្ម​ដែល​ស្អាត​ស្អំ​ប្រកប​ដោយការ​ទទួលខុស​ត្រូវក្នុង​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០០៧ ប្រទេស​កម្ពុជា​បាន​ចូល​ជាសមាជិក​នៃ​អនុសញ្ញា អង្គការ​សហ​ប្រជាជាតិប្រឆាំ​ង​អំពើ​ពុក​រលួយ​ (United Nation Convention Against Corruption: UNCAC) ។ នៅ​ក្នុង​តំបន់​ ក្រៅ​ពី​ជាសមាជិក​នៃគំនិតផ្ដួច​ផ្ដើម​ប្រឆាំង​អំពើពុ​ក​រលួយ​នៃ ADB/OECD កម្ពុជា ជា​សមាជិក​នៃ​ភាគី​អាស៊ី​អាគ្នេយ៍​ប្រឆាំង​អំពើ​ពុក​រលួយ​ (Southeast Asia Parties Against Corruption: SEA-PAC) ដែល​មាន​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន ១០ ជា​សមាជិក និង​ជា​សមាជិក​នៃ​សមាគមន៍​អន្តរជាតិ នៃ​អាជ្ញាធរ​ប្រឆាំ​ង​អំពើ​ពុករ​លួយ​ (International Association of Anti-Corruption Authorities: IAACA) ក៏​ជា​សមាជិក​បណ្ឌិ​ត​សភា​​ប្រឆាំង​អំពើ​ពុក​រលួយ (International Anti-Corruption Academy: IACA)។ ក្នុង​នាម​ជា​ដៃគូ​ទ្វេ​ភាគី​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា (MOU) ស្តីពី​បត្យាប័ន​ជាមួយ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ឡាវ និង​ថៃ។ ដោយ​ឡែក​នៅ​ក្នុង​សន្និសីទ​នេះ​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករ​លួយ​ ជាមួយ​ប្រទេស​ឡាវ  និងជាមួយ​ប្រទេស​ថៃ៕

No comments:

Post a Comment