ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤
យើងសូមស្វាគមន៍ចំពោះការចេញសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) ក្នុងសំណុំរឿង០០២/០១ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ នេះ។
ការប្រកាសសាលក្រមនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជាស្នាដៃរបស់ អ.វ.ត.ក ហើយក៏ជាឱកាសប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់យុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ។ មិនតែប៉ុណ្ណោះវាក៏ជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ចាប់តាំងពីខ្មែរក្រហមត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពោលគឺរយៈពេលជាង៣៥ឆ្នាំប៉ុណ្ណោះ ដែលប្រជាជនកម្ពុជាបានខំតស៊ូពុះពារកសាងសង្គមរបស់ខ្លួនសាជាថ្មី។
អ.វ.ត.ក គឺជាតុលាការជាតិដែលបង្កើតឡើងដោយមានការចូលរួមនិងជំនួយពីអន្តរជាតិ។ កិច្ចការរបស់សាលាក្តី បង្ហាញអំពីការប្តេជ្ញាចិត្តពីសំណាក់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការផ្តល់ យុត្តិធម៌ជូនជនរងគ្រោះនៃឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់ ដែលប្រព្រឹត្តឡើងនៅអំឡុងសម័យខ្មែរក្រហម។
រាជរដ្ឋាភិបាលកម្ពុជា និងអគ្គលេខាធិការ អ.ស.ប បានសង្កត់ធ្ងន់ជារឿយៗថាមិនត្រូវមាននិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរបំផុតជាដាច់ខាត។ ដំណើរការតុលាការដោយឯករាជ្យ ត្រូវតែបានអនុញ្ញាតដើម្បីធានាឲ្យប្រាកដថាជនទាំងឡាយណា ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរត្រូវផ្តន្ទាទោសតាមច្បាប់។
អ.វ.ត.ក បានបង្ហាញថា ខ្លួនមានសមត្ថភាពជំនុំជម្រះក្តីដែលមានលក្ខណៈស្មុគស្មាញ ដោយអនុលោមទៅតាមនីតិវិធីត្រឹមត្រូវ និងបទដ្ឋានអន្តរជាតិ។ នៅខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ មានការប្រកាសសាលក្រមក្នុងសំណុំរឿង០១ ដោយផ្តន្ទាទោសប្រធានមន្ទីរស២១ ដ៏អសោចពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្គ្រាម ។
សាលក្រមថ្ងៃនេះគឺជាលទ្ធផលកើតចេញពីដំណើរការនីតិវិធីតុលាការ ដែលគួរឲ្យកត់សម្គាល់យ៉ាងពិតប្រាកដ។ សាក្សីប្រហែល១០០នាក់ បានផ្តល់ភស្តុតាងផ្ទាល់នៅសាលសវនាការក្នុងសំណុំរឿង០០២/០១។ អ.វ.ត.ក បានផ្តល់នូវការចូលរួមពីសំណាក់ជនរងគ្រោះ ដោយមានដើមបណ្តឹងរដ្ឋប្បវេណីចំនួនជិត៤០០០ នាក់ ពេញរយៈពេលនៃសវនាការទាំងមូល ដែលការណ៍នេះពីមុនមកមិនធ្លាប់មានទាល់ តែសោះ។ ជនរងគ្រោះទាំងនោះបានរៀបរាប់ពីការឈឺចាប់ ទុក្ខវេទនារបស់ពួកគេ ព្រមទាំងបានប្តឹងទាមទារសំណងទៀតផង។ ប្រជាជនជាង១០០.០០០នាក់ បានមកសាលាក្តីដើម្បីតាមដានសវនាការដោយផ្ទាល់ភ្នែក ខណៈដែលប្រជាជនរាប់លាននាក់ផ្សេងទៀតបានតាមដានសវនាការតាម រយៈការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ វិទ្យុ និងប្រព័ន្ធអ៊ិនធឺណិត។ ដំណើរការនេះនឹងក្លាយជាកំណត់ហេតុប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជានិងពិភពលោកទាំងមូល
យើងសូមឆ្លៀតឱកាសនេះសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅចំពោះអ្នកទាំងឡាយ ដែលបានចូលរួមនៅក្នុង ដំណើរការនេះរួមមានចៅក្រម ព្រះរាជអាជ្ញា មេធាវី មន្ត្រីតុលាការ និង បុគ្គលិកជាតិ និង អន្តរជាតិ។ ជាងនេះទៀត ការចេញសាលក្រមថ្ងៃនេះគឺជាសក្ខីភាពបញ្ជាក់អំពីការប្តេជ្ញាចិត្តសម្រាប់រយៈពេលវែង ជាលក្ខណៈជាតិនិងអន្តរជាតិ ក្នុងការផ្តល់ឲ្យ អ.វ.ត.ក នូវធនធានចាំបាច់នានា ដើម្បីធ្វើឲ្យប្រាកដថាយុត្តិធម៌ត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ។
យើងរំពឹងថា អ.វ.ត.ក នឹងបន្តកិច្ចការដ៏សំខាន់របស់ខ្លួនទៅមុខទៀត។ យើងសូមអំពាវនាវដល់អ្នកទាំងឡាយដែលមានការពាក់ព័ន្ធក្នុងដំណើរការសាលាក្តីនេះ សូមឲ្យបន្តការគាំទ្រនិងលើកកម្ពស់នីតិវិធីតុលាការឯករាជ្យតទៅទៀតនេះ។
ឯកឧត្តម សុខ អាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលសម្រាប់ដំណើរសាលាក្តីខ្មែរក្រហម
លោក Stephen Mathias
ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការច្បាប់
No comments:
Post a Comment