Friday, August 01, 2014

សម្ពោធ​​ស្ពាន​​អាកាស​​ស្ទឹង​​មាន​​ជ័យ សម្តេច​​តេជោ​​ប្រកាស​​សង់​​ស្ពាន​អាកាស​​ទី​៤

ក្នុងឱកាសអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ស្ពាន​អាកាស​ស្ទឹងមានជ័យ នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ដែលជាស្ពាន​អាកាស​ទី៣ ក្នុង​រាជ​ធានី​ភ្នំពេញ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យ​ចាប់ផ្តើម​ការកសាង​​ស្ពាន​អា​កាស​ទី៤ ​ និង​ផ្លូវ​ក្រោមដី ដែល​ជា​ផ្លូវ​ប្រសព្វ​រវាង​មហា​វិថី​សហព័ន្ធរុស្ស៊ី មហាវិថីម៉ៅសេទុង និង មហាវិថី គីមអ៊ីល​ស៊ុង ក្បែរ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (តិចណូ) ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​អម​ដំណើរ​ដោយ​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត បាន​កោតសរ​សើរ ចំពោះ​សាលា​រាជធានីភ្នំពេញ និង​ក្រុម​ហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដែល​បាន​ខិតខំ​ជំរុញការ​សាងសង់ បាន​សម្រេច​ជោគជ័យ​មុន​ការ​គ្រោងទុក និង​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ ចំពោះ​ពល​រដ្ឋ​រស់​នៅ​តំបន់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ដែល​បាន​ទទួល​ផល​ប៉ះ​ពាល់ និង​ការ​លំបាក​មួយ​ចំនួន ក្នុង​អំឡុង​ពេល​សាងសង់​កន្លង​មក។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អនុញ្ញាត​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​សុំ​រៀបចំ​ទីតាំង​ក្រោម​ស្ពាន​អាកាសស្ទឹង​មានជ័យ ឱ្យ​ក្លាយ​ជា​កន្លែង​កម្សាន្ត និង​កន្លែង​ហាត់​ប្រាណ ដោយ​ត្រូវ​ចាក់គម្រប លើ​ប្រព័ន្ធលូ​ក្រោម ស្ពាន ព្រម​ទាំង​ដាំ​ស្មៅ ដាំ​ផ្កា កូន​ឈើ ដាក់​បង់​ថ្ម​សម្រាប់​អង្គុយ​លំហែកាយ​ដែល​ការសាង​សង់​នេះ​ជាបន្ទុក​របស់​ក្រុមហ៊ុន OCIC។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​រាជធានីភ្នំពេញ ដែល​ទាម​ទារ​ឲ្យ​មាន​វិធានការណ៍​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​នា​ពេល​ខាង​មុខ​។

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា វត្តមាន​ប្រជាពលរដ្ឋ​កាន់​តែច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ការកសាង​បុរី​ថ្មី​មាន​ចំនួន​រហូត​ដល់៧៤បុរី ផ្ទះសម្បែង​ កសាង​យ៉ាង​ច្រើន​បាន​ធ្វើ​ឲ្យ​ទំហំ​ផ្ទៃដី​នៅទីក្រុង​ភ្នំ​ពេញ​ដែល​កាល​ពីមុន​ជាង​៣០០គីឡូម៉ែត្រ​ក្រឡា បច្ចុប្បន្ន​នេះបាន​ឡើង​ជិត​៧០០ គីឡូម៉ែត្រ​ក្រឡា​មានន័យថា ទំហំ​ទីក្រុង​ភ្នំពេញ​បាន​រីក​មួយ​ជាពីរ វារីក​ទាំង​ទំហំ​វារីក​ទាំង​ជម្រៅ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ពន្យល់​ថា អ្វី​ទៅដែលហៅ​ថា រីក​ទាំង​ជម្រៅ រីក​ទាំង​ជម្រៅ នៅ​ត្រង់​ថាពីដើម​ដីមួយ​ហិកតា​មាន​សំណង់​ត្រឹម​តែ៥ ០០០ ម៉ែត្រក្រឡា​ទេ ប៉ុន្តែ​ឥឡូវ​ក្នុង​មួយ​ហិកតា​នេះ វា​មាន​សំណង់​រហូត​ទៅដល់​៥០ ០០០ ឬ១០០ ០០០ ម៉ែត្រការ៉េ ដូច​ជា​ធនាគារ​កាណាឌី​យ៉ា​ជាដើម។ល។

ក្នុង​ពេលជាមួយ​គ្នា​វត្ត​មានរថយន្ត​ប្រមាណ​ជាង​៣០០ ០០០គ្រឿង​និងទោចក្រយានយន្ត​ប្រ​មាណ​ជិត ១លាន​គ្រឿង វា​បាន​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​បង្កើត​ឡើង​នូវស្ថានភាព​លំបាក​សម្រាប់​យើង​ដោះស្រាយ​បញ្ហា​ចរាចរ​នៅ​ក្នុង​ទីក្រុង​នេះ។

សម្តេចតេជោ​មាន​ប្រសាសន៍​ថា បញ្ហា​ក្រៅ​ពីរឿង​ការ​កកស្ទះ​ដោយសារ​មធ្យោបាយ​កាន់​តែ ច្រើន​ទៅៗ នៅ​មាន​អ្នកបំពាន​ច្បាប់ អ្នក​មិនគោរព​ច្បាប់​ចរាចរណ៍ និង​អ្នក​បើកបរ​ក្រោម​ឥទ្ធិ​ពល​ជាតិ​ស្រវឹង បើទោះបី​ជាមានការ​អំពាវនាវ​យ៉ាង​ណា ប៉ុន្តែ​វាហាក់​ដូចជា​នៅ​តែមាន​ប្រសិទ្ធ​ភាព​នៅ​ទាប​នោះ​ឡើយ។ ដូច្នេះ​បញ្ហានេះ​ជា​បញ្ហាដែល​យើង​ត្រូវ​ដោះស្រាយ ត្រូវ​គោរព​ជីវិត ខ្លួន​ឯង និង​គោរព​ជីវិត​អ្នកដទៃ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ទាំង​អស់​គ្នា។

ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​សម្រេច​បាន​ជោគជ័យ នូវ​ការ​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ ដែល​ស្ទើរតែ​មិន​ទទួលជោគជ័យ​សោះ​ នៅ​ពេល​ដែល​ការ​ធ្វើ​អាជីវកម្ម នេះ​ជាមួយ​ផ្នែក​ឯកជន​នា​ពេល​កន្លង​មក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​រដ្ឋា​ករ​ដឹកជញ្ជូន​សាធារណៈ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ថ្ងៃនេះ​ខ្ញុំ​ចង់​ប្រកាស​ចេញ​នូវ​បញ្ហា មួយ​គឺ​ការ​ដាក់​ចេញ​នូវ​រដ្ឋាករ​ដឹកជញ្ជូន​សាធារណៈ ដែល​យើង​ត្រូវ​វិនិយោគ​ខ្លួនឯង តាមរយៈ​ទ្រឹស្ដី​យក «​ក្រុង​ចិញ្ចឹម​ក្រុង​» មាន​ន័យ​ថា យើង​ត្រូវ​យក​ចំណូល​ពីផ្នែក​ណាមួយ​របស់​សាលាក្រុង មក​វិនិយោគ​លើ​គម្រោង​ការ​នេះ ហើយ​សូម​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​កុំមក​និយាយ​ថា ធ្វើ​នេះ​ខុសពី​គោល​ការ​ណ៍​នោះ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​នយោបាយ​ដឹក​ជញ្ជូន​ក្នុង​ក្រុង ដែល​យើង​ត្រូវធ្វើ​ឲ្យ​ទទួល​បាន​ជោគជ័យ ដោយ​រដ្ឋ​អនុញ្ញាតិ​ឲ្យ​រួច​ពន្ធ​សម្រាប់​ការ​នាំចូល​រថយន្ត​ក្រុង និង​ការ​មិន​យក​ប្រាក់ ចំពោះ​ជន​ពិការ សិស្សានុសិស្ស​ដែល​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ ព្រមទាំង​ព្រះសង្ឃ​ផង​ដែរ។

ដោយ​យោង​តាម​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយមស្តី​ពី​ស្ថាន​ភាព​ជំនន់ទឹក​ភ្លៀង ដែល​បង្កឡើង​ដោយ​ខ្យល់​ព្យុះ​ទី​៩ ឈ្មោះរ៉ាម៉ាសាន ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​នៅ​ព្រឹក​ថ្ងៃ​៣១ ខែកក្កដា ឆ្នាំ​២០១៤ ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ទន្លេ​ត្រៀម លក្ខណៈ​ក្នុង​ការ​ជួយ​ជម្លៀស និង​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​ចំពោះ​ស្ថានភាព​ទឹក ជំនន់ ដែល​នឹង​កើតមានឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

សម្តេច​តេ​ជោ​បានមានប្រសាសន៍​​ថា «ខ្ញុំ ​សូម​និយាយ​ទៅកាន់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​តាម​ដង ទន្លេមេគង្គ ដង​ទន្លេសាប និង​តាម​ទីកន្លែង​ដទៃទៀត អំពី​ការ​ត្រៀម​រៀបចំខ្លួន ចំពោះ​ស្ថានភាព​ទឹកជំនន់​ព្រោះ​កម្រិត​នៃ​ការ​ប្រកាស​អាសន្ន​កំពុង​តែ​ កើតមាន ឡើង​ស្ទើរតែ​នៅ​គ្រប់​ខេត្ត​នៅ​តាម​ដង​ទន្លេមេគង្គ​នោះ​»។

សម្តេច​តេ​ជោ​ថ្លែង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​ដង​ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប​ត្រូវតែ មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុងករណី​ចាំបាច់​។

សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ត្រូវ​សហ​ការ​ជាមួយ​ក្រសួង​ធនធានទឹក ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​តាម​គ្រប់​មធ្យោបាយ​ចំពោះ​ស្ថានភាព​ គ្រោះធម្មជាតិ​ដែល​នឹង​កើតមាន​នេះ​ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង​ជាមុន​នោះ​។ «ខ្ញុំ ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង ហើយ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ សូម​ផ្សព្វផ្សាយ​អំពី ព័ត៌មាន​ធាតុអាកាស​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​»។

សម្តេច​បាន​រំឭក​ថា ជំនន់​ទឹកភ្លៀង​នៅ​តាម​តំបន់​មួយចំនួន​ដូចជា ស្ទឹង​សែន ខេត្តកំពង់ធំ ស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ដទៃៗ​ទៀត ​នឹង​កើតមានឡើង ដូច្នេះ​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​រដូវ​នេះ​ជា​រដូវ​ដែល​ត្រូវ​មានការ​ប្រុង​ប្រយ័​ត្ន ហើយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក៏​ដូច​ជា​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​តែង​យក​ព្រះទ័យ​តាមដាន និង​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ទៅលើ​បញ្ហា​អស់ទាំង​នេះ​។

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ស្ពាន​អាកាស​ស្ទឹងមានជ័យ គឺជាស្ពាន​អាកាសទី៣ និងជាសមិទ្ធផល​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ស្ពាន អាកាស​ក្បាល​ថ្នល់ និង​ស្ពាន​អាកាស ៧មករា ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល ត្រឹម​តែ​២ឆ្នាំ ប៉ុណ្ណោះ។ សមិទ្ធផល​ទាំង​អស់​នេះ បាន​កើត​ចេញ​ពីមនុញ្ញផល​នៃ​សុខសន្តិភាព ស្ថិរភាព នយោ​បាយ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ និង​គតិ​បណ្ឌិត​របស់​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ស្ពាន​អាកាស​ស្ទឹង​មានជ័យ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​មុំនៃ​សង្កាត់​ចំនួន៣ គឺ​សង្កាត់​មានជ័យ នៃ​ខណ្ឌ​មានជ័យ, សង្កាត់​ទំនប់​ទឹក នៃ​ខណ្ឌ​ចំការមន និង​សង្កាត់​បឹង​សាឡាង នៃ​ខណ្ឌ​ទួល​គោក ដែល​បាន​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)។

ស្ពាន​អាកាស​នេះ ផ្អែក​តាម​កិច្ច​សន្យា គឺត្រូវ​ប្រើរយៈ​ពេល ២៨ខែ ដើម្បី​សាងសង់ ដោយ​ចាប់​ផ្តើម​ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៥ ប៉ុន្តែ​ជាក់​ស្តែង​ដោយ​មានកិច្ច​ខិតខំ​ប្រឹង​ប្រែង ក្នុង​ការ​ស្ថាបនា ទាំង​ថ្ងៃ​ទាំង​យប់ ធ្វើឱ្យការ​សាង​សង់​នេះ ប្រើ​រយៈ​ពេល ត្រឹម​តែ២០ខែប៉ុណ្ណោះ ដោយ​ចំណាយ​ថវិកាសាងសង់​សរុប ១៨.៩៧៦. ៦៧៨ដុល្លារ​អាម៉េរិក ជាកញ្ចប់​ថវិកាដែលបាន​មកពីការវិនិយោគ​ដី ជ្រោយ​ចង្វារ​របស់​ក្រុម​ហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)។

ស្ពាន​អាកាស​ស្ទឹង​មានជ័យ រួមមាន ស្ពានចំនួន៥ ក្នុងនោះមាន ស្ពានមេ១ស្ពាន តូច៣ និង​ផ្លូវ​ក្រោម​ដី១។ ចំពោះ​លក្ខណៈបច្ចេកទេស​នៃការសាងសង់​ស្ពាន​នេះ គឺ ជាស្ពាន​បេតុង​អាមេ​អាច​ទទួល​ទម្ងន់​សរុប ២៥តោន ក្នុងនោះស្ពានមេ មានសសរ ២ ឯស្ពានតូច មាន​សសរ១ ដោយ​ចន្លោះសសរ​ពីមួយ​ទៅ​មួយ មាន​គម្លាត ពី២០ ទៅ៣០ម និង​មាន​បង្កាន់​ដៃស្ពាន កម្ពស់ ជាង​១ម។

យោង​តាម​របាយការណ៍​របស់​សាលារាជធានី​ភ្នំពេញ បាន​បង្ហាញ​អំពី​អត្ថ​ប្រយោជន៍​ដែល​បាន​មក​ពី​ការស្ថាបនា​ស្ពានអាកាស​ស្ទឹង​មាន​ជ័យ និង​ការពង្រីក​ផ្លូវ​ចាប់​ពីស្ពាន​អាកាស ស្ទឹង​មាន​ជ័យ រហូត​ដល់​ផ្លូវចូល​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ដែល​នឹង​ធ្វើ​ឱ្យ​តំបន់​នេះ កាន់​តែ​មាន​សក្តានុពល​ក្នុង​ការអនុវត្ត​លើ​គ្រប់​វិស័យ ដូចជា វិស័យ​លំនៅ​ស្ថានពាណិជ្ជកម្ម និង​ឧស្សា​ហកម្ម។ បន្ថែម​លើនេះ ស្ពាន​អាកាសថ្មី​នេះ នឹង​បាន​ប្រើប្រាស់ ដូចជា៖ ការ​លើក​កម្ពស់​សោភ័ណ​ភាព រាជ​ធានីភ្នំពេញ ការ​ដោះ​ស្រាយ​បញ្ហា​ការ​កក​ស្ទះ​ចរាចរ ដែល​កើត​ឡើង​ពី​លំហូរ​ចរាចរ នៃ​ចំណុច​ប្រសព្វ​មុំបី រវាងខណ្ឌ​មានជ័យ ចំការ​មន និង​ខណ្ឌទួល​គោក។ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ក៏​ជា​ច្រក​ចេញ ចូល​សេដ្ឋកិច្ច ដ៏​សំខាន់ ដែល​តភ្ជាប់ រវាង​ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្តកំពត ខេត្ត​ព្រះសីហនុ មក​កាន់​រាជធានី​ភ្នំពេញ ហើយ​ម៉្យាង​ទៀត នេះ​ក៏​ជា​យុទ្ធ​សាស្ត្រមួយ ក្នុង​ការ​លុប​បាត់​សំណង់​អានាធិបតេយ្យ និង​បញ្ហា​អសន្តិសុខ ដែល​ធ្លាប់​តែ​កើត​មាន​នៅ​តំបន់​នេះ ស្រប​តាមគោលនយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព៕

No comments:

Post a Comment