Thursday, July 03, 2014

បទអត្ថាធិប្បាយ៖ ភាព​ល្ងិត​ល្ងង់ពី​ចម្ងាយ អំពីការ​កាត់​ក្តីខ្មែរ​ក្រហម

វាជារឿងដ៏​អាម៉ាស់​ ដែលមានការ​​ផ្សាយមួយ​​ក្នុងសេចក្ដី​រាយ​ការណ៍ពិសេសរបស់សារព័ត៌​មាន​​The Guardian ​ចុះថ្ងៃទី២៤ ខែមិថុនា ក្រោម​ចំណង​ជើង «ការពិត​ យុត្តិធម៌ និង​ការ​ផ្សះ​ផ្សារ​ជាតិ» គឺ​សរសេរ​ពី​ប្រទេសកម្ពុជា ស្ដី​ពី​សាលាក្តីខ្មែរក្រហម ហើយ​អ្នក​ដែល​​សរសេរនោះដឹង​​​​ពី​រឿង​នៅ​កម្ពុជា​តិច​តួច​ណាស់​។ កំហុសឆ្គងអំពី​ការ​ពិតដ៏​ច្រើនរាប់មិនអស់ និង​ការបកស្រាយ​នយោបាយ​មិន​ត្រឹមត្រូវ​បាន​ធ្វើឲ្យ​​ខ្ញុំវាយតម្លៃ​យ៉ាង​​ទាប​ ចំពោះវិជ្ជាជីវៈ​របស់​សារព័ត៌​មាន​ The Guardian ដែ​​ល​ជា​និច្ច​កាល ខ្ញុំ​តែងតែ​វាយ​តម្លៃ​ខ្ពស់​លើ​ វិជ្ជាជីវៈ​នៃ​សារព័ត៌មាន​នេះ​។

សូម្បីកំហុសឆ្គងដ៏​តូចតាចក៏មាន​ច្រើន​ ដែល​បាន​បង្ហាញ​អំពី​ភាពល្ងង់ខ្លៅ​ទាំងស្រុង​របស់​អ្នក​កាសែត​នេះ។ ដូច​ជា  ​នៅកម្ពុជា គ្មាននរណាម្នាក់គេ​ហៅឈ្មោះ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោក “ហ៊ុន” ៗ នោះ​ទេ។ អតីតព្រះ​មហាក្ស​ត្រ​គេ​ហៅ​ព្រះ​អង្គ​ថា ព្រះ​មហា​ក្សត្រ​ សីហនុ ​ពុំ​មែន​ជា “នរោត្តម” ទេ។​ មេបក្ស​ប្រឆាំងគេ​មិន​ហៅ​​ឈ្មោះ​​ថា “សម” ៗ នោះទេ គេ​ហៅ​លោក រង្ស៊ី​។ បើគេ​ហៅ​ឈ្មោះ​ប្រជាជន​ខ្មែរ​ណា​មួយ​រូបតែ​ឈ្មោះ​មួ​យម៉ាត់​នោះ គឺ​គេ​ហៅនាម​ខ្លួន​ មិន​មែន​នាម​ត្រ​កូលនោះ ទេ។

ចំពោះ​វគ្គ​ដែល​និយាយ​អំពី​លោក​ស្រី ធារី សេង គេ​មិនអាច​និយាយ​ថា «បាត់បង់​ឪពុក ម្តាយ​របស់​លោកនៅក្នុងរបបប្រល័យពូជសាសន៍» នោះ​ទេ​។ លោក​ស្រី ធារី សេង គឺជាស្ដ្រីភេទ​គេ​ត្រូវ​និយាយ​​ថា​ «លោកស្រី» ​បានបាត់បង់ឪពុកម្តាយ។ លើសពីនេះ លោកស្រីបាន​ចូល​រួម​សកម្ម​ភាព​នានា ​​លើស​ពីសកម្មភាព​សិទ្ធិមនុស្សទៅទៀត ដែល​អាច​លាប​ពណ៌​ដល់​ទស្សនៈ​របស់​លោកស្រី​បាន​ អំពី​សាលា​ក្តីនេះ។ ​អស់រយៈពេល២ទសវត្សរ៍ហើយ​ ដែល​លោកស្រី​បាន​ប្រកាស​ខ្លួន​ឯង​ជា​អ្នកគាំទ្រ​មេ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ​ហើយ​ទីបំផុត បាន​រិះ​គន់​រដ្ឋាភិបាលសឹងតែគ្រប់សកម្មភាព។  បន្ទាប់​ពី​ការបង្កើតសាលាក្តីនេះមក លោកស្រីបានប្រមូល​ជន​រង​គ្រោះ​ពី​សម័យ​ខ្មែរ​ក្រហម​មួយ​ក្រុម​ ​មក​​ចូល​លុក​លុយក្នុងបរិវេណរបស់តុលាការ រួម​ទាំង​បាន​គំរាម​កំហែង​ប្រើ​អំពើ​ហិង្សា​លើ​រូប​រាងកាយចៅ​ក្រម​ទៀត​ផង ប្រសិន​បើ​ចៅ​ក្រម​មិន​ផ្តល់​សេច​ក្តី​សំរេច «ត្រឹមត្រូវ»។

ប្រវត្តិយល់ដឹង​បែប​ស្ល​ឈាម​ របស់​អ្នកកាសែត ​The Guardian អំពីសាលាក្តីខ្មែរក្រហមរូប​នេះ គឺបាន​​​កើត​ឡើង​តាំង​ពី​អឺយ​មកម្ល៉េះ។ គាត់​នេះបាន​​និយាយ​ថា «នៅក្នុងឆ្នាំ​១៩៩៧ អង្គការសហ​ប្រជាជាតិ (អ.ស.ប.) ​ហុច​ដៃ​ជួយ»។ តាមពិត ​​សាលាក្តី​នេះ​មិនមែនជា​គំនិតផ្តួចផ្តើម​របស់ ​អ.ស.ប នោះ​ទេ។ កាល​ណោះ​ នៅខែ​មិថុនា ​ឆ្នាំ​១៩៩៧ គឺ​ជា​សហនាយករដ្ឋមន្ត្រីកម្ពុជា នរោត្តម រណឫទ្ធិ និង​លោក​ ហ៊ុន សែន នោះ​ទេ ដែល​បាន​សរសេរ​សារលិខិតមួយ​ ទៅកាន់អគ្គលេខាធិការ​ អ.ស.ប ​ស្នើសុំ​ជំនួយ​ពី​ អ.ស.ប ក្នុង​ការបង្កើត​ឲ្យ​មានការ​កាត់​ក្តីនៅ​កម្ពុជា លើ​​មេដឹកនាំខ្មែរក្រហម។

អ.ស.ប ក៏​ពុំ​បានស្នើឲ្យមាន «តុលាការកូនកាត់​» ដូច​អ្នក​កាសែត The Guardian សរសេរ​នោះ​ទេ។ ​ការ​ពិត ក្រោយពីមានការសិក្សាស្រាវ​ជ្រាវ ដោយ​​បាន​ចំណាយ​ពេលយ៉ាងយូរ ហើយ​បាន​ឲ្យ​មាន​ការ​កាត់​ក្តី​មួយ ​​​រៀបចំ​​ឡើងទាំង​ស្រុងដោយ អ.ស.ប នៅ​ទី​ក្រុង​ឡាអេ ​តែ​​តួនាទី​កម្ពុជាមាន​​​កម្រិត ​គឺទៅ​លើ​​​ចុង​ចោទ និងទៅ​លើ​សាក្សី។  ម្យ៉ាង​ទៀត ​ការអូស​បន្លាយ​ក្នុង​ការបង្កើត​សាលា​ក្តីនោះ គឺភាគ​ច្រើន​ស្ថិត​នៅ​រង្វង់​​​ការ​ចរចា​​គ្នា​ពី​វិសាល​ភាព​នៃ​​ការរៀបចំ​សាលាក្តី​មួយ ​ដែល​អាចមាន​កម្ពុជាចូលរួម ហើយ​ដែល​កម្ពុជា​អាច​ទទួល​យក​បាន។

លោក ហ៊ុន សែន នាពេលនោះ បានចូលរួម​ផ្តួចផ្តើមបង្កើត​សាលា​ក្តី គឺរូប​លោក ហ៊ុន សែន ​នោះ​ហើយ ​ដែល​ក្នុង​រឿង​និទាន​របស់​អ្នក​កាសែត  The Guardian ​សរសេរ​ថា លោក ហ៊ុន សែន ចង់រារាំង​ការ​កាត់​ទោសមេដឹក​នាំ​ខ្មែរក្រហម។ តើអ្នកសរ​សរ​នោះ​មាន​បំណង​ចង់​បាន​អ្វី​ទៀត ​ពីប្រ​វត្តិ​នៃ «អតីត​មេបញ្ជា​ការ​ខ្មែរ​ក្រហម?»។ ជាការ​គួរ​ឲ្យ​អាម៉ាស់​ណាស់ ដែល​អ្នក​កាសែត​រូប​នេះ មិន​បាន​ដឹងថា ​លោក ហ៊ុន សែន កាល​ណោះ​ជាមន្រ្តីយោធាថ្នាក់មធ្យម​មួយរូប​ដែល​បាន​ចូល​រួម​ក្នុង​សង្រ្គាម​ស៊ីវិលប្រ​ឆាំង​នឹង​​របបលោក​ លន់ នល់ ហើយ​ចលនា​តស៊ូ​ទាំងមូលបានដឹកនាំដោយ​មេ​​​ខ្មែរ​ក្រហមធំៗ​ជាន់ខ្ពស់។ លោក ហ៊ុន សែន បាន​រង​របួស​ធ្ងន់​នៅមុនថ្ងៃ​ផ្តួល​រលំរបប លន់ នល់ ​ ហើយ​លោក​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ឆ្នាំ​ នៅ​ក្នុង​មន្ទីរ​ពេទ្យសម្រាកព្យាបាល។ នៅ​ពេលលោក​​ត្រឡប់​មកកាន់តួនាទីវិញ លោក​មាន​ការ​តក់​ស្លុត​ចំពោះអ្វីដែលមេដឹកនាំ​ខ្មែរក្រហមបាន​ធ្វើ​ទៅ​កម្ពុជា ហើយ​លោក​​ក៏បានសម្រេច​ចិត្ត​ប្រថុយគ្រោះថ្នាក់​ រត់​ផ្តាច់​ខ្លួន​ទៅ​ប្រទេសវៀតណាម ហើយ​បាន​ត្រឡប់ចូល​ស្រុក​វិញ ជួយ​រៀបចំ​ចល​នា​​ត​ស៊ូ ​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម។

ពិតណាស់ លោក ហ៊ុន សែន ក្តី លោក ជា ស៊ីម ក្តី ឬលោក ហេង សំរិន ក្តី បានបដិសេធមិន​ព្រម​ធ្វើ​​ជា​កសិណសាក្សី​នៅក្នុង​ការ​កាត់ក្តីចំនួនពីរលើក (កសិណ​សាក្សីបានបញ្ចប់នៅ​ក្នុង​ករណី​ ០០២​ និង​០០១)​។ ​ចំ​ពោះ​ករណី​នេះ ចៅក្រមនឹងចេញ​សាលក្រម​នៅ​ក្នុងរយៈពេល​២-៣​​សប្តាហ៍​ទៀត។ យើង​សុំ​សួរ​​ថា តើ​​អស់​លោក​ទាំង៣រូបនេះ មាន​បាន​ដឹងអ្វីខ្លះ នៅក្នុង​រឿង​រ៉ាវ​ក្តី​ លោក ឌុច ឬមួយ​ក៏​បាន​ដឹង​​ការ​ងារ​ពីអតីត​កាល​របស់​​មេដឹកនាំខ្មែរក្រហមកំពូលៗដែលនៅរស់? អស់​លោក​ទាំង​បី​រូប​​នេះ មិន​បាន​នៅរួម​​ដឹក​នាំ​គុក​ទួល​ស្លែងនោះទេ ឬក៏​នៅរួម​​ក្នុង​អង្គការ​ដឹក​នាំ​កំពូល​របស់​ខ្មែរ​ក្រហម​នោះ​​ក៏​ទេដែរ។ ដូច​នេះ​សំណើ​ដែល​សុំឲ្យ​ពួក​លោក​ទាំង​៣​រូប​​នេះ​​ ចូល​ធ្វើ​ជា​កសិណសាក្សី គឺ​គ្រាន់​តែជាការប៉ុន​ប៉ង​បង្វែរ​អារម្មណ៍​របស់​មេ​ធាវីចុងចោទ ដែល​ប្រឈ​ម​​មុខ​ជា​មួយ​រឿង​ក្តី​ដ៏​ធំ​មួយក្នុង​ការ​ចោទ​ប្រកាន់​កូន​ក្តី​របស់ខ្លួន​ប៉ុណ្ណោះ​។ បញ្ហា​នេះ ក៏​ដូច​ជា​ករណី​​មេ​ធាវីខាង​ចុងចោទនៅ​ Nuremburg ដែល​ព្យាយាម​សុំឲ្យ​មាន​ការ​អញ្ជើញ​លោក​ប្រធា​នា​ធិបតីអា​មេ​រិកាំ​ង Harry Truman ឬក៏លោក  Dwight Eisenhower មក​ធ្វើ​ជា​កសិណ​​សាក្សី ជា​ដើម។

ជាការពិតណាស់ ការចំណាយ២០០លានដុល្លារអា​មេ​រិក​ សំរាប់សាលាក្តីនេះ ជាចំនួន​ទឹក​ប្រាក់​ច្រើនមែន​។ ប៉ុ​ន្តែ សាច់​រឿង​ដែល​អ្នក​កា​សែត​របស់​ The Guardian មិន​បាន​យល់​នោះ​ គឺ​ចំនួន​ទឹក​ប្រាក់​​ដ៏​​ច្រើន​នោះ​ បានចំណាយលើបុគ្គលិក-មន្រ្តីរបស់​ អ.ស.ប. និងការចំណាយផ្សេងៗទៀត។ ទន្ទឹម​នឹង​នេះ គេ​ក៏​អាច​លើក​ឡើង​បាន​ថា​ បើ​ប្រៀប​ធៀប​​ទឹកប្រាក់ចំនួន២០០លានដុល្លារអា​មេ​រិក ដែល​បាន​​ចំ​​ណាយ​​នេះ​ ទៅ​នឹង​ការ​ចំ​ណាយ​​​​របស់សាលាក្តីអន្តរជាតិ ឬសាលា​ក្តី​ចំរុះ​ផ្សេងៗ​ដ៏ទៃ​ទៀតនោះ ​គឺ​ជា​ការ​ចំ​ណាយនៅ​កម្ពុជា​មាន​ចំនួន​​តិច​តួច​។

លើស​ពី​នេះ​ទៅ​ទៀត សាល​តុលាការសំរាប់ការកាត់ក្តីមេដឹកនាំ​ខ្មែរក្រហម មាន​ចំ​ណុះ​ប្រមាណ​៥០០​កៅ​អី ​សម្រាប់ទទួល​សាធារណ​ជន។ ​បើ​ប្រៀប​ទៅ​ឃើញ​ថា​ សាលាក្តីនៅ​កម្ពុជា​ ជា​សាលា​ក្ដី​ធំ​មួយ​​ក្នុង​ចំ​ណោម​សាលាក្តី​ធំ​ៗ​ ជាង​គេ​បង្អស់​នៅលើពិភពលោក។ ម្យ៉ាង​វិញ​ទៀត ​កៅអី​ទាំងនេះ​មាន​មនុស្សអង្គុយពេញ នៅ​រាល់​ថ្ងៃសវនាការ។ ប្រជាជន​កម្ពុជារាប់ម៉ឺននាក់បានចូលស្តាប់​សវនា​ការ ​ដើម្បី​ចង់​​ឃើញ​យុត្តិធម៌​មួយ​ក្នុង​រឿង​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ទៅក្នុងសម័យកាល​ខ្មែរក្រហម។

ដូច​នេះ​​ យើង​​អាច​សរុប​​បាន​​ថា មុននឹងអ្នកកាសែតរបស់​​ The Guardian ​​ថ្កោលទោស​កម្ពុជា​​ពី​ចម្ងាយ The Guardian គួរតែ​បញ្ជូនអ្នកកាសែតរបស់​ខ្លួន​រូបនេះមក​កម្ពុជា ជា​មុន​សិន​​ ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដែល​ខ្លួន​សរ​សេរ​ពី​គេ ៕
ដោយ Allen Myers:  http://letters2pppapers.wordpress.com/

No comments:

Post a Comment