Friday, July 18, 2014

ទស្សនៈ​នាយ​​​ខ្សឹប​៖ ដល់ពេលដែល​លោក សម រង្ស៊ី​ កំពុង​ធ្វើ​តេស្ត​សមត្ថភាព​ លោក កឹម សុខា​



ដោយ៖ សួន​ ចំរើន​
 
ក្នុង​រយៈពេល​កន្លងមក​ប្រធាន​គណបក្សប្រឆាំងលោក សម រង្ស៊ី​ ​បាន​ដឹកនាំ​បាតុកម្ម​ជាច្រើន​លើក​​ច្រើន​សារ​ក្រោម​ប្រធានបទ​ខុសៗ​គ្នា ហើយ​ការដឹកនាំ​បាតុកម្ម​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​​កន្លងមក​ធ្លាប់មាន​បញ្ហា​ជាច្រើន​ដែល​បាន​កើតឡើង​ជាហូរ​ហែរ​ ក៏​ប៉ុន្តែ​ លោក សម រង្ស៊ី​ អាច​ទប់​សភាព​ការណ៍​ មិនដូច​ស្នាដៃ​ លោក កឹម សុខា នាពេល​នេះ​ទេ​។ ក្នុង​រយៈពេល​​ចុង​ក្រោយ​នេះ​​ អាច​ថា លោក​ប្រធាន សម រង្ស៊ី​ ​​សាក​ល្បង​នូវ​សមត្ថភាព​ដឹក​នាំ​របស់​លោក កឹម សុខា​ ដោយ​យក​លេស​ធ្វើ​ជាមាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ជិត​ ១ខែ​ ហើយ​មក​ដល់​ពេល​នេះ​ក៏​បាន​ឃើញ នូវ​ភាព​កម្សោយ​ក្នុង​ការ​ដឹក​នាំ​របស់​លោក កឹម សុខា​ យ៉ាង​ពិត​ប្រាកដ​។​ ជាលទ្ធផល​ នៃ​ការ​ដឹក​នាំ​របស់​លោក កឹម សុខា​ តែ​ក្នុង​រយៈ​ពេល​មិន​ដល់​១ខែ​នេះ​ គឺ​​តំណាង​រាស្ត្រ​រ​បស់​បក្ស​ប្រឆាំង​ ​ដែល​​មាន​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ឲ្យ​អនុវត្ត​ ដោយ​លោក កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​​ ដោយ​សារ​ការ​អនុវត្ត​ផែន​ការ​ញុះញង់​របស់​ខ្លួន​ជ្រុល​ហួស​ពី​សំណាញ់​ច្បាប់។​​ ​ ​ ដោយ​​​អស់​ការ​គាំ​ទ្រ​ ពី​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​នៅក្នុង​ប្រទេស ​លោក កឹម សុខា ក៏​ប្រកូក​ប្រកាស​ប្រមែប្រមូល​បេក្ខជន​ជាប់​ឆ្នោត​របស់​ខ្លួន​ឲ្យ​ចូល​មក​ក្នុង​ប្រទេស​វិញ​ជាការ​ប្រញាប់​ ដើម្បី​​ជួយ​មក​តំរែតម្រង់​ផ្លូវ​គាត់​ឡើង​វិញ​។​ ជាក់​ស្តែង​ នៅ​ក្នុង​សភាព​ការណ៍​ចុង​ក្រោយ​នេះ​ លោក សម រង្ស៊ី​ មិន​បាន​ជួយ ឬ​ផ្តល់​យោបល់​អ្វី​ទាំង​អស់​ គឺ​ទុក​ឲ្យ​លោក កឹម សុខា​ ឈ្លក់​ទឹក​តែ​ម្នាក់​ឯង​ ហើយ​ទី​បំផុត​ស្រែក​រក​ជំនួយ​ដោយ​ខ្លួន​ឯង​។

        បើ​តាម​ប្រភព​ព័ត៌មាន​ ពី​ផ្ទៃ​ក្នុង​គណបក្ស​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្លាក់​ចុះ​នូវ​សកម្មភាព​​​​​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺ​ដោយ​សារ​មាន​បញ្ហា​ជា​ច្រើ​ន​​​ ដូច​ជា​​ ​ ការ​មិន​ចុះ​សម្រុង​គ្នា​​រវាង​មេ​បក្ស​ទាំង​ពីរ​ គឺ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា​  វិបត្តិ​​នៃ​​ប្រភព​​ថវិកា​  និង​ជាពិសេស​​ការ​បាត់​បង់​ជំនឿ​របស់​ប្រជា​ពលរដ្ឋ​​ ទាំង​នៅក្នុង​ប្រទេស​ និង​នៅក្រៅ​ប្រទេស​ តែ​ម្តង​។
 ទាក់​ទង​នឹង​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​ រវាង​លោក សម រង្ស៊ី និង លោក កឹម សុខា វិញ​ ត្រូវ​​បាន​ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា​ លោក​ប្រធាន​ សម រង្ស៊ី​ មាន​ការ​ខក​ចិត្ត​ជាខ្លាំង​ ក្រោយ​​ពី​​លោក​​ប្រធាន​បាន​ខិត​ខំ​ធ្វើ​ការ​ចរចា ជាមួយ​សម្តេច​ ហ៊ុន សែន​ បាន​សម្រេច​រហូត​​ដល់​ទៅ​៨០% ទៅ​ហើយ​បែរ​ជាលោក កឹម សុខា​ ដែល​ជាអនុប្រធាន​បក្សសោះ​​ ហ៊ាន​​ជំទាស់​។ ដូច្នោះ​ហើយ ទើប​លោក​ សម រង្ស៊ី លែង​រវល់​ ក៏​យក​​លេស​​ធ្វើ​ជាមាន​បេសកៈកម្ម​​នៅ​​បរទេស​​​រហូត​​ដល់​១ខែ​ ហើយ​ទុក​ឲ្យ​លោក កឹម សុខាដើរតួ​ក្នុង​ប្រទេស​​ក្នុង​ការ​​ចរចា​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្តង។​​ ប៉ុន្តែ​​ សមត្ថភាព​​ចរចា​ របស់​លោក កឹម សុខា​ គឺ​នៅ​​ខ្សោយ​ខ្លាំង​ណាស់​ ហើយ​មិន​បាន​​ចេញ​ជា​លទ្ធផល​​អ្វី​​បន្តិច​​សោះ​ឡើយ​។​ មក​ដល់​ពេល​នេះ​ លោក កឹម សុខា​ ក៏​បាន​ទទួល​​ស្គាល់​​នូវ​ភាព​កម្សោយ​ក្នុង​ការ​ដឹក​នាំ​របស់​ខ្លួន​ផង​ដែរ​ ហើយ​មិន​ហ៊ាន​លើក​​​គម្រោង​ចេញ​​តវ៉ា​អ្វី​ដោយ​ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ​ ទើប​លើក​ផែន​ការ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ទៅធ្វើ​វិញ​ ​ ព្រោះ​ខ្លាច​ចូល​អន្ទាក់​របស់​លោក​ប្រធាន​​​របៀបជា​យុទ្ធសាស្ត្រ​​​ « រុញ​ស៊ីក្លូ​ចូល​​ឡាន​ » ។​​

ចំណែក​ ​​បញ្ហា​វិបត្តិ​ថវិកា​វិញ​​ គឺ​ដោយ​សារ​ប្រភព​ជំ​នួយ​​ពី​បណ្តា​ប្រទេស​ដែល​​​គាំ​ទ្រ​​ជាប្រយោល​មួយ​ចំនួន​​លែង​មាន​ទំ​នុក​​ចិត្ត​​ដល់​ការ​ប្រើ​ប្រាស់​ថវិកា​ ដែល​បាន​​​ផ្តល់​ឲ្យ​​កាល​ពី​ពេល​កន្លង​​មក​ រួម​និង​អំពើ​ពុក​រលួយ​របស់​មេ​បក្ស​ និង​មន្ត្រី​ដែល​​ទទួល​បន្ទុក​ធ្វើ​ចំណូល​ និង​ចំណាយ​​​ថវិកា​។ ការ​បែក​ធ្លាយ​នេះ​ ក៏​ព្រោះ​តែ​មន្ត្រី​ដែល​​គ្មាន​​លទ្ធភាព​ទៅ​រៃ​អង្គាស​ថវិកា​មិន​បាន​ទទួល​ផល​ប្រយោជន៍​ និង​មិន​មែន​ជា​បក្ខ​ពួក​​របស់​ក្រុម​មន្ត្រី​ដែល​កាន់​ថវិកា​ ហើយ​មាន​ការ​ឈឺចាប់​ ក៏​បាន​ត្រឹម​តែ​បង្ហើប​ព័ត៌មាន​ តែប៉ុណ្ណោះ​។​ ​ចំណែក​​ មន្ត្រី​ និង​មេបក្ស​ទាំង​ពីរ​​ដែល​ចែក​វេន​គ្នា​ចេញ​ទៅ​ប្រមូល​​ថវិកា​នោះ​ តែង​តែ​កឹប​កេង​ថវិកា​ដែល​ប្រមូល​បាន​យក​ទៅ​ប្រើ​ប្រាស់​ជា​ប្រយោជន៍​​​ផ្ទាល់​​ខ្លួន​​​​​ និង​ក្រុម​គ្រួសារ​ ហើយ​ធ្វើ​បញ្ជី​ចំណាយ​​ក្នុងន័យ​​ប្រើ​ប្រាស់​ជាការ​ងារ​គណបក្ស​ ដើម្បី​ឲ្យ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ក្លាយ​ជាការ « ​ស៊ី​ស្រប​ច្បាប់ »។​ ម្យ៉ាង​ទៀត​ ការ​ចេញ​​ទៅ​រៃ​អង្គាស​ពី​ប្រជាពលរដ្ឋ​ដែល​ជាអនិក​ជន​រស់​នៅ​ក្រៅ​ប្រទេស​ ក៏​ត្រូវ​បាន​ពួក​គេ​អស់​ជំនឿ​ ពី​ការ​សន្យា​ ដែល​ថា​នឹង​ផ្តល់​តួនាទី​នេះ​ ឬតួនាទី​នោះ​ដល់​ពួក​គេ​ តែ​ទី​បំផុត​គឺ​បាន​នៅ​ត្រឹម​តែ​ជាការ​សន្យា​ ដូច​ពាក្យ​បុរាណ​ពោល​ថា​៖​       « ប្រាក់​ក៏​បង់ ថង់​ក៏ដាច​ » តែ​ប៉ុណ្ណោះ​។​​

មក​ដល់​តំណាក់​កាល​នេះ​ ​បក្ស​សង្គ្រោះ​ជាតិ​បាន​​ឈាន​ដល់​ការ​ប្រេះ​ឆាផ្ទៃ​ក្នុង​​​យ៉ាង​​ធ្ងន់​ធ្ងរ​ ដោយ​សារ​ទំនាស់​ផល​ប្រយោជន៍​ រវាង​លោក​ប្រធាន និង​លោក​អនុប្រធាន និង​​មួយ​ផ្នែក​ទៀត​រវាង​មន្ត្រី​ និង​មន្ត្រី​គណបក្ស​ នៅ​ក្នុង​ជួរ​គណៈកម្មា​ធិការ​​​​នាយក​។​ ដូច្នេះ​ហើយ​ ទើប​មន្ត្រី​មួយចំនួន​ចេញ​ទៅ​ក្រៅ​ប្រទេស​មិន​រវល់​នឹង​ការ​ដឹក​នាំ​របស់​គណបក្ស​ ជាពិសេស​ការ​ដឹក​នាំ​របស់​លោក កឹម សុខា​នាពេល​ចុង​ក្រោយ​នេះ​។ បើ​តាម​ប្រភព​ បាន​បង្ហើប​បន្ថែម​ថា​ នៅ​ពេល​ដែល​លោក​ប្រធាន​ត្រឡប់​មក​ពី​បារាំង​វិញ​នៅ​ថ្ងៃ​ទី​១៩ កក្កដា​ ខាង​មុខ​នេះ​ ប្រសិន​បើ​ ការ​លើក​សំណើ​របស់​​លោក​ប្រធាន​បក្ស ដើម្បី​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​ ​​នៅ​ក្នុង​ការ​ធ្វើ​សមាជ​នាពេល​​ខាង​មុខ​នេះ​ លោក​អនុប្រធាន​មិន​ព្រម​ធ្វើ​តាម​នោះ​ទេ​ គឺ​ប្រាកដ​ជា​ អាច​​នឹង​មាន​ព្រឹត្តិការណ៍​សំខាន់​គួរ​​ជាទី​​ចាប់​​អារម្មណ៍​​របស់​អ្នក​យក​ព័ត៌​មាន ​​ជាក់​ជា​មិន​ខាន​៕​

No comments:

Post a Comment