ឯកឧត្តម គីហ្សី ដាហ៊្វូមីអូ (FumioKHISIDA) រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានមានប្រសាសន៍ជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីមនោសញ្ចេតនាសប្បាយរីករាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផ្សារទំនើប AEON ដែលវាជាការវិនិយោគដ៏ធំពីសំណាក់អ្នកវិនិយោគមកពីប្រទេសជប៉ុន និងបានចាត់ទុកការវិនិយោគផ្សារទំនើប AEON ដ៏ធំនោះ គឺការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងការធ្វើទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ពិសេសលើវិស័យពាណិជ្ជកម្ម។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថា នៅក្នុងជំនួបជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ នៅវិមានសន្តិភាព ឯកឧត្តម គីហ្សីដា ហ៊្វូមីអូ មានប្រសាសន៍ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីពិនិត្យមើលទំនាក់ទំនងជាក់ស្តែងរវាងប្រទេសទាំងពីរ បន្ទាប់ពីឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឈានដល់ទំនាក់ទំនង ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរួចមកនោះ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានបញ្ជាក់ដែរថា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងការបង្កើតសហគមន៍អាស៊ាន-ជប៉ុននឹងបន្តផ្តល់ជំនួយដល់កម្ពុជា ជាពិសេសជំរុញការអភិវឌ្ឍនូវរបៀងសេដ្ឋកិច្ចខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃថា សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញអំពីការចូលរួមចំណែករបស់ប្រទេសជប៉ុននោះទេ ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាធ្លាប់តែជាប្រទេសមួយ ដែលទទួលកងទ័ពមួកខៀវ ប៉ុន្តែឥឡូវនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅក្រៅប្រទេសដើម្បីបំពេញបេសកកម្មមនុស្សធម៌។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងបន្ថែមថា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពទាំងអស់របស់កម្ពុជា មានផ្នែកដោះមីន ដែលជប៉ុនបានជួយក្នុងការហ្វឹកហ្វឺន និងជំនួយសម្ភារហើយដែលការហ្វឹកហ្វឺន និងសម្ភារទាំងអស់នោះ កំពុងតែបញ្ជូនទៅជួយអន្តរាគមន៍មនុស្សធម៌នៅក្រៅប្រទេសផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរ (កម្ពុជា-ជប៉ុន) គឺមានវ័យចំណាស់មកហើយ ហើយនៅពេលនេះប្រទេសទាំងពីរបានលើកកម្ពស់រហូតដល់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ ក្នុងន័យនេះជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា និងជាពិសេសទៅទៀត ប្រទេសជប៉ុន ក៏ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ហើយការវិនិយោគផ្សារទំនើបអ៊ីអន នៅកម្ពុជា គឺជាការឆ្លុះបញ្ចាំងនូវការរីកចម្រើនមួយកម្រិតទៀត នៅក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគផ្ទាល់តែម្តង ប៉ុន្តែគប្បីយើងធ្វើការពិនិត្យរួមគ្នាលើចំណុចខ្វះចន្លោះដទៃទៀត ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។
បន្ទាប់ពីសវនាការរួចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលជំនួយដែលឯកឧត្តម គីហ្សី ដាហ៊្វូមីអូ (Fumio KHISIDA) និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីអំពីការផ្តល់ជំនួយឥតសំណង ដែលមានទឹកបា្រក់ចំនួន ៨៥១ លានយ៉េន (៨,៣លានដុល្លារ) សម្រាប់ពង្រីកសាលាអនុវិទ្យាល័យ នៅរាជធានីភ្នំពេញ និងឥណទានសម្បទាន ដែលមានទឹកបា្រក់ ១៣ ៧៨៥ លានយ៉េន (១៣៥លានដុល្លារ) សម្រាប់អនុវត្តន៍លើគម្រោងចំនួន ០៣ ទី១-ពង្រីកប្រព័ន្ឋបញ្ជូន និងចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញ។ ទី២-ធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) និងទី៣-កែលម្អ និងស្តារឡើងវិញប្រព័ន្ឋធារាសាស្រ្ត និងប្រព័ន្ឋដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ទំហំវិនិយោគនៃជប៉ុននៅប្រទេសកម្ពុជា បានកើនឡើងពីចំនួនប្រមាណ ៤០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១ ដល់ចំនួនប្រមាណ ៥១៣លានដុល្លារ នៅឆ្នាំ ២០១៣ កន្លងមកនេះ។ បើគិតពីឆ្នាំ១៩៩៤ មក ត្រឹមបំណាច់ខែឧសភាឆ្នាំ២០១៤ គម្រោងវិនិយោគជប៉ុននៅកម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួន ៨៦គម្រោង ក្នុងទុនវិនិយោគសរុបជិត ៦២០លានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនផ្សារអ៊ីអន ជាគម្រោងដែលមានទុនវិនិយោគធំជាងគេបង្អស់ រហូតដល់ប្រមាណ ២៥០លានដុល្លារអាមេរិក។ វិនិយោគិនជប៉ុនបានធ្វើការវិនិយោគក្នុងវិស័យជាច្រើន ជាពិសេសវិស័យឧស្សាហកម្ម ដែលមិនមែនជាកម្មន្តសាល ដូចជា ការផលិតម៉ូទ័រខ្នាតតូច គ្រឿងបង្គុំរថយន្ត និងគ្រឿងអេឡិចត្រូនិក ដែលការវិនិយោគទាំងនោះបានរួមចំណែកដល់ ការធ្វើពិពិធកម្មឧស្សាហកម្ម និងពិពិធកម្មនៃប្រភពទុនវិនិយោគនៅកម្ពុជាផងដែរ៕
No comments:
Post a Comment