Friday, June 27, 2014

សម្តេច​​តេជោ​​ស្នើ​​ឲ្យ​​ភាគី​​ថៃ​ពិចារ​ណា​​លើក​​លែង​​​ការ​​ចោទ​​ប្រកាន់​​ពលករ​​ខ្មែរ​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​នា​ព្រឹក​​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ ជា​មួយ​នឹង​ការ​ប្រកាស​ឲ្យ​ដឹង​អំពីលិខិត​ដែល​ឯកឧត្តម ប្រាយុទ្ធ​ ចាន់​អូចា ផ្ញើ​មកដើម្បី​ពន្យល់​ពី​សភាពការ​ណ៍​របស់​ប្រទេស​ថៃ ដែល​ទាក់​ទិន​ដល់​ការ​បញ្ជូន​​ពលករ​បរទេស​ចេញ សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា ពិនិត្យមើលលទ្ធភាព​ផ្តល់​ការ​លើក​លែង​ទោស​ចំពោះការ​ចោទប្រកាន់​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន ១០នាក់ ដែល​ត្រូវ​អាជ្ញា​ធរ​​ថៃ​ចាប់​ខ្លួន ហើយ​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ដ​ស្រះ​កែវ ដោយ​ចោទប្រកាន់​ពួកគេ​ថា ​ឆ្លងដែន​ខុសច្បាប់​។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួមជា​អធិបតី​ ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿង​ញៀននៅ​សាល​មហោស្រព​កោះ​ពេជ្រ ដែល​មាន​វត្ត​មាន ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​រួម​ផង​ដែរ​​ សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី​ បានមាន​ប្រសាសន៍​ពន្យល់ថា « ធ្វើ​ម៉េច? សូម្បី​តែ​ខ្មែរ​ក៏ មាន​បញ្ហា! សូម្បី​តែហត្ថលេខា​របស់​ខ្ញុំ, ត្រា​របស់​ខ្ញុំ គង់​មាន​គេ​បន្លំ​បាន ចុះ​ទម្រាំពលករ​ប៉ុន្មាន​នាក់ទៅ​ធ្វើ​លិខិត​អស់​លុយហើយ លិខិត​នោះ​ក្លែងក្លាយ​រដ្ឋបាល​ថៃចាប់! អ៊ីចឹង​ទេ បើ​សិន​ជា​លើកលែង​ការចោទប្រកាន់​បាន ខ្ញុំ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ថៃ! សូម​ឯកឧត្ដម​បញ្ជូន​រឿងហ្នឹងជូន​ឯកឧត្ដម ប្រា​យុទ្ធ ចាន់​អូ​ចា​»។ ទាក់ទិន​នឹង​ពលករ​ដែល​ត្រូវ​ចាប់​នោះ សម្ដេច​តេជោលើកឡើងថា «...​គ្នា​អត់ទាំង​ចេះអក្សរ​ថៃ​ផង មិនដឹង​ថា​ណា​ពិត ណា​ក្លែង​ក្លាយ! ទៅ​ធ្វើ​អស់​លុយ​ហើយក្លែងក្លាយ​ទៀត! ត្រូវ​គេ​ចាប់! ចាប់​ហើយ ដោះលែង...​ដូចជា​នៅ​សល់​​១៣​នាក់, បើសិនជាថ្នាក់ដឹកនាំ​ថៃ មិន​ចោទប្រកាន់ទេ តុលាការគេ​ក៏​មិន​កាត់​ដែរ ខ្ញុំ​សុំ​ស្នើ​លើរឿង​ហ្នឹង!...។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីក៏​បាន​ស្នើផងដែរ តាមរយៈ​ឯកអគ្គរាជទូត​ថៃ ឱ្យ​ខាងភាគី​ថៃ មើល​ថែ​ទាំង​សុខភាព​ពលករ​ដែល នៅ​សេសសល់ ដែល​ដឹក​មក​ជា ហូរហែ ព្រមទាំងជួយ​បង្ក​លក្ខណៈ​ចំពោះ​ពលករ ខ្មែរ​ស្របច្បាប់ ដែល​ត្រូវ​ត្រឡប់​ទៅធ្វើការនៅ​ប្រទេសថៃវិញរាប់​ទាំង​ពលករ​ខ្មែរ ប៉ុន្មាន​ពាន់​អ្នក​ដែល​បាន​សុំ​ទិដ្ឋាការ។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានបញ្ជាក់នូវ​ការ​គាំទ្រចំពោះ​សកម្មភាព ដែលក្រុមប្រឹក្សា​រក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់ជាតិ​ថៃ នឹង​ចាត់​វិធានការ ដើម្បី​ធានា​ថា សិទ្ធិ និងសុខុមាលភាព របស់​ពលករអន្តោប្រវេសន៍ ត្រូវបាន​ការពារ​នៅ​ក្នុងប្រទេស​ថៃ​នោះ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីលើកឡើង​ថា​ កន្លងមក​ដោយ​សារខាង​​ក្រុម​ហ៊ុនសហគ្រាស​មួយ​ចំនួននៅ​ប្រទេស​ថៃចេះ តែ​យក​ពលករ​ខ្មែរខុសច្បាប់​ទៅ​ធ្វើការ ដែល​​​ជាហេតុ​នាំ​ឱ្យ​ពួក​អ្នករត់​ការបោកប្រាស់ព​លលករ បោក​ទាំង​រដ្ឋាភិបាល​ថៃ បោកទាំង​ពលរដ្ឋ​កម្ពុជា យកទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​។

ក្នុង​បញ្ហា​បញ្ជូន​ពលករ​បរទេស​ចេញ​ពី​ប្រទេស​ថៃ​នេះ សម្ដេច​តេជោបានមាន​ប្រសាសន៍​ឱ្យ ដឹងអំពី​ទំនាក់​ទំនង​រវាង​សម្តេច និង​ឯកឧត្តម​ប្រាយុទ្ធ​ ថា​៖ «​លោក ​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល កំពុង ដឹកនាំ​ប្រទេស​ថៃ​សព្វថ្ងៃនេះ ក្នុងឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ រក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់ និង​ជា​អគ្គបញ្ជាការ​កងទ័ព​ថៃ ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​នោះ បាន​ផ្ញើ​លិខិត​​ឱ្យ​ខ្ញុំ​ពីរ​មួយ​លិខិត ថ្ងៃទី​១២​ខែមិថុនា ដើម្បី​ពន្យល់​ពី​សភាពការណ៍ ក្នុង​ប្រទេស​ថៃ ឯ​មួយ​ទៀត គឺ​នៅថ្ងៃទី​១៨​មិថុនា ឯកឧត្ដម ប្រា​យុទ្ធ ចាន់ អូ​ចា ក៏​បាន​សរសេរ​លិខិត ឱ្យ​ខ្ញុំ​មួយទៀតបញ្ជាក់​​ពី​បញ្ហាទាក់ទិន​ជាមួយនឹង​ពលករ ហើយ​ចំណុច​នេះ​ខ្ញុំ​គិតថា ជា​ចំណុច​ដើរ ស្របគ្នា រវាងយើង​ជាមួយ​នឹង​ថៃ​ហើយ ដែល​ត្រូវ​ធ្វើការ ព្រោះ​កន្លង​ទៅ ដោយសារភាគី​ថៃ​មិន​ហ្មត់ចត់​ធ្វើឱ្យ​ក្រុម​ជួញដូរមនុស្ស យក​ពលករ​ទៅ​ធ្វើ​ការខុសច្បាប់ ចេះតែមានឱកាស​។

សម្ដេច​បាន​ដកស្រង់​នូវ​ប្រយោគ​នៃ​លិខិត​របស់ ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បាន​ផ្ញើជូន​សម្ដេច​កាលពី​ថ្ងៃ​ទី​១៨​មិថុនា​ថា «​ខ្ញុំ​សុំ​ធានា​ជូន​សម្ដេច និងប្រជាជន​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ថា យើង​ពុំ​មាន​បំណង​ប្រើប្រាស់​កម្លាំង ឬចេញ​បទបញ្ជាដើម្បីបណ្ដេញពលករ អន្តោ​ប្រវេសន៍ចេញពី​ប្រទេស​យើង​នោះ​ទេ​។ នៅពេល​នេះ​ក្រុមប្រឹក្សា​ជាតិ រក្សា​សន្តិភាព និង​សណ្ដាប់​ធ្នាប់ កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ទាំងអស់ ដើម្បី​ប្រមូល​​នូវ​បញ្ជី ឈ្មោះ​ពលករ​បរទេស​របស់ ក្រុមហ៊ុន​ពួកគេ ទាំង​បានចុះបញ្ជី​ត្រឹមត្រូវ ទាំង​មិន​ទាន់​បាន​ចុះបញ្ជី, ចំពោះ​ពលករ​មិនទាន់បាន​ចុះបញ្ជីនឹងត្រូវ​ដាក់​ក្នុង​ដំណើរការ​សមស្រប​មួយ​ដើម្បី ធ្វើ​ឱ្យ​ប្រាកដថា ពួកគេ​អាច​បន្តរស់​នៅក្នុង​ប្រទេស​ថៃ​ដោយ​ស្របច្បាប់។ គោលបំណង​របស់​ក្រុមប្រឹក្សា រក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់ គឺ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទាំងឡាយ ដែល​មាន​ស្រាប់​រួចហើយ ចំពោះពលករអន្តោប្រវេសន៍​ទាំងអស់ ដើម្បី​ឱ្យ​ប្រាកដថា ពួកគេ​នឹង​ទទួល​បាននូវ​ការ​គាំពារ ក៏​ដូច​ជា​សិទ្ធិ និង​សុខុមាលភាព​របស់​ពួកគេ ត្រូវបាន​ការពារ​នៅ​ពេល កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​។ រំលឹកដល់​កថាខណ្ឌ ក្នុង​លិខិត​ដែល​បាន​ឆ្លើយតប​ទៅកាន់​ឯកឧត្តម ប្រា​យុទ្ធ ចាន់​អូ​ចា វិញ សម្ដេច​តេជោបាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ឯកឧត្ដម​ផងដែរ​ថា នៅក្នុងប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ពលករ​កម្ពុជា ជា​ច្រើន​រយ​ពាន់​នាក់ ដែលភាគច្រើន​ពុំមាន ឯកសារ​បញ្ជាក់ បានបោះបង់​ការងារ​របស់​ពួកគេ​នៅក្នុង​ប្រទេស ថៃ ដោយសារ​ភ័យខ្លាច នឹង​វិធានការបង្ក្រាប​ពលករ​ខុសច្បាប់​ដោយ​យោធា​ថៃ អាស្រ័យហេតុនេះ ខ្ញុំ​សូម​សម្ដែង នូវ​ការគាំទ្រ​ចំពោះ សកម្មភាព ដែល​ក្រុមប្រឹក្សា​រក្សា​សន្តិភាព និង​សណ្ដាប់ធ្នាប់​ជាតិ​ថៃ នឹង​ចាត់​វិធានការ​ដើម្បី​ធានាថា សិទ្ធិ និង​សុខុមាលភាព​របស់​ពល​ករ​អន្តោប្រវេសន៍ ត្រូវបាន​ការពារ​នៅក្នុង​ប្រទេស​ថៃ​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ពន្យល់​ពី​មូលហេតុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវគាំទ្រនូវ​វិធានការ របស់​ក្រុម​អ្នកដឹកនាំ​នៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន ដោយ​មូលហេតុ​ថា មុននេះ ត្រូវបាន​ក្រុម​អ្នក​រត់ការ ឬ​មេខ្យល់ បោកប្រាស់​ទាំង​នៅក្នុង​ប្រទេស​ថៃ និងគេ​បោកប្រាស់ ទាំង​ពលករ​ចេញពី​កម្ពុជា ពី​មី​យ៉ាន់​ម៉ា និង​ពី​ឡាវ​តាមរយៈ​នៃ​ការ ទៅ​ធ្វើការ​អត់​ច្បាប់​។ សម្ដេច​លើកឡើង​ថា «​ឥឡូវនេះ​ទាន់​អ្នកដឹកនាំ​ថៃ​កំពុង​បញ្ចេញ​សកម្មភាព​ធ្វើឱ្យអ្នក​មិន​ស្របច្បាប់ក្លាយជា​ស្រប​ច្បាប់ យើង​ត្រូវ​ប្រើប្រាស់​ឱកាស នេះ ដើម្បី បង្កើត​ស្ថានភាព​ស្របច្បាប់​ឱ្យ ពលរដ្ឋ​របស់​យើង ដែល​ទៅ​រក​ការងារ​នៅ ក្នុង​ប្រទេស​ថៃ​។

​​ទាក់ទិន​អំពី​បញ្ហា​ពលករ​កម្ពុជា ដែល​ថៃ​ចាប់បញ្ជូន​វិលត្រឡប់​មក​កម្ពុជា​វិញ​នោះ សម្តេច​តេ​ជោ បាន​ចាត់​ទុក​សភាពការណ៍​នេះ​បាន​ធ្វើ​ឡើង​ «​ស្រប ពេលដែល World Cup បានចាប់ផ្ដើម ធ្វើ​​ឲ្យកម្ពុជា​បាន​ជួបនូវ​បញ្ហា​ធ្ងន់ធ្ងរ ដែល​ប្រៀបដូចជា​ទឹកជំនន់​មួយ​ដែល​បក់បោក​យ៉ាងខ្លាំង​មកលើ​ ដែលនេះ​គឺជា​ជំនន់​មនុស្ស ដោយសារអាជ្ញាធរ​ប្រទេស​ថៃ បន្ទាប់​ពី​ការធ្វើ​រដ្ឋប្រហារ គេ​បាន​អនុវត្ត​នូវ​ច្បាប់​អាជ្ញាសឹក បាន​បង្កើតឡើងនូវ​ស្ថាន​ភាព​មួយ ដែល យើង​មិន​នឹកស្មាន​ដល់​»​។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បើ​តាម​តួលេខ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គិត​ត្រឹម​ថ្ងៃទី​២៣ ខែមិថុនា ពលករ​ខ្មែរ ដែល​ថៃ​ចាប់​បញ្ជូមមក វិញ មាន​​ចំនួន​ជាង​២៤​ម៉ឺន​នាក់ ហើយ​បើ គិត​មកដល់​ពេល នេះ​គឺ​ប្រហែល​កើនឡើង ជិត​ដល់ ២៥​ម៉ឺន​នាក់​ហើយ​។ នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន​ដែល​យើង​ត្រូវ​ទទួលបន្ទុក​ដោះស្រាយ​ភ្លាមៗ នៅ​នឹងកន្លែង ដោយមិន​រង់ចាំ​លិខិត​ស្នាម​​អ្វី​​ទាំងអស់​។

ក្នុងនាម​រាជរដ្ឋាភិបាលសម្តេច​​តេជោនាយករដ្ឋមន្ត្រីបាន​កោតសរសើរ ចំពោះ​អាជ្ញាធរតាម បណ្តោយ​ព្រំដែន កម្ពុជា-​ថៃ​ទាំង​អស់ រាប់ទាំង​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ស្ថាប័នពាក់​ព័ន្ធ ដែល​ធ្វើ​កិច្ចការងារ​ទទួល​ និង​សំរួលការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​របស់​ពលករ ដោយ​សម្ដេច​ចាត់​ទុក​ថា គឺជា​ស្ថានភាពមួយ​ដែលធំ​ខ្ពស់ជាង​អ្វី​ដែល​ធ្លាប់​ជួបប្រទះ​។ សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​​បញ្ជាក់ថា ការ​ដោះ​ស្រាយកត្តា​ចៃដន្យ​នេះ គឺ​បង្ហាញពី​សមត្ថភាព និង​ការទទួល​ខុស​ត្រូវ របស់​មន្ត្រី​ទាំង​ថ្នាក់​ជា​តិ​​និង​ថ្នាក់ក្រោម​ជាតិ​។ សម្តេច​បាន រម្លឹក​ថា​៖ មាន​ថ្ងៃ​ខ្លះ មាន​រហូត​ដល់​៤​ម៉ឺន នាក់ នៃ​ចំនួន​ពលករ​របស់​យើង ដែល​ភាគី ថៃ​បាន​បញ្ជូន​មក​កម្ពុជា​វិញ ដូច្នេះ​យើង​ត្រូវ តែ យកចិត្តទុកដាក់​ដោះស្រាយ​នូវ​ជនរួមជាតិ​របស់​យើង ទោះបី​គាត់​បាន​ឆ្លងកាត់ ទៅ​ធ្វើការដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ក៏ដោយ, ប៉ុន្តែ​ក្នុងឋានៈ​ជា​សាច់ឈាម របស់​យើង, យើង​ត្រូវទទួលបន្ទុក​ដោះ​ស្រាយ​​លើ​បញ្ហា​នេះ ដោយ​ប្រតិបត្តិការ ដ៏​ឆាប់រហ័ស​តាម​មធ្យោបាយ​សរុបវិធាន ការសរុប គឺ​យើង​បាន​ដោះស្រាយលើបញ្ហា​នេះ តាំង​ពី​​ដើម​រហូត​ចប់​។ សម្ដេចបញ្ជាក់​ឱ្យដឹងថា ក្នុងការ​ធ្វើ​សកម្មភាពដោះស្រាយ​នេះ បាន​ប្រើប្រាស់​រថយន្ត សរុប​ជាង​៣០០​គ្រឿង ហើយ​រថយន្ត​នីមួយៗ បាន​រត់​រាប់ពាន់​គីឡូម៉ែត្រ ក្នុង​ការដឹក ជញ្ជូន​​ពលករ ទៅកាន់​គ្រប់​ទីកន្លែង​នោះ​។​

ទាក់​ទង​នឹង​ការ​ស្វែង​រក​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ ​សម្ដេចតេ​ជោ​បាន​មាន​ប្រសាសន៍​ពន្យល់​​ថា នៅក្នុង​កិច្ច​ដំណើរការ​កសាង​ប្រទេស​របស់​យើង​ទីផ្សារ​ការងារ​នៅ​ក្រៅ​ ប្រទេស​ក៏​ជា​កិច្ច​ការងារ​មួយ​ដែរ ដែល​យើង​ត្រូវ​បើកទូលាយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​លើក​មក​បញ្ជាក់​នៅ​ទីនេះ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​របស់​យើង​មាន​ចំណុច​សំខាន់​ធំ​ពីរ​យ៉ាង​គឺ ទី​មួយ ត្រូវ​ខិតខំ​រក​ការងារ​ក្នុង​ស្រុក​​ដើម្បី​ធ្វើ ។ ​ចំណុច​នេះសម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​នៅ​តាម​ខេត្ត​មួយ​ចំនួន​​កំពុង​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​នៃ​ការ​ចុះ​ឈ្មោះ​ស្វែងរក​ទាក់ទង​យក​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស ​ថៃ​ដោយ​ខុស​ច្បាប់​ឲ្យ​មក​បម្រើការ​ក្នុង​សេចក្ដី​ត្រូវការ​នៃ​ការងារ​របស់ ​ខ្លួន ក្នុង​នោះ​ក៏​មាន​មួយ​ផ្នែក​ធំ​ជា​ពលករ​ដែល​ស្ថិត​នូវ​ជា​កសិករ ហើយ​ដែល​បាន​ធ្វើ​ចំណាកស្រុក​ក្នុង​រយៈពេល​ខ្លី​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ រដូវ​ប្រាំង​កន្លងទៅ​បាន​វិល​ត្រឡប់មកវិញ​នៅ​ក្នុង​ពេល​រដូវវស្សា​បាន​មកដល់ ​ដែល​ចាំបាច់​ត្រូវ​បង្ក​បង្កើន​ផល​នៅក្នុង​វិស័យ​កសិកម្ម​របស់​គ្រួសារ ។

​ទាក់​ទិន​នឹង​តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​មាន​តម្លៃ​ថោក​ជាង​នៅ​ក្រៅ​ប្រទេស សម្តេច​តេជោ​បាន​មាន​ប្រសាន៍​ពន្យល់​ថា ការងារ​នៅ​មាន​ច្រើន​ក្នុង​ប្រទេស​របស់​យើង​ពិតមែន​ថា ប្រាក់​កម្រៃ​ដែល យើង​ទទួល​បាន​គឺ​មាន​ចំនួន​ថោក​ជាង​តិច​ជាង​នៅក្នុង​ប្រទេស​ថៃ ក៏ប៉ុន្តែ​បើ​យើង​ប្រៀបធៀប អំពី​ការ​ចំណាយ ដែល​ពលករ​ត្រូវ​បាន​បង់ថ្លៃ តាមរយៈ​ការ​ធ្វើការ​ខុសច្បាប់​នៅ​ក្នុង​​ប្រទេស​គេ ការ​ធ្វើការ​នៅ​ក្នុង​ប្រទេស​យើង​មាន​សុវត្ថិភាព​ជាង ប្រាក់ចំណូល​បើ​កាត់កង​ទូទាត់​រវាង​ប្រាក់​ចំណាយ​គឺ​យ៉ាងណា​ក៏​វា​មិន​ ខុសគ្នា​ប៉ុន្មាន​ដែរ ។

ម្យ៉ាងទៀត ​នៅ​លើ​ទឹកដី​របស់​យើងៗ មាន​សិទ្ធិ​សេរី​ភាព​គ្រប់បែបយ៉ាង ខុសគ្នា​ជាមួយនឹង​ការ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​គេ ដែល​ខ្ញុំ​មិន​និយាយ​ដល់​ការ​ធ្វើ​ការងារ​ស្របច្បាប់​ទេ តែ​ខ្ញុំ​សុំ​និយាយ​អំពី​ការងារ​ខុសច្បាប់​ទៅ​ក្នុង​ប្រទេស​គេ​ដែល​គេ​អាច​ ចោទ​យើង​អំពី​អ្វី​ក៏បាន​ដែរ ។ សម្រាប់​ការរក​ទីផ្សារ​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ក្នុង​ស្រុក សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ​ព័ត៌មាន​ស្ដីពី​ទីផ្សារ​ការងារ​ត្រូវ តែ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ ហើយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ត្រូវធ្វើ​កិច្ចការ ងារ​នេះ​តាមរយៈ​នៃ​ការចូលរួម​សហ​​ការ​​ពី​ផ្នែក​ពាក់ព័ន្ធ​នានា។ សម្រាប់ទីផ្សារ​​ការងារ​នៅ​ក្រៅ​ប្រទេស ដែល​កន្លង​មក​រាជ​រដ្ឋា​ភិ​បាល​បាន​ខិត​ខំ​ស្វែង​រក​​ ​ដែល​ក្នុង​នោះ​ក៏​មានប្រទេស​ថៃ​ផង​ដែរ សម្តេច​តេជោ​បាន​មាន​ប្រសា​សន៍​បញ្ជាក់​ថា “ ខ្ញុំ​សូម​បញ្ជាក់​ដែល​មាន​អ្នក​លើក​ឡើង​ថា​ លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការងារ​ហើយ​បានជា​មាន​ពលករ​ទៅ​ក្រៅប្រទេស។ ខ្ញុំ​សុំ​ទទួល​យក ប៉ុន្តែ សូមអ្នក​គិត​ឲ្យ​បាន​ច្បាស់​ថា តើ​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​របស់​យើង​មាន​ប៉ុន្មាន​ ហើយ​ទាក់​ទិន​នឹង​ការងារ​ទៅ​ក្រៅប្រទេស​នេះ តើ​មានតែ​កម្ពុជា​ឬ​ដែល​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស។ ខ្ញុំ​​សុំ​បញ្ជាក់​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ប្រទេស​ហ្វីលីពីន​គឺជា​ប្រទេស​ដែល​ធំ​ជាង​គេ​ខាង​នាំចេញ​ពលករ​ទៅ​ទីផ្សារ​ ហុងកុង ឥណ្ឌូណេស៊ី​ក៏​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ដែរ ប្រទេស​ថៃ​ខ្លួនឯង​ក៏​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​ដែរ​គឺ​មជ្ឈិមបូព៌ា និង​កោះ​តៃវ៉ាន់​ទៅ​រក​ប្រាក់​ឈ្នួល​ដែល​ខ្ពស់​ជាង ដូច្នេះ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ប្រឈម នឹង​ការ​កង្វះ​ពលកម្ម។ នៅក្នុង​ចំណោម​ប្រ​ទេស​អាស៊ាន ប្រទេស​ដែល​មិន​បញ្ជូន​ពលករ​ចេញ ប៉ុន្តែ​បែរជា​រក​ពលករ​មក​ធ្វើ ការ​គឺ​មានតែ​ម៉ាឡេស៊ី សិង្ហ​បុរី និង​ព្រុយ​ណេ ដែល​គាត់​មិន​បញ្ជូន​ពលករ​ចេញ ក៏ប៉ុន្តែ​គាត់​ត្រូវការ​ពលករ​”។​

​​ពាក់​ព័ន្ធ​នឹងការ​បញ្ជូន​ពលករ​ខ្មែរ​ចេញ​ពី​ប្រទេស​ថៃជាគំហុកនេះ ​សម្ដេចតេជោ​បាន​មាន​ប្រ​សាសន៍បញ្ជាក់​ថា «​យើង​ត្រូវ​ប្រែក្លាយ ពី​ការលំបាក​នេះ ឱ្យទៅជា កាលានុវត្តភាព​ថ្មីវិញ, ការ​បញ្ជូន​​មក​ក្នុង​គ្រាដំបូង ពិតជា​មាន​កំហុស​ពី​ផ្នែក​ភាគី​ថៃ បញ្ជូន​មក​រាប់ទាំង ការ​បំពាន​​​សិទ្ធិ ប៉ុន្តែ​នៅពេលដែល​មាន​អន្តរាគមន៍​ភ្លាមៗ របស់ស្ថានទូត​កម្ពុជានៅ​ទីក្រុងបាង​កក, អន្តរាគម​ន៍​​ពី​ក្រសួងការបរទេស និង​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​របស់​កម្ពុជា ក៏បានសម្រួលជា​បន្តបន្ទាប់​នៃ​ការគោរព​សិទ្ធិ ក្នុងការបញ្ជូនមក​។​

​ចំពោះ​កិច្ចការ​នេះសម្ដេច​តេជោបានបញ្ជាក់​នូវ​ជំហាន​ដែល​ត្រូវ​ដើរ ដោយ​ត្រូវខិតខំដោះ​ស្រាយ​​បញ្ហា ត្រូវ​កែលំអ​ទាំងខាង​ភាគី​កម្ពុជា និង​ទាំង​ខាង​ភាគី​ថៃ​ដែល មុននេះ​មាន ចំណុច​ខ្វះខាត​។ ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ ក្នុង នោះ​ក្នុង​ចំណុច​ទាក់ទិន​នឹង លិខិត​ឆ្លង ដែន សម្ដេច​តេជោ គូសបញ្ជាក់ថា​៖ ចំពោះ ពលករ​ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​និស្សិត​ទៅ​រៀន​នៅ​ក្រៅប្រទេស នឹង ត្រូវបាន​ផ្ដល់​លិខិតឆ្លងដែន​ដោយ​មិន​យកប្រាក់ ដោយ​និស្សិត ឬ ពលករ​ម្នាក់ៗ ត្រូវ​ចេញ​តែ​ថ្លៃ​រូបថត​៤​ដុល្លារ​ប៉ុណ្ណោះ​៕

No comments:

Post a Comment