Tuesday, June 03, 2014

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្តេចអគ្គ​ម​ហាសេនា​បតី​តេជោ ហ៊ុន សែន​​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា ពិធីប្រគល់បដិមា ទុរយោធន៍ ភីម និងពលរាម

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៤

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ពិធី​ស្វាគមន៍​​ការវិលត្រឡប់មកវិញ​នៃបដិមា​ទាំង​បី​នេះ​​មក​កាន់​​មាតុភូមិរបស់យើង នាពេលនេះ។ ដំណើររឿងនេះ​​បានចាប់ផ្ដើមតាំងពីជាងមួយពាន់​ឆ្នាំ​មុន​ម្ល៉េះ នៅ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័នទី៤​ បាន​សម្រេចឱ្យ​គេ​​ឆ្លាក់​រូបពិព័ណ៌នាអំពីឈុតឆាក​ប្រយុទ្ធ​​​ដ៏ល្បី​ល្បាញ​​មួយ នៅក្នុងរឿងទេវកថា​សាសនា​ហិណ្ឌូ មហា​ភារតៈនៅលើប្រាសាទចិន ដែល​ជាប្រាសាទ​មួយ​​ក្នុងចំណោម​ប្រាសាទនានារបស់ព្រះអង្គ។ បន្ទាប់​​​ពី​ដំណើរដ៏វែងឆ្ងាយជាង​៤០​ឆ្នាំ ឆ្លងកាត់​សង្គ្រាម​​ស៊ីវិល ការលួច ការជួញដូរខុសច្បាប់​ និងការធ្វើដំណើរទូទាំងពិភពលោក នៅពេលនេះ បដិមា​ទាំងបី​បានទទួល​នូវ​សេរីភាព​និងបានត្រឡប់មកកាន់ទីឋាន​កំណើត​របស់ខ្លួនវិញ​ហើយ​។

បដិមាដ៏ធំនៃដៃគូប្រយុទ្ធគ្នាគឺ ទុរយោធន៍ និង ភីម រួមជាមួយ​នឹង ពលរាម ដែលជា​សាក្សី​នៃឆាកប្រយុទ្ធដ៏អស្ចារ្យនោះ បាន​ត្រឡប់​មកកាន់​ទីឋានកំណើត​របស់ខ្លួនវិញ ដោយសារ​កិច្ច​ខិត​ខំប្រឹងប្រែងប្រកបដោយជោគជ័យ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយ​មាន​ការចូលរួមជាដៃគូជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការយូណេស្កូ សាលា​បារាំង​ចុងបូព៌ា(EFEO) និងអ្នក​ជំនាញ​ដទៃទៀត​ជាច្រើន​នាក់​។

បដិមា ទុរយោធន៍ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញកាលពីខែមុន​នៅទី​ក្រុង​ញូវ​​​យ៉ក បន្ទាប់ពីជោគជ័យនៃការតស៊ូក្ដីដែលរៀបចំឡើង​ដោយការិយាល័យអគ្គរដ្ឋអាជ្ញា​សហ​រដ្ឋ​​អាមេរិកប្រចាំតំបន់ Southern District of New York រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម​របស់​ក្រុម​អ្នក​ច្បាប់​កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ច័ន្ទ តានី។

រីឯបដិមា ភីម ដែលសារមន្ទីរ Norton Simon នៅទីក្រុង Pasadena រដ្ឋ California បានទិញនៅក្នុងឆ្នាំ១៩៧៦ ក៏ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ទីឋាន​កំណើររបស់ខ្លួនវិញដែរ បន្ទាប់ពី​មាន​កិច្ចចរចារដោយផ្ទាល់ ដ៏វែងអន្លាយ ប៉ុន្តែប្រកប​ដោយភាពយោគយល់គ្នាជាមិត្តភាព រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងសារមន្ទីររួចមក។ ទន្ទឹម​នឹងនេះដែរ បដិមា ពលរាម ក៏បានត្រឡប់ មកវិញ តាមរយៈការព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាល​កម្ពុជា និងក្រុមហ៊ុនដេញថ្លៃ Christie’s។

យើង​មាន​ក្ដី​សោមនស្ស​រីករាយជាខ្លាំង ដោយមានការចូលរួម​នៅក្នុងពិធីថ្ងៃនេះពី ​លោក Jeff Daigle អនុប្រធានបេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក លោក Walter Timoshuk ប្រធាន​សារមន្ទីរ Norton Simon និងពីលោក Martin Wilson សហប្រធានសាកល​ផ្នែក​កិច្ចការ​ច្បាប់​និងហានិភ័យ លោកស្រី Sandra Cobden អគ្គមេធាវី និងលោកស្រី Dadhya Jain-Patel ប្រធានលក់​ផ្នែកវត្ថុសិល្បៈ​ឥណ្ឌា​និង​អាស៊ី​អាគ្នេយ៍ នៃក្រុមហ៊ុន Christie’s អន្តរជាតិ។

បដិមាពីរទៀត នៅក្នុងក្រុមតែមួយនេះគឺ សហទេព និង នកុល ដែលជាទេវរូបពីរ​អង្គ​ក្នុង​ចំណោម​បងប្អូន បណ្ឌវ ត្រូវបាន​បញ្ជូន​ត្រឡប់មកកាន់ប្រទេស​កម្ពុជាវិញ ដោយសារមន្ទីរ Metropolitan នៅទីក្រុងញូវយ៉ក កាលពីខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ នៅអំឡុងសម័យប្រជុំ​លើក​ទី​៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ បដិមាទាំងបីដែលទើបបញ្ជូនមកថ្មី​នេះ​នឹងត្រូវដាក់បង្ហាញជាសាធារណៈ រួមជាមួយ​នឹងបដិមាទាំងពីរ នៅសារមន្ទីរជាតិកម្ពុជា ដោយ​ត​​ភ្ជាប់​ទៅ​នឹងជើងទម្ររៀងៗខ្លួន។

ឥឡូវនេះ ការពិតនានាត្រូវបានរកឃើញ ហើយដំណើរផ្សងព្រេងដ៏វែងឆ្ងាយ​ត្រូវបាន​បញ្ចប់​នៅទីនេះ។ និមិត្តរូបដ៏មានតម្លៃ​នៃបេតិកភណ្ឌរបស់យើងនេះ​ បានជួប​ម្ចាស់​ដើម​ពិតប្រាកដ​របស់​ខ្លួន​វិញហើយ។

ថ្ងៃនេះ គឺពិតជាថ្ងៃមួយដ៏វិសេសវិសាល ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផល​មួយ​ដ៏សំខាន់​នៃ​គោល​នយោបាយ​​របស់យើងដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជា​បាន​និង​កំពុងអនុវត្តយ៉ាងសកម្ម​និងខ្ជាប់ខ្ជួន នៅក្នុងក្របខ័ណ្ឌនៃ «អនុសញ្ញាអង្គការយូណេស្កូ​​ឆ្នាំ​១៩៧០ស្ដីពី​ការ​ហាម​​ប្រាមនិងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូន​ដោយខុស​ច្បាប់​​​នូវសម្បត្តិ​វប្បធម៌​។»

កាលពីពីរឆ្នាំកន្លងទៅនេះ យើងបានដាក់ជើងទម្រនៃបដិមា ទុរយោធន៍ និង ភីម នៅផ្លូវ​ចូល​ទីស្នាក់ការអាជ្ញាធរអប្សរានៅខេត្តសៀមរាប រួមជាមួយ​នឹងរូបថតនៃបដិមាដែលត្រូវបាន​គេ​លួច ដើម្បី​​បង្ហាញ​អំពី​ការប្តេជ្ញាចិត្តក្នុងការយកត្រឡប់មកវិញឱ្យបាននូវបដិមាទាំងនោះ។ ថ្ងៃនេះ បន្ទាប់​ពី​​កិច្ច​ខិត​​ខំ​ប្រឹងប្រែង​​ដ៏លំបាក បដិមាទាំងពីរនិងជើងទម្រ ឈរជាមួយគ្នានៅចំពោះ​មុខយើង​ទាំង​អស់​គ្នា ដោយត្រៀមខ្លួន​រួចរាល់សម្រាប់ការតភ្ជាប់គ្នាវិញ ដោយក្រុមជំនាញនៃ​សារមន្ទីរ​ជាតិ​កម្ពុជា​។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមសម្តែងនូវ​ការកោត​សរសើរ​​យ៉ាងជ្រាលជ្រៅ ​ចំពោះភាគីពាក់ព័ន្ធ​ទាំងអស់​ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវ​សមិទ្ធិផល​​ដ៏វិសេសវិសាលនេះ។

ជាបឋម ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះ​កិច្ចការរបស់លោក Simon Warrack ដែលនៅក្នុងឆ្នាំ២០០៧ ជាមនុស្សទីមួយរកឃើញនូវទំនាក់ទំនង​រវាងជើងទម្រ​នៅឯប្រាសាទចិន នៃរមណីយដ្ឋានកោះ​កេរ ដែលស្ថិតនៅតំបន់ដាច់ស្រយាលភាគខាងជើង​នៃ​ប្រទេស​កម្ពុជា ជាមួយ​នឹង​​បដិមាដែលបានបាត់បង់។

ខ្ញុំក៏សូមអបអរសារទរផងដែរចំពោះសាលាបារាំងចុងបូព៌ា(EFEO) ជាពិសេស​លោក​បណ្ឌិត​ Eric Bourdonneau និងលោកបណ្ឌិត Bertrand Porte ដែលបានធ្វើការងារជាច្រើន ​ពាក់ព័ន្ធ​នឹង​ប្រាសាទចិន ដែលបាននាំទៅដល់ការបញ្ជាក់យ៉ាងជាក់ច្បាស់​នូវ​ភាពជាម្ចាស់កម្មសិទ្ធិ​របស់​កម្ពុជា​​លើបដិមា ទុរយោធន៍។

យើងក៏​មិនត្រូវ​ភ្លេច​ឡើយថា ការប្តេជ្ញាចិត្តនិង​សមត្ថភាពជំនាញ​របស់​អង្គការយូណេស្កូគឺ​ជា​​ជំនួយដ៏ចាំបាច់ មិន​មែនត្រឹមតែនៅក្នុង​រឿង​ក្ដី​នេះ​មួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​​សម្រាប់​​ការ​អភិរក្ស​​វប្បធម៌ផ្សេងៗទៀតរបស់កម្ពុជាផងដែរ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ​ដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជាពិសេស​​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅភ្នំពេញ ចំពោះការគាំទ្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹង​ការជួញ​ដូរខុសច្បាប់ និងឆន្ទៈដ៏មុះមុតក្នុងការលើកកម្ពស់មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជាតិ​យើង​ទាំងពីរ។ ខ្ញុំក៏​សូមសម្តែងនូវ​ការអបអរសាទរផងដែរចំពោះអ្នកទាំងឡាយ ដូចជា ក្រុមការងារ​នៃ​ក្រសួង​សន្តិសុខ​ជាតិសហរដ្ឋអាមេរិកនៅក្នុងដំណើរការសើបអង្កេតរបស់ខ្លួន និងការិយាល័យ​រដ្ឋអាជ្ញាសហរដ្ឋអាមេ​រិក​ប្រចាំតំបន់ Southern District of New York ដែលដឹកនាំដោយ​លោកស្រី Sharon Levine នៅក្នុងដំណើរការ​ជម្រះក្ដី​នៅតុលាការ ដែលបាន​ធានាយ៉ាងម៉ឺងម៉ាត់​នូវការអនុវត្ត​ច្បាប់​ស្ដីពី​ការជួញដូរសម្បត្តិ​វប្បធម៌​ដោយ​ខុស​ច្បាប់។ មនសិការ​វិជ្ជាជីវៈ​របស់​ពួកគេ​គឺជាគំរូដ៏ល្អដែលស័ក្តិសមនឹងទទួលបានកោត​សរ​សើរ​។

ជាការពិត ការបញ្ជូនត្រឡប់មកវិញ​នូវបដិមាទាំងប្រាំរូបនេះ នឹងមិនអាច​សម្រេច​បាន​ឡើយ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់​ក្រុម​ការ​ងារកម្ពុជា​​យើងនោះទេ។ ខ្ញុំសូម​​ថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តម ច័ន្ទ តានី ពីទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហាប់ ទូច ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ​ក្រុមអភិរក្ស​នៃ​សារមន្ទីរ​ជាតិ និងក្រុម​អ្នកច្បាប់ដែលដឹកនាំដោយ​លោក Bretton Sciaroni ។

បដិមាទាំង៥នេះ នឹងត្រូវចូលរួមដោយបដិមាទី៦មួយទៀតមកពីក្នុងឈុតឆាកតែមួយនេះ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ យើងនឹងបន្តយុទ្ធនាការទាមទារយកត្រឡប់មកវិញនូវបដិមា​ចំនួន៣​ទៀត​ដែលនៅបាត់នៅឡើយ ដើម្បីបង្គ្រប់ឈុតឆាកនេះឡើងវិញ។

ខ្ញុំក៏សូមសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ​និង​អន្តរ​ជាតិ​​ទាំងអស់ ដែល​បាន​ចូល​រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពី​ភាពធ្ងន់ធ្ងរនៃ​បញ្ហា​លួច​​​វត្ថុបុរាណនៅលើ​ពិភព​លោកនាសម័យទំនើបយើងនេះ។

ខ្ញុំជឿជាក់ថា មិនមែនគ្រាន់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូល​ ដែល​នឹងមានសេចក្តី​រីករាយ ចង់ឃើញនូវទីបញ្ចប់នៃការបែកខ្ញែកនៃក្រុមបដិមា​ដ៏មានសារសំខាន់ ​និង​ការ​វិល​ត្រឡប់មកទីឋានកំណើតរបស់បដិមាទាំងនេះ។

ជាទីបញ្ចប់ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់សារមន្ទីរដទៃទៀត និងអ្នករក្សាទុក​វត្ថុ​បុរាណនៅទូទាំង​ពិភពលោកទាំងអស់ សូមធ្វើតាមគំរូនេះ ដោយប្រគល់វត្ថុបុរាណដែលត្រូវបានលួច​ទៅឱ្យម្ចាស់ដើមពិតប្រាកដវិញ ជាផ្នែកមួយ​នៃយុទ្ធនាការសកលដើម្បី​ការពារសម្បត្តិ​បេតិក​ភណ្ឌ​​វប្បធម៌។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ខ្ញុំសូមអរគុណជាអនេកចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបាន​ចូលរួម​​សប្បាយរីករាយជាមួយយើងខ្ញុំ និងដែលបានអញ្ជើញមកចូល​រួម​នៅក្នុង​ការប្រារព្ធ​ពិធី​នេះ​។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិនិងអន្តរជាតិ សូមមាន​សុខភាពល្អ ជោគជ័យក្នុងការងារ និងសុភមង្គលក្នុងគ្រួសារ។
សូមអរគុណ!

No comments:

Post a Comment