(២៨.០៦.១៩៥១-២៨.០៦.២០១៤)
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ ព្រះអង្គ ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៤នេះ ជាទិវាគម្រប់ ៦៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រា ដំបូងមានឈ្មោះថា “បក្សប្រជាជនបដិវត្តន៍ខ្មែរ” ដើម្បីដឹកនាំការតស៊ូរំដោះជាតិពីពួកអាណានិគមនិយមដណ្តើមឯករាជ្យ ជូនមាតុភូមិ ។ ចាប់តាំងពីពេលបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវឧត្តមគតិរបស់ខ្លួន គឺរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារធ្វើពលិកម្មឥតរួញរា ដើម្បីប្រជាជាតិកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
យើងប្រារឰពិធីនេះឡើង ក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី និង អ្នកស្នេហាជាតិខ្មែរនៅគ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់នូវសាច់ឈាម និងអាយុជីវិតប្រកប ដោយវីរភាពដ៏ខ្ពង់ខ្ពស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។ ខួបអនុស្សាវរីយ៍នេះក៏បានប្រព្រឹត្តឡើងក្នុងសភាពការណ៍ ដែលប្រជាជនកម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗថែមទៀតលើគ្រប់វិស័យក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រយៈពេល៦ខែដើមឆ្នាំ ២០១៤ នេះ ទោះបីជានៅមានបញ្ហាលំបាកស្មុគស្មាញខ្លះក្តី ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរគ្រប់ៗរូប។ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជ មាតាជាតិ ជាទីសក្ការៈ សូមមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ នាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿងសុខក្សេមក្សាន្ត។
នៅក្នុងឱកាសនេះដែរ ក្នុងនាម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងសេចក្តីនឹករព្ញកដ៏កក់ ក្តៅបំផុតជូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទី ជាកសិករ កម្មករ និយោជិត អាជីវករ ព្រះសង្ឃ បព្វជិតនៃគ្រប់សាសនា គ្រប់ជនជាតិ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តកសាង ការពារមាតុភូមិ និងលើកស្ទួយជីវភាពរស់នៅឱ្យបានកាន់តែប្រសើរឡើង ។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា !
រយៈពេល ៦៣ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ប្រកបដោយមោទនភាព ដោយបានរក្សាខ្ជាប់នូវសារជាតិ និងប្រពៃណីដ៏ថ្លៃថ្លារបស់ខ្លួន។ គណបក្សបានដឹកនាំ ចលនាបដិវត្តន៍រំដោះជាតិដ៏ខ្លាំងក្លា ដែលបានរួមវិភាគទានយ៉ាងធំធេងនៅក្នុងការតស៊ូរបស់ប្រជាជាតិខ្មែរទាំងមូល ដើម្បីដណ្តើមឯករាជ្យពីពួកអាណានិគមនិយមរហូតទទួលបានជ័យជម្នះដ៏ល្បីរន្ទឺនៅឆ្នាំ ១៩៥៣។
ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ ពួកប៉ុល ពត បានបង្កឡើងចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥មកនោះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយ ឈានមុខតែមួយគត់ដែលបានក្រោកឈរឡើងប្រមូលកម្លាំងប្រជាជាតិពីគ្រប់ទិសទី រួមសាមគ្គីនៅក្រោមទង់រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា និងបានអំពាវនាវរកការជួយឧបត្ថម្ភគាំទ្រពីសំណាក់ប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌ នៅលើពិភពលោក ដើម្បីប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា បានដណ្តើមមក ជូនប្រជាជនវិញនូវសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យដែលត្រូវបាត់បង់ទាំងស្រុងនៅក្នុងរបបប៉ុល ពត ហើយបាន បើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រកសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
រយៈពេលជិត ៣៦ ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ដំណាក់កាលនានាយ៉ាងលំបាកលំបិនជាទីបំផុត ប្រកបដោយជោគជ័យ និងកិត្តិយស បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ធ្វើឱ្យកម្ពុជាបានប្រែក្លាយពីទឹកដីមួយដែលត្រូវបំផ្លាញស្ទើរគ្មានសល់អ្វី ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ មកជាទឹកដីមួយប្រកបដោយសន្តិភាព ស្ថិរភាព និងកំពុងមានការ អភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។ ប្រជាជនកម្ពុជាគ្រប់រូប ទាំងអ្នកដែលបានឆ្លងកាត់របបប៉ុល ពត ទាំង ស្រទាប់យុវជនដែលបានកើតក្រោយថ្ងៃ ៧មករា សុទ្ធតែបានទទួលប្រយោជន៍ពីមនុញ្ញផលដ៏ធំធេងនេះ។ ពិតប្រាកដណាស់ថា ភាពសុខសាន្ត វឌ្ឍនភាព និងសេចក្តីសង្ឃឹមដែលយើងមាននៅពេលនេះ គឺជាលទ្ធផលដ៏វិសេសវិសាលនៃ កម្លាំងសាមគ្គីរបសប្រ់ជាជនយើង ដែលបានពុះពារប្តូរផ្តាច់ជម្នះរាល់ឧបសគ្គ ឈានឆ្ពោះទៅមុខមិនរាថយលើមាគ៌ា មួយដ៏ត្រឹមត្រូវ។ យើងទាំងអស់គ្នាប្តេជ្ញាការពារ ពង្រឹងពង្រីកសមិទ្ធផលទាំងនេះជារៀងដរាប ហើយប្រឹងប្រែង បង្កើតសមិទ្ធផលថ្មីៗទៀត ដើម្បីកសាងអនាគតដ៏រុងរឿងរបស់មាតុភូមិយើង។
ព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ ដែលមានអត្ថន័យយ៉ាងសំខាន់ចំពោះដំណើរជាតិយើង គឺការបាះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ នៃរដ្ឋសភា កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា នៅក្នុងបរិយាកាសសន្តិភាព និង មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ តាមរយៈជោគជ័យនៃការបោះឆ្នោតទាំងពីរនេះបាន បង្ហាញថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែត្រូវបានពង្រឹងពង្រីកឱ្យកាន់តែរឹងមាំទូលំទូលាយឡើងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងបរិបទនៃកម្ពុជា។ សម្រាប់គណបក្សប្រជាជនកម្ពុជា ជ័យជម្នះក្នុងការបោះឆ្នោតទាំងពីរ នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជននៅតែត្រូវការតួនាទីដឹកនាំរបស់គណបក្សតទៅមុខទៀត ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន។ ឆ្លងតាមជ័យជម្នះនេះ បានបង្កលក្ខណៈអនុគ្រោះដល់គណបក្សដើម្បីបន្តអនុវត្តកម្មវិធី នយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ។ ទន្ទឹមនេះ លទ្ធផលនៃការបោះឆ្នោតក៏បានបំបាក់នូវអំនួតរបស់អ្នកដឹកនាំ គណបក្សខ្លះ ដែលតែងតែប្រើប្រាស់នយោបាយប្រជាភិថុត មួលបង្កាច់ការពិត និងបង្កបញ្ហាស្មុគស្មាញមិនចេះចប់ ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា
ពីការបោះឆ្នោតជាតិនីតិកាលទី៥មកដល់ពេលនេះ មានរយៈពេល ១១ខែហើយ។ ក្នុងរយៈពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអាណត្តិស្របច្បាប់ពីប្រជាជនឱ្យដឹកនាំប្រទេសសម្រាប់៥ឆ្នាំបន្តទៀត បានបំពេញ នូវតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សម្រេចបាន លទ្ធផលល្អជាបន្តបន្ទាប់លើគ្រប់វិស័យ ទោះបីជាគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភាដែរនោះ បានធ្វើពហិការកិច្ចប្រជុំរដ្ឋសភារហូតមកក្តី។ នៅក្នុងសកម្មភាពដែលផ្ទុយពីឆន្ទៈម្ចាស់ឆ្នោត គណបក្សនេះ បានបដិសេធ មិនទទួលយកលទ្ធផលនៃការបោះឆ្នោត មួលបង្កាច់ភាពស្របច្បាប់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៥ ហើយជំរុញសកម្មភាពបាតុកម្មនៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ប៉ុនប៉ងផ្លាស់ប្តូរសភាពការណ៍កម្ពុជាទៅតាម ឆន្ទៈរបស់ខ្លួន ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ គេមានគោលបំណងធ្វើឱ្យសង្គមកម្ពុជា ត្រូវច្របូកច្របល់ រដ្ឋគ្មានប្រសិទ្ធភាព ទំនាក់ទំនងអន្តរជាតិចុះខ្សោយ សេដ្ឋកិច្ចដើរថយក្រោយ ហើយជីវភាពប្រជាជន កាន់តែលំបាកទៅ ដើម្បីរុញច្រានឱ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ទៅក្នុងវិបត្តិនៃការដឹកនាំ ដោយត្រូវប្រជាជន ខ្វះជំនឿលើការដឹកនាំតទៅទៀត។ សកម្មភាពរបស់គេពិតជាបានបង្កការលំបាកដល់រាជរដ្ឋាភិបាលនៅដើមអាណត្តិនេះ ដែលកំពុងតែប្រឹងប្រែងរក្សាស្ថិរភាព និងកសាងជាតិលើគ្រប់វិស័យ។ ប៉ុន្តែទង្វើប្រទូសរ៉ាយទាំងនេះមិនអាចបញ្ឈប់ ដំណើរឈានទៅមុខរបស់ជាតិបានឡើយ ព្រោះថានិរន្តរភាពរបស់រដ្ឋ និងប្រក្រតីភាពនៃជីវភាពសង្គម សេដ្ឋកិច្ចរបស់ ប្រជាជនត្រូវបានធានាយ៉ាងរឹងមាំ។ ដូច្នេះ កម្ពុជាគ្មានភាពជាប់គាំងខាងនយោបាយឡើយ កម្ពុជាបានឈានចូលឆ្នាំ ២០១៤ ជាមួយនឹងលទ្ធផលដ៏ល្អនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០១៣ ព្រមទាំងភាពអនុគ្រោះនៃទំនាក់ទំនងជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា។ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ឆ្នាំ២០១៣ មានកំណើន ៧,៤% ហើយនៅឆ្នាំ២០១៤នេះ យើងសង្ឃឹមថានឹងសម្រេចបានកំណើនជាង ៧% បន្តទៀត។
ជាក់ស្តែង ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរគួរឱ្យសោមនស្សរីករាយ។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានធានា វិស័យហិរញ្ញវត្ថុមានស្ថិរភាពល្អ វិស័យផលិតកម្ម សេវាកម្ម អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម វិស័យការងារ និងវិស័យផ្សេងៗទៀតកំពុងរីកចម្រើនតាមទិសដៅដ៏ល្អ។ រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ធានាជូនប្រជាជននូវស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយផ្អែកលើមូលដ្ឋានច្បាប់ និង ការចូលរួមរបស់ប្រជាជនដែលបានបង្កលក្ខណៈអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ និងកែលម្អជីវភាពរស់នៅរបស់ ប្រជាជន ។
គណបក្សប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ក្នុងការជំរុញ អនុវត្តយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី ៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រទាំង ៤ គឺការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧% ប្រកបដោយចីរភាព , ការបង្កើតការងារឱ្យបានកាន់តែច្រើនជូនប្រជាជន ជាពិសេសសម្រាប់ស្រទាប់យុវជន , ការសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង ១% ក្នុង១ឆ្នាំ ក៏ដូចជាគោលដៅផ្សេងៗទៀតដែលត្រូវបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ព្រមទាំងការពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ដើម្បីធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពប្រជាជន និងការ ពង្រឹងយុត្តិធម៌សង្គម គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តយ៉ាងដាច់ខាតនូវរាល់ទិសដៅកែទម្រង់នានា ដែលបាន កំណត់ក្នុងកម្មវិធីនយោបាយរបស់ខ្លួនឱ្យកាន់តែបានលឿន និងកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយចាត់ទុកថា នេះជាការងារដែលមានអត្ថន័យសំខាន់បំផុតសម្រាប់គណបក្ស។ ក្នុងស្មារតីនេះដែរ គណបក្សប្រជាជនកម្ពុជាគាំទ្រ ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញដំណើរការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សប្រកបដោយសង្គតិភាព និង សមធម៌ សំដៅបង្កើនបៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ និងការជំរុញសកម្មភាពរបស់ក្រុមប្រឹក្សាការងារ ដើម្បីបន្តពិភាក្សារកដំណោះស្រាយដំឡើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាសឱ្យទទួលបានលទ្ធផលល្អ។ គណបក្សជំរុញការដោះស្រាយ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាជនដែលគ្មានដីពិតប្រាកដ ហើយត្រូវការដីដើម្បីសង់លំនៅស្ថាន និងបង្កបង្កើនផល។ ជាមួយគ្នានេះ គណបក្សសូមអំពាវនាវដល់ប្រជាជននៅតាមតំបន់នានា សូមកុំធ្វើការ ទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទដោយខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និរន្តរភាពនៃធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់យើង។
គណបក្សប្រជាជនកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងការទទួល និងជូនដំណើរប្រជាពលករយើងដែលវិលត្រឡប់ពីប្រទេសថៃមកវិញឱ្យបានទៅដល់ លំនៅស្ថានដោយសុវត្ថិភាព។ ទន្ទឹមនេះ គណបក្សសូមអំពាវនាវដល់ប្រជាពលករយើងសូមស្វែងរកការងារតាមសេចក្តី ជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៤ ស្តីពីការផ្តល់សេវា ការងារ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនពលករខ្មែរ ហើយចៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ទៅក្រៅប្រទេស ដែលមិនធានាដល់សុវត្ថិភាព ផលប្រយោជន៍ និងកិត្តិយសរបស់បងប្អូនឡើយ។
គណបក្សប្រជាជនកម្ពុជា ជំរុញការលើកស្ទួយឥតឈប់ឈរនូវប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងក្របខណ្ឌច្បាប់ ដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ប្រជាជនគ្រប់ស្រទាប់ ដល់គ្រប់កម្លាំងនយោបាយ និងដល់ដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកម្ពុជា។ ទន្ទឹមនេះ យើងប្រឆាំងនឹងរាល់សកម្មភាពរបស់គណបក្ស ឬមជ្ឈដ្ឋានណាដែលប្រើផ្លាក ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីបម្រើតែផលប្រយោជន៍នយោបាយរបស់ខ្លួននោះ។ គួរកត់សម្គាល់ថា បច្ចុប្បន្ន មានអ្នកដឹកនាំគណបក្សនយោបាយខ្លះ និងមជ្ឈដ្ឋានមួយចំនួនបាននិងកំពុងនិយាយអំពីប្រធានបទប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងប្រធានបទផ្សេងៗទៀតយ៉ាងពិរោះ ហាក់ដូចជាគេជាអ្នកគិតគូរណាស់ដល់ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា តែធាតុពិតគេកំពុងតែភូតកុហកប្រជាជនឱ្យយល់ខុសអំពីការពិត បង្កជាបញ្ហាប្រឈមយ៉ាងច្រើន ដល់រាជរដ្ឋាភិបាល និងអាជ្ញាធរនៅកន្លែងជាច្រើន ក្នុងគោលបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលរួម ទាំងការប៉ុនប៉ងផ្តួលរំលំតាមរយៈរបស់ដែលហៅថា អំណាចប្រជាជនទៀតផង។ នៅក្នុងបរិការណ៍នេះដែរ គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់នូវជំហររបស់ខ្លួន ក្នុងការស្វាគមន៍ចំពោះការលើកទឹកចិត្តពីខាងក្រៅដល់ដំណើរការ ប្រជាធិបតេយ្យនីយកម្មនៅកម្ពុជា ក៏ដូចជាការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ប៉ុន្តែយើងមិនអាចទទួលយកនូវ ការលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ។ កម្ពុជាធ្លាប់ទទួលរងគ្រោះ និងបាត់បង់ធំធេងណាស់ដោយសារការជ្រៀតជ្រែកពីខាងក្រៅដែលជាមេរៀនដ៏ឈឺចាប់បំផុត ហេតុនេះយើងមិនទុកឱ្យប្រវត្តិសាស្ត្រ ដដែលអាចកើតមានជាថ្មីទៀតនៅលើមាតុភូមិយើងទេ។
គណបក្សប្រជាជនកម្ពុជា បន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងស្មោះសរ ជាមួយគ្រប់កម្លាំងនយោបាយ និង គ្រប់មជ្ឈដ្ឋានស្នេហាជាតិក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសស្រុះស្រួលក្នុងសង្គមជាតិ ហើយប្រមូលរាល់ទស្សនៈ មតិ និងសកម្មភាពល្អៗពីគ្រប់ប្រភពដែលមានលក្ខណៈពហុភាព ពូនផ្តុំទៅជាចលនារួមនៃសង្គមក្នុងការកសាង និង ការពារមាតុភូមិ។ យើងមានជំនឿថា គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គមពិតជាយល់ច្បាស់ អំពីសេចក្តីត្រូវការរបស់ប្រជាជន ខិតខំបង្កើនកិច្ចសហការ និងការយោគយល់គ្នា ហើយបន្តធ្វើអ្វីៗដែលជាគុណ ប្រយោជន៍ដល់ការថែរក្សាពូនជ្រំនូវសន្តិភាព ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងចំណុចនេះដែរ គណបក្សប្រជាជនកម្ពុជាសូមទូលថ្វាយ ពិតពុទ្ធដីកា និងជម្រាបជូនជនរួមជាតិព្រមទាំងសហគមន៍អន្តរជាតិឱ្យបាន ជ្រាបថា ដើម្បីដោះស្រាយបញ្ហានយោបាយក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ គណបក្សបាន ខិតខំជំរុញការចរចានៅគ្រប់កម្រិតជាមួយគណបក្សសង្គ្រោះជាតិ ប្រកបដោយភាពស្មោះត្រង់ និងមានសុឆន្ទៈពិត ប្រាកដ។ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហានៅតែពុំទាន់ត្រូវបានដោះស្រាយចប់នៅឡើយ អាស្រ័យដោយគណបក្ស សង្គ្រោះជាតិគ្រាន់តែបានប្រើប្រាស់ដំណើរការចរចានេះដើម្បីរកចំណេញខាងសាធារណមតិប៉ុណ្ណោះ តែពុំមានឆន្ទៈ ដោះស្រាយបញ្ហាឡើយ។ ទោះបីជាដូច្នេះក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែបើកទ្វារចំហសម្រាប់ការចរចាឱ្យឈាន ទៅមុខទៀត ដោយឈរលើមូលដ្ឋានបន្តពីការជួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី កាលពី ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៤ កន្លងទៅ។ ដំណោះស្រាយដែលនឹងអាចទទួលបាន គឺត្រូវតែផ្អែកលើមូលដ្ឋាន រដ្ឋធម្មនុញ្ញ លទ្ធផលនៃការបោះឆ្នោត ហើយមិននាំប្រទេសជាតិទៅរកភាពជាប់គាំងខាងនយោបាយជាថ្មីទៀត នាពេលអនាគត ដូចដែលធ្លាប់បានកើតមានរួចមកហើយនោះទេ។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា
បច្ចុប្បន្នប្រជាជាតិយើងកំពុងឈានទៅមុខប្រកបដោយថាមពល និងក្តីសង្ឃឹម ឆ្ពោះទៅរកអនាគតមួយ ដ៏ភ្លឺស្វាង ជាអនាគតដែលស្ថិតនៅក្នុងដៃរបស់យើងទាំងអស់គ្នា។ សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ឥឡូវនេះ មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ តែជាការពិតដែលកំពុងតែកើតមានឡើង ហើយជាមាគ៌ាដ៏ត្រឹមត្រូវដែល នឹងនាំយើងឱ្យដើរទៅមុខបន្តទៀត។ រយៈពេល ១៥០ឆ្នាំមកនេះ យើងមានពេលតិចណាស់ដែលជាឱកាសពេញលេញ សម្រាប់អភិវឌ្ឍប្រទេសជាតិ ក្រៅពីនោះ គឺជាពេលវេលាដែលត្រូវរងទុក្ខវេទនា និងការអាម៉ាស់ដោយការបាត់បង់ឥស្សរភាព ជាពេលវេលានៃសង្គ្រាមបំផ្លិចបំផ្លាញ និងជាពេលវេលានៃសោកនាដកម្មដែលពុំអាចនឹងពណ៌នាបាន។ ដូច្នេះ យើងមិន អាចឱ្យបាត់បង់ឱកាសតទៅទៀតទេ យើងត្រូវចេះក្តាប់ឱកាសសម្រាប់អភិវឌ្ឍខ្លួនឯង។ បើមិនដូច្នោះទេ យើងនឹង ត្រូវជាប់ក្នុងខ្នោះឃ្នាងច្រវាក់នៃអស្ថិរភាព ការបែកបាក់ និងភាពក្រីក្រ ដែលមិនអាចនឹងមានថ្ងៃរំដោះខ្លួនឱ្យរួចបាន ឡើយ នេះជាហេតុផលសំខាន់បំផុត។ គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិទាំងមូល ដល់គ្រប់ គណបក្ស និងមជ្ឈដ្ឋានទាំងឡាយក្នុងសង្គម ទោះមាននិន្នាការនយោបាយផ្សេងៗគ្នាក្តី សូមចៀសវាងនូវអំពើណា ដែលនាំទៅរកការបែកបាក់ ហើយសូមធ្វើសកម្មភាពរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីប្រទេសជាតិយើង ទាំងអស់គ្នា ។
គណបក្សប្រជាជនកម្ពុជា ប្រសូតពីប្រជាជន គណបក្សស្រឡាញ់មាតុភូមិ និងប្រជាជន លើសអ្វីទាំងអស់។ មិនថាពេលនេះ ឬតទៅមុខទៀតទេ គណបក្សនៅតែផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប សូមរក្សាខ្ជាប់នូវ ឧត្តមគតិស្នេហាជាតិ និងស្រឡាញ់ប្រជាជន ពង្រឹងសាមគ្តីភាព ខិតខំធ្វើតែអំពើល្អ ហើយជៀសវាងដាច់ខាតរាល់ទង្វើ មិនត្រឹមត្រូវដែលបំពានលើគោលការណ៍គណបក្ស និងច្បាប់រដ្ឋ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ប្រជាជន។ នេះមិនមែនគ្រាន់តែជាតម្រូវការទេ តែជាកាតព្វកិច្ច និងជាកត្តាកំណត់នៃជ័យជម្នះរបស់គណបក្សយើង។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ទិសទីដែលមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយសូមសន្យាជាឱឡារិកថា គណបក្សនឹង បន្តពុះពារអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់ខ្លួនឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ ប្រគេនពរ និងប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ សូមបានប្រកបពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរព្រះគុណ សូមអរគុណ
No comments:
Post a Comment