Monday, May 19, 2014

ទស្សនៈ ភាពល្អនៃការបោះឆ្នោតអាស្រ័យ នឹងក្រសែភ្នែកអ្នកមើល

ដំណើរ​ការ​ប្រព្រឹត្ត​​ទៅ​​ នៃការ​​​​បោះ​​​ឆ្នោត​​​មួយ​​ប្រកប​​ដោយ​​ត្រឹម​​ត្រូវ​គឺមិន​ស្រួលឡើយ​!​ (ចូរ​មើលឧទាហ​រណ៏​​​ការ​​បោះ​ឆ្នោត​​ប្រធានា​ធិបតី​នៅសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០០០។)  ប៉ុន្តែវា​ពិត​ជាពិបាក​ណាស់​ នៅក្នុងប្រទេសក្រីក្រ ពិសេស​ប្រទេស​​ដែលទើប​តែងើប​ចេញ​​ផុត​ពី​សង្រ្គាមថ្មីៗ ឬក៏កំពុងតែ​ព្យាយាមបញ្ចប់សង្រ្គាមក្នុង​ប្រទេស​​​ ។

ប៉ុន្តែ​ទោះបីជាមានការលំបាកជា​ទូ​ទៅ ​ប្រហាក់ប្រហែល​គ្នា​ យ៉ាង​​នេះ​ក៏ដោយ  ក៏​ការ​បោះ​ឆ្នោត នៅ​ក្នុងប្រទេស​ក្រីក្រ​ទាំងនេះ ត្រូវបានវាយតម្លៃតាមស្តង់ដាខុសៗគ្នា ដោយអ្នក​នយោបាយ​នៅ​ប្រទេសអ្នកមាន  ដែលជា​និច្ច​ជា​កាល​តែងតែ​តាំងខ្លួនឯងជាតុលាការ​កំពូល  មើល​ការ​​បោះ​ឆ្នោត​លើ​ពិ​ភព​លោក​។  ក្នុង​ន័យ​នេះ​  គេគួរធ្វើ​ការ​ពិចារណា ជាមួយ​ប្រទេសបីដូចខាងក្រោម។
 
ប្រទេសអាហ្វហ្គានីស្ថាន 

អាហ្វហ្គានីស្ថានបានធ្វើការបោះឆ្នោតប្រធានាធិបតី និងក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ថ្មីៗ ​នៅ​ថ្ងៃ​ទី៥ ខែមេសា។ គេ​បាន​ចាំ​ថា​នៅ​ការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០៩ មានអ្នក​សង្កេត​ការណ៍​អន្តរ​ជាតិជាង ១០០០ នាក់ ចូលរួម ។ ប៉ុន្តែ​ នៅឆ្នាំ២០១៤​ នេះ គេ​សង្កេត​ឃើញ​ថា ​សឹងតែគ្មាន​អ្នក​សង្កេត​ការណ៍ម្នាក់​ទាល់​តែ​សោះ ​ព្រោះពួក​គេ​ភាគច្រើន​​ភ័យខ្លាច​​ការ​វាយ​ប្រហារ​     ​​ពីសំណាក់​កង​ឈ្លប  ដែលប្រឆាំងនឹង​ការបោះឆ្នោត។

វិទ្យាស្ថានប្រជាធិបតេយ្យជាតិរបស់សហរដ្ឋអាមេរិក​ (NDI) បានដកបុគ្គលិកអន្តរជាតិ របស់ខ្លួន ទាំង​​​​អស់ ដោយ​ទុក​តែ​បុគ្គលិក​​ក្នុងស្រុកប្រមាណ៨០ទៅ ១០០ នាក់ ប៉ុណ្ណោះ​  ​ដើម្បីពិនិត្យ​តាមដាន​ ​ខេត្ត​ចំនួន៨​ ។​  រីឯ​វិទ្យាស្ថាន​សាធារ​ណរដ្ឋ​អន្តរជាតិ (IRI) គ្មានអ្នកតាមដានឡើយ។ អង្គការ​បណ្តាញ​​​ អាស៊ី​សំរាប់​ការ​បោះឆ្នោតដោយសេរី (Asian​ Network for Free Elections) បាន​ប្រកាសថា  ខ្លួនបាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍ ចំនួនតែ ៧ ឬ ៨ នាក់ប៉ុណ្ណោះ ដែល​ពួក​គេ​ទាំងអស់សុទ្ធ តែស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី ។ អង្គការមូលនិធិអន្តរជាតិសំរាប់ប្រព័ន្ធបោះឆ្នោតមួយ​ទៀត (International Foundation for Electoral Systems) ដែលតាំងពីឆ្នាំ២០០២​ មក​​  បានជួយ​បណ្តុះបណ្តាលខាងការ​ចុះបញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត និងជំនាញខាង​ការងារ​នៅ​ស្ថានីយ​បោះ​ឆ្នោត  ក៏បានរាយការណ៍ថា  ខ្លួន​បានជម្លៀស​ទី​ប្រឹក្សា​​ទាំ​ង​​អស់ ចេញពី​អាហ្វហ្គានីស្ថាន​​​​ មុនកាល​បោះ​​ឆ្នោតទៅទៀត។ អង្គការលទ្ធិ​ប្រជាធិប​តេយ្យ​អន្តរជាតិ (Democracy International) បាន​និយាយថា  ខ្លួនបានរក្សាទុក​អ្នកសង្កេតការណ៍ចំនួន ១៦នាក់​  នៅ​អាហ្វហ្គានីស្ថាន ប៉ុន្តែ​​ពួក​​គេ​នឹង​សម្ងំ​ក្នុង​ផ្ទះ  មិនចេញទៅក្រៅ  នៅថ្ងៃបោះឆ្នោតទេ។

ក្រុមអង្គការ​មួយទៀត  ដែលមានសមាជិក១៥នាក់​​ ឈ្មោះអង្គការសំរាប់សន្តិសុខ និង​សហ​​ប្រតិ​បត្តិ​​ការនៅអឺរ៉ុប (Organisation for Security and Cooperation in Europe) ក៏ត្រូវបាន​កាត់​បន្ថយ​មនុស្ស​មក​នៅ​ត្រឹម៧នាក់ បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ពី​ក្រុម​ឈ្លប​​  ដោយបាន​សំ​លាប់​អ្នកសង្កេត​ការណ៍​បោះ​ឆ្នោតមួយរូប។ រីឯសហភាពអឺរ៉ុបក៏បានបញ្ជូនអ្នកសង្កេតការណ៍ ១៦នាក់​ដែរ ប៉ុន្តែប្រធាន​ក្រុម​នេះបានប្រកាសថាពួកគេនឹងមិន​ចេញក្រៅ​  នៅថ្ងៃបោះឆ្នោតទេ ។
សូម្បី​​តែបណ្តាញសារព័ត៌មានអន្តរជាតិ  ភាគច្រើនក៏​​មិន​បាន​បញ្ជូន​អ្នកយកព័ត៌មាន​​របស់​ខ្លួន​ចេញដែរ​ ម្យ៉ាង​ដោយ​ភ័យ​ខ្លាច​ការវាយប្រហារ តែម្យ៉ាង​​ទៀត រវល់​ផ្តោត​លើ​បញ្ហានៅ ​ស៊ីរី និង​អ៊ុយក្រែន។

ក្រុម​​​បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថាន (United Nations Assistance Mission in Afghanistan) បានប្រកាសថា ការពិនិត្យតាមដានការ​បោះ​ឆ្នោត​ ត្រូវ​ពឹង “ទាំងស្រុង” លើ​អ្នក​សង្កេត​ការណ៍ក្នុងស្រុក ។ ប៉ុន្តែទោះបីចំនួនអ្នកសង្កេតការណ៍​អាហ្វហ្គានីស្ថាន​ត្រូវបាន​រាយ​ការណ៍​ថាមានគ្នាជាង ២០០.០០០ នាក់ក្តី ក៏គេដឹងថា​ ពួកគេភាគច្រើនមិន​មាន​អព្យាក្រិតភាព​ឡើយ  ភាគ​ច្រើន ​ទោះជា​ផ្លូវការ ឬមិន​ផ្លូវការក្តី​​ ក៏ពួក​គេ​បាន​គាំទ្រគណបក្ស ឬ បេក្ខជន​ណាមួយរួច​ទៅ​ហើយ​។

មានប្រមាណតែ ១ភាគ៣ នៃពលរដ្ឋអាហ្វហ្គានីស្ថានប៉ុណ្ណោះ ដែលបានបោះ​ឆ្នោត គឺ​ជា​ស្រ្តី។ អង្គការ​វេទិកា​បោះ​ឆ្នោត​​ដោយ​​សេរី និងត្រឹមត្រូវនៅអាហ្វហ្គានីស្ថាន (Free and Fair Election Forum of Afghanistan -FEFA) បាន​រាយ​ការណ៍​នៅមុនការបោះឆ្នោតថា ស្រ្តីក៏​បាន​ប្រឈមមុខជាមួយ​ឩបសគ្គ​ជាច្រើន​ក្នុងការ​ឈរ​ឈ្មោះជាបេក្ខជន ។ ក្នុង​ចំណោម​​បេក្ខជន​ក្រុម​ប្រឹក្សា​ខេត្ត​​ ចំនួន២៧២នាក់  ដែល​ពួក​គេបានសម្ភាសន៍នោះ គឺមាន​បេក្ខជនចំនួន ៦៧នាក់ បាន​និយាយ​ថា ពួកគេត្រូវបានសំឡុតបំភ័យ​ តាម​រយៈ  «ការ​គំរាម​តាមទូរស័ព្ទ និងចោលអក្សរពេល​យប់​​ដោយ​សមា-​ជិក​​សភា  ឬសមាជិកក្រុមប្រឹក្សាខេត្ត និង​ក្រុម​បះ​បោរ​មួយ​ចំនួន ព្រមទាំង​ឮការថ្លែង​សុន្ទរកថា ស្អប់ខ្ពើម និងការ​ទេសនា​អវិជ្ជមាន​ពីក្រុម Mullahs និង​ព្រឹទ្ធា​ចារ្យ​កុល​សម្ព័ន្ធ ឬអភិបាល​ស្រុក និង ក្រុមប្រដាប់អាវុធខុសច្បាប់​  មួយចំនួនទៀត ផង» ។  ស្រ្តីជាបេក្ខ​ជន​បានរាយការណ៍ថា​  បុគ្គលិក​គណៈកម្មាធិការបោះឆ្នោតខ្លះបានរើសអើងបេក្ខជន  “ដោយ​សារ​ភេទ​ ពូជសាសន៍ តំបន់ និងបក្ស​នយោបាយខុសគ្នា”។

របាយ​ការណ៍ទីពីរ មុនការបោះឆ្នោត របស់អង្គ​ការ​ FEFA បានរិះគន់គណៈកម្មាធិការបោះ​ឆ្នោត​​ថាខ្វះ​សកម្មភាព​អប់រំ​អ្នក​បោះឆ្នោត  ធ្វើឲ្យស្រុកជាច្រើន  ​ «មាន​កម្រិត​យល់​ដឹង​ទាប​ពេក​​​  ពី​​​ដំណើរ​​ការ​​​បោះឆ្នោត និងពេលវេលាបោះឆ្នោត» ។  FEFA  ក៏បានកត់សំគាល់ថា ការ​រំលោភ​ច្បាប់​បោះឆ្នោត  ប្រមាណ ៥៦% ជាបេក្ខជនដែល​បាន​​ប្រើ​ប្រាស់ធន​ធាន​របស់​​រដ្ឋ ។ អង្គការនេះ​បាន​ធ្វើ​ការ​សង្កេត​លើយុទ្ធនាការបោះឆ្នោតចំនួន១២៣ព្រឹត្តិការណ៍ ហើយបានកត់សំគាល់ថា​មាន​ “ការ​​រំលោភ​​​ច្បាប់​បោះ​ឆ្នោត  ដូចជា :  ការគំរាមកំហែង ការប្រើបំពានធនធានរដ្ឋ និងការធ្វើ​យុទ្ធ-​នាការ​​អវិជ្ជ​​មាន មាន​ចំនួន២៦ករណី”។ (ព័ត៌មានខាងលើនេះ អាច​រក​នៅគេហ​ទំ​ព័រ : http://wwwafghanistan-analysts.org/under-fire-the-status-of-the-2014-election-observation)

អ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៨% បានចេញទៅបោះឆ្នោត នៅ​ថ្ងៃ​ទី៥​ខែ​មេសា​កន្លង​ទៅ​នេះ​។ បន្ទាប់​ពីថ្ងៃ​បោះ​ឆ្នោត​ហើយ​ គេនាំ​បំភ្លេចចោលនូវ​បញ្ហា និងរឿង​រ៉ាវអ្វី​ៗ​ទាំងអស់ ។ លោក​ ប្រធា​នាធិបតី​អាមេរិក Barack Obama បាន​សរ​សើ​​រ​​ការបោះឆ្នោតនេះ​ បាន​និយាយថា «ការបោះ​ឆ្នោត​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តដ៏​សំខាន់​​មួយ​ទៀត​ ដែល​ប្រ​ជា​​ជន​​អាហ្វហ្គានីស្ថាន បាន​ទទួល​ខុស​ត្រូវទាំងស្រុង​ ចំពោះ​វាសនា​ប្រទេសរបស់ខ្លួន ខណៈ​ដែល​សហរដ្ឋអាមេរិក និងដៃ​គូ​របស់​យើង​បានកាត់បន្ថយកងកំលាំងទ័ព...។​ ការ​បោះ​​ឆ្នោតនេះ  ​មាន​សារៈសំខាន់យ៉ាងខ្លាំង  ក្នុង​ការ​ពង្រឹង​​អនា​គត ប្រជាធិបតេយ្យ របស់អាហ្វហ្គានី​ស្ថាន...»

លោក​ William Hague រដ្ឋមន្រ្តីការបរទេសអង់គ្លេស ក៏​បានថ្លែង​ដែរ​ថា «នេះគឺជាសមិទ្ធ​ផល​ដ៏មហិមាសំរាប់​ប្រជា​ពល​រដ្ឋ​អាហ្វហ្គានីស្ថាន ដែលមានអ្នកបោះឆ្នោតយ៉ាង​ច្រើន  ទាំងបុរស  ​ទាំង ស្រ្តី​​  ទាំង​ក្មេង  ទាំងចាស់ បាន​ចេញ​មក​បោះ​ឆ្នោត...» ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  បានចេញសេចក្តីថ្លែងការណ៍ក្តែងៗ ពោរពេញ​ដោយ​ការសរសើរថា «សមា​ជិក​ក្រុមប្រឹក្សាសន្តិសុខសូមអបអរសាទរ ចំ​ពោះកិច្ចប្រឹងប្រែងនៃ​ការ​​ដឹក​នាំ​​​​របស់ប្រជាពល​រដ្ឋ​​អាហ្វហ្គានីស្ថាន ក្នុង​ការ​រៀប​ចំ និងធ្វើការបោះឆ្នោត និងសូម​ទទួល​ស្គាល់​តួនាទី​​ដ៏​សំខាន់ របស់ស្ថាប័នបោះឆ្នោតរបស់អាហ្វហ្គានី​ស្ថាន...ព្រមទាំងការគាំ​ទ្រ​​ ពីបណ្តាដៃ​គូ​ អន្តរ​ជាតិ ផងដែរ...»។

មន្រ្តីមកពីសហភាពអឺរ៉ុប ឥណ្ឌា កាណាដា និងអង្គការអូតង់ និងប្រទេសមួយចំនួនទៀត ក៏មាន​ការ​អបអរ​សាទរ​ប្រហាក់​ប្រហែលគ្នានេះដែរ។

ប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់ក៏​បាន​ធ្វើការបោះឆ្នោតសកល​នៅថ្ងៃទី៣០ ខែមេសា កន្លង​ទៅ​នេះ​ដែរ ក្នុង​នោះ  ​មាន​អ្នកមានសិទ្ធិ​បោះឆ្នោតចំនួន ៦០% បានចេញទៅបោះឆ្នោត ។ គេបាន​សង្កេត​ឃើញ​ថា​  ចាប់​តាំង​ពី​ដើម​ឆ្នាំ​សកល​២០១៤  មក​ទល់​អំឡុញ​ថ្ងៃ​បោះ​ឆ្នោត  ប្រជា​ពល​​រដ្ឋអ៊ីរ៉ាក់ប្រមាណ ១០០០ នាក់​ក្នុ​ង​មួយ​ខែៗ ​ត្រូវបានស្លាប់ដោយ​អំពើហិង្សានយោបាយ ។ ខ្ញុំមិន​ដឹង​​ថា​ តើនៅប្រ​ទេស​អ៊ីរ៉ាក់​ មាន​វត្តមាន​​អ្នកសង្កេត​ការណ៍​អន្តរជាតិ ច្រើន​ប៉ុណ្ណានៅពេល​បោះឆ្នោត ។ ខ្ញុំ​ពិត​ជាគ្មាន​ឯកសារ​យោង សំរាប់​តួលេខនេះសោះ។

បន្ទាប់ពីបាន​ចេញ​ពី​ការិ​យា​ល័យ​បោះសន្លឹកឆ្នោត លោកនាយករដ្ឋមន្រ្តី Nouri al-Maliki បាន​ប្រកាសថា : «...​យើង​ពិតជា​ធា​នា​​បានជ័យជំនះ ប៉ុន្តែ​យើង​នៅ​រង់​ចាំ​​កំណត់​ ថា​តើ​ជ័យ​ជំនះ​នោះមាន​ទំហំ​ធំ​​ប៉ុណ្ណា ។»

និ​យាយ​​យ៉ាង​នេះ​គឺលោក Maliki ច្បាស់​ជា​មានហេតុផលសំអាង​សំរាប់ជំនឿទុកចិត្ត : ឯកសារ​ច្បាស់  បានបង្ហាញពី​លទ្ធផល​​ដែល​ឈ្នះ  ​ទោះបីបើ​​​អ្នក​បោះ​ឆ្នោត​ភាគ​ច្រើន  ​បាន​បោះ​​ឲ្យអ្នកផ្សេងក៏​ដោយ។  កាលពីខែធ្នូ ឆ្នាំ២០០៥ មាន​ការបោះ​​ឆ្នោត​សភា​ បានផ្តល់​សំលេង​ភាគ​ច្រើន​ទៅ​គណបក្ស United Iraqi Alliance ហើយ​បានតែងតាំងលោក Ibrahim al-Jaafari ជា​នាយក​រដ្ឋ​មន្រ្តី។ ក៏ប៉ុន្តែ ការបែកបាក់ផ្ទៃក្នុង​របស់បក្ស បានបង្ខំលោក al-Jaafari ចេញពីតំណែង ក្នុង​ខែ​មេសា ឆ្នាំ២០០៦។ បន្ទាប់ពីបេក្ខជនឈានមុខចំនួន៤រូប ​ត្រូវ​បាន​សម្ភាសន៍ដោយ CIA ហើយ​មក​ ឯកអគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក ក៏​បានសំរេចអនុម័តយកលោក Maliki ​លើកបន្តុប​ជា​នាយករដ្ឋមន្រ្តី។

ក្នុងខែមិថុនាឆ្នាំដដែល គណៈកម្មាធិការអន្តរជាតិការពារអ្នកសារព័ត៌មាន (International Committee to Protect Journalists) បានសរសេរលិខិតទៅកាន់ លោក Maliki ដោយ «ត្អូញ​ត្អែរ​​ពី​ការរឹតត្បិតគួរឲ្យព្រួយបារម្ភ ​ពី​សំណាក់​រដ្ឋា​ភិបាល​លើអ្នកសារព័ត៌មាន»​ និង​ «ការដាក់ឃុំ​ឃាំង​​  សំ​ឡុត​បំភ័យ និងការត្រួតពិនិត្យពិច័យលើអ្នកកាសែត»​ ។ ជា​ឆ្លើយ​តប​វិញ  នៅ​ខែ​សីហា លោក Maliki ​ ដោយហាមឃាត់ស្ថានីយទូរទស្សន៍មិនឲ្យចាក់ផ្សាយការបង្ហូរ​ឈាមនៅ​ក្នុង​ប្រទេស ​​​។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល ​ឆ្នាំ២០១០ គណបក្ស​របស់លោក Maliki​ បាន​ស្ថិត​ក្នុង​លំដាប់​ទី​​២ ។ មិនមាន​បញ្ហាអ្វី​ដែល​គេ​​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ : ​ការ​ចរចាគ្នា​​នៅ​​ក្រៅ​ឆាកបាន​​ប្រើ​ពេល​អស់​ជាង៩ខែ ទី​បំផុត ​គេ​បាន​យល់​ព្រម​គ្នា​ថា លោក Maliki គួរតែ​បន្ត​ការ​ងារ​តទៅ​ទៀត។ រយៈ​ពេល​២ខែ​ក្រោយ​មក​ មាន​អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ប្រកាសថា ដើម្បី​លើក​កំពស់​ប្រជាធិបតេយ្យ លោក Maliki នឹង​មិន​ឈរ​ជា​បេក្ខ​ជន​នៅ​ក្នុង​ការ​បោះឆ្នោតឆ្នាំ ២០១៤ ទៀត​ទេ (តែ​ពេល​នេះ​គាត់​បាន​ផ្លាស់​ប្តូរ​​ចិត្ត​ទៅ​ហើយ​)។

នៅក្នុង​​សារព័ត៌​មាន Guardian ផ្សាយថ្ងៃទី ៣០ ខែ​មេសា លោក Martin Chulov បាន​រាយ​ការណ៍ ថា «ទោះជាលោក Maliki​​  ក្តី ឬ​ក៏​បេក្ខ​ជនណា​​ផ្សេង​ទៀត​​ក្តី​ ក៏​គ្មាន​នរ​ណា​គេ​ទៅ​ចំ​ណាយ​ពេល​ច្រើ​នពេក   ​​ធ្វើ​យុទ្ធ​នា​ការ​​ឃោស​នា​ ដើម្បី​បង្កើត​​គុណ​សម្បត្តិ​នៃ​ការ​គ្រប់​គ្រង​របស់​ពួក​គេ ​​ជា​មួយនឹង​ម្ចាស់​​ឆ្នោត​ដែល​កំពុង​តែ​​​ព្រួយ​បារម្ភ​នឹងសង្គ្រាមនោះ​ទេ​ ​។ លោក​ Chulov បានសរសេរ​ទៀត​ថា «ដោយ​សារ​​ការ​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​រួច​​ទៅ​ហើយ​  ចាប់​តាំង​ពី​ការ​ទម្លាក់​​លោក Saddam Hussein កាលពី១១ឆ្នាំ​មុន នោះ ដែល​​ចាប់​ពី​ពេល​នោះមក​  ពួកនិកាយ​​ស្សីអាស (Shi’ah)​​​  ដែល​ជា​ជន​ជាតិភាគ​ច្រើន គ្រប់​​គ្រង​​​ប្រទេស​អ៊ីរ៉ាក់​នោះ ប្រជាជន​អ៊ីរ៉ាក់​និកាយសាន់នី (Sunni) បាន​អះ​អាង​ថា ការ​បោះឆ្នោត​នេះ​បរាជ័យ ក្នុង​ការ​ដាក់​បញ្ចូល​ពួក​គេ​ឲ្យ​ចូល​ក្នុង​គណ:នយោ​បាយ​ ឬ​ការ​ចែក​រំលែក​អំណាច ឡើង​វិញ»។ សហគមន៍​និកាយសាន់នី នៅ​ខេត្តអាន់បារ និង​នៅ​បណ្តា​ខេត្ត​ខ្លះ​ទៀត  ​នៅ​ភាគ​ខាង​ត្បូង​ទី​ក្រុងបាកដាត បាន​និយាយថា ក្រុមដឹកនាំយោធា​និកាយស្សីអាសនៃ​ប្រទេស​អ៊ីរ៉ាក់​​ពុំសូវ​​ធ្វើ​ការ​បែង​ចែក​ភាពប្លែកគ្នា ​រវាង​ពួក​គេ ​និង​ពួក​បះ​បោរ នោះទេ ។ ការ​បង្ក្រាបទៅ​លើ​បាតុករ​ស៊ីវិល​ ​នៅ​ក្នុង​ខេត្ត​អាន់បារ ដែល​​ដឹកនាំ​ដោយ​លោក Maliki កាល​ពី​ខែ​ធ្នូមុន ​​កាន់តែ​ធ្វើ​ឲ្យពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ថែម​ទៀត។

លោក Ali Mansour ជាអ្នក​ស្រុក​ម្នាក់​នៅ​តំបន់រ៉ាម៉ាឌី បាន​និយាយថា «“តើ​អ្វី​ទៅជាគោល​បំណង​​​នៃ​ការ​បោះ​ឆ្នោត?” “អ្វី​ទាំង​អស់​ដែល​យើង​កំពុង​ធ្វើ​ គឺ​យើង​កំពុង​​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យលោក​​Maliki ។ គាត់​កំពុងបង្ហាញឲ្យច្បាស់​​ថា ប្រទេស​នឹងត្រូវ​​ពុះ​ជ្រៀក​ជា​ចម្រៀកៗ”»​ ជាពុំខាន។

លោក John Kerry រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក  ​ (ដែល​មិន​បាន​រស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នោះ) មិន​បាន​យល់​ស្របយ៉ាង​​នោះ​ទេ។ លោក Kerry បាន​និយាយថា តាម​រយៈ​ការទៅ​​បោះ​ឆ្នោត ប្រជាជន​អ៊ីរ៉ាក់​​បាន​បញ្ជូន​សារ «​ដ៏មានឥទ្ធិ​ពល​មួយ ​ទៅ​កាន់ពួក​ប្រកាន់​ហឹង្សា​ជ្រុ​ល​និយម  ​​ដែល​​​តែង​តែ​ព្យា​យាម​​បង្អាក់​ដំណើរ​​ការ​ប្រជា​ធិបតេយ្យ​​  និង​ការ​សាប​ព្រោះ​​នូវ​ភាព​ខ្វែង​​គំនិត​​គ្នា​​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​​នៅ​ក្នុង​តំបន់ទាំងមូល​»។

(នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ លោក Osma al-Nujefi ប្រធានសភា​អ៊ីរ៉ាក់​   បាន​ប្រាប់ ​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក ​​នូវ​ការ​ព្រួយ​បារម្ភ​របស់​លោក  អំពី​ចំនួន​នៃ​ការ​តវ៉ា​យ៉ាង​ច្រើន​ ដែលទាក់ទង​នឹង​ការ​ចាត់​ចែង​ខុសលើ​ហិប​ឆ្នោត។ លោក Nujefi ក៏​បាន​និយាយទៀត​ថា កម្លាំង​សន្តិសុខ​បាន​រារាំង​​អ្នក​សង្កេត​ការណ៍​មិន​ឲ្យ​ចូល​​​ស្ថានីយ​បោះ​ឆ្នោត​មួយ​ចំនួន)

ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជា​ជាតិ​បាន​គាំទ្រ លោក Kerry ក្នុង​ការ​សាទរនេះ​ដែរ​ បាន​​​ថ្លែង​ថា​ «សមាជិក​​ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​ស្វាគមន៍​ការ​បោះ​ឆ្នោត​សភាតំណាង​រាស្រ្ត​​នៅ​​អ៊ីរ៉ាក់​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​​ថ្ងៃទី៣០ ខែ​មេសា ហើយ​បាន​សរសើ​រ​ប្រជាជន​អ៊ីរ៉ាក់​​ចំពោះ​​ការ​បង្ហាញ​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ ​​ដល់​ដំណើ​រការ​នយោ​បាយ ប្រកប​ដោយភាព  ​​​​ «ស្ងប់ស្ងាត់​​  បរិ​យា​បន័្ន​   និង ​ប្រជា​ធិបតេយ្យ» ។

(ព័ត៌​មាន​សម្រាប់​អ្នក​ដែល​មិនធ្លាប់​អាន​ភា​សា​ដោះ​ដៃ​របស់​អ្នក​ការ​ទូតនោះ​​គឺ :សេច​ក្តីថ្លែង​​ ការណ៍​​ ​មិនបាន ​និយាយថា ការ​បោះ​ឆ្នោត​នៅ​អ៊ីរ៉ាក់​​ មានលក្ខណៈ​ «ស្ងប់ស្ងាត់​​   បរិយាបន័្ន​   និង ​ប្រជា​ធិបតេយ្យ» នោះ​ទេ ។ សេ​ច​ក្តី​ថ្លែង​ការណ៍​ គ្រាន់​តែ ​លើក​ឡើងថា សកម្មភាព​នៃ​ការ​បោះ​ឆ្នោត​នោះ  ​បាន​បង្ហាញ​ថា  ការ​​​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​​គឺចង់​បានដំណើ​រការ​នយោ​បាយ​​​ បាន​ប្រព្រឹត្ត​ទៅតាម​លំ​អាន ​ «ស្ងប់ស្ងាត់​​ បរិយាបន័្ន​ ​និង ប្រជា​ធិបតេយ្យ» ប៉ុណ្ណោះ ។ ខ្ញុំ​សង្ឃឹម​ថាពួកគេ​​​នឹង​ទទួ​ល​អ្វី​​ដូច​បំណងដែល​គេ​ចង់​បាន​​ ​នៅ​ថ្ងៃណា​មួយ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែថា ក្រុម​ប្រឹក្សា​សន្តិ​សុខ​មានបំណង​សុំគេច​រួច​ខ្លួន​​ ប្រសិន​បើ​ លទ្ធ​ផល​បោះ​​ឆ្នោតត្រូវ​បាន​គេលាត​ត្រដាង​ថា​ ​​ត្រូវ​បាន​លួច​បន្លំ​ទៅវិញ) ។
 
នៅប្រទេស​កម្ពុជា
 
នៅ​ក្នុង​ការ​បោះឆ្នោតជ្រើស​តាំង​​សភា​តំណាង​រាស្រ្ត នៅ​កម្ពុជា​ កាល​ពី​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ ២០១៣ មាន​អ្នកចេញទៅ​​បោះ​ឆ្នោត​ជាង ៦៨% បាន​​ចូល​រួម (មាន​ចំនួន​ច្រើន​ជាង​​ប្រទេស​អាហ្គា​នីស្ថាន ឬនៅ​អ៊ីរ៉ាក់)​។ ការ​បោះ​ឆ្នោត​នេះ​​​មាន​ចំនួន​​អ្នក​សង្កេត​ការណ៍​​អន្តរជាតិ​បានចុះថយ​តិច​​ជាង​កាល​ពី​​​បោះ​ឆ្នោត​មុន​ៗ គឺមាន​តែចំនួន​២៩២នាក់ប៉ុណ្ណោះ​។ តាម​ការ​សន្និដ្ឋាន​ គឺដោយ​សារតែ​មាន​មូល​ហេតុ​ទីមួយគឺ​ ទំនុក​ចិត្ត​​ក្នុង​ចំណោម​​អ្នក​សង្កេតការ​​ណ៍មុន​ៗ ដែល​ថាការ​បោះ​ឆ្នោត​នេះ​បាន​រៀប​ចំ​ឡើង​​ដោយ​យុត្តិធម៌ហើយ ឬ​ក៏មូល​ហេតុ​ទី២ ថា​ ​ ​មេ​បក្ស​​ប្រឆាំង​ សម រង្ស៊ី បាន​ធ្វើយុទ្ធ​នាការ​យ៉ាង​ខ្លាំង​ក្លា ​ រាំងទប់​​ស្កាត់មិនឲ្យ​មាន​អ្នក​សង្កេត​ការ​ណ៍​អន្តរ​ជាតិ នៅក្នុងពេល​​បោះ​ឆ្នោត​ ។​  

ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ មាន​អ្នក​សង្កេត​ការ​ណ៍ក្នុង​ប្រ​ទេស​​យ៉ាង​ច្រើនសម្បើម។ ទី​មួយ :​ មាន​តំណាងគណបក្ស​នយោ​បាយ ​​ដែល​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ។ ក្នុង​នោះ  គណៈកម្មការ​រៀបចំការ​បោះ​ឆ្នោត​  បាន​ទទួល​ស្គាល់​តំណាងពី​គណបក្ស​សង្គ្រោះ​ជាតិ​  ចំនួន ១៨.០១២រូប រួម​​ជាមួយ​នឹង​តំណាង​មក​ពី​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​តូច​ៗ​​ផ្សេង​ៗ​ទៀត  ​ចំនួន ១៤.៨៣៩ រូប។ ក្រោយ​មក​ តប​តាម​ការ​ស្នើ​សុំ​របស់​បក្ស​ប្រ​ឆាំង​​ គណៈកម្មការ​បោះ​ឆ្នោត​បាន​បន្ថែម​​អ្នក​សង្កេត​ការ​ណ៍​ចំនួន ៩.៩៣១រូប​ ​មក​ពី​គណបក្ស​សមរង្ស៊ី ​និង​ ៤.៧៨០រូប​ទៀត​ មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ទោះ​បីជា​គណកប្ស​ទាំង​ពី​រ​នោះ​​ កើត​មាន​​មុន​ច្របាច់​បញ្ចូល​គ្នា​​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ក៏​ដោយ។ ជា​សរុប​ គណបក្ស​ប្រឆាំងមាន​អ្នក​សង្កេត​ការ​ជិត ៣៣.០០០រូប ​រាយទៅ​​​តាម​ស្ថានីយ៍​បោះឆ្នោត​ចំនួន ១៩.០០០កន្លែង រួច​ទៅ​ហើយ ។ លើស​ពី​​នេះ​ទៅ​ទៀត មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ដែល​ពួក​គេ​ភាគ​ច្រើន តែង​តែ​​បញ្ចេញ​ភាព​ប្រទូស​រ៉ាយ​ជា​មួយ​នឹង​គណបក្ស​កាន់​អំណាច ពួក​គេ​បា​នពង្រាយ​​អ្នក​សង្កេតការ​ណ៍ជាង ៤០.០០០រូប ​ជា​មធ្យមភាគ​ គឺ​ច្រើន​ជាង​២រូប ​សម្រាប់​ស្ថានីយបោះ​ឆ្នោត​មួយៗ។

អ្នក​សង្កេតការ​ណ៍ទាំង​អស់​នោះ ក៏​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​  នៅ​​ពេល​រាប់​សន្លឹក​​ឆ្នោតផង​ដែរ ។ នៅ​គ្រប់​ស្ថានីយបោះ​ឆ្នោត​នីមួយ​ៗ អ្នក​សង្កេតការ​ណ៍គ្រប់​រូប​ បាន​ចុះ​ហត្ថលេខា​លើ​​ទម្រង់​ផ្លូវ​ការ  ​​ដែល​បញ្ជាក់​ថា សន្លឹក​ឆ្នោត​នោះ​ត្រូវ​បាន​រាប់ ​និង​ធ្វើ​កំណត់​ហេតុ​ត្រឹម​ត្រូវ។ នៅ​គ្រប់​ជំហាន ទាំង​ការប្រមូល​​សន្លឹក​ឆ្នោត ទាំងការ​បូក​សរុបសន្លឹក​ឆ្នោត ក៏​ត្រូវ​បាន​សង្កេត និង​យល់​​ព្រម​​ពី​​អ្នក​សង្កេត​ការណ៍​ឯក​រាជ្យ​ ឬ​ក៏ក្រុមអ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង ទាំងអស់​ផង​​​ដែរ។

ប៉ុន្តែ ហាក់​ដូច​ជាចម្លែក​ ខ្ញុំ​​មិន​បាន​​ចង​ចាំ​​ថាតើ សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប ឬ​ក៏​អង្គការ​សហ​ប្រជា​ជាតិ​​​​ មានបាន​​ចេញសេច​ក្តី​ថ្លែង​​ការណ៍​ ​ទទួល​ស្គាល់​​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែរ​ឬទេ? ខ្ញុំ​គិត​ថា លោក​អនុរដ្ឋ​មន្ត្រី​របស់ លោក​​ Obama លំដាប់​លេខ៣ ទទួលបន្ទុកកិច្ចការដឹកនាំ​មិន​ត្រឹម​ត្រូវលើ​អា​ណា​និគម​ ប្រហែល​ជា​បាន​បង្ហាញ​ថា ចៅ​ហ្វាយ​របស់​លោក សប្បាយ​ចិត្ត​ ដែល​ថា មិន​មាន​មនុស្ស​​ស្លាប់ច្រើន​ ​នៅ​ថ្ងៃ​បោះឆ្នោត​។ (ហើយ​សេចក្តី​ថ្លែងការ​ណ៍​នោះ ក៏​​មិន​បាន​លើក​ឡើងពី ចំនួន​ករណីនៃ​អំពើ​ហិង្សា​នៅ​ថ្ងៃ​បោះ​ឆ្នោត ដែល​​បាន​បង្ក​ឡើង​ដោយ​អ្នក​គាំទ្រ​​បក្ស​ប្រឆាំង ​នោះ​ទេ)។

មេបក្ស​ប្រឆាំងនៅ​កម្ពុជា កំ​ពុង​​បន្ត​ដើរ​ក្រឡឹង​ ពេញពិភព​លោក​ ឡាំប៉ាប្រាប់​​អ្នក​នយោ​បាយ​បរទេស​ ​​(ពិសេស​អ្នកស្រួលបោក)​ មួយ​ចំនួន​ថា ពួក​បក្ស​ប្រ​ឆាំង​​ត្រូវ​បាន​គេ​លួច​បន្លំឆក់​យក​​ជ័យ​ជំនះ​ ប៉ុន្តែ​មេ​បក្ស​ប្រ​ឆាំង​​ពុំ​បាន​លើក​ឡើងលំអិត​ប្រាប់គេ ពី​​ទី​តាំងដែល​បក្សប្រឆាំង​​គិត​ថា អ្នក​​តំណាង​​របស់​​ពួក​​គេ​​បាន​ចុះ​ហត្ថលេខាលើបញ្ជី​បូក​សរុប​សន្លឹក​ឆ្នោតដែល​ថា​​មិន​ត្រឹម​ត្រូវនោះ​ទេ ។​
 
តើ​យើងគួរ​​សន្និដ្ឋាន​យ៉ាងដូចម្តេច​?
 
ដោយ​យោងតាម​ស្តង់​ដារប្លែក​​ៗ​គ្នា​ ដែល​​រដ្ឋាភិបាល​មួយ​ចំ​នួន កំពុង​​​យក​ទៅអនុវត្ត​លើ​ការ​បោះ​ឆ្នោត​​នៅ​បណ្តា​ប្រ​ទេស​នា​នា ​​ដូច​​កម្ពុជា​ជា​ដើមនោះ តើ​យើង​គួរ​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ដូច​ម្តេច​? ការ​សន្និដ្ឋាន​មួយ​អាច​ថា  មេដឹកនាំ​ប្រទេស​ទាំង​​នោះ   ដូច​ជា​មិន​ព្រួយ​បារម្ភ​ណាស់​ណា​ទេ   ពី​ប្រជា​ធិប​តេយ្យ​​​ ប៉ុន្តែ​អ្វី​ដែលសំខាន់​ជាង​នោះគឺថា​ តើ​​​រដ្ឋាភិបាលនៃ​​ប្រទេស​ក្រីក្រ​នា​នា​ ​​ដែល​ខិតខំ​រែកពុន​បាន​ល្អ​​ ឬមិន​បានល្អ ដើម្បីបំ​ពេញ​​បំណង​​​មេដឹកនាំ​នៃ​​ប្រទេស​អ្នក​មាន​ទាំង​នោះ  ពួក​​គេពេញចិត្តឬ​ទេ?
 
ដោយ Allen Myers

No comments:

Post a Comment