Monday, May 26, 2014

សម្តេច​​អគ្គ​​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ​នាំ​​យក​​ជំនួយ​ និង​កម្ចី ៩០០​លាន​យ័ន​​ពី​​ប្រទេស​​ចិន ដើម្បី​​អភិវឌ្ឍន៍​កម្ពុជា

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​បាន និង​ប្រតិភូជាន់​ខ្ពស់នៃ​រាជរដ្ឋាភិបាល​បានធ្វើមាតុភូមិនិវត្តមក​កាន់​ ព្រះរាជាណា​ចក្រ​កម្ពុជា​វិញ​ហើយ នៅ​វេលា​ម៉ោង១ និង​៣០នាទី រសៀលថ្ងៃទី២៥ខែឧសភា ឆ្នាំ​២០១៤ ដោយ​នាំ​មក​នូវ​ថវិកា​ដែល​ជា​ជំនួយឥត​សំណងចំនួន  ៧០០​លាន​យ័ន និងកំចី​ឥត​ការ​ប្រាក់ ២០០លាន​យ័ន បន្ថែម​ទៀត ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​រួម​ចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ប្រទេស​កម្ពុជា។

តាម​ការអញ្ជើញ​របស់​ឯកឧត្តម ​ស៊ី ជីន​ពីង​ (XI Jinping) ប្រធានា​ធិបតី​នៃ​សា​ធារ​ណ​រដ្ឋ​ប្រជាមា​និត​ចិន  សម្តេច​អគ្គ​មហាសេនា​បតីតេជោ​ ហ៊ុន សែន អម​ដោយ​ដោយ​សម្តេច​កិត្តិ​បណ្ឌិតព្រឹទ្ធ​បណ្ឌិត​ កាល​ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤កន្លង​ទៅនេះ​ បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅចូល​រួមកិច្ច​ប្រជុំ​កំពូល​លើក​ទី៤ ​នៃ​សន្និសីទ​អន្តរ​សកម្ម​​ភាព ​និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​ ​ក៏ដូចជាបន្ត​ទស្សនកិច្ចការងារ​នៅ​បណ្តា​​ខេត្ត​ និង​ជួប​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​មួយ​ចំនួន​ទៀត​នៅទី​ក្រុងសៀងហៃ ​នៃ​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​។

តាម​រយៈទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង ​ថា ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​នៅ​ឯ​ផ្ទះ​ភ្ញៀវ​រដ្ឋ​ក្នុង​ទីក្រុង​សៀង​ហៃ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន​បាន​មាន​ប្រសាសន៍​ថា “ចិន​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ”។ តាមរយៈ​នេះ​ឯកឧត្តម​ប្រធានាធិបតី​ចិន បាន​ផ្តល់នូវ​ជំនួយ​ឥត​សំណង់​ចំនួន ៧០០លាន​យ័ន និង​កម្ចី​ឥត​ការប្រាក់​ចំនួន ២០០លាន​យ័ន ​ដល់​ប្រទេស​កម្ពុជា ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត។

ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​សន្យា និង​ទទួល​ស្វាគមន៍​ជានិច្ច​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​កម្ពុជា ពិសេស​ស្រទាប់​យុវជន​កម្ពុជា​ក្នុងការ​មក​ទស្សន​កិច្ច​នៅក្នុង​ប្រទេស​ចិន សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឈាន​ដល់​ចំណុច ​កំពូល​ថ្មី​ថែម​ទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​គាំទ្រ​ឥត​សំចៃ​ដល់​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើង​វិញ​នោះ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ពិសេស​កំណើនសេដ្ឋកិច្ច​របស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញ​ពី​ការចូលរួម​វិភាគទាន​យ៉ាង​ធំធេង​ របស់ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន​ក្នុងការ​ផ្តល់នូវ​ជំនួយឥត​សំណង​ជំនួយ​គ្មាន​ការប្រាក់​ដល់ ​ការស្តារ និង​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើងវិញបាន​ឡើយ។

ដោយ​សារ​តែ​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ២០២៣ ខាង​មុខ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បានស្នើ​ដល់​ឯកឧត្តម ស៊ី ជិន​ពីង បន្ត​ជួយ​ផ្តល់នូវ​ជំនួយ​ឥត​សំណង និង​កម្ចី​ឥត​ការប្រាក់​ដល់​កម្ពុជា ដើម្បី​កសាង​ពហុកីឡាដ្ឋាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដទៃទៀត ដែល​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា​ឲ្យ​កាន់តែ​ រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​នោះ ព្រោះ​ការ​កសាង​នូវ​ទីលានកីឡា​នោះ គឺ​ពិត ជា​មាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ​ជំរុញ​លើកកម្ពស់​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ។

ឯកឧត្តម​ប្រធានាធិបតី​ចិន បាន​ទទួលយក​សំណើ​ដ៏​មាន​សារសំខាន់នោះ តាមរយៈ​ការបង្កើត​នូវ​ការ​ក្រុមការងារ​វាយតម្លៃ​នៃ​គម្រោង​នេះ។ ឯកឧត្តម​ប្រធានាធិបតីមានប្រសាសន៍​សង្កត់ធ្ងន់​ថា ចិន​នឹង​បន្ត​ខិតខំ​ជួយ​ដល់​កម្ពុជា​ជា​បន្ថែម​ទៅទៀត តាមរយៈ​ការជួយ​ទិញ​កសិផល​កសិកម្ម​ពី​កម្ពុជា និង​ការជំរុញ​ភ្ញៀវទេសចរ​ចិន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​មាន​ចំនួន​ច្រើនឡើង។

ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​មានប្រសាសន៍​ ចូលរួម​នូវ​ការអបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះ​ឆ្នោត​សកល កាលពី​ខែកក្កដា​ឆ្នាំ២០១៣ ដែល​គណបក្ស​​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត និង​បន្ត​ជោគជ័យ​នៅក្នុង​ការបោះ​ឆ្នោត​ក្រម​ប្រឹក្សា​រាជធានី ស្រុក ខណ្ឌ ខេត្ត នៅ​ថ្ងៃអាទិត្យ​ទី ១៨ ឧសភា​នេះ​ផងដែរ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​ព្រះករុណា​ ព្រះមហាក្សត្រ​ជា ទី​​​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​ឯកឧត្តម​ប្រធានាធិបតី ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន​ទាំងមូល​ផងដែរ។ ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​ ជុំវិញបញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ភាគី​ទាំងពីរ​មានការ​យកចិត្តទុកដាក់​ដូចគ្នា​នោះ។

ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​-​ចិន ​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​ឲ្យ កាន់​តែ​រឹងមាំ​ថែមទៀត ពោល​គឺ​បន្ទាប់ពី​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​បាន​ប្រកាស​ដាក់ចេញ​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​ ជ្រុងជ្រោយ​សម្រាប់​ប្រទេស​ទាំងពីរ​រួចមក​នោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុងឱកាសស្នាក់​នៅ​ក្នុង​ទីក្រុងសៀងហៃ សម្តេចតេជោ​និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ក៏បាន​អញ្ជើញ​​ទស្សន​កិច្ច​​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​រចនា​យន្ត​ហោះ នៅ​ទីក្រុង​សៀង​ហៃ ​និង​បាន​ជួប​ជា​មួយ​ប្រធាន​ក្រុម​ហ៊ុន​ឆាយ​ណា ​ហ៊ួណាន ​គ្រុប ​ដែល​កំពុង​វិនិយោគ​លើ​គម្រោង​កសាង​វារី​អគ្គិ​សនី ​សេសាន​ពីរ​, ​ជួប​ជា​មួយ​លេ​ខាធិការ​នៃ​គណៈ​កម្មាធិការ​ច្បាប់ ​និង​នយោបាយ​នៃ​មជ្ឈិម​បក្សកុម្មុយ​នីសចិន​,អញ្ជើញ​ទស្សនា​បទ​បង្ហាញ​ ស្តីពី បទពិសោធន៍របស់ប្រទេសចិន ក្នុង​ការកែទម្រង់ និង​វិមជ្ឈ​ការដែល​​ឧទ្ទេសនាមដោយអនុរដ្ឋមន្រ្តី គណៈ​ទាក់​ទងអន្តរជាតិ នៃ​គណៈ​កម្មាធិការកណ្តាលបក្ស​កុម្មុយនីស្តចិន និងថ្នាក់ដឹកនាំ​ចិន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត។

នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ​២០១៤ សម្តេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈ​ប្រតិភូ​បាន​អញ្ជើញ​ចាកចេញ​ពីទីក្រុង​សៀង​ហៃ ក្នុងដំណើរ​បន្ត​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅ​ក្រុងហាំងចូវ ខេត្ត​ចឺជាំង និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកអនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈឹម​បក្ស ​កុំម្មុយនីស្ត​ចិន ខេត្ត​ចឺជាំង​ និង​ថ្នាក់ដឹកនាំ​ដទៃទៀត៕.












No comments:

Post a Comment