នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច និងពិធីចុះហត្ថលេខាសាងសង់មហាវិទ្យាល័យសិក្សាអ៊ីស្លាមមួយនៅក្នុងខេត្តត្បូងឃ្មុំ។
លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នករៀបចំសន្និសីទ្ធបានឲ្យដឹងថា សន្និសីទ្ធអន្តរជាតិដែលរៀបចំឡើងក្រោមប្រធានបទ អភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ដែលមានភ្ញៀវចំនួន ២០០នាក់ចូលរួម ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៥០រូប រួមមាន តំណាងទូតគុយវែត និងម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងតំណាងអង្គការអ៊ីស្លាមអន្តរជាតិផ្សេងទៀតផងនោះ មានគោលបំណងសំខាន់៣ចំណុច គឺ៖
ទី១, ធ្វើការសិក្សាពីកត្តាដែលនាំឲ្យមានបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាម ទាំងផ្នែកអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច។
ទី២, ពិគ្រោះរកយុទ្ធសាស្ត្រដើម្បីកំណត់នូវភាពខ្លាំង និងឱកាសសម្រាប់អភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ីស្លាមប្រកបដោយស្ថិរភាព និងនិរន្តរភាព។
ទី៣, បង្កើតនូវបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិជាដៃគូ ក្នុងការស្វែងរកយុត្តិសាស្ត្រ ដើម្បីអភិវឌ្ឍន៍សហគមន៍អ៊ីស្លាម និងប្រទេសជាតិទាំងមូលដោយ ចាត់ទុកសន្និសិទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ជាវេទិការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗដើម្បីធ្វើឲ្យកាន់តែប្រសើរនូវប្រសិទ្ធភាពនៃការអប់រំផ្នែកសាសនាអ៊ីស្លាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាឲ្យមានសុខសន្តិភាព សុខដុមរមនា និងវិបុលភាព ឯកឧត្តម យឹម ណុលឡា បានរំលឹកឡើងវិញអំពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងរយៈពេលទស្សវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តម យឹម ណុលឡា ដែលជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១២ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,២ភាគរយ ហើយអត្រាកំណើននេះត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់ ៧ទៅ៨ ភាគរយ នៅឆ្នាំបន្តបន្ទាប់ជាមួយនឹងអត្រាអតិផរណាទាប។ ផ្នែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១ ក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ និងជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
ឯកឧត្តម យឹម ណុលឡា បានបង្ហាញនូវក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបក្នុងពេលអនាគតដ៏ខ្លីខាងមុខ ហើយនឹងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ទាក់ទងនឹងវិស័យជំនឿសាសនា ឯកឧត្តម យឹម ណុលឡា បានមានប្រសាសន៍ថា កម្ពុជាមានសេរីភាពខាងសាសនា និងគ្មានជម្លោះខាងសាសនាទេ។ បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ សុទ្ធតែមានសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិតាមជំនឿសាសនារបស់ខ្លួន ដូចជាសិទ្ធិហ៊ីចាប់ (កន្សែងគ្របក្បាល) តាមប្រពៃណីសាសនាអ៊ីស្លាម នៅតាមទីសាធារណៈ សិទ្ធិសំពះយ៉ាំង(ថ្វាយបង្គំ) សិទ្ធិប្រារព្ធពិធីសូត្រគម្ពីរគូរអានជាលក្ខណៈជាតិ និងអន្តរជាតិ និងសិទ្ធិប្រារព្ធពិធីបុណ្យទានផ្សេងៗតាមប្រពៃណីសាសនាអ៊ីស្លាម។
ក្នុងសន្និសីទ្ធអន្តរជាតិស្តីពីការអភិវឌ្ឍន៍វិស័យអប់រំអ៊ីស្លាម និងសេដ្ឋកិច្ច ឯកឧត្តម យឹម ណុលឡា ក៏បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពីការផ្តល់ជំនួយកសាងមហាវិទ្យាល័យអ៊ីស្លាម មួយកន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានតម្លៃជាង ២លានដុល្លារអាមេរិករវាងលោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ីព្រឹហីម អាច់ឌុលឡោះ អាល់ខូហ្សៃយឹម នាយកប្រតិបត្តិមូលនិធិ Islamic Solidarity, Fund (ISF-OIC) ដែលជាម្ចាស់ជំនួយផងដែរ។
បច្ចុប្បន្ននេះនៅកម្ពុជា មានវិហារអ៊ីស្លាមប្រមាណ៤០០ ស៊ូរ៉ាវចំនួនជាង ៤០០ និងសាលារៀនមានចំនួន ២០០ ហើយចំនួនទួន (គ្រូបង្រៀនសាសនា) ក៏បានកើនឡើងច្រើនផងដែរ។ លើសពីនេះទៀតនិស្សិតខ្មែរអ៊ីស្លាមជាច្រើននាក់ បានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម យឹម ណុលឡា។
លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធានប្រតិបត្តិក្រុមប្រឹក្សាអ៊ីស្លាមអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា មុនរបបខ្មែរក្រហមនៅកម្ពុជា មានអ្នកកាន់សាសនាអ៊ីស្លាមជាង ៧០០ពាន់នាក់។ ក្នុងរបបប៉ុលពតអ្នកកាន់សាសនាអ៊ីស្លាមប្រហែល ៥០០ពាន់នាក់ត្រូវបានសម្លាប់ ដែលធ្វើឲ្យសហគមន៍ខ្មែរអ៊ីស្លាមបាត់បង់ធនធានមនុស្សជាច្រើន។ លោក មូហាម៉ាត់ ហ្វារឹតហូសេន បានបញ្ជាក់ថា ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងបី និងសហគមន៍ខ្មែរអ៊ីស្លាមបានបញ្ជូនកូនចៅទៅសិក្សានៅបរទេស ដើម្បីយកចំណេះដឹងត្រឡប់មកជួយកិច្ចការក្នុងសហគមន៍វិញ៕
No comments:
Post a Comment