Friday, April 18, 2014

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យសុខ អាន អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធី​បើក​«​អង្គរ​សង្រ្កាន្ដ» អប​អរ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ឆ្នាំ​​មមី​ ឆស័ក ព.​ស.​២៥៥៨

សៀមរាប: “អង្គរសង្រ្កាន្ដ” ដែល​រៀបចំ​ដោយ​សហភាពសហព័ន្ធ​យុវជនកម្ពុជា (ស.ស.យ.ក) ជា​លើក​ទីពីរ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជា​តិខ្មែរ ឆ្នាំ​មមីឆស័ក ព.ស ២៥៥៨ បាន​បើក​ដំណើរការ​នារសៀល​ថ្ងៃ​១៥កើត ខែ​ចេត្រ ឆ្នាំមមីឆស័ក ព.ស ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក ទីស្ដីការ​គណ:រដ្ឋមន្ត្រី និង​លោក​ជំទាវ​នៅ​ប្រាសាទ​អង្គរធំ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ចាត់​ទុក “អង្គរសង្រ្កាន្ដ” ដែល​រៀបចំ​ដោយសហ​ភាពសហព័ន្ធ​យុវជន​កម្ពុជា គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​អប្សរា ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពី​ការងារ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ និង​កៀរគរ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទាំង​ជាតិ ​និង​អន្តរជាតិ នៅក្នុង​បេសកកម្ម​ដ៏​ធំធេង​ង ​និង​ដ៏​មាន​សារៈសំខាន់​នេះ ពីព្រោះថា​ ការការពារ​បេតិកភណ្ឌ​ជាតិ​ឲ្យ​បាន​គង់វង្ស ពិតជា​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​ជាតិ និង​ប្រជាជន​ផងដែរ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់ថា “អង្គរសង្រ្កាន្ត” មិន​ត្រឹម​តែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវគំនិត​ច្នៃប្រឌិត​ដ៏ឈ្លាស​វៃ និង​សមិទ្ធផល​គួរជាទី​មោទន:របស់ (ស.ស.យ.ក) ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជាសក្ខីភាព​បញ្ជាក់ពី​ស្មារតី​រួបរួម​សាមគ្គី​គ្នា ដើម្បី​រួម​ចំណែក​លើក​កម្ពស់​វប្បធម៌ អរិយធម៌ និង​ថែរក្សាកេរ្តិ៍​ដំណែល ទំនៀម​ទម្លាប់ និងប្រពៃណី​ជាតិ​ផងដែរ។

ជាមួយ​នឹងការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹក​នាំ នៃ​សហភាពស​ហព័ន្ធយុវជនកម្ពុជា ដែល​បានផ្ដួច​ផ្ដើមគំនិត និង​ចលនា​ឲ្យមានដំណើរការ​ព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ដ” ដ៏មានសារ:សំខាន់​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​សម្តែ​ងនូវការស្វាគមន៍​យ៉ាងកក់ក្ដៅ​ចំពោះភ្ញៀវជាតិ និង​អន្ដរជាតិ​ទាំង​អស់ ដែល​បាន​មកទស្សនា​រមណីយដ្ឋានអង្គរ ដែល​ជារមណីយដ្ឋាន​វប្បធម៌ប្រវត្តិ​សាស្រ្តរ​បស់កម្ពុជា និង​ជាបេតិកភណ្ឌ​ពិភព​លោក ពិសេស​ទីក្រុងសៀមរាប-អង្គរ ដែលត្រូវបានគេ​ទទួល​ស្គាល់​ថា ជាទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏វ័យ​ចំណាស់​ផងដែរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន្ត​ឆ្នាំ​២០១៤ ​នេះ មាន​រៀបចំ​កន្លែង​ដែល​ប​បង្ហាញ​អំពី​សម្មតិកម្ម​មួយ​នៃ​ទស្សនាទាន​ ក្នុងការកសាង​សង់​ប្រាសាទ ហៅថា “​បច្ចេក​សិលា​ដ្ឋា​ន​” ដើម្បី​ឲ្យ​សាធារណជន​បាន​យល់ដឹង​អំពី​ដំណើរការ​ និង​បច្ចេកទេស​ខ្លះ​នៃ​ការសាងសង់​ប្រាសាទ​។ ការចុះ​សម្បត្តិបេតិកភ័ណ្ឌ​ជាតិ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ភិភពលោក មិន​មែន​គ្រាន់​តែដើម្បីយក​មុខមាត់​លើឆាក​អន្តរជាតិ​ប៉ុណ្ណោះទេ តែដើម្បី​ធានាបាន​នូវកិច្ចគាំពារ​ឲ្យបាន​គង់វង្សនូវសម្បត្តិវប្បធម៌​ទាំង​នោះ ហើយ​ទន្ទឹម​នេះ វាក៏ជួយ​ដល់ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវទេសចណ៍​បរទេស​ឲ្យ​មក​ទស្សនា​កម្ពុជា​ផងដែរ ​ដែល​នោះ​គឺជាប្រភព​ចំណូលជាតិ​ដ៏សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ព្រម​ទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ទូទៅ គឺ​មិន​ដូច​ពាក្យ​អត្ថា​ធិប្បាយ​អវិជ្ជមាន​មួយ​ចំនួន​នោះ​ទេ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា សម្រាប់​រមណីដ្ឋានអង្គរ​មួយ កម្ពុជាបាន​កៀរគរ​មូលនិធិពីសហគមន៍​អន្តរជាតិ​ចំនួន​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ជាង៧០ ដោយ​មាន​ប្រទេស​ជាង​២០ និងអង្គការ​អន្តរជាតិ​ប្រហែល​៣០ បាន​ចូលរួម​យ៉ាង​សកម្ម និងប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ក្រោមកិច្ច​សម្រប​សម្រួល​របស់ ICC-Angkor ​ដែល​ជាដៃគូ​សហការ​ជិតស្និទ្ធជាមួយ​អាជ្ញាធរអប្សារា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មានប្រសាសន៍​ឲ្យដឹង​ទៀតថា ចំនួន​ភ្ញៀវទេសចរណ៍​បរទេសបាន​កើន​ឡើង​ជាលំដាប់ ពីប្រមាណ​តែ ១២ម៉ឺន​នាក់​ប៉ុណ្ណោះ នៅឆ្នាំ១៩៩៣ រហូត​ដល់​ជាង ៤លាន ២សែន​នាក់ នៅ​ឆ្នាំ២០១៣ ហើយ​ក្នុងចំណោម​ភ្ញៀវទេសចរណ៍​ដែល​មកទស្សនា​កម្ពុជា​ ភាគច្រើនជាទេស​ចរណ៍​បេតិកភណ្ឌ​វប្បធម៌ ដែល​សំដៅ​ទៅរមណីដ្ឋានអង្គរ។ ចំនូនទេសចរ ៤លាន ២សែននាក់នេះ បាន​ផ្តល់​ចំណូលហូរ​ចូល​ក្នុងសរសៃឈាម​សេដ្ឋកិច្ចជាតិ​ប្រមាណ​ជាង ២៥០០លានដុល្លរ ដែលស្មើ​និង​ប្រមាណ ១៦ភាគរយ នៃ (ផសស) ដោយ​ផ្តល់ការងារ​ជូន​ប្រជាជន​ដោយ​ផ្ទាល់​ប្រមាណ ៤០ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មានប្រសាសន៍​បញ្ជាក់ថា បើនៅក្នុង​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះយើង​រពឹង​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរបរទេស​រហូត​ដល់​ប្រមាណ ៦លាន ៥សែននាក់នៅ​ឆ្នាំ២០១៨ ជាមួយ​នឹង​ចំណូល​ទៅ​ក្នុង​សរសៃឈាម​សេដ្ឋកិច្ច​ប្រមាណ ៤ពាន់លានដុល្លារ ដោយផ្តល់​ការងារ​ជូន​ប្រជាជន​ដោយ​ផ្ទាល់​ប្រមាណ ៦៥ម៉ឺន​នាក់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា អ្នកផ្តួច​ផ្តើម​គំនិត​រៀបចំ​ពិធីជា​ប្រវត្តិ​សាស្រ្ត​នេះ បានមាន​ប្រសាសន៍ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការរៀបចំ​ឲ្យ​មានព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ដ” គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ និង​ផ្ដល់ឱកាស​ឲ្យ​យុវជន ក៏ដូចជាប្រជា​ពលរដ្ឋខ្មែរ​ទូទៅ និងភ្ញៀវទេសចរ​ជាតិ អន្ដរជាតិ បានចូលរួម​កម្សាន្ត​សប្បាយ​តាម​លក្ខណ:ប្រពៃ​ណី​ជាតិ និង​ជាការ​បំផុស​ទឹក​ចិត្ត​យុវជន កម្ពុជា​យើង ឲ្យចាប់​អារម្មណ៍​ស្វែងយល់​កាន់​តែ​ច្បាស់ និងចូល​រួម​ចំណែក​លើក​ស្ទួយវប្បធម៌ អរិយធម៌​ដ៏ពិសិដ្ឋ និង​ល្អផូរផង់​របស់ជាតិ ជាពិសេស​អំពី​សិល្ប: របាំ​ប្រជា​ប្រិយ ល្បែងប្រជា​ប្រិយ​ខ្មែរ ទំនៀម​ទម្លាប់ ប្រពៃណី និងសាសនា ដែល​កម្ពុជា​ធ្លាប់​ប្រតិបត្តិជាយូរ​យារ​ណាស់​មក​ហើយ រួមទាំង​ធ្លាប់​ល្បីល្បាញ​នាសម័យ​មហានគរ​មក​ហើយ​នោះ។ ឯកឧត្តម ហ៊ុន ម៉ានី បាន​បន្តទៀតថា សម្រាប់​រយៈពេល​ចំនួន​ ៤​ថ្ងៃ​ ពីថ្ងៃ​ទី​១៣ ​ដល់​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០១៤ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំនេះ មាន​វិសាលភាព​កាន់តែ​ទូលំទូលាយ​ជាង​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​ត្រូវបាន​ពង្រីក​នៅតាម​ទីតាំង​មួយចំនួន​ថែមទៀត ទាំងអស់​ចំនួន​៦ គឺនៅ​ទីលាន​ខាងមុខ​ប្រាសាទអង្គរវត្ត បរិវេណ​ប្រាសាទបាយ័ន ខាងមុខ​ទី​លានជល់ដំរី នៅ​ពិព័រណ៍​អង្គរ​-​ឃ្យូ​ង​យូ​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នឹង​បង្ហាញជូន​នូវ​សកម្មភាព​ទា​ក់ទាញ​ នឹង​ទស្សនីយភាព​ប្លែកៗ​ជាច្រើន ​ក្នុង​គោល​គំនិត​ចូលរួម​លើកស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ​ឲ្យ​កាន់តែ​ត្រដែត​ឡើង នៅក្នុង​ចំ​ណោ​យុវជន​កម្ពុជា ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​កាន់​តែមាន​ចំនួន​​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាបបាន​ថ្លែងថា ជាការ​ពិតណាស់ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្នុងស្ថានភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុងស្ថិត​នៅលើ​មាគ៌ា​អភិវឌ្ឍន៍​រីកចំរើនលើ​គ្រប់​វិស័យ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចរី​ភាព ក្នុង​ក្រប​ខ័ណ្ឌ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ​ក្រោម​ការដឹកនាំ​ប្រកបដោយ គតិ​បណ្ឌិត​របស់​​រាជ​រដ្ឋាភិបាលនីតិកាល​ទី​៥ នៃ​រដ្ឋសភា ដែលមាន​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​។ ​ក្នុង​បរិបទ​នេះ ខេត្តសៀមរាប​ក៏មាន​កាលានុវត្តភាព ជម្រុញ​កំណើនសេដ្ឋកិច្ច សង្គម និង​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ឲ្យ​កត់​ក្នុង​រយៈពេល​កន្លងមក មាន​ជាអាទិ៍៖ វិស័យទេសចរណ៍ កសិកម្ម សិប្បកម្ម និង​សេវាកម្ម​ផ្សេងៗ​ជាដើម បាន​ដើរតួនាទី​យ៉ាងសំខាន់​ប្រកបដោយ​សក្តានុពល​ក្នុងការ​រួមចំណែក​សម្រេច​បាន​នូវ​គោលដៅ ជា​យុទ្ធសាស្ត្រ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់ថា ការរៀបចំ “អង្គរសង្រ្កាន្ដ” នឹង​ប្រារព្ធ​ពិធី​នៅ​តំបន់​ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន ទីលាន​ជល់ដំរី និង​នៅទីតាំង​មួយ​ចំនួន​ក្នុងក្រុងសៀមរាប ដូចជា​នៅ​តំបន់​អង្គរ​ឃ្យុងយូរ​តំបន់​តាម​ដង​ស្ទឹង​សៀម​រាប និង​តំបន់ទេសចរណ៍​ផប់ស្ទ្រីត ក្រុងសៀមរាប។ សម្រាប់ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” គឺមាន​កម្មវិធី ភូមិខ្ញុំ ល្បែង​ប្រជាប្រិយ ក្បាច់គុន​ល្បុក្កតោ របាំប្រពៃណី បច្ចេកទេស​សិលាឋាន ពិព័រណ៌ពាណិជ្ជកម្ម ពិព័រណ៌សិប្បកម្ម និង​ម្ហូប​អាហារ​ខ្មែរ គោម​បណ្ដែត​ទឹក និង​ផលិត​ផល​នានា។ សម្រាប់កម្មវិធី​ទទួល​ទេវតា​ឆ្នាំថ្មី​នាវេលាម៉ោន៨ និង៤នាទី ព្រឹកថ្ងៃទី១៤មេសា​ត្រូវបាន​ប្រារព្វ​ដោយឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន នៅប្រសាទបាយ័ន
 
ពិធី​ស្រង់ព្រះ ពិធីទៅវត្តពូន​ភ្នំខ្សាច់។ ចំពោះ​ផ្ទាំង​ទស្សនីយភាព គឺមាន​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ដ មហោ​ស្របសិល្បៈបុរាណ “ព្រះ​សុធន​ និង​នាង​កែវ​មនោរាហ៍” ពិធី​ដង្ហែរ​ក្បួន​អង្គរ​សង្គ្រាន្ត និង​ការ​ប្រគំ​តន្ត្រី​អង្គរ​សង្ក្រាន្ត​ផង​ដែរ។

សូមបញ្ជាក់​ថា សម្រាប់ព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត” រយៈពេល ៤ថ្ងៃ លើ​ទឹកដី​ប្រាង្គ​ប្រាសាទ​អង្គរ មាន​កម្មវិធី​ព្រឹត្តិការណ៍​ ចំនួន១២ សំខាន់ៗ រួមមាន​៖ ភូមិ​ខ្ញុំ បច្ចេក​សិលា​ឋាន ល្បែង​ប្រជាប្រិយ គុន​ល្បុក្កតោ របាំ​ប្រពៃណី ពិព័រណ៍​ពាណិជ្ជកម្ម “​អង្គរ​សង្ក្រាន្ត​” ពិព័រណ៍​សិល្បះ​សិប្បកម្ម​ខ្មែរ ម្ហូបអាហារ​ខ្មែរ គោម​បណ្តែត​ទឹក អុក​យក្ស ប្រគំ​តន្ត្រី សួស្តី​ឆ្នាំ​ថ្មី​ និងការ​ប្រកួតប្រជែង​រូបភាពស្នាមញញឹម​អង្គរ​សង្ក្រាន្ត ពិព័រណ៍​ដងស្ទឹង​សៀមរាប តន្ត្រី​កម្សាន្ត​ឆ្នាំ​ថ្មី ពិព័រណ៍​ពាណិជ្ជកម្ម និង​តន្ត្រី​បេះដូងតាម​កម្មវិធី ដែល​បាន​គ្រោងទុក នំអន្សម​យក្សទម្ងន់​ពីរ​តោន នឹង​ត្រូវ​រៀបចំ​ពិធី​កាត់នៅ​ម៉ោង១១ និង៣០នាទី ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៤ ត្រូវនឹងថ្ងៃ​បុណ្យចូលឆ្នាំទី១។

ក្រៅ​ពីពិធីទាញ​ព្រ័ត្រ​នៅមុខ​ប្រសាទអង្គរតូច​ដែលមាន​ការចូលរួម​ពីយុវជាន ២ពាន់នាក់ ក៏មាន​ពិធី​ប្រកួត​រក​ជើងឯក​ញ៉ាំ​នំអន្សម​យក្ស នឹង​ធ្វើឡើងនៅ​ម៉ោង ៤រសៀល ថ្ងៃទី​១៤​មេសា​។ ពិធី​កាត់​នំ​អន្សម​យក្ស និង​ប្រកួត​រក​ជើងឯក​ញ៉ាំ​អន្សម​យក្ស នឹង​ធ្វើឡើងនៅ​កន្លែង​តាំង​នំអន្សម​យក្ស មុខ​ប្រាសាទអង្គរវត្ត​។ ​នំអន្សម​យក្ស ដែល​ធ្វើ​ពី​អង្ករដំណើប សណ្ដែកបាយ និង​សាច់ជ្រូក ទម្ងន់​ពីរ​តោន ប្រវែង​ ៥ម៉ែត្រ មុខ​កាត់​ជិត​មួយ​ម៉ែត្រចំណាយ​ថវិកា​ជាង ៧៥០០ដុល្លារ​អាមេរិក ត្រូវ​បាន​ដាក់​តាំងបង្ហាញនា​ថ្ងៃ​​អាទិត្យ ទី​១៣​មេសា នៅខាងមុខ​ប្រាសាទ​អង្គរវត្ដ ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​។ សមាគម​ចុងភៅ​កម្ពុជា ជា​អ្នករៀបចំធ្វើ​នំអន្សមជ្រូក​នោះ​។ ក្នុងពេលកាត់​នំ​អន្សម​យក្ស សមាគម​ចុងភៅ​កម្ពុជា ក៏​នឹង​កាត់​លក់​ជូន​ភ្ញៀវទេសចរភ្លក់​រសជាតិអន្សម​យក្ស នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លក់​ក្នុង​មួយ​ចាន ៥០០០រៀល។

“អង្គរសង្ក្រាន្ត” ឆ្នាំនេះ​ដែល​អម​ជាមួយ​ផ្ទាំង​ទស្សនីយ​ភាព​វប្បធម៌​ប្រពៃណី ដ៏សម្បូរ​បែប​របស់​កម្ពុជា និង​ចាត់​ទុក​ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ សម្រាប់​ជួយ​លើកស្ទួយ​វិស័យទេសចរណ៍​កម្ពុជា នឹង​មាន​ភ្ញៀវទេសចរ​បរទេស និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍ និង​ការដង្ហែរ​បើក​ពិធី​ជា​ច្រើនម៉ឺននាក់។ នៅ​ក្នុង​ព្រឹត្តិការណ៍ ដែលមា​នន័យ​ជាប្រវត្តិ​សាស្ត្រ​នេះ មាន​ការចូលរួម​ពី​ក្រុម​គ្រួសារយុវជន សហ​ភាពស​ហព័ន្ធយុវជន​កម្ពុជា និងយុវជន​ស្ម័គ្រ ចិត្តចំនួន ៣ពាន់នាក់  និង​មានការចូលរួម​សម្ដែង​ពីក្រុម​សិល្បៈករ សិល្បៈ​ការនីល្បីៗ របស់ព្រះរាជា​ណាចក្រ​កម្ពុជា ទាំងបុរាណ​ទាំងសម័យ​ជាច្រើន​នាក់ផង​ដែរ៕

No comments:

Post a Comment