នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីស្ទឹងអាតៃ និងខ្សែបណ្តាញបញ្ជូនអគ្គិសនីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា សម្តេចគាំទ្ររាល់ការបញ្ចេញមតិ ប៉ុន្តែមិនមែនជាការបញ្ចេញមតិ ដែលនាំឲ្យប្រទេសជាតិមានសង្គ្រាមនោះទេ។ សម្តេចតេជោក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ត្រូវ រួបរួមឯកភាពជាតិ ពិសេសអ្នកនៅមូលដ្ឋានកុំឲ្យមានទំនាស់នឹងគ្នា ដោយសារតែការបែងចែកគណបក្សនយោបាយនៅក្រោយការបោះឆ្នោតនៅពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា សូមបញ្ចេញមតិចុះ ប៉ុន្តែកុំនាំគ្នាបង្កើតសង្គ្រាម។ យើងបង្រួបបង្រួម ជាតិនៅគ្រប់ពណ៌សម្បុរ កម្លាំងប្រដាប់អាវុធ ៤ភាគីច្បាំងគ្នា មកនៅក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ នីតិប្បញ្ញត្តិតែមួយ នីតិប្រតិបត្តិតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ ពីប្រទេសមួយតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រាតែមួយដែលនេះមិនមែនជាការងាយស្រួលទេ ។ យើងបានយកជីវិតធ្វើដើមទុន ដើម្បីធ្វើឲ្យប្រទេសមានការបង្រួបបង្រួមគ្នាបែបនេះ ហើយការបង្រួបបង្រួម និងសន្តិភាពនោះ ហើយដែលផ្តល់ឱកាសឲ្យយើងបានអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។ សម្តេចតេជោបានថ្លែងថា កម្ពុជាជាប្រទេសរបស់ប្រជាជនកម្ពុជា មិនមែនជាប្រទេសរបស់អ្នកណាម្នាក់ទេ ហើយចាប់ប្រទេសធ្វើជាចំណាប់ខ្មាំងក៏អត់បានដែរ។
សម្តេចតេជោមានប្រសាសន៍អំពាវនាវថា កុំនាំគ្នាបង្កើតសង្គ្រាមព្រោះសង្គ្រាមតែកើត ហើយមិនងាយរំលត់ទេ ។ សង្គ្រាមធ្វើឲ្យវាកើតគឺងាយទេ ប៉ុន្តែរំលត់វាទើបជាការលំបាក។ ឥឡូវនេះទើបតែរំលងទៅប៉ុន្មានថ្ងៃប៉ុណ្ណោះនៃខួប ៤៤ ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង (១៨ មីនា ១៩៧០-១៨មីនា ២០១៤) ដែល បង្កើតឡើងនូវសង្គ្រាម។ ទាក់ទងនឹងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ១៩៧០ សម្តេចតេជោបានមានប្រសាសន៍ថា ការសម្រេចចិត្តតាមរបៀប លន់ នល់ សិរិមតៈ ចេង ហេង អ៊ិន តាំ ធ្វើតែមួយភ្លែត ប៉ុន្តែផលវិបាករបស់វាធ្វើឲ្យយើងដោះស្រាយ មិនទាន់ចប់ទេ ដូចជាបញ្ហាមីនក្រោមដី ផលវិបាកនៃជនពិការ ស្ត្រីមេម៉ាយ និងកុមារកំព្រា ជាដើមវាមិនទាន់ចប់ទេ ។
ទាក់ទងនឹងបរិយាកាសនយោបាយនៅកម្ពុជា សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះនៅកម្ពុជាទោះជានរណានិយាយអីនិយាយទៅ ប៉ុន្តែពេលនេះកម្ពុជាមានស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ហើយស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់នៅដំណើរការធម្មតា ហើយសាលារៀន និងមន្ទីរពេទ្យជា ដើម ដំណើរការជាធម្មតា។
ក្នុងពិធីសម្ពោធវារីអគ្គិសនីស្ទឹងអាតៃ ដែលមានប្រជាពលរដ្ឋ ចូលរួមជាង១ម៉ឺននាក់សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សូមបងប្អូនប្រជាពលស្វែងយល់ដោយខ្លួនឯងចុះក្រុមប្រឆាំងបានទៅចលនា នៅឯបរទេសថា សូមកុំមកវិនិយោគ និងកុំមកទិញទំនិញស្រុកខ្មែរ នៅពេលដែលរាជរដ្ឋាភិបាលបានខិតខំទាក់ទាញវិនិយោគ ។ ឥឡូវនេះសល់តែមនុស្ស ២ក្រុមទេ មួយក្រុមថាកុំមកវិនិយោគនៅស្រុកខ្មែរ ហើយមួយក្រុមទៀតថា ត្រូវតែមកវិនិយោគ ហើយក្រុមដែលថាឲ្យបរទេសមកវិនិយោគនៅស្រុកខ្មែរបានទទួលជោគជ័យ ហើយជាក់ស្តែងថ្ងៃនេះក្រុមហ៊ុនចិនដែលមកវិនិយោគបានសម្ពោធវារី អគ្គិសនី ដែលមានកម្លាំងដល់ទៅ ១២០ មេហ្គាវ៉ាត់ ហើយក៏មានក្រុមហ៊ុនជាច្រើនគ្រោងហ្នឹងមកទៀតដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ការពិតអ្នកដែលសម្លាប់ប្រជាជនមិនមែនរាជរដ្ឋាភិបាលទេ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាដោះស្រាយ បញ្ហាទឹក បញ្ហាផ្លូវ បញ្ហាភ្លើង បញ្ហាមនុស្ស បញ្ហាសន្តិភាព និងបញ្ហាស្ថិរភាពនយោបាយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ថា ការធ្វើសកម្មភាពអ្វីក៏ដោយត្រូវគោរពច្បាប់ ហើយសូមកុំឲ្យហួសពីក្របខណ្ឌច្បាប់នោះ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ឲ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងអាតៃ គឺជាគម្រោងមួយស្ថិតនៅតំបន់ត្រីកោណនៃខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ដែលមានស្ថានីយក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ ក្នុងចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រពីទីរួមខេត្តពោធិសាត់។
ជារៀងរាល់ឆ្នាំស្ទឹងអាតៃមានផ្ទៃរងទឹកភ្លៀង ៥៩០គីឡូម៉ែត្រក្រឡា ដែលអាចត្រង់យកទឹកភ្លៀងប្រមាណ៥១០លានម៉ែត្រគីប ដែលបរិមាណទឹក នេះ បានហូរចូលក្នុងសមុទ្រដោយពុំមានប្រើប្រាស់អ្វីទេ ដោយឃើញស្ថានភាពធម្មជាតិ និងភូមិសាស្ត្រ របស់ស្ទឹងនេះ អាចផ្តល់លទ្ធភាពឲ្យយើងសាងសង់ជាទំនប់ ដើម្បីស្តុកទឹក បង្កើតជាវារីអគ្គិសនីមួយយ៉ាងប្រសើរ ដែលមានឈ្មោះថា ទំនប់វារីអគ្គិសនីស្ទឹងអាតៃ។
យោងតាមកិច្ចព្រមព្រៀងគម្រោង វារីអគ្គិសនីស្ទឹងអាតៃ មានទំហំវិនិយោគសរុបមានចំនួនជាង២៥៥លាន ក្នុងនោះទំហំវិនិយោគសំរាប់វារីអគ្គិសនីស្ទឹងអាតៃមានចំនួនជិត ២០០ លានដុល្លារ និងសម្រាប់អនុស្ថានីយ៍រួមអូរសោម និងខ្សែបណ្តាញបញ្ជូនទៅអនុស្ថានីយពោធិសាត់មានចំនួនជាង ៥៥ លានដុល្លារអាមេរិក ក្រោមរូបភាពសាងសង់ ដំណើរការ និងផ្ទេរ (BOT) ។ ដោយឡែកគម្រោង ខ្សែបណ្តាញបញ្ជូនភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ ប្រមាណជាង ១១៣ លានដុល្លារអាមេរិក ដែលមានរយៈពេលសម្បទាន ២៧ ឆ្នាំ ក្នុងនោះ ២ ឆ្នាំសម្រាប់ធ្វើការសាងសង់ និង ២៥ ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។
គម្រោងវារីអគ្គិសនីនេះ មានលទ្ធភាព ផលិតអគ្គិសនី ជាមធ្យមប្រចាំឆ្នាំមានចំនួន ៤៦៥ លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ ហើយតម្លៃថាមពល អគ្គិសនីមូលដ្ឋាន ដែលត្រូវលក់នោះមានចំនួន៧,១៤សេនក្នុយមួយគីឡូវ៉ាត់ម៉ោង ក្នុងនោះ ៥,៨សេន គឺថ្លៃផលិត ដោយវារីអគ្គិសនី និង១,៣៤សេនក្នុងមួយគីឡូវ៉ាត់ម៉ោង គឺជាថ្លៃរំលោះលើការវិនិយោគ ខ្សែបណ្តាញ បញ្ជូនភ្ជាប់មកអនុស្ថានីយ៍ពោធិសាត់។ វារីអគ្គិសនីស្ទឹងអាតៃបានបើកការដ្ឋានសាង សង់កាលពីថ្ងៃ ១០ វិច្ឆិកា ២០០៩ និងបញ្ចប់ការសាងសង់ ព្រមជាមួយ នឹងការធ្វើអាជីវកម្មជាធរមាន នៅថ្ងៃទី ០១ កញ្ញា ២០១៣ ពោលសាងសង់រួចរាល់មុនការកំណត់៦ខែ៕
No comments:
Post a Comment