សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ បានអនុញ្ញាតឲ្យ ឯកឧត្តម វីលៀម ចេសស៊ី (William Jesse) ឯកអគ្គរាជទូតថ្មីចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ឯកឧត្តមវីលៀម ចេសស៊ី អគ្គរាជទូតចក្រភពអង់គ្លេស បានជំរាបជូនសម្តេចតេជោថា នេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ឯកឧត្តមមកបំពេញបេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្តម វីលៀម ចេសស៊ី បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដោយឯកឧត្តមបានមានប្រសាសន៍ថា ទេសចរណ៍របស់ចក្រភពអង់គ្លេសមកកាន់កម្ពុជាមានការកើនឡើង ហើយទំហំពាណិជ្ជកម្មវិនិយោគរបស់អង់គ្លេសនៅកម្ពុជា ក៏កំពុងមានការកើនឡើងផងដែរ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលឯកឧត្តមនឹងធ្វើនោះ គឺបន្តការគាំទ្រដល់កម្ពុជា ពិសេសលើវិស័យដោះមីនជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-អង់គ្លេស) កំពុងមានការកើនឡើងជារៀងរាល់ថ្ងៃ ហើយអ្វីដែលកម្ពុជាសប្បាយចិត្ត និងមានមោទនភាពនោះ គឺកំណើននៃអ្នកវិនិយោគមកពីចក្រភពអង់គ្លេសមានកើនឡើង ទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ទេសចរណ៍ចក្រភពអង់គ្លេសមកកាន់កម្ពុជា មានចំនួនប្រមាណ១២ម៉ឺននាក់ក្នុងមួយឆ្នាំ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការប្រឹងប្រែងរបស់កម្ពុជា គឺបន្តជំរុញកម្ពុជា ចេញពីប្រទេសទទួលជំនួយ ឲ្យទៅជាប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដទៃទៀត ក៏ដូចជា ប្រទេសក្នុងតំបន់ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះជំនួយទាំងឡាយដែលចក្រភពអង់គ្លេសផ្តល់ជូនកម្ពុជា រួមទាំងជំនួយដែលផ្តល់ដល់សាលាក្តីខ្មែរក្រហមផងដែរ។
បន្ទាប់ពីទទួលជួបសម្តែងការគួរសម ជាមួយឯកអគ្គរាជទូតថ្មីចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅព្រឹកដដែលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យ ឯកឧត្តម DINESH K.PATNAIK ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌាប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសមផងដែរ។
នៅក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តម DINESH K.PATNAIK ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌាក៏បាននាំមកនូវវត្ថុសក្តិសិទ្ធិមួយចំនួន ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន៖ ស្លឹកពោធិ និងដីដែលនាំមកពីតំបន់ដ៏ពិសិទ្ធិចំនួន ៣កន្លែងផ្សេងគ្នា គឺតំបន់ពុទ្ធគយា តំបន់សារនាថ និងតំបន់កុសិនារា ដែលជាទីស្ថានមានប្រវត្តិទាក់ទងនឹងព្រះពុទ្ធជាអង្គម្ចាស់។
ឯកឧត្តម DINESH K.PATNAIK បានមានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ពុទ្ធគយា គឺមានន័យថា ជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង សារនាថជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងព្រះធម៌, និងកុសិនារាជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធ ចូលព្រះបរិនិព្វាន។ ឯកឧត្តម DINESH K.PATNAIK ក៏បានជំរាបជូនសម្តេចដែរថា វត្ថុសក្តិសិទ្ធិនេះ គឺជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ដើម្បីបានទទួលនូវសិរីមង្គល វិបុលសុខ និងសំណាងល្អ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះឯកឧត្តម DINESH K.PATNAIK ដែលបាននាំមកនូវវត្ថុដ៏មានតម្លៃ ជាទីសក្ការៈ បូជានេះ មកជូនចំពោះសម្តេច៕
No comments:
Post a Comment