Monday, February 24, 2014

កម្ពុជា​ និង​​អូស្ត្រាលី នឹ​ង​​ពិនិត្យ​​អំពី​​ការ​​ទទួល​​យក​​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​ពី​​អូស្ត្រាលី​មក​​រស់​នៅ​​កម្ពុជា​

រដ្ឋាភិបាល​នៃប្រទេស​អូស្ត្រាលី បានស្នើ​សុំ​ឲ្យ​កម្ពុជា ទទួលយក​ជនភៀសខ្លួន​ស្របច្បាប់ ដែល​​​កំពុង​រស់នៅក្នុង​ប្រទេស​អូស្ត្រាលី មក​តាំង​ទីលំនៅ​ស្របច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​សំណើរ​នេះ​ទទួល​បាន​ចម្លើយ​វិជ្ជ​មាន​ពី​សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា។

លោកជំទាវ ចូលី អ៊ីសាប៊ែល ប៊ីសប់ (Julie ISabel Bishob) សមាជិកសភា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី ខណៈពេល​លោកជំទាវ​ បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលជួប​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព​ បានលើកឡើង​នូវ​សំណើ​ដូច​ខាង​លើ​នេះ។

​​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​​ ថា លោកជំទាវ ចូលី អ៊ីសាប៊ែល ប៊ីសប់ (Julie ISabel Bishob) បាន ​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ពិនិត្យ​ពិចារ​ណា​​ជួយ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការ​ទទួលយក​ជន​ភៀសខ្លួន​ស្របច្បាប់​បរទេស​ ពី​ប្រទេស​​អូស្ត្រាលី​មក​តាំងទី​លំ​ដៅ​ថ្មី និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី​​មានប្រសាសន៍ថា កម្ពុជា​នឹង​បង្កើត​គណៈកម្មាធិការ​មួយ និង​ពិនិត្យ​លើ​ករណី​មនុស្សធម៌​នេះ ហើយ​សម្តេច​ផ្ទាល់​នឹង​ទទួលយក​សំណើ​នោះ​ជា​វិជ្ជមាន ជាមួយគ្នា​នោះ​សម្តេច​សុំទទួល​យក​ជំនាញការ​អូស្ត្រាលី ដើម្បី​មក​ពិភាក្សា​ជាមួយ​ក្រុមការងារ​របស់​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ ឯកឧត្តម ស ខេង​ ឧបនាយករដ្ឋមន្ត្រី ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​លើ​បញ្ហា​ដ៏​មាន​សារៈសំខាន់​នេះ។

​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី ដែល​ជា​និច្ចកាល​តែងតែ​ជួយ​គាំទ្រ ដល់​ប្រទេស​កម្ពុជា ក្នុងការ​ស្វែងរក​សុខ​សន្តិភាព និង​ការ​ជួយ​កម្ពុជា​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​ កម្ពុជា ជួយ​ដល់​ដំណើរការ​របស់​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​ន័យ​នេះ​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ដល់​រដ្ឋា​ភិ​បាលអូស្ត្រាលី​បន្ត​ជួយ​ដល់ ដំណើរ​ការ​របស់​សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ផងដែរ។

សម្តេចតេ​ជោ​មានប្រសាសន៍​បន្តថា សម្តេច​បាន​ស្នើ​ដល់​ភាគី​អូស្ត្រាលី​បន្ត​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​បាន​ស្នើ​ដល់​ភាគី​អូស្ត្រាលី​ពិចារណា​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​បង្កើត​នូវ​មជ្ឈមណ្ឌល​មីន​អាស៊ាន ក្នុង​ប្រទេស​កម្ពុជា ដែល​មជ្ឈ​មណ្ឌល​​មីន​អាស៊ាន​នោះ​មាន​គោលបំណង​ជួយ​បណ្តុះ​បណ្តាល​ដល់​ការ​ដោះមីន ដើម្បី​ឲ្យ​ការ​ដោះមីន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​ស្ថិត​នៅក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​កាន់​តែ​មាន​ប្រសិទ្ធភាព ​ថែមទៀត។

សម្តេចតេជោ​បាន​ចាត់​ទុកជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ទាក់ទិន​ទៅ នឹង​កា​រ​អភិ​វឌ្ឍន៍​​ធន​ធានមនុស្ស​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​តាមរយៈ​នេះ។ បញ្ហា​បង្កើត​​មជ្ឈមណ្ឌល​មីន​អាស៊ាននេះ លោកជំទាវ Julie Isabel Bishop មានប្រសាសន៍ថា នៅ​ពេលនេះ​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​តែ​មាន​គម្រោង​ជួយ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​នោះ​ហើយ។

ទាក់​ទង​ដំណើរការ​បោះ​ឆ្នោត​នៅកម្ពុជា​ សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ភាគី​អូស្ត្រាលី​​ចូលរួម​ចំណែក​ជួយ​ដល់​ការ​កែទម្រង់​ដំណើរការ បោះឆ្នោត​នៅ​កម្ពុជា​ផងដែរ។

ដោយឡែក​ពាក់ព័ន្ធទៅ​នឹង​សំណើ​ឲ្យ​ភាគី​អូស្ត្រាលី​ជួយ​ដល់​ការ​ធ្វើកំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា លោកជំទាវ Julie Isabel Bishop បាន​​ទទួល​យក ដោយលោក​ជំទាវ Julie Isabel Bishop  រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី មាន​ប្រសាសន៍​បញ្ជាក់​ថា ​​បច្ចុប្បន្ន​នេះ​អូស្ត្រាលី​មាន​បំណង​​ជាក់លាក់ ដើម្បី​ធ្វើជា​មិត្តភាព និង​ដៃ​គួរ​ដ៏​ល្អ​ជាមួយ​កម្ពុជា​ ដែល​នោះ​គឺជា​ដំណាក់​ការ​ថ្មី​មួយ ដែល​ប្រទេស​ទាំងពីរ រដ្ឋាភិបាលទាំងពីរ​កំពុងតែ​ពង្រឹង​នូវ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ និង​មាន​រយៈពេល​វែង​តទៅ​មុខទៀត។

​លោកជំទាវ Julie Isabel Bishop ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី ​បានវាយ​តម្លៃ​ខ្ពស់​ និង​​ទទួល​ស្គាល់​ពី​តួនាទី នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​ទៅនឹង​ទិដ្ឋភាព​នយោ​បាយ និង​សេដ្ឋកិច្ច ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​៕

No comments:

Post a Comment