Sunday, January 12, 2014

មតិ​ស្វាគមន៍ និង របាយការណ៍​សង្ខេប លោកជំទាវ​បណ្ឌិត​សភាចារ្យ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិត្យ​សភាកម្ពុជា ថ្លែង​ក្នុង​ពិធី​បើក សន្និសីទ​អ​ន្តរជាតិ​លើក​ទី២០​ ​នៃ​សមាគម​បុរេ​ប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិក

-សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុក​ ទីស្តី​ការ​​គណៈរដ្ឋមន្ត្រី និង លោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់
-លោកសាស្ត្រាចារ្យ Ian Lilley អគ្គលេខាធិការសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក  ជាទីគោរពរាប់អាន
-លោក ផុន កសិកា ប្រធានសន្និសីទអន្តរជាតិលើកទី២០ នៃសមាគមបុរេប្រវត្តិឥណ្ឌូ ប៉ាស៊ីហ្វិក និង ប្រធានផ្នែកបុរាណវត្ថុវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា
-ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវជាភ្ញៀវ​​កិត្តិយស ជាតិ និងអន្តរជាតិទាំងអស់ ​ជាទីគោរពរាប់អាន
-ឯកឧត្ដម លោកជំទាវ លោកសាស្រ្តាចារ្យ លោក លោកស្រី ជាវាគ្មិនជាតិ និង ​អន្តរជាតិ ទាំងអស់ជាទីរាប់អាន
-អង្គសន្និសីទទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលជាម្ចាស់ផ្ទះ​ក្នុងការ​រៀបចំសន្និសីទ​អន្តរ​ជាតិ លើកទី២០នៃសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកនៅលើទឹកដីអង្គរ​អតីត​​រាជ​ធា​នី នៃមហា​នគរ​ខ្មែរ​ដ៏រុងរឿង។

  ​ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា ជួសមុខឲ្យគណៈកម្មការរៀបចំសន្និសីទអន្តរជាតិនាពេល​នេះ និងក្នុងនាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំសូមសម្តែងគារវ​កិច្ចស្វាគមន៍យ៉ាង​កក់ក្តៅជាទីបំផុត ចំពោះវត្តមាន​ដ៏​ឧត្តុង្គឧត្តមរបស់​​​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​​ការ​គណៈ​រដ្ឋមន្ត្រី និង លោកជំទាវ ដែល​បាន​​ផ្តល់កិត្តិយស​ដ៏ខ្ពង់ខ្ពស់ ​អញ្ជើញជាអធិបតីក្នុងពិធីបើក​ សន្និ​សីទ​អន្តរជាតិលើកទី២០នៃសមាគមបុរេប្រវត្តិ​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​ នាពេលនេះ ដែលញ៉ាំងឲ្យពិធី នេះ កាន់តែ​មានតម្លៃជាប្រវត្តិសាស្ត្រថែមទៀតសម្រាប់ រាជបណ្ឌិត្យសភាកម្ពុជាយើងខ្ញុំ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមសម្តែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះគណៈកម្មាធិការ​សមាគម​បុរេប្រវត្តិ​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក ដែលបានជ្រើសរើស​យក​ព្រះរាជាណាចក្រកម្ពុជា សម្រាប់ការរៀបចំ​សន្និសីទ​ លើកទី២០ របស់ខ្លួន​ នាពេលនេះ។

ខ្ញុំសូមថ្លែងអំណរគុណ ចំពោះវត្តមានឯកឧត្តមគណៈអធិបតី ឯកឧត្តម​បណ្ឌិត​​សភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ លោក លោកស្រី​ ជាវាគ្មិន​ជាតិនិងអន្តរជាតិ ដែលបានអញ្ជើញ​មកចូលរួម​ក្នុង​សន្និសីទ​​អន្តរ​ជាតិ​ដ៏មានសារៈសំខាន់នា​ពេល​នេះ។
ទន្ទឹមនឹងនេះ យើងខ្ញុំ​​ក៏សូមថ្លែងអំណរគុណចំពោះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែលបានអនុញ្ញាត​​ឱ្យ​រាជបណ្ឌិត្យ​សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ​អន្តរជាតិលើកទី២០នៃសមាគមបុរេប្រវត្តិ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដ៏ធំ​នេះឡើង។

- ឯកឧត្តមគណៈអធិបតីជាទីគោរព!
- ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអង្គពិធីទាំងមូលជាទីមេត្រី!

ក្នុងរយៈពេលជាងដប់ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឯក​ឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជា​រដ្ឋមន្ត្រី​អាណាព្យាបាលផងនោះ បានបង្កលក្ខណៈឱ្យរាជបណ្ឌិត្យសភាកម្ពុជា មានសមត្ថភាព និងលទ្ធភាព​ក្នុង​ការ​រៀប​ចំ​សន្និ​សីទ​អន្តរជាតិ​ជា​ច្រើន​លើកនិងច្រើនវិស័យ ដែល​មាន​​ការចូលរួមពីអ្នកស្រាវជ្រាវ​មកពី​ប្រទេស​នានា​​ក្នុង​តំបន់និង​សាកល​លោក​។ ជាពិសេសនៅ​​ពេល​នេះ ការរៀបចំសន្និសីទអន្តរជាតិដ៏ធំ​លើ​វិស័យបុរាណ​វត្ថុវិទ្យា​ដែលពុំធ្លាប់​មាន​​កន្លង​មក​ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់រាជ​បណ្ឌិត្យសភាកម្ពុជា ដែលមានវាគ្មិន​អន្តរ​ជាតិ​​រហូត​ដល់​៧២៩នាក់ មកពីបណ្តាប្រទេស​ចំនួន​៤០ បាន​មកចូលរួម ដែលជាអ្នកវិទ្យាសាស្ត្រ ជំនាញខាង​បុរាណ វត្ថុវិទ្យា និងបានធ្វើការស្រាវជ្រាវ​នៅ​តំបន់​ឥណ្ឌូ​​ប៉ាស៊ី​ហ្វិក​​និងតំបន់​អាស៊ី​អាគ្នេយ៍​យើងនេះ។ ជាមួយ​នេះផងដែរ យើងមានវាគ្មិនជាអ្នក ស្រាវជ្រាវជាតិ ​ចំនួន៣២នាក់ មក​ពី​ក្រសួង​និង​​​ស្ថាប័ន​ជាតិ ដូចជា ក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា អាជ្ញាធរ​អប្សរា អាជ្ញាធរ​ជាតិ​ព្រះវិហារ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ សារមន្ទីរ​ជាតិ​​ភ្នំពេញ សាលា​បារាំង​ចុងបូព៌ា និងអង្គការគាំពារ​បេតិកភណ្ឌ ជាដើម ក៏បានចូលរួម​​នៅក្នុងសន្និសីទ​អន្តរជាតិនេះផងដែរ។

សន្និសីទ​អន្ដរជាតិលើកទី២០ នៃ​សមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក នេះជាវេទិកា វិទ្យាសាស្រ្ត​​អន្តរជាតិ​ដ៏​ធំ​​សម្រាប់​​​​​វិស័យបុរាណវត្ថុវិទ្យា ដែល​នឹងផ្តល់​ឱកាសដល់​អ្នកស្រាវជ្រាវ​ផ្នែក​បុរាណ​​​វត្ថុវិទ្យាទាំងជាតិ និង​​​អន្ដរ​ជាតិ​​ មកជួបជុំ​ចែក​រំលែក​បទពិសោធន៍​ និងផ្តោះប្តូរពិភាក្សា ការស្រាវជ្រាវរកឃើញថ្មីៗ នូវ​លទ្ធ​ផល​ពី​តំបន់​​ឥណ្ឌូប៉ាស៊ី​ហ្វិក​និង​តំបន់​អាស៊ី​អាគ្នេយ៍ដល់គ្នា​ទៅវិញ​ទៅ​មក ​។

ក្នុងឆ្នាំ២០០៩ សន្និសីទ​អន្តរជាតិសមាគមបុរេ​ប្រវត្តិ​ឥណ្ឌូ​ប៉ាស៊ីហ្វិក លើកទី១៩ បាន​ប្រារព្ធ​ធ្វើ​នៅទី​ក្រុងហាណូយ ប្រទេស​វៀតណាម ដែលមានវាគ្មិនជាសមាជិកមក​ចូលរួម​ប្រមាណ​​៦០០​នាក់​។​ហើយក្រោយការបញ្ចប់សន្និសីទអន្តរជាតិលើកទី១៩នោះ គណៈ​កម្មាធិការ​សមាគម​បុរេប្រវត្តិ​ឥណ្ឌូ​​ប៉ាស៊ីហ្វិក បានគិតគូរជ្រើសរើស​ប្រទេសដែលនឹង​ត្រូវធ្វើជាម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ  ​លើក​​ទី​២០នា​​ឆ្នាំ២០១៤ ​របស់​ខ្លួន។ នៅខែកញ្ញា ឆ្នាំ២០១១ គណៈកម្មា​ធិការសមាគម​បុរេ​ប្រវត្តិ​ឥណ្ឌូ​​ប៉ាស៊ីហ្វិកបាន​បោះ​ឆ្នោត​សម្រេចជ្រើសរើសប្រទេស​កម្ពុជាធ្វើជាម្ចាស់ផ្ទះ​ សម្រាប់រៀបចំ​សន្និ​សីទ​អន្តរជាតិលើក​ទី២០នាឆ្នាំ២០១៤ នេះឡើង ដោយជ្រើសរើសលោក ផុន កសិកា ប្រធានផ្នែក​បុរាណវត្ថុវិទ្យា​នៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ធ្វើជាប្រធានសន្និសីទ​របស់សមាគម​បុរេប្រវត្តិ​ឥណ្ឌូ​​​​ប៉ាស៊ីហ្វិក​លើក​​ទី​២០ ប្រចាំនៅប្រទេស​កម្ពុជា។

ការជ្រើសរើសរៀបចំសន្និសីទអន្តរជាតិនៅកម្ពុជា ជាការផ្តល់នូវកិត្យានុភាពថ្មីមួយបន្ថែមទៀត ដល់ព្រះរាជា​ណា​​ចក្រ​កម្ពុជាលើឆាកអន្តរជាតិ ដោយហេតុថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍​ដី​គោក ហើយ​ជា​ប្រទេស​​ដែល​មានអារ្យធម៌ដ៏​ល្បីល្បាញនាសម័យបុរាណ ដែលបានបន្សល់នូវ មរតក​វប្បធម៌​រូបី តាមស្ថានីយ​​បុរាណ រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រ និងបុរាណវត្ថុ​សិល្បៈគ្រប់ប្រភេទ ជាច្រើន​នៅ​ពាស​ពេញ​ប្រទេស​ ពិសេសនៅតំបន់អង្គរ នៃខេត្តសៀមរាបនេះតែម្តង។

គណៈអធិបតី និងអង្គសន្និសីទទាំងមូល ជាទីគោរព និងជាទីមេត្រី !

ចាប់តាំងពីចុងឆ្នាំ២០១១ មក វិទ្យាស្ថានវប្បធម៌និងវិចិត្រ​សិល្បៈនៃរាជបណ្ឌិត្យ​សភា​កម្ពុជា​ បានត្រៀមរៀបចំដំណើរការនេះយ៉ាងសកម្ម ដោយសហការនិងទំនាក់ទំនងជា​ប្រចាំជាមួយ​​លេខា​ធិការ​ដ្ឋានសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក ប្រចាំនៅសហរដ្ឋអាមេរិក។ ជាលទ្ធផលសន្និសីទ​អន្តរ​ជាតិសមាគមបុរេ​ប្រវត្តិ​ឥណ្ឌូ​ប៉ាស៊ីហ្វិកលើកទី២០នេះ បានសម្រេចតាមការគ្រោងទុក ក្រោមប្រធាន បទចម្បង​ចំនួន ៦៣ និងប្រធានបទរងចំនួន៥៨០ ដោយចែកជាវគ្គ(session) ចំនួន១៤០។

ក្នុងដំណើរការអង្គសន្និសីទដែលត្រូវប្រព្រឹត្តទៅរយៈពេល៧ថ្ងៃនេះ នៅថ្ងៃទី១២ ខែមករា នេះ ជាកម្មវិធី​ប្រារព្ធពិធីបើក​សន្និសីទក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី  ហើយបន្ត​សន្និ​សីទ​​ពេញអង្គ​ដោយ​វាគ្មិនកម្ពុជា។ ចាប់ពីថ្ងៃទី១៣ ខែមករានិងថ្ងៃបន្តបន្ទាប់ សន្និសីទ​ពេញអង្គ​នឹង​ប្រព្រឹត្ត​​​ទៅនៅបន្ទប់​សន្និ​សីទ​ប្រាំពីរ(៧)ផ្សេងគ្នាក្នុងពេល​តែ​មួយ​ដោយវាគ្មិនអន្តរជាតិ។​ ក្នុង​រយៈ​ពេលនៃ​ដំណើរការរៀបចំ​សន្និ​សីទ​​អន្តរជាតិនេះ នឹងមានដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃ​គឺថ្ងៃទី១៥ ខែ​មករា​ នេះនៅតំបន់​អង្គរ។ 

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា នាងខ្ញុំសូមគោរព​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ សម្ដេច​អគ្គមហា​សេនា​បតី​​តេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណាចក្រ​កម្ពុជា ដែលបានឧបត្ថម្ភគាំទ្រឱ្យមានការរៀបចំ​សន្និ​សីទ​អន្ដរ​ជាតិ​សមា​គម​បុរេ​ប្រត្តិ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក លើកទី២០នេះ​ឡើង។

យើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះឯកឧត្តម​បណ្ឌិតសភាចារ្យ​សុខ អាន ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និង លោកជំទាវ ដែលជានិច្ចកាល​តែងតែ​គាំទ្រនិងលើក​ទឹក​​​ចិត្តដល់រាល់គ្រប់សកម្មភាព​សិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ជា​ពិសេស​ការរៀបចំ​សន្និសីទ​អន្ដរជាតិ ជា​រៀង​រហូតមក។

ជាថ្មីម្តងទៀត ​ខ្ញុំសូមថ្លែងអំណរគុណ ដោយក្តីមោទនភាព​ក្រៃលែង ចំពោះ​គណៈកម្មា​ធិការ​​សមាគម​​បុរេប្រត្តិ​​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក ដែលបានជ្រើសយកព្រះរាជាណាចក្រកម្ពុជា សម្រាប់ការរៀប​ចំ​សន្និសីទ​អន្តរជាតិដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ​នៅលើទឹកដី ដែលពោរពេញទៅ​ដោយ​សម្បត្តិ​វប្បធម៌​សម្បូណ៌​បែប​ ជាពិសេស​ក្នុង​ទឹកដី​តំបន់អង្គរ នៃខេត្តសៀមរាបនេះ។

ជាមួយនេះផងដែរ ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង​អស់នៃវិទ្យាស្ថាន​វប្បធម៌ និ​ង​វិចិត្រ​សិល្បៈ ព្រមទាំងគណៈកម្មការរៀបចំពិធីទាំងអស់ ដែល​​បាន​ខិតខំយកអស់ពី​កម្លាំង​កាយ និងចិត្ត រៀបចំព្រឹត្តិការណ៍​ដ៏​ឱឡារិកនេះតាំង​ពី​ឆ្នាំ២០១១ ​មករហូតបានលេចចេញជារូបរាង​នាពេល​​នេះ។

នាងខ្ញុំ តាងនាមរាជបណ្ឌិត្យសភាកម្ពុជា និង​តាងនាមគណៈ​កម្មការ​រៀបចំសន្និសីទអន្តរជាតិ លើកទី២០នៃ​សមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក នាពេលនេះ សូម​គោរព​ថ្លែង​អរគុណ​យ៉ាងជ្រាល ជ្រៅចំពោះវត្តមានរបស់​គណៈអធិបតី ឯកឧត្តម លោកជំទាវ ភ្ញៀវ​កិត្តិយស​ជាតិនិងអន្តរជាតិ វាគ្មិន ជាតិ​និង​អន្តរជាតិ លោក លោកស្រី ដែលបានអញ្ជើញមកចូល​រួមក្នុង​ពិធី​បើកនេះ។

ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរ ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និង លោកជំទាវ ព្រមទាំងអង្គសន្និសីទទាំងមូល សូម ទទួលបាននូវពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ សុខៈ និង ពលៈ និង សូមបានជោគជ័យក្នុងគ្រប់ ភារកិច្ចការងារ។

សូមអរគុណ!

No comments:

Post a Comment