សំឡេងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់រយនាក់
ដែលទើបនឹងងើបឡើងប្រឆាំងជាមួយសកម្មភាពរំខានរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ
នៅក្រុងកំពង់ចាមកាលពីព្រឹកថ្ងៃទី ២៦
ខែមករា ឆ្នាំ២០១៤ ក្រោមពាក្យថា « ការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋសភា
ការពាររាជរដ្ឋាភិបាល និងការពារលទ្ធផលនៃការបោះឆ្នោត » ។
យើងគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែន! កម្ពុជាមិនត្រូវការសម រង្ស៊ី និង
កឹម សុខា ទេ»។
នេះ
ជាសំឡេងជួងរន្ថើនឡើង ដាស់សតិរបស់មេដឹកនាំគណបក្សប្រឆាំងថា ប្រជាពលរដ្ឋជាង៣លាននាក់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ គឺដើម្បីឱ្យសម្តេច ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល ។ ពួកគាត់ដ៏ច្រើនលើសលប់មិនពេញចិត្តនឹងទង្វើរបស់មេដឹកនាំគណបក្សប្រឆាំង
និងក្រុមអ្នកគាំទ្រដែលមានសំឡេងភាគតិចបានបង្កភាពក្តុងក្តាំងនោះទេ។
ការងើបឡើងរបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា
ប្រឆាំងនឹងការប្រមូលផ្តុំគ្នានៅតាមទីកន្លែងនានារៀបចំដោយគណបក្សសង្គ្រោះជាតិ
មិនមែនជាការគំរាមកំហែង ឬក៏ជាការរំលោភលើសិទ្ធិនយោបាយទៅលើគណបក្សប្រឆាំងឡើយ។
ផ្ទុយទៅវិញ វាជាការបង្ហាញនូវវត្តមានដ៏ចាំបាច់របស់ពួកគាត់
បន្ទាប់ពីគណបក្សប្រឆាំងបានធ្វើផ្គរ ធ្វើភ្លៀង
បង្កការរំខានដល់ភាពសុខសាន្តរបស់ពួកគាត់អស់ពេលជាងកន្លះឆ្នាំមកហើយ
តាមរយៈសកម្មភាពបំពានច្បាប់ជាច្រើន
និងជាបន្តបន្ទាប់រហូតមកឥតស្រាកស្រាន្ត។
សង្គមខ្មែរ
ដែលរំពឹងថា នឹងមានភាពសុខសាន្តក្រោយការបោះឆ្នោត ប្រែជាអាប់អួរ
និងកករល្អក់ខ្លះៗ
ពិតជាផ្តើមចេញពីចលនាជ្រុលនិយមរបស់មេដឹកនាំគណបក្សប្រឆាំង។ ឬសគល់ នៃបញ្ហាពិតប្រាកដដែលនាំឱ្យសង្គមខ្មែរទៅជាបែបនេះ
តើអ្នកណាជាជនបង្កហេតុ?
លទ្ធផលនៃការបោះឆ្នោតជ្រើងតាំងតំណាងរាស្ត្រនីតិកាលទី៥
បានប្រកាសហើយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ជាអាជ្ញាកណ្តាលសម្រាប់គណបក្សនយោបាយទាំងពីរ បានបង្ហាញថា
គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រ៦៨អាសនៈ
និងគណបក្សសង្គ្រោះជាតិបានចំនួន៥៥អាសនៈ។ នេះ
គឺជាលទ្ធផលនៃការប្រគួតប្រជែងដោយយុត្តិធម៌ ក្នុងរបបប្រជាធិបតេយ្យ
សេរី ពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
តាំងតែពីមុនការបោះឆ្នោតមកម៉្លេះ
គណបក្សសង្គ្រោះជាតិបានបង្កើតនូវបញ្ហាមិនចេះរីងស្ងួត
និងប៉ុនប៉ងបំផ្លាញចោលទាំងស្រុងនូវការបោះឆ្នោត។ ដូចការគិតទុកជាមុន
គណបក្សប្រឆាំងបានស្រែកឡូឡា ក្នុង និងនៅក្រៅប្រទេស
និងជួយបំពងសំឡេងដោយប្រព័ន្ធឃោសនាមួយចំនួន
នូវការបដិសេធលទ្ធផលឆ្នោត និងបានចោទគេឯងថា ជាចោរលួចសន្លឹកឆ្នោត
និងចុងក្រោយនេះ ថែមទាំងបានទាមទារឱ្យធ្វើការបោះឆ្នោតឡើងវិញ។
ផ្នែកខ្លះនៃបណ្តឹង
និងការតវ៉ារបស់គណបក្សប្រឆាំងត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយ ស្ថាប័ន គជប
និងក្រុមប្រឹក្សាធម្មនុញ្ញ។
ដោយឡែកការស្នើឱ្យធ្វើការបោះឆ្នោតឡើងវិញ
គឺជាសំនូមពរដ៏ហួសហេតុ និងផ្ទុយពីច្បាប់ ពីព្រោះតែបក្សសង្គ្រោះជាតិបានធ្វើការចោទប្រកាន់ដោយពុំមានភស្តុតាង
ហើយការលើកឡើងពីភាពមិនប្រក្រតីជុំវិញការបោះឆ្នោត
សុទ្ធតែជារឿងភូតកុហក និងប្រជាភិថុត។
គណបក្សប្រឆាំងបានប្រកាន់នូវភាពអស្មិមានៈ
ចចេស រឹងរូស មិនព្រមចូលប្រជុំសភា និងរកលេសចិញ្ចឹម ពង្រីកបញ្ហាឱ្យធំធាត់ឡើងយ៉ាងឆាប់រហ័ស
និងបានធ្វើសកម្មភាពបះបោរ ដឹកនាំធ្វើបដិវត្តមហាជនក្នុងទ្រង់ទ្រាយធំ
និងប្រកបដោយគ្រោះថ្នាក់បំផុត។
ទង្វើទាំងនោះរួមមាន៖
ការដឹកនាំធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងលទ្ធផលឆ្នោត
ការប្រមូលផ្តុំនានាដែលនាំដល់ការប្រើអំពើហិង្សា
ការបិទផ្លូវសាធារណៈ
និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ។
សកម្មភាពទាំងអស់នេះ ពិតជាបានកើតចេញពីទង្វើអុជអាល ដុតបញ្ឆេះកំហឹងពីសំណាក់គណបក្សប្រឆាំង
និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម
និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងស្ថានភាពប្រកបដោយហានិភ័យខ្ពស់បែបនេះ
ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម កាលពីថ្ងៃទី៥
ខែមករា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសរបស់ខ្លួន
ដោយបញ្ជាក់ថា ការធ្វើបាតុកម្ម តាមរយៈការជួបជុំជាសាធារណៈ
ឬការដង្ហែក្បួននានា ត្រូវផ្អាកជាបណ្តោះអាសន្ន
រហូតដល់សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា
និងវិលមករកប្រក្រតីភាពឡើងវិញ។
ពិតមែនហើយថា
សិទ្ធិដឹកនាំការជួបជុំប្រមូលផ្តុំ សំដែងមតិ ឬការដង្ហែក្បួននានា
ត្រូវបានទទួលស្គាល់ និងការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែ សិទ្ធិនេះ
ត្រូវយកមកអនុវត្តក្នុងក្របខ័ណ្ឌនៃច្បាប់ ។ ប៉ុន្តែ
ការធ្វើបាតុកម្មកន្លងមក បានរអិលធ្លាក់ចូលក្នុងហិង្សា
និងប៉ះពាល់ទៅលើសិទ្ធិអ្នកដទៃ ដូចជាការបង្កការកកស្ទះចរាចរជាដើម។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ
គឺជាការចំណាត់ការនៃវិធានការច្បាប់ ប្រសិនបើបុគ្គលជាអ្នកនយោបាយ
ឬក៏ជនឱកាសនិយមណាមួយមិនគោរព និងអនុវត្ត។
យោងតាមស្មារតីនៃមាត្រា៩
ចំនុចទី២ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី បានបង្ខំឱ្យអាជ្ញាធរមានការហាមឃាត់នូវគ្រប់សកម្មភាពប្រមូលផ្តុំនានា។
ប៉ុន្តែ គណបក្សប្រឆាំង មិនបានគោរព និងអនុវត្តតាមម្តងណាឡើយ
និងថែមទាំងបានប្រើសិទ្ធិរបស់ខ្លួនដ៏ហួសព្រំដែន។
ប្រជាពលរដ្ឋម្ចាស់ឆ្នោត
ជាង៩លាននាក់ បានប្រើសិទ្ធិនយោបាយរបស់ខ្លួនរួចហើយ
តាមរយៈការទៅបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស។ ដូច្នេះ
ការទ្រាំមិនបាននូវការជេរប្រមាថ ពីសំណាក់មេដឹកនាំគណបក្សប្រឆាំងមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ការងើបឡើងប្រឆាំងតបតជាសិទ្ធិពួកគាត់ក្នុងសង្គមប្រជាធិបតេយ្យ។
យុត្តិធម៌នៅក្នុងសង្គមប្រជាធិបតេយ្យ
គឺអ្នកចាញ់ និងអ្នកឈ្នះឆ្នោត គឺមិនត្រូវទុកគ្នាជាសត្រូវឡើយ។
តែគួរគប្បីរួមសហការគ្នាដើម្បី ខំប្រឹងកសាង និងអភិវឌ្ឍប្រទេស នោះទើបហៅថា
អ្នកនយោបាយបានធ្វើត្រូវតាមបំណងប្រាថ្នាដ៏ចំបងរបស់ប្រជាពលរដ្ឋខ្មែរ
ដែលជាម្ចាស់ឆ្នោត។
មានតែការនិយាយគ្នា
ជួបចរចាគ្នា និងចូលក្នុងសភាទេ ទើបជាដំណោះស្រាយដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងគោលបំណងរបស់ប្រជាពលរដ្ឋ
ហើយក៏សក្តិសមឋានៈជាអ្នកតំណាងរាស្ត្រ។
ការជេរប្រមាថនៅតាមដងផ្លូវ
និងប្រមូលផ្តុំគ្នាចោទប្រកាន់មកលើអ្នកដទៃដោយគ្មានមូលដ្ឋាន គឺជាការរំលោភលើសិទ្ធិអ្នកដទៃ
ដែលពលរដ្ឋម្ចាស់ឆ្នោតមានសិទ្ធិគាំទ្របុគ្គលដែលខ្លួនពេញចិត្ត
និងមិនគាំទ្រចំពោះបុគ្គលដែលមិនស្គាល់ពីតម្រូវការ គោលបំណង និងរំខានដល់ភាពសុខ សាន្តរបស់ពួកគាត់។
ដល់ពេលវេលាដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា
ក្នុងសំឡេងភាគច្រើនដាច់ខាតបញ្ចេញឆន្ទៈម្តងហើយ ។ គ្មានកំហុសទេ ចំពោះភារកិច្ចដ៏ចំបងរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការការពារសន្លឹកឆ្នោតរបស់ពួកគាត់៕
អត្ថបទ៖ ពូន
សំរេច
No comments:
Post a Comment