បទអត្ថាធិប្បាយ
ពង្ស សុក្រឹត្យ
ភាពអត់ធ្មត់ពិតជាមានព្រំដែន
ចុងសប្ដាហ៍កន្លងមកនេះ សមត្ថកិច្ចបានធ្វើការបោសសំអាតក្រុមអនាធិបតេយ្យ ដែលប្រើអំពើហិង្សាយ៉ាងឃោរឃៅគ្មានព្រំដែន ដើរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងប្រជាជន និងហាងអ្នកប្រកបអាជីវកម្មមួយចំនួន រួមទាំងរោងចក្រជាច្រើនកន្លែងទៀតផង។
វិធានការក្តៅនេះ គឺជាការអនុវត្តច្បាប់របស់ប្រទេស ដែលបង្ហាញពីភាពអត់ធ្មត់យ៉ាងក្រៃលែង របស់រាជរដ្ឋាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ដែលខំអត់ធ្មត់អស់រយៈពេល ៥ខែកន្លងមកហើយ។ គណបក្សប្រឆាំង បានឡាំប៉ា ចចេសពុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ កន្លងទៅ បើទោះបីជា ស្ថាប័នជាតិ ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបោះឆ្នោតបានសម្រេចជាផ្លូវការ រីឯអ្នកសង្កេតការណ៍អន្តរជាតិ បានអះអាងថា ការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយគ្មានអំពើហិង្សា ស្ថិតក្នុងបរិយាកាសសន្តិភាព មានភាពសេរី និងយុត្តិធម៌ អាចទទួលយកបាន ហើយទន្ទឹមនឹងនោះ បក្សប្រឆាំងក៏ទទួលបានអាសនៈកើនឡើងយ៉ាងច្រើនរហូតដល់ ៥៥ អាសនៈ ហើយក្តី ក៏បក្សប្រឆាំងនេះ មិនទទួលស្គាល់នូវការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈសន្លឹកឆ្នោត ដដែល។
អស់រយៈពេលជាងកន្លះខែ កន្លងមកនេះ លោក សម រង្ស៊ី និង កឹម សុខា បានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ទទួលរងនូវការភ័យខ្លាច អំពីអស្ថេរភាពសង្គម ដែលបង្កឡើងដោយចលនាបាតុកម្មរបស់ពួកគេ និងបានធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេស កាន់តែមានភាពផុយស្រួយ ធ្ងន់ធ្ងរទៅៗ ដែលមិនគួរអត់ធ្មត់បានតទៅទៀត ប្រសិនបើ រាជរដ្ឋាភិបាល មិនចាត់វិធានការណ៍ច្បាប់ទេនោះ។ មេបក្សប្រឆាំងបានបង្កនូវសកម្មភាពញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ អ្នកស្រែចម្ការ កម្មករ ឲ្យប្រើអំពើហិង្សា ប្រៀបបាននឹងជ្រូកពុល ឈានដល់ការបំផ្លិចបំផ្លាញ សម្បត្តិរោងចក្រ សម្បត្តិឯកជន និងខ្ទប់ដង្ហើមផ្លូវជាតិធំៗ ។ល។
ដោយមានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលបរទេស និងពីសង្គមស៊ីវិលក្នុងប្រទេសមួយចំនួន ជាពិសេសក្រុមមេសហជីពមួយចំនួនតូច ដែលមាននិន្នាកាប្រឆាំងរដ្ឋាភិបាល មេដឹកនាំបក្សជំទាស់ កាន់តែមានមោទនភាពចំពោះទង្វើបំពានច្បាប់របស់ខ្លួន ហើយហ៊ានញុះញង់កម្មករ ដល់មុខរោងចក្រ និងដល់ក្នុងបរិវេណរោងចក្រមួយចំនួន បង្ខំឲ្យកម្មករឈប់ធ្វើការ ដើម្បីចេញមកធ្វើបាតុកម្ម ជាមួយគណបក្សខ្លួន យ៉ាងងងើល។
រឿងដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺបក្សប្រឆាំងបានអុជអាលក្រុមកម្មករ កម្មការិនីរោងចក្រឲ្យធ្វើកូដកម្ម និងបាតុកម្មហិង្សា បះបោរទាមទារប្រាក់ខែគោលឲ្យឡើងខ្ពស់ ទោះបីជារាជរដ្ឋាភិបាលបានខិតខំសម្រុះសម្រួលធ្វើការចេចារគ្នា ទាំងតំណាងនិយោជិក និងនិយោជក ជាមួយរាជរដ្ឋាភិបាលសម្រេចបានដល់ការតម្លើងប្រាក់ខែឲ្យបានសមរម្យហើយក៏ដោយ។ ថ្មីៗនេះ វិនិយោគិន បានប្តឹងតវ៉ាដល់រាជរដ្ឋាភិបាលថា បើកូដកម្មនៅតែបន្ត ពួកគេនឹងដករោងចក្ររបស់ពួកគេ ទៅវិនិយោគនៅប្រទេសផ្សេងវិញ ។ នេះហើយ ជាការញុះញង់ បំផ្លាញសេដ្ឋកិច្ចរបស់ប្រទេស និងបំផ្លាញជីវភាពបងប្អូនកម្មករ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងខណៈដែលពួកគេបាត់បង់នូវមុខរបរនេះ ។
មុនឆ្លងឆ្នាំ២០១៣ ឈានដល់២០១៤ គណបក្សឈ្នះឆ្នោត CPP បានធ្វើការអំពាវនាវ ម្តងហើយម្តងទៀតឲ្យមានការជួបប្រជុំគ្នា ដោះស្រាយបញ្ហានយោបាយជាមួយគ្នា ប៉ុន្តែត្រូវបានគណបក្សសង្គ្រោះជាតិបដិសេធ ដោយលើកហេតុផលរបៀបខ្វះសុច្ឆន្ទៈក្នុងការចរចា។ នេះជាល្បិចកលដើម្បីទាក់ទាញប្រជាប្រិយភាពនយោបាយរបស់ខ្លួនពីកម្មករ និងប្រជាពលរដ្ឋ។ នរណាក៏គេដឹងដែរថា ការពន្យារពេលចរចារបស់បក្សប្រឆាំងនៅពេលនោះ គឺដើម្បីប្រមូលកម្លាំងបាតុករ ឲ្យមានទឹកចិត្តពុះកញ្ជ្រោលកាន់តែខ្លាំង ព្រោះបើពួកគេយល់ព្រមចូលចរចា គឺអាចនឹងមានដំណោះស្រាយនយោបាយ ដូច្នេះកម្លាំងបាតុកម្ម នឹងអាចថយចុះ។
ការពិត លោក សម រង្ស៊ី និង កឹម សុខា ប្រើយុទ្ធសាស្ត្រយកកម្លាំងកម្មករ និងប្រជាជនអ្នកគាំទ្រដើម្បីផ្តួលរំលំរដ្ឋាភិបាលក្នុងមហិច្ឆតា ចង់កាន់កាប់អំណាចតាមរបៀប ការធ្វើបដិវត្តប្រជាជន ។
ក្នុងសេចក្តីអំពាវនាវរបស់គណបក្សប្រឆាំង គេតែងប្រើប្រាស់ពាក្យ « អហិង្សា » ជានិច្ច ប៉ុន្តែរាល់ទង្វើ និងសម្តី របស់ពួកគេ នៅទីលានប្រជាធិបតេយ្យ និងតាមផ្លូវថ្នល់ក្តី គេស្រែកបំពងដោយកំហឹង ជេរប្រមាថ ប្រមុខរាជរដ្ឋាភិបាល ទាមទារឲ្យនាយករដ្ឋមន្ដ្រីចុះចេញពីតំណែង ទាមទារឲ្យមានការបោះ ឆ្នោតសារជាថ្មី ។ល។
មេបក្សប្រឆាំង បានសង្ឃឹមយ៉ាងខ្លាំងថា តាមរយៈការបំផុសបំផុល ជាចលនាបះបោរ គ្រប់ទិសទី ពេញរាជធានីភ្នំពេញ និងគ្រប់ខេត្តរបស់ពួកគេនោះនឹងក្លាយជា « អំណាចប្រជាជន » ទូទាំងប្រទេស ហើយគេនឹងអាចផ្តួលរដ្ឋាភិបាលបាន។
ផ្ទុយទៅវិញ អ្វីដែលមេបក្សប្រឆាំងភ្លេចគិតនោះ គឺថា តើគណបក្សឈ្នះឆ្នោត តើសម្លេងភាគច្រើនរបស់ពលរដ្ឋក្នុងប្រទេស តើរាជរដ្ឋាភិបាល តើអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសមួយ ដែលកំពុងក្រេបជញ្ជក់នូវរបបប្រជាធិបតេយ្យនោះ តើគេអនុញ្ញាតឲ្យក្រុមភាគតិចលួចប្លន់យកអំណាចតាមបែបអនាធិបតេយ្យដោយងាយស្រួលបានឬទេ?
ការដែលរាជរដ្ឋាភិបាលទុកឱកាសឲ្យក្រុមប្រឆាំងស្រែកក្អេងក្អាង ដោយសំអាងថាមានបរទេសនៅពីក្រោយអស់រយៈពេល៥ខែមកហើយនោះ ដោយសារតែការឈរលើមូលដ្ឋាន លទ្ធិប្រជាធិបតេយ្យ តែក្រុមប្រឆាំងបែរជាយល់ខុសប្រាសចាកពីក្រមសីលធម៌នៃការរស់នៅ រំលោភច្បាប់ និងសិទ្ធិសេរីភាពរបស់អ្នកដទៃ ប្រើអំពើហិង្សាច្រឡោងខាម បង្កអសន្ដិសុខដល់សង្គមជាតិទៅវិញ។
មកដល់ថ្ងៃនេះ ស្ថានភាពនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជាពិសេស តាមបណ្តារោងចក្រកាត់ដេរទាំងអស់បានចាប់ដំណើរការឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានចាត់វិធានការណ៍ស្របច្បាប់ ទៅលើក្រុមបង្កអនាធិបតេយ្យទាំងនោះបានដោយជោគជ័យ។
ភាពស្ងប់ស្ងាត់ ក្នុងបរិយាកាសសន្តិភាព គឺពិតជាចំណងដៃនៃការជូនពររបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជនកម្ពុជា នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០១៤ ប្រាកដមែន៕
No comments:
Post a Comment