Thursday, December 26, 2013

បទអត្ថាធិប្បាយ ដោយ សៀន វិបុត្រ «ប្រឆាំងដើម្បី​អភិវឌ្ឍ ឬប្រឆាំងដើម្បីបំផ្លាញជាតិ?»

បទអត្ថាធិប្បាយ
សៀន វិបុត្រ
ប្រឆាំងដើម្បី​អភិវឌ្ឍ ឬប្រឆាំងដើម្បីបំផ្លាញជាតិ?
         
ក្រោយការប្រកាស​លទ្ធផលបោះឆ្នោត ​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា​ គេបានឃើញយ៉ាងច្បាស់ពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ​ភាគច្រើន​ពួកគាត់បានសម្រេចផ្តល់សេចក្តីទុកចិត្ត​ជូន​ដល់គណបក្សប្រជា​ជន​កម្ពុជា​ ដែលគេស្រឡាញ់ គេពេញចិត្ត និងគេជឿជាក់។ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ​ បាន​បញ្ជាក់​ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព​។
ទោះជាលទ្ធផល​បានបង្ហាញជាក់​ស្តែងបែបនេះហើយ​ក្តី ក៏​គណបក្ស​ប្រឆាំង​មិនទទួល​​ស្គាល់ការពិតនោះឡើយ បែរ​ជាដើរបង្កព្យុះភ្លៀង ស្ទើរគ្រប់ទីកន្លែងទៅវិញ។
គណបក្សប្រឆាំងបានដើរ​ភូតកុហក បោកប្រាស់ប្រជារាស្ត្រ​ឲ្យជឿលើខ្លួន ហើកៀងគរពួកគាត់​ឲ្យមកធ្វើបាតុកម្ម​ឥតឈប់ឈរ​​ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់​ ដោយប្រើពាក្យយ៉ាងអសុរស គ្មានសីលធម៌ថា រាជរដ្ឋាភិបាលសព្វថ្ងៃជារាជរដ្ឋាភិបាល​មិនគ្រប់ទឹក រាជរដ្ឋាភិបាល​គម្រក់។ ល ។

ក្នុងន័យនេះ យើង​សូមសួរទៅលោក​សម រង្ស៊ី​ និងលោកកឹម សុខា ថា តើអ្នកទាំងពីរដឹងទេថា មានគណបក្សនយោបាយប៉ុន្មាន  ដែលបានចុះក្នុង​បញ្ជី​ឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រនីតិកាល៥ នៃរដ្ឋសភា​​នោះ​?​ តើ​មានគណបក្សប៉ុន្មានដែលទទួលបានអាសនៈ នៅក្នុងរដ្ឋសភា? តើ​គណបក្សណា​ដែលក្បត់​នឹងរដ្ឋធម្មនុញ្ញ​ មិនទទួលស្គាល់​ការកោះ​ប្រជុំ របស់ ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានោះ?
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៥នេះ គឺបង្កើតឡើងដោយ​ភាពត្រឹមត្រូវ ស្របច្បាប់ គឺ​ស្រប​តាមច្បាប់រដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​។ ​បច្ចុប្បន្ន​ រាជរដ្ឋាភិបាលកំពុងត្រូវ​​ឃ្លាំមើលដោយយកចិត្តទុក​ដាក់​​ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ អង្គ​ការសហប្រជាជាតិក្តី បណ្តាប្រទេសជាមិត្ត​នឹងកម្ពុជា​ក្តី​ បានទទួលស្គាល់​រាជរដ្ឋាភិបាល​ ដែល​ទើប​នឹងបង្កើតឡើងនេះ។
គណបក្សប្រឆាំងធ្វើអ្វីៗ ដើម្បីតែអំណាចរបស់​ខ្លួន និងបក្ខពួកខ្លួនតែ​ប៉ុណ្ណោះ មិនបានគិតពី​ផលប្រយោជន៍ប្រជារាស្ត្រ​ និងជាតិជាធំនោះទេ​។ រាល់សកម្មភាពរបស់ខ្លួន​គ្រប់យ៉ាង​ គឺធ្វើ​ដើម្បីតែ មហិច្ឆតារបស់ខ្លួនតែម្យ៉ាង មិនគិតប្រយោជន៍ជាតិ​ មិន​គោរពច្បាប់​ប្រទេសឡើយ។
សួរថាពេល​ដែល​ប្រជាជនជួបបញ្ហា​គ្រោះទឹកជំនន់ តើគណបក្សប្រឆាំងបានធ្វើអ្វីខ្លះ? មេបក្សប្រឆាំងគិតតែអំពាវនាវ​ឲ្យប្រជាជន​ចូលរួមធ្វើបាតុកម្មឲ្យបានច្រើន​កុះករ។ គេសប្បាយចិត្តនឹងឃើញ​អ្នកគាំទ្រ​របស់​គេ​នៅស្រែចម្ការ បិទទ្វាផ្ទះ ចោល​គោ ក្របី​ វេចបាយ​កញ្ចប់​មកចូលរួមបាតុកម្មរបស់ពួកគេ។​ លើសពីលើនេះ ពួកគេបាន​សុំបិណ្ឌ​បាត​ប្រជាជន​​ ឲ្យ​ចូលមូលនិធិ​សង្រ្គោះជាតិ​ ដើម្បី​​ផ្គង់ផ្គង់​ការធ្វើបាតុកម្មរបស់ខ្លួន ដោយមិនគិតគូរពីប្រជាជន ដែលរងគ្រោះ​ដោយទឹកជំនន់ឡើយ​។ ថែមពីលើនេះទៀត​​ នៅពេលដែលប្រទេស​កំពុងត្រូវការជំនួយ ត្រូវ​ការ​ការវិនិយោគទុនពីបរទេស​ ដើម្បី​អភិវឌ្ឍប្រទេស​ជាតិ គណបក្សប្រឆាំងបែរជា​អំពាវនាវម្តងហើយម្តងទៀត​ ព្រម​ទាំង​​​បាន​ចេញ​លិខិតចំហមួយ ​​ផ្ញើ​ឲ្យ​បរទេស​​ ឈប់ផ្តល់ជំនួយ ឈប់​ផ្តល់​ប្រាក់កម្ចី និងឈប់​វិនិយោគនៅកម្ពុជាតទៅទៀតជាដើម​។​ ពួកនេះបាន​ស្រែកឡាំប៉ា​ដាក់គេ​ ដោយចោទ​បំភាន់ការពិតថា រាជរដ្ឋាភិបាលសព្វថ្ងៃមិនស្របច្បាប់។
មកដល់ពេលនេះ គណបក្សប្រឆាំងនៅតែមិនព្រម​ទទួលស្គាល់ថាខ្លួនចាញ់ទៀត នៅ​តែ​ក្រាញននៀល ចង់បានតំណែង​នាយករដ្ឋមន្ត្រី ដោយមិនខ្វល់ពីអ្វីទាំងអស់ ឲ្យតែខ្លួនបានអំណាច​។ លោកសម រង្ស៊ី និងលោក​កឹម សុខា តែ​ងតែ​និយាយថា ខ្លួនចង់​លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន តែ​​អ្នកទាំងពីរមិនបានគិតទេថា ប្រជាពលរដ្ឋភាគច្រើនជាកសិករ​ អ្នកស្រែចម្ការ​​ រកស៊ី ដើម្បី​ចិញ្ចឹម​ជីវិត​គ្រួសារ។  មួយវិញទៀ​ត​   រដូវនេះ ជា​រដូវប្រមែ​ប្រមូលផលស្រូវ ​ផលដំណាំផងនោះ ។ ចុះ​បើ​ពួកគាត់​រវល់តែ​មកចូលរួមធ្វើបាតុកម្ម​ តើជីវិត និង​ជីវ​ភាព​ក្រុមគ្រួសារ​ទាំងមូល​នឹងក្លាយ​ទៅជាយ៉ាងណាទៅ​?​ ហើយចុះ កសិផលរបស់ពួកគាត់វិញនោះ តើពួកគាត់​ត្រូវ​ទុកផល​ ដែល​ត្រូវ​ច្រូតកាត់​ ឬទុកឲ្យ​បន្លែ​ ដែល​ត្រូវបេះ​ ឲ្យចោល​ខូច ឬយ៉ាងណា?
ប៉ុន្តែ​អ្វីដែលគួរឲ្យសោកស្តាយចំពោះប្រជាពលរដ្ឋនោះ ​​គឺក្តី​រំពឹងដែល​ពួកគេផ្ញើសេចក្តីទំនុកចិត្តលើលោកសម រង្ស៊ី និងលោកកឹម សុខានោះ ត្រូវបានបុគ្គលទាំងពីររូបនេះ ជាន់ឈ្លីស្ទើរ​ទាំងស្រុងទៅហើយ ដូចជាមូលនិធិដែលបងប្អូនប្រជាពលរដ្ឋ​បាន​ខិតខំ​រៃអង្គាស​ បេះពីមាត់ ពង្រាត់ពីក យកមកចូលរួមជាមួយគណបក្សសង្រ្គោះជាតិបានចំនួនជាង១០ម៉ឺនដុល្លារនោះ ត្រូវបានបុគ្គលល្មោភអំណាចទាំងពីរ​ ​កេងប្រវ័ញ្ចស្ទើរគ្មានសល់។ បើសិនជា​មេបក្សប្រឆាំង​គិតគូរ​ពីសុខទុក្ខរបស់​ប្រជារាស្ត្រ​ និង​ប្រទេសជាតិ​ជាធំពិតមែននោះ ច្បាស់ជា​មេបក្សប្រឆាំងមិនយក​ប្រជារាស្ត្រធ្វើជាឈ្នាន់​នយោបាយ​ ដើម្បីឈានទៅរកអំណាច ដែលខ្លួនតែងតែស្រមៃចង់បាន នោះទេ។
          ដូច្នេះ គណបក្សប្រឆាំងគួរតែរួបរួមគ្នាដើម្បីអភិវឌ្ឍប្រទេស​ ឲ្យរីកចម្រើនទៅមុខ កុំឲ្យបរទេសមួយចំនួន​មាក់ងាយប្រទេសយើង។ បើជាខ្មែរ​ ត្រូវតែ​ស្រឡាញ់​ខ្មែរ ដូចពាក្យថា «ខ្មែរតែមួយ អនាគតតែមួយ» កុំប្រឆាំង​ដើម្បីអំណាចបុគ្គល ឬដើម្បីបំផ្លាញជាតិ គួរតែប្រឆាំងដើម្បី​ស្ថាបនាប្រទេសទើបប្រសើរ។ ហេតុនេះ គណបក្សប្រឆាំងគួរបញ្ឈប់នូវរាល់ទង្វើទាំងឡាយ​ដែលមិនបាន​ផ្តល់ផលប្រយោ​ជន៍ចំពោះ​ប្រជាជន និងប្រទេសជាតិតទៀតទៅ។

អំពីអ្នកនិពន្ធ​ ៖  សៀន វិបុត្រ​ ជាជនពិការ​ភ្នែក​ទាំងពីរ
បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្រ្តឆ្នាំ​២០១០
បញ្ចប់វគ្គ​វិក្រឹត្យការ​មន្ត្រីជាន់ខ្ពស់ ផ្នែករដ្ឋបាលទូទៅ និង​នយោបាយ​

នៅសាលាភូមិន្ទរដ្ឋបាល​ឆ្នាំ២០១១

No comments:

Post a Comment