ថ្លែងនៅក្នុងមហាសន្និបាតលើកទី៩ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក កិច្ចប្រជុំរដ្ឋមន្រ្តី ទេស ចរណ៍ នៃប្រ ទេស CMLV និងកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គ (GMS) នៅ រមណីយ ដ្ឋាន ឋាន សួគ៌បូកគោ ខេត្តកំពត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ ចេញនូវអនុសាសន៍ ឲ្យមានការសហការរៀបចំបង្កើត «ឧទ្យានក្រោមបាតសមុទ្រកម្ពុជា» ក្នុងពេលខាងមុខនោះ។
សម្តេចតេជោថ្លែងថា «ខ្ញុំ សូមស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជាសហការជាមួយភាគីពាក់ព័ន្ធរៀបចំ បទដ្ឋានគតិយុត្តិបង្កើត និងកំណត់ «ឧទ្យានក្រោមសមុទ្រកម្ពុជា» នេះ។
ដោយឡែកសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ណែនាំថា ក្រសួងទេសចរណ៍ត្រូវយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍទេសចរណ៍មុជក្រោមសមុទ្រ ដែលជាផលិតផលទេសចរណ៍កំពុងលេចធ្លោ និងគាំទ្រនូវរាល់គម្រោងនៃការអភិវឌ្ឍទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យនេះ ដូចជាការបង្កើត «ឧទ្យានក្រោមបាតសមុទ្រ» ជាដើមដើម្បីការពារ និងអភិរក្សធនធានចម្រុះធានា និរន្តរភាពប្រព័ន្ធអេកូឡូស៊ីក្រោមសមុទ្រ ចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ប្រជាជន ដែលអាស្រ័យផលពីធនធានធម្មជាតិទាំងនេះ ដោយគួរជ្រើសរើសយកតំបន់កោះរ៉ុង កោះរ៉ុងសន្លឹម និងតំបន់ជុំវិញឆ្នេរអូត្រេះ សម្រាប់ការអភិវឌ្ឍជំហានដំបូង។
សូមបញ្ជាក់ថា កិច្ចប្រជុំមហាសន្និបាតលើកទី៩ នេះ មានការចូលរួមពីគណៈប្រតិភូចំនួន ២៩ ឆ្នេរ មកពី១៨ ប្រទេស ដែលមានចំនួនសរុបប្រមាណ១១០ រូប ក្នុងនោះឆ្នេរជាសមាជិកចំនួន ២៤ ឆ្នេរ។ ឆ្នេរជាសមាជិកថ្មីចំនួន១ (Sakarun) របស់ប្រទេស (Croatie)។ ឆ្នេរដាក់សុំបេក្ខភាពចំនួន៣ ឆ្នេរ (ឆ្នេរ Matsushima និងឆ្នេរ Toyama របស់ប្រទេសជប៉ុន ឆ្នេរ Nekour Al hocema របស់ប្រទេស Morr Occo ឆ្នេរសង្កេតការណ៍១ ឆ្នេរ (ឆ្នេររបស់ប្រទេស Vanautu) ទទួលបានការអនុម័តក្នុងកិច្ចប្រជុំនេះ។
ទាក់ទងកិច្ចប្រជុំនេះ សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសង្ឃឹមមុតមាំថា កិច្ចពិភាក្សាក្នុងមហាសន្និបាតលើកទី៩ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេស CMLV និងកិច្ចប្រជុំក្រុមការងារមហាអនុតំបន់មេគង្គនឹងអាចទាញយកនូវទស្សនទានល្អៗបន្ថែមទៀត យកមកធ្វើជាមូលដ្ឋាន ក្នុងការរៀបចំបទដ្ឋានគតិយុត្តិចាំ បាច់នានា ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ប្រកបដោយការទទួលខុសត្រូវ។ “ខ្ញុំរំពឹងថា អង្គមហាសន្និបាតនឹងដាក់ចេញនូវសេចក្តីថ្លែងការណ៍បូកគោ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព នៅក្នុងថ្ងៃទី០៧ ខែធ្នូ នេះ”។
សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន ប្រសាសន៍កត់សម្គាល់ថា តាមរយៈនេះ កម្ពុជាកាន់តែមានលទ្ធភាពក្នុងការធ្វើពិពិធកម្ម និងបង្កើនការផ្សព្វផ្សាយ អំពីទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលនឹងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហការទេសចរណ៍ ក្នុងក្របខណ្ឌ CMLV និង GMS សំដៅសម្រេចបាននូវចក្ខុវិស័យរួមគ្នា ក្នុងការទាក់ទាញទេសចរណ៍អន្តរជាតិឲ្យបាន ២៥ លាននាក់មកកាន់ប្រទេស CMLV នៅឆ្នាំ២០១៥។
នៅឆ្នាំ២០១២ កន្លងទៅនេះ ចំនួនទេសចរអន្តរជាតិ ដែលមកទស្សនាតំបន់ឆ្នេរមានចំនួន ២ ៨០ ៦៥៨ នាក់កើន ឡើង ៤៥.៣% និងទេសចរក្នុងស្រុក ១ ៨២៧ ៩២៧ នាក់កើនឡើង ៨%ធៀបនឹងឆ្នាំ២០១១។ សម្រាប់រយៈពេល១០ខែ ដើមឆ្នាំ២០១៣ នេះចំនួនទេសចរអន្តរជាតិមកទស្សនាតំបន់ឆ្នេរ មានចំនួនប្រមាណ៤២ ម៉ឺននាក់កើនឡើង ៨៤.១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១២។ តាមការព្យាករណ៍នៅឆ្នាំ២០១៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចនឹង ទទួលបានទេសចរអន្តរជាតិចំនួន១ លាននាក់ និងឆ្នាំ២០២០ ទទួលបានប្រមាណ២ លាននាក់។
សម្តេចតជោមានប្រសាន៍ថា ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃភ្ញៀវទេចរ និងលើកកម្ពស់គុណភាព សេវាទេសចរណ៍ឲ្យស័ក្កិសមជា «ឆ្នេរសមុទ្រកម្ពុជាៈតារារះនាទិសនិរតី» ក្រសួងទេសចរណ៍គួររៀបចំបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ជំនាញឆ្នេរសមុទ្រឲ្យបានឆាប់ ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ដែលកំពុងសហការជាមួយក្រសួងទេសរណ៍ ក្នុងការបង្កើតសាលាបណ្តុះបណ្តាល នេះនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងពីជំហររាជរដ្ឋាភិបាលកម្ពុជាថា រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះនឹងបន្តកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឲ្យការអភិរក្ស រីឯការអភិរក្សបម្រើឲ្យការអភិវឌ្ឍ»។ ខ្ញុំសូមថ្លែងនូវការគាំទ្រលើការពិភាក្សាលើប្រធានបទនៃមហាសន្និ បាតលើកទី ៩ ស្តីពី «សមុទ្រខៀវស្រងាត់ ទីក្រុងបៃតង» នេះ។ ខ្ញុំក៏នៅតែជំរុញដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ដែលនឹងនាំទៅដល់ការអភិវឌ្ឍជាទីក្រុងបៃតងតំបន់ បៃតង ការគ្រប់គ្រងដោយហ្មត់ចត់លើកាកសំណល់ ការប្រើប្រាស់ថាមពល ទឹក និង ការលើកកម្ពស់គុណភាពនៃសេវា ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់។
ឆ្នេរសមុទ្រកម្ពុជា (ប្រវែង ៤៤០គីឡូម៉ែត្រ គ្របដណ្តប់លើខេត្តតំបន់ឆ្នេរទាំង៤ គឺខេត្តព្រះ សីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកក្នុងអង្គមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុង Toubacouta ប្រទេស Senagal ក្រោមឈ្មោះរួមតែមួយគឺឆ្នេរសមុទ្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម«ឆ្នេរសុទ្រ កម្ពុជា៖តារារះនាទិសនិរតី»កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១១ ក្នុងពិធីប្រកាសជាផ្លូវការនៅក្រុងព្រះសីហនុ៕
No comments:
Post a Comment