សន្និសីទអន្តរជាតិលើកទី៣ ដែលបានកត់សំគាល់និងរំលើកវិញអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពកម្ពុជាចិន រៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី រាជបណ្ឌិតសភា និងវិទ្យាស្ថានខុងជឺ បានបិទបញ្ចប់នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ក្រោយអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង វត្តមានលោកជំទាវ ពូ ជានគ័រ ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ដោយចាត់ទុកសន្និសីទអន្តរជាតិលើកទី៣ ស្តីពីខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាចិន មានសារៈសំខាន់ បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ការប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់នូវសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក្នុងការពង្រឹង និងពង្រីកឲ្យកាន់តែល្អផូរផង់នូវទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនត្រូវបានបង្កើតឡើយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ នៅក្រោមការដឹកនាំដ៏ឈ្លាសវៃនៃអគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់ទាំងពីរ គឺក្រោយពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារំាង។ ទោះបីជាយ៉ាងណាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ការពិតទំនាក់ទំនងកម្ពុជាធ្លាប់មានតាំងពីសម័យបុរាណមកម្លេះគឺមិនតិចជាង២០០០ឆ្នាំ បើគិតចាប់ពីពេលដែលបេសកជនចិន លោក ជូយីង និងលោក កាំងថៃបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានៅសម័យហ្វូណន។ ជាងនេះទៀតយើងសុទ្ធតែបានស្គាល់អ្នកការទូតចិនឈ្មោះ ជីវតាក្វាន់ ដែលបានកត់ត្រាពីប្រពៃណី និងជីវភាពសង្គមទូទៅរបស់កម្ពុជានាសម័យអង្គរ។ កំណត់ត្រានេះត្រូវចាត់ថាជាស្នាដៃដ៏មានតម្លៃមហាសាល និងត្រូវបានគេប្រើជាមូលដ្ឋានដ៏មានសារៈសំខាន់ក្នុងការសិក្សា ស្រាវជ្រាវអំពីប្រវត្តិសាស្រ្តសម័យអង្គរ។
ជាមួយនិងការរំលឹក អំពីការរីកចំរើនរបស់វិទ្យាស្ថានខុងជឺ ក្រោយពេលឯកឧត្តម ដែលបានចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការជាមួយ ឯកឧត្តម ហ្ស៊ី ជីងពីង កាលនៅជាអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានប្រសាសន៍បញ្ជាក់អំពីទំនាក់ទំនងមិត្តភាពកម្ពុជាចិនថា ដោយដើរតាមមាគា៍ដ៏វិសេសវិសាលរបស់ព្រះមហាវីរក្សត្រនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានបន្តពូនផ្តុំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តការរវាងកម្ពុជា និងចិនឲ្យកាន់តែល្អប្រសើរឡើងលើគ្រប់វិស័យ។
ដោយឡែក ជាមួយនិងការចាត់ទុកសន្និសីទអន្តរជាតិលើកទី៣ ស្តីពីខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាចិន មានសារៈសំខាន់ដើម្បីបូកសរុបបទពិសោធន៍ពីប្រវត្តិសាស្ត្រ និងឆ្ពោះទៅកាន់អនាគត លោកជំទាវ ពូ ជានគ័រ បានមានប្រសាសន៍ថា ក្រោមការបណ្តុះរួមគ្នារបស់ថ្នាក់ដឹកនាំរាល់ជំនាន់នៃប្រទេសទាំងពីរ បច្ចុប្បន្នទំនាក់ទំនងចិនកម្ពុជាកំពុងស្ថិតនៅដំណាក់កាលល្អបំផុត។ លោកជំទាវ ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ថា ប្រទេសទាំងពីរជាអ្នកជិតខាងល្អ មិត្តភក្តិល្អ ដៃគូល្អ និងបងប្អូនល្អ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិនកម្ពុជា ទទួលបានលទ្ធផលជាផ្លែផ្លាលើគ្រប់វិស័យហើយបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរ។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា សន្និសីទអន្តរជាតិលើកទី៣ ស្តីពីខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាចិន ដែលប្រព្រឹត្តរយះពេលមួយថ្ងៃ បានបង្ហាញឲ្យឃើញពីផលប្រយោជន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីកម្ពុជាចិន និងពីវិធីនៃការលើកកំពស់នៃទំនាក់ទំនងនេះឲ្យបានកាន់តែល្អប្រសើរ។
No comments:
Post a Comment