Friday, December 20, 2013

បទ​អត្ថា​ធិប្បាយ៖ សមាគម​‑ សហភាព​​សហជីព​​ឯក​រាជ្យ​​មួយ បាន​​ប្រែ​​ខ្លួន​​ជា​​ក្រុម​​ប្រឆាំង!

ដោយ៖ ឧត្តម សក្តិ

កាល​ពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២​០១៣ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជាបាន​​សរសេរ​សេចក្ដី​អំពាវនាវ​មួយ ដោយ​គ្មាន​ការ​ចុះ​លេខនៅក្នុង​លិខិតរបស់​ខ្លួន អំពាវ​នាវ​ដល់​សមាជិក សមាជិកា កម្មករ​ និយោជិត គ្រូបង្រៀន មន្ដ្រី​រាជ​ការ សិស្ស និស្សិត យុវជន និង​ប្រជា​ពលរដ្ឋ​ខ្មែរទាំងអស់​ឲ្យ​ចូលរួម​មហា​បាតុកម្ម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ ចាប់​តាំង​ពី​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ​២០១៣ នេះតទៅ។

សេចក្ដី​អំពាវនាវ​ឲ្យ​ចូល​រួម​មហាបាតុកម្ម ទីមួយ ដើម្បី​ទាម​ទារ​ឲ្យ​សម្តេចនាយករដ្ឋ​មន្ដ្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចុះចេញ​ពីតំណែង និង​ទីពីរ ឲ្យ​កម្ពុជា​រៀប​ចំបោះ​ឆ្នោត​ឡើងវិញ​។

បើយោងលើសេចក្តីអំពាវនាវនេះ តើឯណាទៅតម្លៃនៃប្រជាធិបតេយ្យសេរីពហុបក្ស?​ និង​​តើ​ឯណាទៅតម្លៃនៃរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរាស្ត្រ? ហើយ​តើហេតុ​អ្វី​បាន​ជា​សមាគម និង​សហភាព​សហជីព​មួយ​ មាន​ឈ្មោះ​ថា  ឯករាជ្យ​ ប៉ុន្តែ បែរជា​មក​ប្រឡូក​ប្រឡាក​ជាមួយ​នយោបាយ? បើ​ធ្វើ​ដូច្នោះ​ វា​គួរ​តែ​សមាគម​ និង​សហភាព​ឯក​រាជ្យ​នោះ​បាន​ត្រូវ​រំ​លាយ។

នណាក៏បានដឹងដែរថា ដោយក្តីងប់ងុល និងចលនា​នយោបាយ​ប្រឆាំង​ផ្កាប់​មុខ​បាន​រុញ​ច្រាន​អោយ រ៉ុង ឈុន ដែលខ្វះសតិសម្បជញ្ញៈហ៊ាន​ប្រព្រឹត្តប្រាស់ចាក​ផ្លូវ​ច្បាប់​ បែរជាងាក​មក​គាំ​ទ្រគណបក្ស​នយោបាយ​ទៅ​វិញ​? លោក​ រ៉ុង ឈុន គួរណាស់យល់ឲ្យ​បានច្បាស់ថា ក្នុង​សង្គម​ប្រជាធិបតេយ្យកា​រ​ទ្បើង​កាន់​អំណាច ឬចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី មិនអាស្រ័យ​លើការ​អំពាវនាវ​របស់​បុគ្គល​ណា​ម្នាក់​នោះទេ ពោល គឺអំណាចទាំងនេះស្ថិតនៅលើតម្លៃ​នៃសន្លឹកឆ្នោត​ដែលកើតចេញពីឆន្ទៈរាស្ត្រ កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៣ កន្លងទៅថ្មីៗនេះ ហើយ​បង្កើត​បាន​រដ្ឋាភិបាលស្របច្បាប់ ដែល​មាន​ការ​ទទួល​ស្គាល់ជាសកលរួចទៅហើយ។ ដូច្នេះ​ ទោះ​បី​ជា រ៉ុង ឈុន ខំប្រឹង​ស្វះស្វែង​រក​ការ​​គាំទ្រ​ពីស្រទាប់មហាជនម្តង​ហើយ​ម្តង​ទៀត​​តាមរយៈ​ការធ្វើ​សេចក្តី​អំពាវនាវអោយអ្នកទាំងអស់នោះ ចូលរួមបាតុកម្ម​យ៉ាងណា​ក៏​មិន​អាច​​សម្រេច​នូវ​មហិច្ឆតា​បំពេញ​ចិត្តរបស់​មេដឹក​នាំ​ខ្លួន​ ដែល​ចង់​មក​ដឹក​នាំ​ប្រទេស​តាម​របៀប​រដ្ឋ​ប្រហារ​ប្រជាជន​បាន​ដែរ​។​ ការ​ដឹក​នាំ​ដែល​ស្រប​ច្បាប់​ គឺ​មាន​តែការ​ដឹកនាំ​តាម​បែបលទ្ធិ​ប្រជាធិប​តេយ្យ​តាមរយៈការ​ផ្លាស់​ប្តូរ​អំណាច​​ដោយ​ការ​បោះ​ឆ្នោត ​ដោយ​ទៀង​ទាត់​រៀង​រាល់ ​៥ឆ្នាំ​ម្តង​​​ ស្រប​​​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេ​ស​​តែប៉ុណ្ណោះ​ ដែលជាធម្មានុរូបភាពពិតប្រាកដរបស់កម្ពុជា ហើយ​ពលរដ្ឋខ្មែរ​គ្រប់ៗ​រូប​ប្រាថ្នា​ចង់​បានរបៀប​នោះ ។
ការដណ្តប់ស្បែកជា​សមាគម‑ សហភាព​សហជីព​ឯករាជ្យ ប៉ុន្តែ បេះ​ដូង​ក្តៅ​ងំដោយ​ចរិត​នយោបាយប្រឆាំងដ៏ងុប​ងុល លោក​រ៉ុង ឈុន បាន​ចេញផ្សាយ​លិខិតដែល​សរសេរ​ដោយ​ខ្វះ វិចារណ​ញាណ​ ដោយធ្វើមិនយល់អំពីបរិបទ​នយោបាយ​នៅ​កម្ពុជា និង​បាន​ដើរផ្ទុយ​ពី​គោលការណ៍ផ្លូវច្បាប់  និង​លក្ខខន្តិកៈនានាដែល​កំ​ណត់​អំពី​សិទ្ធិ និង​កាតព្វ​កិច្ចរបស់​ខ្លួន​ ដែល​គេដឹង​ជា​ទូ​ទៅ​ថា រ៉ុង ឈុន ជា​ប្រធាន​ ដែល​មាន​ដៃ​ម្ខាង​ដឹក​នាំ​សមាគមឯករាជ្យមួយ​ និង​ដៃ​ម្ខាង​ទៀត​ជា​សហភាព​សហជីព​ ដែល​ធ្វើ​ការ​សព្វ​ថ្ងៃ​គ្មាន​ច្បាប់​ទម្លាប់។

ក្នុងន័យនេះ ត្រូវបាន​​អ្នក​វិភាគនយោបាយ​មួយ​ចំ​នួន​​មាន​ការ​ងឿង​ឆ្ងល់​​​យ៉ាង​ខ្លាំង និង​​ចោទ​ជា​សំ​នួរ​ថា តើ​លោក រ៉ុង ឈុន ជា​នរណាបាន​ជា​ព្រ​ហើនហ៊ាន​អំពាវ​នាវ​នៅ​លើ​​លិខិត​ចំហរ​របស់​ខ្លួន​ ដែល​លិខិតនោះដូច​ជា​លិខិត​អនាមិក គ្មាន​ចុះ​លេខផ្លូវ​ការ​ ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​អានាធិបតេយ្យ​បែបនោះ?​

នរណា​ក៏​គេ​ដឹង​ថា លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯក​រាជ្យ​ ដែល​សមាគ​មនោះ បាន​កើ​ត​ឡើង​តាំង​ពី​ឆ្នាំ២០០០ មក​ម្ល៉េះ ដែល​ជា​និច្ចកាល​តែ​ងតែ​ធ្វើ​ចលនា​វឹក​វរ បន្ទុច​បង្អាក់នូវ​ដំណើរ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​ ក្នុង​ចលនា​ជំរុញ​នាវា​កម្ពុជា​ចាប់​តាំង​ពី​បាត​ដៃ​ទទេ​ រហូត​ដល់​បច្ចុប្បន្ន​ ដែល​កម្ពុជា​ត្រូវ​​បាន​គេ​ទទួល​ស្គាល់​ថា កំណើន​សេដ្ឋកិច្ច​បាន​ឈាន​មុខ​គេ​ក្នុង​ពិភព​លោក។

នរណា​ក៏គេ​ដឹង​ដែរ​ថា លោក រ៉ុង ឈុន បាន​ដឹកនាំ​សមាគម​គ្រូ​បង្រៀន​មួយ​ដែល​មាន​សមាជិក​តិច​តួច​ប៉ុណ្ណោះ តែ​ក្អេង​ក្អាងនៅ​​ចំពោះ​មុខ​សាធារណៈ​ថា ខ្លួន​ជា​អ្នក​ដឹកនាំ​សមាគម​គ្រូ​បង្រៀន​ទូទាំង​ប្រទេស​។ លោក​ រ៉ុង ឈុន បាន​យកផ្លាក​សញ្ញា​នេះបំផុស​បំផុល​ចលនា​នេះក្ដុង​ក្ដាំង បំពង​សម្លេងឲ្យ​គេ​ផ្អើល​គ្រប់​ទិស​ទី។

គេ​នៅ​ចាំបាន​ថា លោក រ៉ុង ឈុន ប្រើ​ផ្លាក​សញ្ញា​សហភាព​សហជីព​កម្ពុជាបីដង​រួច​ទៅហើយ គឺកាល​ពីថ្ងៃទី២៦ មិថុនា ឆ្នាំ​២០១៣ តាម​រយៈ​សេចក្ដី​អំពាវនាវ​ដោយ​លិខិតគ្មាន​លេខ ឲ្យ​សមាជិក​ សមាជិការ​ដូចបាន​រៀប​រាប់ខាង​លើ ចេញ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​​ជាតិ។ រី​ឯតាម​រយៈ​​សេចក្ដីថ្លែង​ការ​ណ៍​មួយ​ទៀត ប្រកាស​ដោ​យ​គ្មាន​លេខ​ដដែល ចុះ​ហត្ថលេខា​ដោយ​ លោក រ៉ុង ឈុន ថ្ងៃទី២៩ សីហា ឆ្នាំ​២០១៣ អំពាវនាវ​ឲ្យ​សមាជិក​សហភាព​សហជីព​កម្ពុជា ចូល​រួម​មហា​បាតុកម្ម​អហិង្សា​ ទាម​ទារ​ឲ្យមាន​ការ​បង្កើត​គណៈ​កម្មការ​មួយដោះ​ស្រាយ​នូវ​ភាពអយុត្តិ​ធម៌​នៃ​ការ​បោះឆ្នោត​ ថ្ងៃទី២៨ កក្កដា ឆ្នាំ​២០១៣ និង​លើក​ទី៣នេះ​ គឺអំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​ធ្វើ​មហាបាតុកម្ម​ ដើម្បី​ទម្លាក់​នាយក​រដ្ឋមន្ត្រី​មិន​ស្រប​ច្បាប់ចុះ​ ចេញ​ពី​ដំ​ណែង​។

ពាក្យ​នាយក​មន្ត្រី​មិន​ស្រប​ច្បាប់ គឺ​ប្រើ​តែ​ពួកក្រុម​ រ៉ុង ឈុន និង​ពួក​បក្ស​ប្រឆាំង​មួយ​ចំ​នួន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ ប្រជា​ពល​រដ្ឋ​ខ្មែរម្ចាស់​ឆ្នោត​ដ៏ច្រើន​លើសលប់ដទៃ​ផ្សេង​ទៀត គឺគេគោរព​នូវ​កិត្តិយសដ៏​ឧត្តុង​ឧត្តម​ខ្លាំង​ណាស់​ចំ​ពោះ​សម្តេច​តេជោ ជា​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់​ កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​។

ជា​សរុប អ្នក​វិភាគ​នយោបាយ​ក្នុង​ស្រុក​មួយ​ចំ​នួន​ គេ​បានចោទ​សួរ​ថា តើ​លោក​ រ៉ុង ឈុន ជានរណា? តើ​លោក រ៉ុង ឈុន ជា​អ្នក​តំណាង​ឲ្យ​សមាគម​គ្រូ​បង្រៀន​ទូទាំ​ងប្រទេស​ស្រប​ច្បាប់​ឬទេ? បើ​ស្រប​ច្បាប់​មែន តើ​តំណាង​ឲ្យ​សមាជិក​គ្រូ​បង្រៀន​ប៉ុន្មាន​នាក់? បើ​ លោក រ៉ុង ឈុន តំណាង​ឲ្យ​សមាគម​​គ្រូបង្រៀន ហេតុអ្វី​ក៏ធ្វើ​សកម្មភាព​ក្រៅ​ច្បាប់ តាម​រយៈ «សហភាព​សហជីព​កម្ពុជា» មក​ប្រើ​ប្រាស់​​ ស្រែក​​ប្រកូក​ប្រកាស ដើម្បី​ធ្វើ​ចលនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​?។ តើ​ លោក រ៉ុង ឈុន មាន​ដឹង​ទេថា សកម្មភាព​បែប​នេះ គឺ​ពិតជា​បាន​បំ​ពាន​ច្បាប់​រដ្ឋធម្មនុញ្ញយ៉ាង​ជាក់​ច្បាស់។

បើនៅតែរបៀបនេះ លោក រ៉ុង ឈុន គួរណាស់ដកខ្លួនលាឈប់ពីតួនាទីជាអ្នកដឹកនាំ អង្គការ​សង្គមស៊ីវិល សមាគម ឬ​សហភាព​សហជីព​ ហើយប្រកាសខ្លួន​ចូលរួមដោយចំហរ​ជា​មួយ​គណបក្សប្រឆាំងតែម្តងទៅ ដើម្បី​បញ្ជៀសការប្រឡាក់ប្រឡូកនូវភាពស្អាតស្អំ អំពីភាព​ឯករាជ្យពិតប្រាកដរបស់អង្គការ សមាគមដទៃទៀត ។

No comments:

Post a Comment