ដោយ ពង្ស សុក្រឹត្យ
វាជារឿងធម្មតា ស្ទើរតែគ្រប់ប្រទេស ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ សេរីពហុបក្សទៅហើយ ដែលគណបក្សចាញ់ឆ្នោតតែងតែឡាំប៉ា ថា ការបោះឆ្នោតមិនសេរី មិនយុត្តិធម៌ ឬមានការលួចបន្លំសន្លឹកឆ្នោតជាដើម។ ឧទាហរណ៍ ការបោះឆ្នោតនៅប្រទេស ម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ក៏គណបក្សដែលចាញ់ឆ្នោត លើកឡើងស្រដៀងគ្នានេះដែរ។
ងាកមកគណបក្សនយោបាយនៅកម្ពុជា ក៏ដូចគ្នាដែរ ក្រោយការបោះឆ្នោត និងបន្ទាប់ពីស្ថាប័ន គ ជ ប បានប្រកាសនូវលទ្ធផលជាផ្លូវការ ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការដោះស្រាយនូវបណ្តឹងរបស់បក្សប្រឆាំង តាមនីតិវិធី ប្រកបដោយគតិយុត្តិ ស្របតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមានតម្លាភាព និងអាចទទួលយកបានហើយដែរ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ក្រុមបក្សប្រឆាំង បានខិតខំប្រឹងប្រែងទាំងត្រដរខ្យល់ លើកឡើងរបៀបទន្ទេញចាំមាត់ ថា មានការជាប់គាំងនយោបាយ ឬមានវិបត្តិនយោបាយនៅកម្ពុជា ក្នុងគោលបំណងមិនទទួលស្គាល់នូវលទ្ធផលបោះឆ្នោត ដោយបានប្រើគ្រប់វិធីសាស្ត្រ និងយុទ្ធសាស្ត្រ ភូតកុហក បំភ្លៃការពិត ថាសភាពការណ៍នយោបាយនៅកម្ពុជា មានភាពមិនប្រក្រតី ។ល។ តើកម្ពុជា កំពុងមានវិបត្តិនយោបាយ មែនឬទេ?
តាមពិត សម័យប្រជុំរបស់រដ្ឋសភាដំបូង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ បានប្រព្រឹត្តិទៅយ៉ាងរលូន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស ព្រមទាំងមានតំណាងអង្គទូតនានា ប្រចាំនៅកម្ពុជា បានចូលរួមជាសាក្សីទៀតផង។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សទទួលបានសម្លេងឈ្នះឆ្នោតដាច់ខាត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យបង្កើតគណៈរដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំនិរន្តរភាពប្រទេស ប្រកបដោយសុខសន្តិភាព និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ ខណៈដែលចរន្តសេដ្ឋកិច្ច នៅលោកខាងលិចកំពុងជួបនូវវិបត្តិបំណុលឡើងដល់កំពូល។ ទន្ទឹមគ្នានោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសជាច្រើន រួមទាំងប្រទេសមហាអំណាចចិនផងដែរ បានផ្ញើសារលិខិត អបអរសារទរ ជាបន្តបន្ទាប់ ជូនប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី គឺ សម្តេចតេជោ ហ៊ុន សែន ដែលបានបន្តដឹកនាំប្រទេសតទៅទៀត។
នាពេលថ្មីៗនេះនៅប្រទេសប៊្រុយណេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសជាដៃគូសេដ្ឋកិច្ចនានា នៅក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីបន្តសម្រេចឲ្យបាននូវទិសដៅ សហគមន៍អាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ ផងដែរ។ ក្នុងកិច្ចប្រជុំនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបពិភាក្សាទេ្វភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក តូនី អាបបុត (Tony Abbott) នាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ លោកចន ឃី (John Key)និង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងបានដោះស្រាយនូវការងារប្រទេសជាតិ ជាធម្មតា។
ភស្តុតាងខាងលើបង្ហាញថា ទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅកម្ពុជា គ្មានការជាប់គាំង ឬមានវិបត្តិដូចការឃោសនា បំភ្លៃរបស់ក្រុមប្រឆាំងឡើយ។
ការបំភ្លើសដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ របស់ក្រុមប្រឆាំងទាំងនោះ គឺជាលេស ដើម្បីឲ្យពួកគេអាចមានឱកាសបន្តអាជីពនយោបាយ និងដើម្បីពង្រឹងស្មារតីអ្នកគាំទ្រកុំឲ្យអស់សង្ឃឹម ចំពោះការបរាជ័យរបស់ខ្លួនក្នុងការបោះឆ្នោតតែប៉ុណ្ណោះ។
ក្រុមបក្សប្រឆាំង ដែលរួមមានអង្គការសង្គមស៊ីវិលមួយចំនួនតូច និងអ្នកវិភាគខ្លះ ដែលមាននិន្នាការប្រឆាំង គឺជាក្រុមតែមួយ។ ពួកគេ រួមគ្នាបំពុល បរិយាកាសនយោបាយនៅកម្ពុជា តាមរយៈការធ្វើបាតុកម្ម ឬកូដកម្ម តវ៉ាពីរឿងមួយទៅរឿងមួយ ដែលមានលក្ខណៈជាប្រព័ន្ធ ហើយដែលប្រជាពលរដ្ឋបានចាប់ផ្តើមធុញទ្រាន់ និងសកម្មភាពដើរអុជអាល ញុះញង់តាមទីសាធារណៈ និងរំខានដល់ការប្រកបរបរទទួលទានរបស់ពួកគាត់ ទាំងនៅទីក្រុង ក៏ដូចជានៅជនបទ និងតាមប្រព័ន្ធវិទ្យុបរទេសផ្សាយជាខេមរៈភាសាខ្លះ ជាដើម។
ចរឹតរឹងរូស មានះ របស់មេបក្សប្រឆាំង បង្ហាញកាន់តែច្បាស់ថែមទៀត តាមរយៈសកម្មភាពឆ្លេរឆ្លាទៅបំពុលមតិអន្តរជាតិ រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ កុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាត់ផ្តាច់ជំនួយ ឬប្រាក់កម្ចីដល់ប្រជាជនកម្ពុជា។
ក៏ប៉ុន្ដែស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា គឺនៅតែរក្សាបាននូវនិរន្តរភាពដដែល។ តាមមតិរបស់ប្រជាពលរដ្ឋ ដែលបានតាមដានស្ថានការណ៍នយោបាយ បានវាយតម្លៃថា កិច្ចខិតខំប្រឹងប្រែងរបស់មេបក្សប្រឆាំង គឺជាការចំណាយពេលឥតប្រយោជន៍ ព្រោះនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយលោកក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ដែលបានប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ និងប្រកបដោយសុខសន្ដិភាព។
ដូច្នេះ ជំនួបរវាងសម្ដេច តេជោ ហ៊ុន សែន ជាមួយលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិបានបង្ហាញយ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា អាណត្ដិទី៥ ជាផ្លូវការរួចទៅហើយ ហើយករណីដែលលោកសម រង្ស៊ី កំពុងសុំ អន្ដរាគមន៍ ឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្ដិទី៥ ក្នុងប្រទេសកម្ពុជា គឺជាការចំណាយពេលឥតប្រយោជន៍ និងពុំមានន័យអ្វីឡើយ។
សរុបមក បក្សប្រឆាំងគ្មានជម្រើអ្វី ក្រៅតែពីការទទួលយកលទ្ធផលនៃការបោះឆ្នោត និងវិលមកចូលរួមប្រជុំក្នុងរដ្ឋសភា ដែលប្រសូត្រចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ពិតប្រាកដនោះទេ។ ទោះបីជា មេបក្សប្រឆាំង បានប្រើប្រាស់នូវល្បិចកលគ្រប់បែបយ៉ាង និងគ្រប់រូបភាព ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ ក៏ការពិតនៅតែជាការពិតដដែល ហើយឱកាសចុងក្រោយតែមួយគត់ របស់បក្សប្រឆាំងរហូតមកដល់ពេលនេះ គឺទ្វាររដ្ឋសភា នីតិកាលទី៥ នៅតែបើកចំហរង់ចាំ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមកចូលរួមជានិច្ច តែបើហួសរយៈពេល៣ខែ អ្វីៗអាចនឹងមានការផ្លាស់ប្ដូរជាមិនខាន៕
No comments:
Post a Comment