Tuesday, November 15, 2016

ទូកលឿនជាងគេជាប់១ គឺឈ្មោះ សារាយតេជោសែនជ័យ

បន្ទាប់ពីបញ្ចប់ការប្រកួតនាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទូកគូរពិសេសដែលមានល្បឿនលឿនជាងគេ ឈ្មោះសារាយតេជោសែនជ័យមកពីខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ១ មានចំណុះ៧៧នាក់ ប្រើពេល២៨.៣០វិនាទី។ ទូកលេខ១ខាងសោភ័ណ គឺទូកឈ្មោះ គងពិសីមហាសែនតេជះ មកពីខេត្តកំពង់ស្ពឺ។
គួររំលឹកផងដែរថាក្នុងកាប្រកួតនេះមាន២៥៧ទូក ដែលមានកីឡាករចូលរួមប្រកួតចំនួន ១៧៧៣៦នាក់ ។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រទេសយើងបានប្រារព្ធធ្វើពិធីបុណ្យដ៏អធិកអធមនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់របស់សម្តេចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ថាកម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រទេសយើងបានប្រារព្ធធ្វើពិធីបុណ្យអុំទូកដ៏អធិកអធមនេះ។
សម្តេចតេជោ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា៖ ព្រះរាជពិធីបុណ្យអុំទូក ដែលបានប្រព្រឹត្តិទៅអស់ពេល២ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ គឺបានបង្ហាញឱ្យកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៌ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិយើង។ កម្ពុជាពិតសំណាងខ្លាំងណាស់ដែលមានសុខសន្តិភាពពេញលេញ ដែលផ្តល់ឱកាសឱ្យប្រទេសយើងបានប្រារព្ធធ្វីពិធីបុណ្យដ៏អធិកអធមនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតថា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច នឹងដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងទតពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ សូមជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក៕








Friday, November 11, 2016

ទូកង មួយគ្រឿង បុកជាមួយទូកទេសចរណ៍ លិចនៅមុខព្រះបរមរាជវាំង​ពេលប្រណាំង​សាកល្បងនៅព្រឹកនេះ

ភ្នំពេញ)៖ ទូកង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។ នេះបើយោងតាម លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
លោក គួច ចំរើន ដែលកំពុងចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ជាបឋមថា ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែបុកជាមួយទូកទេសចរណ៍បណ្តាលឱ្យលិច ហើយមានកីឡាករ ដែលនៅលើទូកនោះ ប្រហែលជិត១០នាក់ តែយ៉ាងណានោះរង់ចាំខ្ញុំទៅដល់សិន។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានអោយដឹងថា កីឡាករអុំទូកពីរនាក់បានបាត់ខ្លួន ខណៈពេលនេះកម្លំាងសមត្ថកិច្ចកំពុងចុះជួយអន្តរាគមន៍ស្វែងរកភ្លាមៗនៅកន្លែងកើតហេតុ៕

ប្រភពពី GNN







លោកជំទាវ ម៉ែន សំអន អនុញ្ញាតឱ្យអតីតអ្នកតស៊ូ​សម័យសង្គ្រាមដ៏មានស្នាដៃ​មួយរូបចូលជួបសំដែងការគួរសម

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យ លោកតា   ចាន់ ឆេង អតីតមេឃុំរលួសមានជ័យ ស្រុកសំបូរណ៍ ខេត្តក្រចេះ និងជាអតីតអ្នកតស៊ូសម័យសង្រ្គាមដ៏មានស្នាដៃមួយរូប ចូលជួបសម្តែងការគួរសម។
នាឱកាសនោះផងដែរ លោកតា ចាន់ ឆេង ក៏បានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍដូចសព្វថ្ងៃ ហើយលោកតា ក៏សូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលជ័យជម្នះនាពេលបោះឆ្នោតថ្ងៃខាងមុខ។
ជាទីបញ្ចប់ លោកជំទាវឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់ថវិកាមួយចំនួនជាសោហ៊ុយសម្រាប់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕
ប្រភពពី GNN


ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បំភ្លឺថាការពន្យា​សុពលភាព​លិខិតឆ្លង​ដែនពុំត្រូវបាន​យកកម្រៃសេវាឡើយ

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមការងារស្ថានទូតបានទទួលព័ត៌មាន និងបានទទួលសំនួរពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយលើកឡើងថា “ការពន្យាសុពលភាពលិខិតឆ្លងដែនគឺត្រូវចំណាយថវិកាចំនួន 50000វ៉ុន (៥ម៉ឺនវ៉ុន) ពិតមែនឬទេ?”
ស្ថានទូតសូមបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្ថានទូតពុំដែលយកកម្រៃសេវាលើការពន្យាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរនោះទេ។ បន្ថែមពីលើនេះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនោះ ស្ថានទូតបាននឹងតែងតែរៀបចំកម្មវិធីចុះពន្យាលិខិតឆ្លងដែនដោយផ្ទាល់នៅក្បែរមូលដ្ឋានដែលបងប្អូនរស់នៅថែមទៀតផង។
ជាមួយគ្នានេះ ក្រុមការងារបានស្រាវជ្រាវរកឃើញ និងកំណត់មុខសញ្ញាបានហើយ ចំពោះជនឆ្លៀតឱកាសកេងចំណេញ យកសេវាក្រៅផ្លូវការពីបងប្អូនចំនួនប្រហែល 5ម៉ឺនវ៉ុន ដើម្បីជាការរត់ការជួយពន្យាលិខិតឆ្លងដែនជូន។ ស្ថានទូត ក៏សូមអំពាវដល់ក្រុមឆ្លៀតឱកាសសូមបញ្ឈប់ជាបន្ទាន់ ជៀសវាង ស្ថានទូតមានវិធានការផ្លូវច្បាប់ណាមួយ ហើយស្ថានទូតនឹងមិនទទួលខុសត្រូវចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុណាមួយ បើបងប្អូនប្រជាពលរដ្ឋនៅតែបន្ដស្វែងរកសេវាក្រៅផ្លូវការបែបនេះ។
ក្រុមការងារស្ថានទូត ក៏បានអះអាងថានឹងបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារឱ្យអស់ពីលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហា និងគាំពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ៕

ប្រភពពី GNN






សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយសិស្ស “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ” ខេត្តត្បូងឃ្មុំ

កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញបង្សុកូលបញ្ជូនកុសលដល់កូនប្រុស ហ៊ុន កំសត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំរួចហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយបានពិនិត្យមើលឃើញពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗ និងចៅៗ សិស្សានុសិស្ស ជាពិសេស កំណើនសិស្សានុសិស្សជារៀងរាល់ឆ្នាំនៅទីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជន បានសម្រេចផ្តល់ជូនបន្ថែមនូវអគារសិក្សា ១ខ្នង កំពស់២ជាន់ មាន១៦បន្ទប់ និងសាងសង់ផ្ទះស្នាក់នៅរបស់សិស្ស ២ខ្នង កំពស់ ២ជាន់ មាន២៤ បន្ទប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយឱ្យក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខគ្រប់យ៉ាង ហើយក្មួយៗនិងចៅៗត្រូវចងចាំថា សម្តេច ទាំងទ្វេស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា ៕



Wednesday, November 09, 2016

លោក ហ៊ុន សែន ៖ ប្រជាជនអាមេរិកត្រូវការត្រាំ​ដឹកនាំប្រទេស ខណៈមនុស្សមួយ​ចំនួនវាយប្រហារទៅលើ​ត្រាំថាជាជនផ្តាច់ការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះថា « នៅពេលនេះ អ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តម(ត្រាំ)ដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ »។
ជាមួយនឹងសារអបអរសាទរជ័យជ័យជម្នះរបស់លោក ដូណាល់ត្រាំដែលបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាម៉េរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា « ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំចំពោះឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ ទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ»។
នៅពេលនេះ អ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិកត្រូវការឯកឧត្តមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ។
គួររំលឹកផងដែរថា មនុស្សដែលបានចោទថា លោកត្រាំជាជនផ្តាច់ការនោះ គឺលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួន។ អីឡូវនេះ មនុស្សដែលលោក សម រង្ស៊ី ចោទថាជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកហើយ ៕