Tuesday, August 01, 2023

វិភាគអន្តរជាតិ៖ ក្រោយសន្យាអស់រាប់ឆ្នាំ! តើលើកនេះ លោក ថាក់ស៊ីន នឹងត្រឡប់ចូលប្រទេសថៃ វិញមែនឬ?

FN (បាងកក)៖ កាលពីថ្ងៃពុធ ទី២៦ ខែកក្កដាកន្លងទៅនេះ អ្នកនាង ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) បានអះអាងថាអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលត្រូវជាឪពុករបស់អ្នកនាង មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហាខាងមុខនេះ បន្ទាប់ពី រស់នៅនិរទេសខ្លួននៅឯបរទេស អស់រយៈពេលជាង ១៥ឆ្នាំមកនេះ។

នៅក្នុងសារមួយបង្ហោះលើ Instagram អ្នកនាង ផែថងថាន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំហាក់សឹងតែមិនជឿនូវអ្វីដែលខ្ញុំកំពុងសរសេរឡើយ គឺលោកប៉ាគ្រោងត្រឡប់ មកដល់ព្រលានយន្តហោះដូនមឿង (Don Muang) នៅថ្ងៃទី១០ ខែសីហា។ បេះដូងរបស់ខ្ញុំ និងអ្នកគ្រប់គ្នានៅក្នុងគ្រួសាររបស់យើងមានអារម្មណ៍ភ្ញាក់ផ្អើល អរផង ភ័យផង ប៉ុន្តែយើងគោរពតាមការសម្រេចចិត្តរបស់លោកប៉ា»។

ការប្រកាសពីផែនការធ្វើមាតុភូមិនិវត្តន៍របស់លោក ថាក់ស៊ីន កើតមានឡើងចំពេលវិបត្តិនយោបាយនៅក្នុងប្រទេសថៃ នៅតែបន្តអូសបន្លាយ ក្រោយការបោះឆ្នោតសកល កាលពីខែឧសភាមក។ នៅក្នុងការបោះឆ្នោតសកលនេះ គណបក្ស Move Forward Party (MFP) គឺជាអ្នកទទួលបានជ័យជម្នះ ប៉ុន្តែក្រុមអ្នកអភិរក្សនិយមទាំងនៅក្នុង រដ្ឋសភា និងព្រឹទ្ធសភារបស់ថៃ បានរាំងខ្ទប់គណបក្សមួយនេះមិនឱ្យបង្កើតរដ្ឋាភិបាលថ្មីដឹកនាំប្រទេស។ លោក ថាក់ស៊ីន មានអាយុ៧៤ឆ្នាំ ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ២០០១ រហូតដល់មានរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែងនៅឆ្នាំ២០០៦ បានភៀសខ្លួនចេញពីប្រទេសថៃក្នុងឆ្នាំ២០០៨ ដើម្បីគេចពីការ កាត់ទោសដាក់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ។

លោក ថាក់ស៊ីន អាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំ ដែលលោកផ្ទាល់ចាត់ទុកថាជាការកាត់ទោសក្រោមហេតុផលនយោបាយ ប្រសិនបើ ពិតជាត្រឡប់ចូលប្រទេសថៃវិញមែននោះ។ ចាប់តាំងពីរស់នៅនិរទេសខ្លួននៅឯបរទេស ដូចជាហុងកុង សិង្ហបុរី ឌូបៃ និងទីក្រុងឡុងដ៍ អស់រយៈពេលជាង ១៥ឆ្នាំមកនេះ វាមិនមែនជាលើកទីមួយនោះទេដែលលោក ថាក់ស៊ីន សន្យាត្រឡប់ចូលស្រុកវិញក្នុងនោះរួមមានទាំងការសន្យានៅមុនការបោះឆ្នោតសកលកាលពីខែឧសភា ដែលលោក អះអាងថានឹងត្រឡប់ចូលស្រុកថៃវិញ នៅខែកក្កដា។ ការសន្យាទាំងនេះសុទ្ធតែជាសន្យាខ្យល់ទាំងអស់។ ប៉ុន្តែនៅលើកនេះ លោក ថាក់ស៊ីន បានកំណត់កាលបរិច្ឆេទ ចូលស្រុកច្បាស់ៗជាងមុន ហើយវាក៏ «មានហេតុផលមួយចំនួនដែលគេគិតថាការសន្យាលើកនេះមានភាពប្រាកដប្រជាជាងលើកមុនៗផងដែរ»។

នៅថ្ងៃទី៤ ខែសីហាខាងមុខ សភាទាំង២របស់ថៃ នឹងត្រូវកោះប្រជុំជាថ្មី ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយទន្ទឹមគ្នា មានការរំពឹងខ្ពស់ថាបេក្ខជនដែលអាចនឹង ក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃ​អាចជាបេក្ខជនមកពីគណបក្សភឿថៃ (Pheu Thai) ដែលមានទំនាក់ទំនងស្អិតល្មួតជាមួយលោក ថាក់ស៊ីន។ មែនទែនទៅ អស់រយៈ ពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមអ្នកនយោបាយអភិរក្សនិយមក្នុងប្រទេសថៃ ប្រើគ្រប់មធ្យោបាយកម្ចាត់ឥទ្ធិពលគ្រួសារត្រកូលស៊ីណាវ៉ាត់ ចេញពីឆាកនយោបាយ។ ប៉ុន្តែ បច្ចុប្បន្ន អ្នកដែលពួកគេស្អប់ខ្លាំងបំផុតមិនមែនភឿថៃទៀតនោះទេ តែគឺគណបក្ស Move Forward វិញម្ដង។

នៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភា គណបក្ស Move Forward ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល ដោយទទួលបានសំឡេងគាំទ្រ១៥១អាសនៈ នៅក្នុង ចំណោមអាសនៈទាំង ៥០០ នៃសភាជាន់ទាប ឬរដ្ឋសភា ដោយសារតែគោលនយោបាយធ្វើកំណែទម្រង់របស់ខ្លួន។ គណបក្ស Move Forward បានសន្យាដាច់អហង្ការលើ ការធ្វើកំណែទម្រង់ធំៗដូចជាការធ្វើកំណែទម្រង់យោធា ការលុបចោលកាតព្វកិច្ចយោធា និងការបិទបញ្ចប់ការគ្រប់គ្រងអាជីវកម្មបែបផ្ដាច់មុខរបស់បណ្ដាលក្រុមហ៊ុនធំៗ។

លើសពីនេះទៅទៀត កាន់តែចម្រូងចម្រាសជាងនេះទៅទៀតនោះ គឺការសន្យាធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះចេសា្ដ។ ការសន្យាទាំងនេះឯងបានបង្កការខឹងសម្បារ យ៉ាងខ្លាំងនៅក្នុងចំណោមអ្នកនយោបាយអភិរក្សនិយម ក្នុងនោះរួមទាំងសមាជិកព្រឹទ្ធសភា ២៥០រូប ដែលបានរួមដៃគ្នាបោះឆ្នោតប្រឆាំងជំទាស់នឹងការតែងតាំងលោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward ជានាយករដ្ឋមន្ត្រី។

នៅថ្ងៃទី១៣ ខែកក្កដា ក្រុមសមាជិកព្រឹទ្ធសភាភាគច្រើនរួមដៃជាមួយសមាជិករដ្ឋសភាអភិរក្សនិយម បោះឆ្នោតប្រឆាំងនឹងការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី និងនៅថ្ងៃទី១៩ ខែកក្កដា ពួកគេបានបោះឆ្នោតប្រឆាំងជំទាស់នឹងបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក Pita សម្រាប់ការបោះឆ្នោតជុំទី២។ ក្រោយបរាជ័យ គណបក្ស Move Forward បានប្រកាសទុកឱកាសឱ្យគណបក្សភឿថៃ តែងតាំងបេក្ខជននាយករដ្ឋមន្ត្រី និងដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។ ភឿថៃមានបេក្ខជននាយករដ្ឋមន្ត្រីចំនួន ៣រូប ក្នុងនោះមានទាំងអ្នកនាង ផែថងថាន ជាកូនស្រីលោក ថាក់ស៊ីន និងមហាសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin។ បើតាមក្រុមអ្នកតាមដានស្ថានការណ៍ នយោបាយក្នុងប្រទេសថៃ បេក្ខជនមានសក្ដានុពលជាងគេនោះគឺលោក Srettha Thavisin ដែលត្រូវបានគេមើលឃើញជាបេក្ខជនម្នាក់អាចទទួលយកបានសម្រាប់ក្រុម អ្នកអភិរក្សនិយម។ ជាក់ស្ដែង ជាការដោះដូរជាមួយការគាំទ្ររបស់ពួកគេ ក្រុមអ្នកអភិរក្សនិយមទាំងមកពីគណបក្សនយោបាយដទៃ និងសមាជិកព្រឹទ្ធសភា បានស្នើឱ្យ គណបក្សភឿថៃ ផ្ដាច់ខ្លួនចេញពីគណបក្ស Move Forward ខណៈការធ្វើបែបនេះត្រូវបានគេរំពឹងថានឹងប្រែក្លាយគណបក្ស Move Forward ទៅជាគណបក្សប្រឆាំង និងបង្ក ឱ្យផ្ទុះបាតុកម្មតវ៉ានៅតាមដងផ្លូវ។

ប៉ុន្តែ ការវិវត្តន៍ថ្មីៗទាំងនេះ បានបង្ហាញពីលទ្ធភាពអាចទៅរួចដែរថារដ្ឋាភិបាលមួយដឹកនាំដោយគណបក្សភឿថៃ អាចនឹងត្រូវបានបង្កើតឡើង និងរង់ចាំតែស្បថចូលកាន់ តំណែងប៉ុណ្ណោះ ក្នុងបរិបទដែលគម្រោងត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ទំនងជាមានការយល់ព្រមពីក្រុមអ្នកអភិរក្សនិយម ដូចគេថា «បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានចូលនោះដែរ» ឬអាចនឹងបង្កើតលក្ខខណ្ឌអំណោយផលមួយដល់ការលើកលែងទោសឱ្យលោក ថាក់ស៊ីន។ នៅត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Wissanu Kreangam បានគូសបញ្ជាក់កាលពីសប្ដាហ៍មុនថាប្រសិនបើលោក ថាក់ស៊ីន ពិតជាត្រឡប់ចូលស្រុកវិញពិតមែន នោះលោកនឹងត្រូវបានប៉ូលិសនាំគ្នាឡើង តុលាការ ហើយក្រោយមកនឹងអនុវត្តទោសជាប់ពន្ធនាគារ។ ប៉ុន្តែ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ លោក ថាក់ស៊ីន អាចស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ ហើយ ការលើកលែងទោសនេះអាចនឹងកើតឡើង ក្រោយការជាប់ពន្ធនាគារក្នុងពេលខ្លីមួយស័ក្តិសម ដោយសំអាងលើបញ្ហាអាយុ និងសុខភាពរបស់លោក។

ក្នុងពេលនេះ មើលទៅការលើកលែងទោសឱ្យលោក ថាក់ស៊ីន ប្រហែលជារឿងមួយអាចទទួលយកបានសម្រាប់ក្រុមអ្នកអភិរក្សនិយម ដែលមើលឃើញថាគណបក្ស Move Forward គឺជាការគំរាមកំហែងដ៏ធំបំផុតដល់អំណាចរបស់ពួកគេ។ វាមានរឿងជាច្រើនដែលកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នោះគឺថាតើគណបក្សភឿថៃអាចនឹងបង្កើត រដ្ឋាភិបាលចម្រុះដោយគ្មានគណបក្ស Move Forward ដែរឬក៏យ៉ាងណា? ថាតើការធ្វើបែបនេះនឹងធ្វើឱ្យប៉ះពាល់បែបណាដល់ការគំាទ្ររបស់គណបក្សភឿថៃ​ នៅពេល អនាគត និងថាតើក្រុមអ្នកគាំទ្រគណបក្ស Move Forward នឹងបញ្ចេញប្រតិកម្មបែបណា បើគណបក្សដែលពួកគេគាំទ្រក្លាយជាគណបក្សប្រឆាំង៕


No comments:

Post a Comment