Wednesday, October 28, 2020

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារអរគុណ លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា

 

តបទៅនឹងសាររបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ដែលសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីវៀតណាម ហើយជាមួយគ្នានេះ លោកក៏បានចូលរួមសោកសង្រេង ចំពោះការបាត់បង់ជីវិត និងបាត់ខ្លួនរបស់ប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិថ្មីៗនេះផងដែរ។ នេះបើតាមសារលិខិតលោកនាយករដ្ឋមន្រ្ដី ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ផ្ញើទៅកាន់ លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។

លោកនាយករដ្ឋមន្រ្ដី បានបន្តថា «ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ នៃសព និងជនរងគ្រោះ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ»។

លោកមានការជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ លោកនាយករដ្ឋមន្ត្រី ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញពីការខូចខាត ដែលបង្កមកពីគ្រោះធម្មជាតិ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាលិខិតរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបនឹង លិខិតលោកនាយករដ្ឋមន្រ្តីវៀតណាម ៖







No comments:

Post a Comment