Friday, March 23, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿង ទៅកាន់ ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវ វាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។ គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើ​ញចូលរួមសារជាថ្មីម្តងទៀតជាមួយលោក ស្យង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១នេះ ។ តាមរយៈផ្លូវនេះនឹងបានរួមចំណែកយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងខេត្តព្រៃវែង ត្បូងឃ្មុំ និងបណ្តាខេត្តផ្សេងទៀតដែលត្រូវធ្វើដំណើឆ្លងកាត់។ មុននឹងមានការសាងសងផ្លូវនេះ យើងក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលជានិច្ចកាលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍន៍ខ្លួនឯងឱ្យបានរីកចម្រើនប៉ុណ្ណោះទេតែចិនក៏បានចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជិតខាងមួយចំនួនផងដែរ ជាក់ស្តែងដូចប្រទេសកម្ពុជាយើង។ លោកមានមោទនភាពជាខ្លាំងចំពោះទំនាក់ទងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយមិត្តចិន ដែលអាចចាត់ទុកថាជាការដើរបន្តតាមព្រះរាជសកម្មភាពព្រះបរមរតនកោដិ សម្តេចព្រះ នរោត្តម សីហនុ ដែលកន្លងមកព្រះអង្គបានផ្សាភ្ជាប់ និងមានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រទេសចិន។ តាមរយៈទំនាក់ទំនងទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍រវាងប្រទេសទាំងពីរឲ្យគ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលកន្លងមកតែងតែគាំទ្រចំពោះការដឹកនាំប្រទេសរបស់លោកដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការីកចម្រើនលូតលាស់ចាប់ពីដំណាក់កាលសង្គ្រោះជាតិរហូតដល់ការកសាងអភិវឌ្ឍន៍ជាតិដូចពេលនេះ។ ដូចច្នេះដើម្បីចូលរួមថែរក្សានូវសមិទ្ធផលដែលបានកើតឡើងទាំងអស់នេះ លោកបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា រក្សាសន្តិភាពឱ្យបានគង់វង្ស ព្រោះបើគ្មានសន្តិភាពទេ គឺមិនមានការអភិវឌ្ឍន៍ឡើយ៕








No comments:

Post a Comment