Friday, March 23, 2018

លោក កែវ ពៅ និងសហការី​ បាននាំយកអំណោយ​មនុស្សធម៌​ចែកជូន​ជនពិការ​រកស៊ីវៃថ្ម ​នៅជើងភ្នំតាបាំង​ ឃុំពង្រ​

កំពង់ឆ្នាំង៖ ដោយមើលឃើញពីភាពក្រីក្រ និងការខ្វះខាតរបស់ជនពិការម្នាក់ ដែលជាទុរគតជនរកស៊ីវៃថ្ម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរសាធារណការខេត្តដឹកនាំដោយលោក យិន បូរិន និងសហការីបាននាំយកអំណោយរបស់លោក កែវ ពៅ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានសាខាបក្សមន្ទីរសាធារណការខេត្ត ទៅផ្តល់ជូនដល់ដៃបុរសពិការឈ្មោះ គង់ លន់ មានមុខរបរវៃថ្មលក់នៅជើងភ្នំតាបាំង ឃុំពង្រ ស្រុករលាប្អៀរ។

លោកមេឃុំពង្របានឲ្យដឹងថា បុរសជាជនពិការក្រីក្រនេះមានឈ្មោះ គង់ លន់ អាយុ៥៧ឆ្នាំ ជាទុរគតជនរស់នៅក្នុងភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ។ ពីមុនមកគាត់រកស៊ីឡើងត្នោត ក្រោយពីគាត់មានរបួសមក ខ្នងគាត់កោងៗគមខ្នង មិនអាចប្រកបមុខរបរឡើងត្នោតទៀតបានឡើយ ហើយក៏ចាប់យកមុខរបរវៃថ្មនេះលក់ចិញ្ចឹមជីវិតគាត់ និងម្តាយចាស់ម្នាក់ទៀត រហូតដល់សព្វថ្ងៃនេះ គាត់បានប្រកបរបរនេះជាង ១០ឆ្នាំមកហើយ។

លោក គង់ លន់ បានអោយដឹងថា ម្តាយគាត់បានស្លាប់ចោលគាត់៣ខែហើយ សព្វថ្ងៃគាត់រស់នៅតែម្នាក់ឯងគ្មានកូនចៅអ្វីឡើយ ហើយរកស៊ីវៃថ្មនេះជាង១០ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃគាត់តែងមកវៃថ្មនៅជើងភ្នំតាបាំងនេះ ក្នុង១អាទិត្យគាត់វៃថ្ម៤គុណ៦ បាន១ ម៉ែត្រគីប លក់បានតែ២៥០០០រៀលប៉ុណ្ណោះ សំរាប់ចិញ្ចឹមជីវិតដ៏កំសត់នេះ។

ក្រោយទទួលបានព័ត៌មានពីការលំបាករបស់បុរសខាងលើនេះ លោក កែវ ពៅ បានចាត់អោយលោក យិន បូរិន និងសហការីនាំយកអំណោយ មកប្រគល់ជូនបុរសពិការដោយផ្ទាល់ដៃនៅក្នុងទីតាំងវ៉ៃថ្មរបស់គាត់តែម្តង។ អំណោយរបស់លោក កែវ ពៅ រួមមាន៖ ថវិការ២០ម៉ឺនរៀល អង្ករ៣០គីឡូ ទឹកសុទ្ធ១កេស ទឹកក្រូច១កេស និងមី១កេស។ ដោយឡែក លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏បានផ្តល់ថវិកា៣០ម៉ឺរៀលផងដែរ។

លោក គង់ លន់ ក្រោយពីបានទទួលអំណោយសប្បុរសជនខាងលើលោក គង់ លន់
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក កែវ ពៅ និងសហការី ព្រមទាំងម្ចាស់អំណោយទាំងអស់ សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះគ្រប់តួនាទី និងភារកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ អោយមានសុខសន្តិភាព និងកាន់តែរីកចំរើនទៅអនាគត៕



No comments:

Post a Comment