Friday, March 23, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចដំឡើងប្រាក់របប សន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលការដំឡើងនេះ ចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨តទៅ។

បើយោងតាមអនុក្រឹត្យ របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើងដូចខាងក្រោម៖
-កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នទាបជាង ឬស្មើ៤៦០,០០០រៀល ត្រូវបន្ថែមឲ្យដល់៤៨០,០០០រៀលក្នុង១ខែ។
-កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះចាប់ពី ៤៦០,០០០រៀល ដល់ត្រឹម ៨០០,០០០រៀល ត្រូវផ្តល់ជូនបន្ថែម២០,០០០រៀល ក្នុង១ខែ។
-កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះពី៨០០,០០១រៀល ដល់ត្រឹម៨១០,០០០រៀល ត្រូវបន្ថែមឲ្យដល់ត្រឹម៨២០,០០០រៀលក្នុង១ខែ។
-ក្រមិត៤៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នចាប់ពី៨១០,០០០រៀលឡើងទៅ ត្រូវផ្តល់ជូនបន្ថែម១០,០០០រៀល ក្នុង១ខែ។

ជាមួយគ្នានេះ ក្នុងអនុក្រឹត្យបញ្ជាក់ទៀតថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបាន ការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួល បានកម្រិត ផ្សេងទៀតឡើយ។

ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន មានតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន អនុលោមតាម បទបញ្ញតិ្តនៃអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែតម្លៃ ឯកតានៃ សន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃកម្ពុជា មិនទទួលបានការបន្ថែមរបបសន្តិសុខសង្គម ដូចខាង លើនេះឡើយ ៕


No comments:

Post a Comment