Friday, March 23, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បើចិនរីកចម្រើនខ្លាំងកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នចិនមានប្រជាជនចំនួនជាង ១៣០០លាននាក់ បើចិនមានបញ្ហាមានមនុស្សត្រឹមតែ៣០លាននាក់រត់ភៀសខ្លួនចេញពីប្រទេសក៏នឹងធ្វើឱ្យប្រទេសនានាជួបការលំបាកក្នុងការទទួលយកជនភៀសខ្លួនចិនផងដែរ។ ប៉ុន្តែនៅពេលដែលចិនមានការរីកចម្រើនតួយ៉ាងកាលពីឆ្នាំកន្លងទៅទេសចរចិនបានមកដល់ប្រទេសកម្ពុជាចំនួន១លាន២សែននាក់រួចមកហើយ។ ចំណុចនេះបានបញ្ជាក់ថា បើចិនក្លាយទៅជាប្រទេសអ្នកមាន ហើយឥរិយាបទការទូតរបស់គាត់ នៅក្នុងភាពជាអ្នកជិតខាងល្អ នៅក្នុងភាពជាអ្នកគោរពឯករាជ្យ អធិបតេយ្យភាព និងជួយទៅដល់ប្រទេសដទៃ កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់ប្រទេសចិនជាមិនខាន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកផងដែរថា កាលពីឆ្នាំ២០០១ នៅក្នុងសន្និសីទអន្តរជាតិមួយ មានគេសួរលោកថាតើមានការព្រួយបារម្ភទេ នៅពេលចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក World Trade Organization ហៅកាត់ថា WTO លោកក៏បានឆ្លើយតបនៅក្នុងសន្និសីទអន្តរជាតិដែលមានមនុស្សរាប់ពាន់នាក់ថា តើយើងត្រូវទទួលទេសចរចិន ឬទទួលជនភៀសខ្លួនចិន។ ជាការពិតណាស់ចិនក៏ធ្លាប់មានកលយុគក្នុងស្រុកមានការឈ្លានពានពីបរទេស ក៏មានប្រជាជនចិនរាប់លាននាក់រត់ភៀសខ្លួនចេញទៅក្រៅប្រទេសក្នុងនោះក៏មានមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសខ្លះទៀត រួមទាំងមកកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនមិនដែលនាំកងទ័ពឆ្លងដែនទៅកាន់ប្រទេសណាទេ នេះជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសរបស់ចិន ដូចនេះកម្ពុជាមិនដែលព្រួយបារម្ភពីការរីកធំធាត់របស់ប្រទេសចិនទេ ផ្ទុយទៅវិញក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជាស្វាគមន៍និងកោតសរសើរចំពោះការរីកលូតលាស់របស់ប្រទេសចិន ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងការជួយប្រទេសចិនខ្លួនឯង ហើយនិងប្រទេសដទៃផងដែរ៕








No comments:

Post a Comment