Friday, March 23, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាមានពាក្យថា មានផ្លូវគឺមានសង្ឃឹម ឯចិនក៏មានភាសារបស់ខ្លួនថា បើចង់មានឱ្យធ្វើផ្លូវជាមុន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានពាក្យថា មានផ្លូវគឺមានសង្ឃឹម ឯចិនក៏មានភាសារបស់ខ្លួនថា បើចង់មានឱ្យធ្វើផ្លូវជាមុនដែលនេះជារឿងពិតប្រាកដខ្លាំងណាស់។ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការគិតគូរត្រឹមត្រូវខ្លាំងណាស់ ដោយសារតែការខិតខំរបស់ខ្លួនទាំងប៉ុន្មាន គឺសំដៅទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ការតភ្ជាប់នៅក្នុងក្របខ័ណ្ឌផ្ទៃក្នុងនៃប្រទេសរបស់យើងផង ហើយនិងការតភ្ជាប់ជាមួយប្រទេសជិតខាងរបស់យើងផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងបានប្រឹងប្រែងច្រើនណាស់ ដើម្បីនាំមកនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសយើង ដែលចំណុចនេះវាកាន់តែមានទំនាក់ទំនងជ្រៅជ្រះ រវាងការរីកលូតលាស់របស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលមិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រជាជនចិនខ្លួនឯងប៉ុណ្ណោះទេ ក៏ប៉ុន្តែការរះឡើង ការរីកធំធាត់ឡើងរបស់សាធារណៈរដ្ឋប្រជាមានិតចិនបានជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត តួយ៉ាងដូចជាកម្ពុជា កាលណាប្រទេសចិនមានការរីកចម្រើនខ្ពស់ គឺកម្ពុជានិងប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត តែងទទួលផលប្រយោជន៍ពីការរីកលូតលាស់នៃប្រទេសចិននោះផងដែរ៕








No comments:

Post a Comment