Friday, March 23, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បុណ្យចូលឆ្នាំជិតចូលមកដល់ហើយ ប្រជាពលរដ្ឋគិតរឿងសប្បាយរីករាយ គេមិនខ្វល់អ្នកជាប់គុកទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជាមួយនឹងអង្គរសង្រ្កាន្ត ដែលនឹងត្រូវធ្វើនៅខេត្តសៀមរាប ក៏មានព្រៃវែងសង្រ្កាន្តនៅល្ងាចថ្ងៃទី១៣ មេសានៅក្រុងព្រៃវែងផងដែរ។ លោ​កបានបន្តថា​នាំ​គ្នាទៅរាំលេងនៅក្រុងព្រៃវែងរាំឱ្យហុយដីទៅកុំខ្វល់នឹងអ្នកណាជាប់គុកជាប់ច្រវ៉ាក់ អ្នកដែ​ល​ធ្វើខុសត្រូវជាប់ចឹងជារឿងត្រឹមត្រូវណាស់ អ្នកខ្លះរហូតដល់ប្រព្រឹត្តអំពីក្បត់ជាតិហើយមកចង់រាំវង់ជាមួយគេ ធ្វើឱ្យល្អទៅបានរាំវង់ហើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១​៨នេះ ក្នុងឱកា​ស​​អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បុគ្គលខ្លះបានប្រព្រឹត្តបទល្មើសក្បត់ជាតិដល់ពេលគេកាត់ទោសថាគេរំលោភសិទ្ធិមនុស្ស ចុះច្បាប់បង្កើតឡើងដើម្បីអ្វី? គុកគេធ្វើឡើងដើម្បីអ្វី? គឺគេធ្វើដាក់អ្នកទោស។ លោកបានបន្តថា ប្រទេសណានៅលើពិភពលោកដែលអត់មានគុក ប្រទេសណានៅលើពិភពលោកដែលអត់មានតុលាការ ប្រទេសណានៅលើពិភពលោកដែលអត់មានប៉ូលីស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ចូលឆ្នាំឆ្នាំនេះ ប្រជាពលដ្ឋខ្មែរទូទាំងប្រ​ទេ​សនឹងមានភាពសប្បាយរីករាយធ្វើបុណ្យតាមប្រពៃណី ជួបជុំក្រុមគ្រួសារជាមិនខាន ហើយ​លោ​កបានបញ្ជាក់ថា ឆ្នាំនេះលោកនឹងទៅសៀមរាបផងដែរ ព្រមទាំងរាំលេងជាមួយប្រជាពលរដ្ឋនៅទីនោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕






No comments:

Post a Comment