Tuesday, September 15, 2015

ក្រសួងបរិស្ថានជូនដំណឹងស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ អំពីការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ

យោងតាម​សេចក្តីជូន​ដំណឹងរបស់ ​ក្រសួងប​រិស្ថាន ​នៅថ្ងៃទី១៤ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥​ បានឲ្យដឹងថា ​​ក្រសួង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ស្តី​ពី ការចូលរួម​ចំណែករបស់ក​ម្ពុជា ​ដើម្បី​អនុវត្ត ​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធា​តុ (Cambodia’s Intended Nationally Determined Contribution: Cambodia’s INDC) នៅ​ថ្ងៃទី១៦ ​ខែកញ្ញា​ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ វេលា​ម៉ោង ៨​:០០ ព្រឹ​ក ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ​សាយ ​សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន។ ​

ក្រសួងបរិស្ថា​នបាន​បញ្ជាក់ថា ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង​​ប្រមូលមតិយោបល់​ និង​អនុសាសន៍​នានា​ពី​គ្រប់​បណ្តាក្រសួង ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ​ ទៅ​លើ​របាយការណ៍ការចូលរួមចំណែករបស់កម្ពុជា ដើម្បីអនុវត្តអនុសញ្ញា​ក្របខ័ណ្ឌ​​​សហ​ប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ ដែលជា​របាយការណ៍សំខាន់​បញ្ជាក់​អំពីការរួម​ចំណែក​របស់ភាគី​​​​កម្ពុជា​​ក្នុងការឆ្លើយតប​នឹង​សេចក្តី​អំពាវនាវ​របស់​អនុសញ្ញានេះ ក្នុងគោលបំណងជំរុញ​ឱ្យ​​ពិភព​លោកធ្វើ​សកម្មភាព​​ដោះស្រាយ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ។ បន្ទាប់មក របាយការណ៍នេះ ​នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​លេខា​ធិការដ្ឋាន​អនុសញ្ញាក្រប​ខ័ណ្ឌសហប្រជាជាតិ​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ​ មុន​ការ​រៀបចំសន្និសីទកំពូលបណ្តា​ភាគីជា​សមាជិកនៃអនុសញ្ញា ​លើកទី​២១ នា​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៥ខាងមុខ ​នៅ​ទីក្រុង​ប៉ារីស៕




No comments:

Post a Comment