Wednesday, July 15, 2015

ស្រ្តីម្នាក់ឆ្លងទន្លេកូនភ្លោះ៤នាក់ ដំបូងគេ កើតនៅខេត្តព្រះវិហារ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នេះ គឺជាលើកដំបូងដែលស្រុកខ្មែរមានស្រ្តីឆ្លងទន្លេម្តងបានកូនដល់ទៅ ៤ នាក់ ហើយស្ត្រីជាម្ដាយ និងទារក ទារិកាទាំង៤ កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
ស្រ្តីដែលឆ្លងទន្លេកូនភ្លោះ ៤ នាក់ ដែលមានស្រីពីរ ប្រុសពីរនោះ មានឈ្មោះ ឆាយ សុផា អាយុ ២៤ ឆ្នាំ ដែលមានប្តី ឈ្មោះ សេម ផានិត អាយុ ២៥ ឆ្នាំ ជាគ្រូបង្រៀននៅសាសាបឋមនៅឃុំព្រឹករស្មី ស្រុករវៀង ខេត្តព្រះវិហារ។ កូនភ្លោះទាំង ៤ នាក់ស្រីពីរប្រុសពីរនេះ ជាកូនលើកទី ២ហើយ របស់គ្រួសារនេះ ប៉ុន្តែកូនលើកទីមួយនោះ ក៏បានស្លាប់ហើយបន្ទាប់ពីកើតបានប៉ុន្មានខែ។
បើយោងតាមលោក ឯក សារ៉ូ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨ ជិត ៩ នៅមណ្ឌលសុខភាពស្រុករវៀង មានស្រ្តីម្នាក់បានសម្រាលកូនមកបាន ៤ នាក់មែន។ លោក អភិបាលស្រុករូបនេះបញ្ជាក់ថា កូនភ្លោះ ៤ នាក់នោះ គេមានសុខភាពល្អទេក្នុងនោះមានស្រី២ ប្រុស២ ល្អណាស់ស្មើគ្នាល្អណាស់។
លោក គង់ បាន ប្រធានមណ្ឌលសុខភាពស្រុករវៀង ជាទីដែលកូនភ្លោះ ៤ នាក់ប្រសូតនោះបានឲ្យដឹងថា ម្តាយកូនគេនោះ មានសុខភាពល្អទេ បើទោះជាម្តាយនោះបង្កើតកូនម្តងភ្លោះ ៤ នាក់ក្តី ដោយម្តាយមានសម្ពាធឈាមធម្មតា និងកូនក៏មិនអីដែរពេលនេះ។ ដោយលោកមានការព្រួយបារម្ភពីបញ្ហាសុខភាពមាតា និងទារក ទើបលោកបានសម្រេចចិត្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តវិញ។ លោកក៏បានរៀបរាប់ពីទារកទាំងបួនថាកូនទី ១ កើតមកមានទម្ងន់មួយគីឡូពីរខាំ កូនទីពីរ មួយគីឡូប្រាំបីខាំ កូនទីបីទម្ងន់មួយគីឡូកន្លះ និងកូនទីបួនទម្ងន់មួយគីឡូបីខាំវិញ។
តាមការបញ្ជាក់ពីលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គិតមកទល់ពេលនេះ គ្រួសារមានកូនភ្លោះ ៣ នាក់នៅទូទាំងប្រទេស មានប្រមាណ ២៧១ គ្រួសារ ដោយឡែកគ្រួសារដែលមានកូនភ្លោះ ៤ នាក់មិនធ្លាប់មានទេពីមុន ទើបតែមាននៅខេត្តព្រះវិហារថ្មីៗនេះ។ ក្រៅពីបង្ហាញភាពភ្ញាក់ផ្អើល និងសរសើរថា កូនភ្លោះ ៤ នាក់នេះល្អណាស់ មានស្រីពីរ ប្រុសពីរនោះ លោក សេង ទៀង បានបញ្ជាក់ថា កន្លងមកកូនភ្លោះ៣នាក់ ទទួលបានការឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្រ្តី ចំនួន ៣ លានរៀល និងមិនហៅថាកូនសម្តេចទេ ឥឡូវដូចជាដាក់ថាចៅសម្តេចវិញ។ តែដោយឡែកជាលើកទីមួយហើយដែលមានកូនភ្លោះ ៤ នេះ លោកមិនទាន់ដឹងថា សម្តេចលោកប្រទានប៉ុន្មាននោះទេ ដោយលោកបានប្រាប់ថាចាំមើលលោកចុះទៅជួបសិន។






No comments:

Post a Comment