Wednesday, July 15, 2015

ក្នុង​រយៈ​ពេល​៣​ខែ គ.ជ.ប បាន​ពិភាក្សា​កែ​ទម្រង់​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន ជាមួយ​ភាគី​អន្តរជាតិ រហូត​ដល់​ជាង ១០​លើក

គិតត្រឹម​​​​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​ ពោល​គឺ​រយៈ​ពេល​៣ខែ​គត់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ​ចំនួន​ជាង ១០​លើក​​ដើម្បី​បង្កើន​សមត្ថភាព និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។​
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ចុះ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​ បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​៣ខែ​កន្លង​ទៅ​ គ..ប បាន​ជួប​ជាមួយ​ភាគី​សហភាព​អឺរ៉ុប រួម​ជាមួយ​ភាគី​ជប៉ុន​ចំនួន ២លើក​ ស្តី​ពី​ជំនួយ​ជួយ​ដល់​ គ..ប បន្ទាប់​មក​ គ..ប បាន​ជួប​ជាមួយ​ភាគី​ជប៉ុន ចំនួន​៣លើកទៀត ស្តីពី​ជំនួយ​របស់​ជប៉ុន​ជួយ​ដល់​ គ..ប និង​ស្តី​ពី​អនុសាសន៍​របស់​ជប៉ុន​លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិ​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី និង​ស្តី​ពី​បច្ចេក​ទេស​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​គ្រប់​គ្រង​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​។
ក្រៅពីនេះ​ គ..ប បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​សមាជិក​សភា​សហព័ន្ធ​អាល្លឺម៉ង់ ចំនួន​១លើក ស្តី​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ និង​បាន​ជួប​ជាមួយ​ភាគី​ក្រុម​ហ៊ុន SCYTL innovating Democracy ស្តីពី​ឧបករណ៍​បម្រើ​ការ​ចុះ​បោះ​ឆ្នោត​ និង​ការ​រក្សា​ទុក​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​។
គួរបញ្ជាក់​ផង​ដែរ​ថា​ នៅ​ថ្ងៃ​សុក្រ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គណៈកម្មការ​ចំពោះ​កិច្ច គ..ប ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ដឹកនាំ​ដោយ​ឯកឧត្តម​ គួយ​ ប៊ុន​រឿន អនុប្រធាន​ គ..ប និង​ជា​ប្រធាន​គណៈកម្មការ និង​ជួប​ជាមួយ​សហភាព​អឺរ៉ុប ស្តីពី​អនុសាសន៍​របស់​សហភាព​អឺរ៉ុប លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​៕


No comments:

Post a Comment